កញ្ញា ដេត និមល ជាគ្រូបង្រៀនសិស្សថ្នាក់ទី១ នៅសាលាបឋមសិក្សាភ្នៀតសិម្ពលី ក្នុងខណ្ឌកំបូល ជាយរាជធានីភ្នំពេញ។ យុវតីវ័យ២៦ឆ្នាំរូបនេះ បានជ្រើសរើសអាជីពជាគ្រូបង្រៀន ក្រោយពីប្រឡងជាប់គ្រូនៅឆ្នាំ២០១៦ និងបានចូលរៀនផ្នែកគរុកោសល្យ។
គិតមកដល់បច្ចុប្បន្ន អ្នកគ្រូ ដេត និមល បានចេញបង្រៀនសិស្សរយៈពេល ៥ឆ្នាំមកហើយ។ រៀងរាល់ថ្ងៃ គ្រូបង្រៀនរូបនេះ ត្រូវធ្វើដំណើរចម្ងាយ១០គីឡូម៉ែត្រពីផ្ទះក្នុងខណ្ឌសែនសុខ ទៅបង្រៀនសិស្ស។ ទោះឆ្ងាយ និងលំបាកធ្វើដំណើរក៏ដោយ ក៏គ្រូបង្រៀនស្រ្តីសម្បុរស្រអែមរូបនេះ នៅតែប្រឹងតស៊ូទៅបង្រៀនសិស្ស ព្រោះចាត់ទុកសិស្សដូចជាកូន។
ចង់ចូលរួមបណ្ដុះបណ្ដាលធនធានមនុស្សនៅកម្ពុជា ទើបធ្វើជាគ្រូបង្រៀន...
តាមពិតទៅគ្រប់ការងារទាំងអស់សុទ្ធសឹងជាការងារល្អ គ្រាន់តែមនុស្សម្នាក់ៗមានចំណូលចិត្តខុសៗគ្នា និងបុព្វហេតុផ្សេងៗគ្នា ក្នុងការចូលរួមអភិវឌ្ឍន៍សង្គមជាតិ។ ហេតុអ្វីបានចង់ក្លាយជាគ្រូបង្រៀន? និមល ឆ្លើយសំណួរអ្នកសារព័ត៌មាន Thmey Thmey 25 ដូច្នេះ៖«ហេតុដែលបណ្ដាលឱ្យនាងខ្ញុំជ្រើសរើសអាជីពជាគ្រូបង្រៀនថ្នាក់បឋម គឺខ្ញុំចង់ក្លាយជាផ្នែកមួយដែលអាចជួយសង្គមក្នុងការបណ្ដុះនូវធនធានមនុស្ស»។
បើតាមគ្រូបង្រៀនវ័យក្មេងរូបនេះ អ្វីដែលនាងគិតមុនគេនោះគឺកុមារ។ កញ្ញា ដេត និមល ចង់ឱ្យកុមារទាំងឡាយបានយល់ដឹងទាំងផ្នែកបញ្ញា និងស្មារតី ដើម្បីក្លាយជាធនធាន និងជាប្រជាពលរដ្ឋមួយក្នុងការជួយកសាងជាតិឱ្យមានការអភិវឌ្ឍ។
ម៉្យាងវិញទៀត ដោយសារតែក្រុមគ្រួសារសាច់ញាតិសុទ្ធសឹងជាគ្រូបង្រៀន ក៏ជាកត្តាមួយជំរុញឱ្យ និមល ក្លាយជាគ្រូបង្រៀនផងដែរ។ ប៉ុន្តែកត្តាដែលធំបំផុតនោះ គឺកត្តាខ្លួនឯង ព្រោះ និមល មានឆន្ទៈ និងគំនិតចង់ផ្ទេរចំណេះដឹងដល់ក្មេងជំនាន់ក្រោយ។
ពាក្យថា«បង្រៀន» និយាយស្រួល តែការអនុវត្តមិនស្រួលដូចការនិយាយឡើយ!
