អន្តរជាតិ
ឥណ្ឌា និងម៉ាល់ឌីវមានជម្លោះរឿងឆ្នេរខ្សាច់សមុទ្រស្អាត
14, Jan 2024 , 8:29 am        
រូបភាព
ទេសចរបរទេសទស្សនាកោះ Kurumba នៅប្រទេសម៉ាល់ឌីវ កា
ទេសចរបរទេសទស្សនាកោះ Kurumba នៅប្រទេសម៉ាល់ឌីវ កា
ដោយ: VOA
ឆ្នេរ​សមុទ្រ​ដ៏​ស្រស់​ស្អាត​ក្នុង​ប្រទេស​ឥណ្ឌា​និងម៉ាល់ឌីវ​បាន​បង្ក​ជា​ជម្លោះ​រវាង​ប្រទេស​ទាំង​ពីរ​ បន្ទាប់​ពី​មាន​ការបង្ហោះសារ​បញ្ចេញ​មតិមួយ​ចំនួនរបស់​រដ្ឋមន្ត្រី​ម៉ាល់ឌីវ ​ ដែលរិះគន់​ប្រមាថ​ដល់នាយករដ្ឋមន្ត្រី​ឥណ្ឌា​លោក​ Narendra Modi ហើយពលរដ្ឋឥណ្ឌាក៏​បាន​អំពាវនាវឱ្យ​ធ្វើ​ពហិការកុំ​ឱ្យ​ទៅ​លេងម៉ាល់ឌីវ​ ដែល​ជា​ប្រទេស​ដែន​កោះ​ដ៏​ពេញ​និយមមួយ។​
ឧប្បត្តិហេតុ​នេះ​កើត​ឡើង​ ខណៈ​ពេល​ដែល​ប្រទេស​ម៉ាល់ឌីវ​កំពុងត្រូវ​បាន​គេ​មើល​ឃើញ​ថា ​បាន​ងាក​កាន់​តែ​ជិត​ទៅ​រក​ប្រទេស​ចិន នៅ​ក្រោម​ការ​ដឹកនាំ​របស់​ប្រធានាធិបតី​ថ្មី​លោក Mohamed Muizzu​ ដែល​ទើប​ចូល​កាន់​តំណែង​កាល​ពីខែ​វិច្ឆិកាឆ្នាំ​ទៅ។​
  

នាយករដ្ឋមន្ត្រីឥណ្ឌាលោក Narendra Modi ចូលរួមកិច្ចប្រជុំមួយនៅទីក្រុង New Delhi ប្រទេសឥណ្ឌា

នាយករដ្ឋមន្ត្រី​ឥណ្ឌា​លោក Modi ក្នុង​ពេលទស្សនកិច្ច​លើប្រជុំ​កោះ Lakshadweep របស់​ឥណ្ឌា​ ​កាល​ពី​ដើម​ខែ​មករា​កន្លង​ទៅ​នេះ​ បាន​សរសើរ​ដល់​សម្រស់​ឆ្នេរ​ដ៏​ស្រស់​ស្អាត​របស់​កោះ​នេះ​ និង​បានបង្ហោះ​រូប​ថតលោក​ដើរ​លើឆ្នេរខ្សាច់ និង​ការ​មុជទឹក​ដែល​បំពាក់​បំពង់​ខ្យល់​ផង​ដែរ​ នៅ​លើ​បណ្តាញ​សង្គម​ X ដែល​គេ​ធ្លាប់ស្គាល់​ថា​ជា​ Twitter​ នោះ។ ​
 
