អន្តរជាតិ
ប្រជាជន​នៅរដ្ឋ Western អូស្រ្តាលី​ជំរុញ​ឱ្យជម្លៀសខ្លួន ខណៈ​ភ្លើង​ឆេះ​ព្រៃ​បានឆាបឆេះ
13, Jan 2024 , 5:39 pm        
រូបភាព
រូបភាព AFP
រូបភាព AFP
ពលរដ្ឋនៅរដ្ឋ Western អូស្រ្តាលី ត្រូវបានជំរុញឱ្យជម្លៀសចេញពីផ្ទះរបស់ពួកគេនាថ្ងៃទី១៣​ ខែមករា ខណៈដែលភ្លើងឆេះព្រៃបានឆាបឆេះយ៉ាងសន្ធោសន្ធៅនៅជិតរដ្ឋធានី Perth ចំពេលមានសីតុណ្ហភាពកើនឡើង។
អូស្ត្រាលីស្ថិតក្នុងរដូវកាលភ្លើងឆេះព្រៃក្នុងកម្រិតហានិភ័យខ្ពស់បន្ទាប់ពីការចាប់ផ្តើមនៃ បាតុភូតអាកាសធាតុ El Nino ដែលត្រូវបានផ្សារភ្ជាប់ជាមួយនឹងព្រឹត្តិការណ៍ធ្ងន់ធ្ងរដូច ជាភ្លើងឆេះព្រៃ ព្យុះ និងគ្រោះរាំងស្ងួត។
 
តាមអាជ្ញាធរពន្លត់អគ្គីភ័យ ភ្លើងឆេះជាង ៤០ កន្លែងកំពុងឆេះនៅថ្ងៃទី១៣ ខែមករា ក្នុងរដ្ឋដ៏ធំបំផុតរបស់អូស្ត្រាលី ហើយប្រជាជននៅក្រុង Chittering ចម្ងាយប្រហែល ៦០ គីឡូម៉ែត្រភាគខាងជើងនៃរដ្ឋធានី Perth ប្រឈមមុខនឹងហានិភ័យគ្រោះអគ្គិភ័យដែលមិន អាចគ្រប់គ្រងបាន។
 
«អ្នក​កំពុង​ស្ថិត​ក្នុង​គ្រោះ​ថ្នាក់ ហើយ​ត្រូវ​ធ្វើ​សកម្មភាព​ភ្លាមៗ​ដើម្បី​រក្សាជីវិត។ ទីនេះមានការ គំរាមកំហែងដល់អាយុជីវិត និងផ្ទះសម្បែង»។ នាយកដ្ឋានពន្លត់អគ្គីភ័យ និងសេវាសង្គ្រោះ បន្ទាន់របស់រដ្ឋបាននិយាយនៅលើគេហទំព័ររបស់ខ្លួនទាក់ទងនឹងភ្លើងឆេះព្រៃនៅទីក្រុង Chittering ដែលជាតំបន់ជនបទ និងមានមនុស្សរស់នៅប្រហែល ៦ ពាន់នាក់ ។
 
ការប្រកាសអាសន្ននេះបានកើតឡើងចំពេលមានការព្រមានអំពីរលកកំដៅនៅថ្ងៃដដែល ក្នុងតំបន់ជាច្រើននៃរដ្ឋ Western អូស្រ្តាលី។ នៅទីក្រុង Perth សីតុណ្ហភាពអតិបរិមាត្រូវបាន ព្យាករណ៍ថាកើនដល់ ៤១ អង្សាសេដែលស្ទើរតែលើសពីកម្រិតអតិបរមាជាមធ្យមក្នុងខែមករា របស់ទីក្រុងចំនួន ១០ ដឺក្រេ។ នេះបើយោងតាមទិន្នន័យពីអ្នកព្យាករណ៍អាកាសធាតុ អូស្ត្រាលី។
 
គួររំលឹកថា រដូវភ្លើងឆេះពីរចុងក្រោយរបស់អូស្ត្រាលីមានភាពស្ងប់ស្ងាត់បើធៀបនឹងគ្រោះ មហន្តរាយភ្លើងឆេះព្រៃឆ្នាំ ២០១៩-២០២០ ដែលត្រូវបានហៅថា «Black Summer» ដែល បានបំផ្លាញតំបន់ធំមួយ និងបានសម្លាប់មនុស្ស ៣៣ នាក់៕
 

Tag:
 អូស្រ្តាលី
© រក្សាសិទ្ធិដោយ thmeythmey.com