«បង្រៀន» ក្នុងវចនានុក្រមខ្មែរ សម្ដេចសង្ឃ ជួន ណាត បានឱ្យនិយមន័យថា ញ៉ាំងអ្នកដទៃឱ្យរៀន, ប្រៀនឱ្យចេះ, ឱ្យចំណេះដោយការបង្ហាត់, បង្ហាញឱ្យចេះ។ សម្រាប់កញ្ញា ដេត និមល ការបង្រៀននៅគ្រប់កម្រិតថ្នាក់ទាំងអស់ តែងមានផលពិបាករៀងៗខ្លួន ពិសេសថ្នាក់កម្រិតបឋម។
«កុមារប្រៀបបានដូចជាក្រដាសពណ៌ស ហើយពួកគេម្នាក់ៗមានសមត្ថភាពនៃការយល់ដឹងខុសគ្នា។តួយ៉ាង បច្ចុប្បន្ននេះ ខ្ញុំកំពុងបង្រៀនកុមារសិស្សថ្នាក់ទី១ គឺពិតជាមានការលំបាកខ្លាំង ពិសេសគឺនៅពេលដើមឆ្នាំ មានសិស្សថ្មី»។ នេះជាការរៀបរាប់របស់អ្នកគ្រូ ដេត និមល។
ជាគ្រូបង្រៀនថ្នាក់បឋម ពិសេសបង្រៀនថ្នាក់ទី១ ពិតជាមានការលំបាក។ ការបង្រៀនសិស្សឱ្យចេះសរសេរ ចេះកាន់ខ្មៅដៃ មិនមែនជារឿងងាយស្រួលឡើយ។ គ្រូបង្រៀនរូបនេះ បានអត់ធ្មត់ និងប្រើសេចក្ដីស្រឡាញ់ទៅកាន់កុមារដែលជាកូនសិស្ស ទើបអាចបង្រៀនក្មេងតូចៗបាន។ និមល បន្តថា៖«សិស្សខ្លះក៏បានឆ្លងកាត់ថ្នាក់មត្តេយ្យសិក្សា ឬឪពុកម្តាយជួយបង្រៀន មិនសូវពិបាកឡើយ។ ប៉ុន្តែសិស្សមួយចំនួនគាត់មិនបានឆ្លងកាត់ការហ្វឹកហាត់ទេ ច្បាស់ណាស់គឺសែនលំបាក ដោយត្រូវបង្រៀនកាន់ខ្មៅដៃ កាន់ដៃសរសេរអក្សរ។ ជាងនេះក្មេងខ្លះគាត់រពឹស ចូលចិត្តលេងច្រើនត្រូវអប់រំ កាយវិចារ និងសីលធម៌ដល់ពួកគាត់ទៀតផង»។
៥ឆ្នាំ ជាគ្រូបង្រៀនហាក់ក្មេងខ្ចី តែនិមល ទទួលបានបទពិសោធន៍ច្រើន ទាំងល្អ និងមិនល្អ
បើនិយាយអំពីអនុស្សាវរីយក្នុងអាជីពជាគ្រូបង្រៀនវិញ មានច្រើនរាប់មិនអស់មានទាំងល្អ និងមិនល្អ សម្រាប់កញ្ញា ដេត និមល។ តែអ្វីដែលធ្វើឱ្យគ្រូបង្រៀនរូបនេះ ចងចាំមិនភ្លេចគឺពេលកូនសិស្សឈឺ។ អ្នកគ្រូ បរិយាយដូច្នេះ៖«មានថ្ងៃមួយសិស្សម្នាក់ គាត់វិលមុខរកខ្យល់ ខ្ញុំនេះស្លន់ស្លោរត់រកប្រេងក្រឡាផង ធ្វើសរសៃផង ព្រោះសភាពគាត់ស្លេកស្លាំងខ្លាំង។ ខ្ញុំបានកោសខ្យល់ និងទំនាក់ទំនងទៅឪពុកម្ដាយគាត់មកទទួលគាត់វិញ។ ថ្ងៃបន្ទាប់ឪពុកម្តាយគាត់បានមកអរគុណខ្ញុំ ដែលបានយកចិត្តទុកដាក់មើលថែកូនគាត់។ នេះហើយជាការចងចាំដ៏ល្អមួយ ដែលគេពោលថាគ្រូបង្រៀនជាម្ដាយឪពុកទី២»។
ចាប់តាំងពីអ្នកគ្រូ ដេត និមល បានចូលរៀនផ្នែកគរុកោសល្យ និងបានចេញបង្រៀនប៉ុន្មានឆ្នាំកន្លងមកនេះ ធ្វើឱ្យនាងរឹតតែចង់បន្តនូវអាជីពនេះ និងមិនផ្លាស់ចិត្តឡើយ។ ហេតុអ្វីបានជាមិនផ្លាស់ប្ដូរ? «នេះជាការងារមួយដែលគ្រួសារ និងខ្លួនឯងស្រឡាញ់។ ជាការងារមួយដែលយើងត្រូវប្រើសមត្ថភាពខ្លួនផ្ទាល់ទៅប្រឡងទម្រាំតែជាប់។ ជាការងារមួយដែលមនុស្សគ្រប់មជ្ឈដ្ឋានគោរព និងឱ្យតម្លៃ»។ នេះជាការលើកឡើងរបស់អ្នកគ្រូ ដេត និមល ដែលបន្ថែមថា នាងបានធ្វើឱ្យខ្លួនឯងក្លាយទៅជាបុគ្គលមួយរូប ដែលសង្គមត្រូវការសម្រាប់បម្រើក្នុងវិស័យអប់រំ និងបណ្ដុះបណ្ដាលធនធានមនុស្ស ពិសេសគឺកុមារនៅកម្ពុជា។
ជាមួយគ្នានេះ កត្តាសាលារៀនល្អ នាយកសាលាល្អ និងគ្រូបង្រៀនល្អ បានជួយឱ្យ និមល កាន់តែមានទំនុកចិត្ត និងខ្មីឃ្មាតបង្រៀនសិស្ស។ កញ្ញា ដេត និមល លើកឡើងថា លោកនាយកសាលា រួមទាំងគ្រូបង្រៀននៅទីនោះ តែងជួយជំរុញ លើកទឹកចិត្ត និងណែនាំដល់នាងពេលចេញបង្រៀនដំបូង។
សម្រាប់ថ្ងៃខាងមុខ អ្នកគ្រូ ដេត និមល មានបំណងអភិវឌ្ឍន៍ខ្លួនទៅជាគ្រូវិទ្យាល័យ។ បច្ចុប្បន្ន និមល ទើបបញ្ចប់ថ្នាក់បរិញ្ញាបត្រផ្នែកអក្សរសាស្រ្តខ្មែរ នៅសាកលវិទ្យាល័យមួយក្នុងរាជធានីភ្នំពេញផងដែរ៕