ប្រជុំ​កោះ​ Lakshadweep នេះ លាត​សន្ធឹងប្រមាណ​២០០​គីឡូម៉ែត្រពី​ដែន​ដី​គោក​របស់​ឥណ្ឌា​ ​និង​មាន​អ្នក​ទេសចរ​តិចតួច​គឺ​ពីរបី​ពាន់​អ្នក​ប៉ុណ្ណោះ​ទៅ​លេង​ទី​នោះ​ជា​រៀងរាល់​ឆ្នាំ។ លោក​ Modi​ ​និយាយ​ថា​ ប្រជុំ​កោះ​នេះ​គួរ​ជា​ទី​ចាប់អារម្មណ៍​មួយ​ សម្រាប់​អ្នក​ដែល​ចង់​ផ្សង​ព្រេង​គយគន់​មើល​ទី​តាំង​នេះ។​
 
​នៅ​ក្នុង​ការ​បង្ហោះនោះ​លោក​មិនបាន​និយាយ​ចំ​ឈ្មោះ​ប្រទេស​ម៉ាល់ឌីវ​នោះ​ឡើយ។ ប៉ុន្តែការ​បង្ហោះរបស់​នាយករដ្ឋមន្ត្រី​ឥណ្ឌា​រូបនេះ ត្រូវ​បានមនុស្ស​មួយ​ចំនួន​នៅ​ក្នុងប្រទេស​ម៉ាល់ឌីវ​ដែល​ជា​ប្រទេស​តូច​មួយ​ ចាត់​ទុក​ជា​ការ​ឃោសនា​ដើម្បី​ទាក់ទាញ​ក្រុម​អ្នក​ទេសចរ​ឥណ្ឌា​ឱ្យ​ងាក​ចេញពីតំបន់​រមណីយ​លំហែ​កាយ​ដ៏​ទំនើបរបស់​ម៉ាល់ឌីវ​ ហើយទៅ​កាន់​តំបន់ឆ្នេរ​នៃ​ប្រជុំកោះ​ Lakshadweep របស់​ឥណ្ឌា​វិញ។​ ​
 
អនុរដ្ឋមន្រ្តី​ម៉ាល់ឌីវ​អ្នក​ស្រី​ Mariyam Shiuana​ បានបង្ហោះ​សារ​មួយ​លើ​បណ្តាញសង្គម​ X ដោយ​សំដៅ​លើ​លោក Modi ថា​ «លោក​ដូច​ជា​តួ​កំប្លែង»។ ​អ្នក​ស្រីបាន​ហៅលោក Modi ថា​ ជា​ «កូន​ជឹង​របស់​អ៊ីស្រាអែល»។ ​មាន​រដ្ឋមន្ត្រី​ម៉ាឌីវ​ពីរ​រូប​ផ្សេង​ទៀត​ ក៏​បាន​បញ្ចេញ​មតិ​បន្តុះបង្អាប់ដល់​នាយករដ្ឋមន្ត្រី​ឥណ្ឌា​ផង​ដែរ។
 
ការ​បង្ហោះ​សារ​ទាំង​នោះក្រោយ​មក​ត្រូវ​បាន​លុបចោល​ទៅវិញ​ ហើយ​មន្ត្រី​ទាំង​បី​នាក់​របស់​ម៉ាល់ឌីវ​ក៏​ត្រូវ​បាន​បញ្ឈរ​ជើង ហើយ​រដ្ឋាភិបាល​ម៉ាល់ឌីវព្យាយាម​ដាក់​ខ្លួននៅ​ឆ្ងាយ​ពី​ការ​បញ្ចេញ​មតិ​ទាំង​នោះ។​
  

ប្រធានាធិបតីម៉ាល់ឌីវលោក Mohamed Muizzu និងប្រធានធិបតីចិនលោក Xi Jinping នៅវិមានប្រធានាធិបតីចិន

