អន្តរជាតិ
វៀតណាម​ដាក់​ពន្ធនាគារ​អតីត​រដ្ឋមន្ត្រី​២​រូប​ ជុំវិញ​រឿង​អាស្រូវ​ឧបករណ៍​ធ្វើ​តេស្ត​ជំងឺកូវីដ-19
13, Jan 2024 , 10:39 am        
រូបភាព
អតីតរដ្ឋមន្រ្តីសុខាភិបាល លោក Nguyen Thanh Long។ រូបភាព Vietnam News
អតីតរដ្ឋមន្រ្តីសុខាភិបាល លោក Nguyen Thanh Long។ រូបភាព Vietnam News
ក្រសួងសន្តិសុខសាធារណៈវៀតណាមនាថ្ងៃទី១២ ខែមករា បានប្រកាសថា តុលាការបានកាត់ ទោសអតីតគណៈរដ្ឋមន្ត្រីពីរនាក់ ហើយបានរកឃើញថាមន្ត្រីរាប់សិបនាក់ផ្សេងទៀតមានទោសពីបទសូកប៉ាន់ និងការគ្រប់គ្រងមិនត្រឹមត្រូវសម្រាប់តួនាទីរបស់ពួកគេក្នុងការលក់ឧបករណ៍ធ្វើតេស្តរកមេរោគឆ្លងជំងឺកូវីដ-១៩ ក្នុងតម្លៃគុណនឹងបីដងនៃតម្លៃដើម។
 
អតីតរដ្ឋមន្ត្រីក្រសួងសុខាភិបាលលោក Nguyen Thanh Long ត្រូវបានដាក់ពន្ធនាគាររហូត ដល់ ១៨ ឆ្នាំសម្រាប់ការទទួលសំណូក ២,២៥ លានដុល្លារ ខណៈអតីតរដ្ឋមន្ត្រីក្រសួងវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា លោក Chu Ngoc Anh​ ត្រូវបានជាប់ពន្ធនាគាររយៈពេល ៣ ឆ្នាំសម្រាប់ការគ្រប់គ្រងមិនល្អ។ ក្រសួងសន្តិសុខសាធារណៈវៀតណាមលើកឡើងក្នុងសេក្ដីថ្លែងការណ៍មួយបែបនេះ។
 
ចំណុចសំខាន់នៃរឿងអាស្រូវនេះគឺក្រុមហ៊ុនវេជ្ជសាស្ត្រមួយឈ្មោះថា Viet A Technology ដែលត្រូវបានចោទប្រកាន់ថាបានឃុបឃិតជាមួយមន្ត្រីខាងលើដើម្បីផលិតឧបករណ៍ធ្វើ តេស្តរកមេរោគកូវីដ-១៩សម្រាប់ប្រព័ន្ធសុខាភិបាលរដ្ឋដែលត្រូវបានលក់ក្នុងតម្លៃអតិផរណា។ 
 
ក្រុមហ៊ុនមួយនេះបានលក់ឧបករណ៍ធ្វើតេស្តជំងឺកូវីដ-១៩ ចំនួន ៤,៥លានឧបករណ៍ នៅវៀតណាមក្នុងអំឡុងពេលជំងឺរាតត្បាតក្នុងតម្លៃ ៣ដងខ្ពស់ជាងតម្លៃដើម ហើយបានរក ប្រាក់ដោយខុសច្បាប់ចំនួន ៥០,២៥ លានដុល្លារ។
 
«ខ្ញុំបានធ្វើខុស ខ្ញុំសូមទោស»។​ លោក Long និយាយបែបនេះដែលត្រូវបានស្រង់សម្តីដោយ​កាសែតអនឡាញ Phap Luat ខណៈស្ថិតនៅការកាត់ក្ដីពីតុលាការ។
 
ស្ថាបនិក និងជានាយកប្រតិបត្តិក្រុមហ៊ុនក្រុមហ៊ុន Viet A លោក Phan Quoc Viet ត្រូវបានផ្តល់ការកាត់ទោសរយៈពេល ២៩ ឆ្នាំនៅឯការកាត់ក្តីដែលចំណាយពេលអស់រយៈ ពេលមួយសប្តាហ៍ បន្ថែមពីលើការកាត់ទោសរយៈពេល ២៥ ឆ្នាំនៅក្នុងការកាត់ក្តីដាច់ដោយ ឡែកមួយកាលពីចុងខែធ្នូ ឆ្នាំមុន។
 
ក្រសួងដដែលខាងលើសម្គាល់ផងដែរថា តុលាការក៏បានកាត់ទោស មនុស្ស៣៥នាក់ផ្សេង ទៀតដែលភាគច្រើនជាមន្ត្រីគ្រប់គ្រងជំងឺនៅក្នុងទីក្រុងនិងខេត្តសម្រាប់ការជាប់ពាក់ព័ន្ធក្នុង រឿងអាស្រូវនេះផងដែរ។​ ការដាក់ពន្ធនាគារសម្រាប់មនុស្សទាំងនេះគឺចាប់ពី ១៨ ខែ ទៅ ១៥ ឆ្នាំ។
 
គួរបញ្ជាក់ថា សាលក្រមនេះកើតឡើងនៅពេលដែលវៀតណាមបង្កើនយុទ្ធនាការប្រឆាំងអំពើ ពុករលួយអស់រយៈពេលជាច្រើនឆ្នាំ ដោយបានឃើញថា មន្ត្រីជាន់ខ្ពស់រាប់រយនាក់ត្រូវបាន ស៊ើបអង្កេតពីបទពុករលួយ ហើយជាលទ្ធផលមន្ត្រីភាគច្រើនត្រូវបានបង្ខំឱ្យលាលែងពី តំណែង រួមទាំងអតីតប្រធានាធិបតី និងនាយករដ្ឋមន្ត្រីលោក Nguyen Xuan Phuc និងឧបនាយករដ្ឋមន្ត្រីពីររូបផងដែរ៕
 

Tag:
 វៀតណាម
© រក្សាសិទ្ធិដោយ thmeythmey.com