សេដ្ឋកិច្ចអន្តរជាតិ
អន្តរជាតិ
ចិនជំរុញការជួលផ្ទះ ដើម្បីជួយវិស័យអចលនទ្រព្យឱ្យរស់ឡើងវិញ
13, Jan 2024 , 8:29 am        
រូបភាព
គម្រោងអភិវឌ្ឍក្រុមហ៊ុន Evergrande នៅ Wuhan ។ រូបភាព ៖ AFP
គម្រោងអភិវឌ្ឍក្រុមហ៊ុន Evergrande នៅ Wuhan ។ រូបភាព ៖ AFP
រដ្ឋាភិបាល​ចិន​កំពុង​ផ្តល់​អាទិភាព​ដល់​ការ​គាំទ្រសម្រាប់ការ​ផ្គត់ផ្គង់​ផ្ទះ​ជួល​ក្នុង​ទីក្រុង​ធំៗ ដើម្បី​បំពេញ​តម្រូវការ​កម្មករ​វ័យ​ក្មេង ដែលជាផ្នែកមួយជួយស្រោចស្រង់វិស័យអចលទ្រព្យឱ្យរស់ឡើងវិញ។
 
នៅក្នុងសេចក្តីណែនាំរួមមួយដែលបានចេញផ្សាយកាលពីចុងសប្តាហ៍មុន ធនាគារកណ្តាលចិន (PBOC) និងអាជ្ញាធរនិយតកម្មហិរញ្ញវត្ថុជាតិចិន (NAFR) បាននិយាយថា ពួកគេនឹងលើកកម្ពស់ការផ្គត់ផ្គង់ផ្ទះជួលនៅក្នុងទីក្រុងធំៗ ដោយសារតម្លៃទិញផ្ទះបានលើសពីលទ្ធភាពនៃការរកចំណូលបានរបស់កម្មករវ័យក្មេង។ 
 
តាមកាសែត South China Morning Post ការផ្លាស់ប្តូរនេះកើតឡើងក្នុងបរិបទដែលទីផ្សារលំនៅឋាននៅក្នុងសេដ្ឋកិច្ចធំទីពីររបស់ពិភពលោកកំពុងបន្តជួបបញ្ហា ហើយតម្រូវការទិញផ្ទះកំពុងថយចុះ។
 
សេចក្តីណែនាំបានបញ្ជាក់ថា អាជ្ញាធរត្រូវបង្កើតលក្ខខណ្ឌក្នុងការអនុវត្តកំណែទម្រង់រចនាសម្ព័ន្ធចំពោះការផ្គត់ផ្គង់នៅក្នុងទីផ្សារផ្ទះជួល ដើម្បីធានាបាននូវការផ្គត់ផ្គង់ដ៏សម្បូរបែប និងតម្លៃសមរម្យ។
 
« ត្រូវគាំទ្រផ្នែកហិរញ្ញវត្ថុជាចាំបាច់ ដើម្បីដោះស្រាយបញ្ហាប្រឈមរបស់ក្រុមអ្នកដែលរស់នៅក្នុងទីក្រុងថ្មី និងមនុស្សវ័យក្មេង ជាពិសេសនៅក្នុងទីក្រុងធំ។ ទាំងនេះរួមទាំងការគាំទ្រក្នុងការសាងសង់ ការជួសជុល និងប្រតិបត្តិការលំនៅដ្ឋានជួលក្នុងរយៈពេលវែង។ គោលដៅគឺដើម្បីស្តារការផ្គត់ផ្គង់លំនៅឋានដែលមានស្រាប់ និងបង្កើនការផ្គត់ផ្គង់លំនៅឋានជួលពាណិជ្ជកម្មដែលមានតម្លៃសមរម្យ»។ នេះបើតាមសេចក្តីបញ្ជាក់នៅក្នុងសេចក្តីណែនាំខាងលើ។  
 
ដោយសារការធ្លាក់ចុះទីផ្សារលំនៅឋាននៅតែបន្តដោយមិនមានសញ្ញានៃការងើបឡើងវិញ ទីក្រុងប៉េកាំងកំពុងដាក់ចេញនូវគម្រោងធំៗចំនួនបីថ្មីរួមមាន ការសាងសង់លំនៅដ្ឋានតម្លៃទាប ការកែលម្អទីក្រុង និងការសាងសង់មជ្ឈមណ្ឌលសាធារណៈសង្គ្រោះបន្ទាន់។ ទាំងនេះត្រូវបានចាត់ទុកថាជាមូលដ្ឋានគ្រឹះសម្រាប់ការងើបឡើងវិញនៃទីផ្សារអចលនទ្រព្យ។
 
យ៉ាងណា អ្នកវិភាគមានមន្ទិលសង្ស័យថា រដ្ឋាភិបាលក្នុងតំបន់ដែលកំពុងជោគជាំទៅដោយបំណុលអាចរក្សាបាននូវការគាំទ្រផ្នែកហិរញ្ញវត្ថុដ៏ច្រើនបែបនេះដែរឬទេ? ហើយថាតើគម្រោងធំទាំងបីនេះ អាចជួយបំពេញចន្លោះនៅក្នុងវិស័យឯកជនដែលកំពុងធ្លាក់ចុះបានកម្រិតណា? 
 
