អន្តរជាតិ
ប្រធានាធិបតីតួកគីចោទអាម៉េរិក និងអង់គ្លេសថាព្យាយាមប្រែក្លាយសមុទ្រក្រហមទៅជាសមុទ្រឈាម
13, Jan 2024 , 2:29 pm        
រូបភាព
ប្រធានាធិបតីតួកគី លោក តៃយីប អ៊ែរដូហ្កាន់។ រូបភាព xinhua
ប្រធានាធិបតីតួកគី លោក តៃយីប អ៊ែរដូហ្កាន់។ រូបភាព xinhua
ប្រធានាធិបតីតួកគី លោក តៃយីប អ៊ែរដូហ្កាន់ នាថ្ងៃទី១២ ខែមករាបានថ្កោលទោសការវាយ ប្រហាររបស់អាម៉េរិក និងចក្រភពអង់គ្លេសលើក្រុម Houthi នៅយេម៉ែនថាជាការប្រើប្រាស់កម្លាំងមិនសមហេតុផល ហើយបានចោទប្រទេសទាំងពីរថាបានព្យាយាមប្រែក្លាយសមុទ្រ ក្រហមទៅជាសមុទ្រឈាម។
 
ឆ្លើយតបទៅនឹងអ្នកសារព័ត៌អំពីការវាយប្រហារតាមផ្លូវអាកាស និងសមុទ្រពេញមួយយប់ ដោយកងកម្លាំងអាម៉េរិក និងអង់គ្លេសនៅទូទាំងយេម៉ែន ក្នុងការសងសឹកប្រឆាំងនឹងកងកម្លាំង Houthi ដែលគាំទ្រដោយអ៊ីរ៉ង់សម្រាប់ការវាយប្រហារលើការដឹកជញ្ជូននៅសមុទ្រក្រហម ប្រធានាធិបតីទួរគីបានសង្កត់ធ្ងន់ថា សកម្មភាពនេះមិនត្រឹមត្រូវ និងសមាមាត្រនោះឡើយ។
 
«អ្វី​ទាំង​អស់​ដែល​បាន​ធ្វើ​គឺ​ជា​ការ​ប្រើ​កម្លាំង​មិន​សមាមាត្រ»។ លោក Erdogan មានប្រសាសន៍ បែបនេះ​បន្ទាប់​ពី​ពិធីបន់ស្រន់​ក្នុង​ទីក្រុង​អ៊ីស្តង់ប៊ុល​រួចបន្តថា នៅពេលនេះអាម៉េរិក និង អង់គ្លេសកំពុងព្យាយាមប្រែក្លាយសមុទ្រក្រហមទៅជាសមុទ្រឈាម ខណៈយេម៉ែនជាមួយក្រុម Houthis នឹងប្រឹងដោយប្រើកម្លាំងទាំងអស់ ដើម្បីឆ្លើយតបជាចាំបាច់នៅក្នុងតំបន់ដល់ប្រទេសទាំងពីរវិញ។
 
ប្រធានាធិបតីតួកគីរូបនេះសម្គាល់ផងដែរថា ទីក្រុងអង់ការ៉ាបានឮពីបណ្តាញនានាថាក្រុម Houthis កំពុងអនុវត្ត ការការពារ និងការឆ្លើយតបប្រកបដោយជោគជ័យប្រឆាំងនឹងអាម៉េរិក និងចក្រភពអង់គ្លេស ខណៈពេលដែលបន្ថែមថា អ៊ីរ៉ង់កំពុងសម្លឹងមើលពីរបៀបដែលអាចការ ពារខ្លួនប្រឆាំងនឹងអ្វីៗទាំងអស់ដែលកំពុងកើតឡើង។
 
 
តួកគីជាទូទៅគាំទ្ររដ្ឋាភិបាលយេម៉ែនដែលទទួលស្គាល់ជាអន្តរជាតិ ហើយគាំទ្រដំណើរការ ដឹកនាំដោយអង្គការសហប្រជាជាតិដែលមានគោលបំណងពាំនាំសន្តិភាពរវាងខ្លួន និងក្រុម Houthis ដែលបានគ្រប់គ្រងតំបន់ភាគច្រើននៃប្រទេស។ យ៉ាងណាមិញ ទីក្រុងអង់ការ៉ាធ្លាប់ បានថ្កោលទោស ការវាយប្រហារដោយមីស៊ីលរបស់ Houthi លើអារ៉ាប៊ីសាអូឌីត។
 
ក្រុម Houthis បន្តការវាយប្រហារផ្លូវដឹកជញ្ជូននៅមាត់សមុទ្រក្រហម ដោយអះអាងថា សកម្មភាពនេះគឺដើម្បីគាំទ្រប៉ាឡេស្ទីនប្រឆាំង នឹងអ៊ីស្រាអែល។
 
តួកគីដែលជាសមាជិកមួយនៃសម្ព័ន្ធណាបានរិះគន់យ៉ាងខ្លាំងលើ អ៊ីស្រាអ៊ែលសម្រាប់សង្គ្រាម នៅតំបន់កាហ្សាដែលមានគោលបំណងកម្ទេចក្រុមសកម្មប្រយុទ្ធប៉ាឡេស្ទីនហាម៉ាស។ ទន្ទឹមនេះតួកគីក៏បានរិះគន់បណ្ដាប្រទេសលោកខាងលិចដែលបានគាំទ្រយុទ្ធនាការរបស់អ៊ីស្រាអ៊ែលផងដែរ។ 
 
មិនដូចសម្ព័ន្ធមិត្តលោកខាងលិច និងរដ្ឋអារ៉ាប់មួយចំនួនទេ ទីក្រុង អង់ការ៉ាមិនចាត់ទុកក្រុមហាម៉ាសដែលគ្រប់គ្រងតំបន់កាហ្សាដែលបានបើកការវាយប្រហារយ៉ាងសាហាវទៅលើអ៊ីស្រាអែលភាគខាងត្បូងកាលពីថ្ងៃទី ៧ខែតុលា ដែលជាក្រុមភេរវករ នោះ​ទេ៕
 

Tag:
 តួកគី
  អាម៉េរិក
  អង់គ្លេស
© រក្សាសិទ្ធិដោយ thmeythmey.com