នៅក្នុងសន្និសីទប្រចាំឆ្នាំកាលពីថ្ងៃទី៥ ខែមករា ធនាគារ PBOC បានកំណត់បញ្ហាទីផ្សារអចលនវត្ថុនៅក្នុងបញ្ជីនៃការកាត់បន្ថយហានិភ័យ ជាមួយនឹងការរៀបចំរចនាសម្ព័ន្ធបំណុល និងការដោះស្រាយបំណុលទាក់ទងនឹងស្ថាប័នហិរញ្ញវត្ថុខ្នាតតូច។
 
បើតាមលោក Larry Hu ប្រមុខសេដ្ឋវិទូចិននៅក្រុមហ៊ុនហិរញ្ញវត្ថ Macquarie Group ទោះបីជាគ្រួសារចិនបានសន្សំច្រើនចាប់តាំងពីការរាលដាលជំងឺ-១៩ ក៏ដោយ ពួកគេមិនអាចនឹងចំណាយប្រាក់ឡើយ លុះត្រាតែពួកគេរំពឹងថាសេដ្ឋកិច្ចនឹងប្រសើរឡើង។
 
លោក Larry Hu បានប្រាប់កាសែត SCMP ថា ការធ្លាក់ចុះនៃទីផ្សារអចលនទ្រព្យបច្ចុប្បន្នគឺមានរយៈពេលវែងបំផុតមិនធ្លាប់មាន ហើយការធ្លាក់ចុះនៃការចាប់ផ្តើមការសាងសង់ថ្មីគឺស្មើនឹងការធ្លាក់ចុះនៅអាម៉េរិកនៅចុងទសវត្សរ៍ឆ្នាំ២០០០។ លោកចង់សំដៅ​ទៅ​លើ​ការ​ផ្ទុះ​ឡើង​នៅក្នុងវិស័យ​អចលន​ទ្រព្យ​ដែល​នាំ​ឱ្យ​មាន​វិបត្តិ​កម្ចី​ទិញ​ផ្ទះ​​នៅ​អាម៉េរិក។
 
ធនាគារ PBOC និង NAFR បានបង្ហាញពីការផ្លាស់ប្តូរយុទ្ធសាស្ត្រថ្មីមួយក្នុងការជួយស្រោចស្រង់វិស័យអចលនទ្រព្យនៅចិន។ សកម្មភាពសាងសង់ក្នុងរយៈពេល ២០ឆ្នាំកន្លងមកនេះ បានធ្វើឱ្យចំនួនផ្ទះទំនេរកើនឡើង ជាមួយកម្រិតបំណុលខ្ពស់នៅក្នុងទីផ្សារលំនៅឋាន។
 
បើតាមសេចក្តីណែនាំខាងលើ ស្ថាប័នទាំងពីរតម្រូវឱ្យធនាគារពាណិជ្ជបង្កើនការគាំទ្រឥណទានសម្រាប់សកម្មភាពសាងសង់លំនៅដ្ឋានជួល និងការអភិវឌ្ឍព្រមទាំងផ្តល់ប្រាក់កម្ចីសម្រាប់គម្រោងសាងសង់ថ្មី និងជួសជុលលំនៅដ្ឋានសម្រាប់ជួលរយៈពេលវែង។
 
យ៉ាងណាមិញ បច្ចុប្បន្ននេះទោះបីជាមានការខិតខំប្រឹងប្រែងគាំទ្រយ៉ាងខ្លាំងពីរដ្ឋាភិបាលចិនចាប់តាំងពីឆ្នាំមុនក៏ដោយ ក៏វិបត្តិអចលនទ្រព្យនៅចិនដែលផ្ទុះចេញពីសហគ្រាសអចលនទ្រព្យខ្នាតយក្សពីរគឺ Evergrande និង Country Garden នៅតែបន្តដាក់បន្ទុកធ្ងន់ទៅលើសេដ្ឋកិច្ចធំទីពីររបស់ពិភពលោក។
 
គួរបញ្ជាក់ថា រយៈពេល ១១ខែឆ្នាំ២០២៣ ការវិនិយោគអចលនទ្រព្យនៅចិនបានថយចុះ ៩,៤ភាគរយបើធៀបគ្រាដូចគ្នាក្នុងឆ្នាំ២០២២។ ទន្ទឹមនេះ ចំនួននៃការលក់ផ្ទះបើគិតតាមទំហំផ្ទៃដីលក់បានថយចុះ៨ ភាគរយ៕ 

Tag:
 ចិន
  អចលនទ្រព្យ
© រក្សាសិទ្ធិដោយ thmeythmey.com