រដ្ឋាភិបាល​ម៉ាល់ឌីវបាន​ដឹង​ពី​សារ​ប្រមាថ​មើលងាយប្រឆាំង​នឹង​មេដឹកនាំ​បរទេសនិង​បុគ្គល​ដែល​មាន​ឋានៈ​ខ្ពស់​លើ​បណ្តាញ​សង្គម។ នេះ​ជាទស្សនៈ​ផ្ទាល់​ខ្លួននិង​មិន​តំណាងឱ្យ​ទស្សនៈរបស់រដ្ឋាភិបាលប្រទេស​ម៉ាល់ឌីវ​នោះ​ឡើយ។​ នេះ​បើ​តាម​ការបញ្ជាក់​របស់​រដ្ឋមន្ត្រី​ការបរទេស​ម៉ាល់ឌីវ នៅ​ក្នុង​សេចក្ដី​ថ្លែងការណ៍​មួយ។​ ​
 
​សេចក្តី​ថ្លែងការណ៍​នេះ​និយាយ​ទៀត​ថា​ សេរីភាព​នៃ​ការ​បញ្ចេញ​មតិ​ គួរ​ត្រូវ​ធ្វើ​ឡើង​នៅក្នុង​បែប​ផែន​មួយ​ដែល​«មិន​បណ្តាល​ឱ្យ​មាន​ការ​ស្អប់​ ​ជះ​ផល​អវិជ្ជមាន និងធ្វើ​ឱ្យល្អក់​កករ​ដល់​ទំនាក់ទំនង​ជិតស្និទ្ធ​រវាង​ប្រទេស​ម៉ាល់ឌីវ​និងដៃគូ​អន្តរជាតិ​របស់​ខ្លួន​នោះ​ឡើយ»។
 
ទោះ​បី​ជា​មានការ​បញ្ជាក់​បកស្រាយយ៉ាង​នេះ​ក្តី​ ក៏​ការ​នេះ​មិន​បាន​ជួយ​សម្រាល​កំហឹង​ក្នុង​ប្រទេស​ឥណ្ឌា​ជាមួយ​នឹង​ការ​ប្រើសញ្ញា hashtag «ធ្វើ​ពហិការ​ម៉ាល់ឌីវ»​ ដែល​កំពុង​កើន​ឡើង​ខ្លាំង​ក្នុង​បណ្តាញ​សង្គម​នោះ​ទេ។​
 
មាន​តារា​សម្តែង​ល្បីៗ​ជា​ច្រើន​រូប ដែល​រួម​មានតារា​ភាពយន្ត​នៃ​ក្រុមហ៊ុន​ Bollywood ​និង​កីឡាករ​ cricket ​ល្បីៗ​របស់ឥណ្ឌាជា​ច្រើន​នាក់​ផង​ដែរ​ បាន​ចែក​រំលែក​សារ​បង្ហោះលើ​បណ្ដាញ​សង្គម​ ដែល​មាន​សញ្ញា ​hashtag មាន​ន័យ​ថា​ «ចូរ​នាំ​គ្នា​ទៅ​លេង​កោះ Lakshadweep»។
 
​វេបសាយ​ដែល​ពេញ​និយម​មួយក្នុង​ប្រទេស​ឥណ្ឌា​ ដែល​គេ​ប្រើប្រាស់​ក្នុង​ការ​កក់សំបុត្រ​ធ្វើ​ដំណើរ​ឈ្មោះ​ EaseMyTrip បាន​និយាយ​កាល​ពី​ថ្ងៃ​ចន្ទកន្លង​ទៅ​ថា​ ខ្លួន​បាន​ផ្អាក​ការ​កក់​សំបុត្រ​ទៅ​លេង​ប្រទេស​ម៉ាល់ឌីវ​ហើយ។​
 
លោក Nishant Pitti ប្រធាន​ក្រុមហ៊ុន​នេះ​និយាយ​ថា៖​ «ជុំវិញ​ជម្លោះ​បង្ហោះ​សាររបស់​សមាជិក​សភា​ប្រទេស​ម៉ាល់ឌីវ​ស្តី​ពី​ទស្សនកិច្ច​របស់លោក​នាយករដ្ឋមន្ត្រី​ឥណ្ឌាទៅ​កាន់​កោះ ​Lakshadweep​ នោះ យើង​បាន​សម្រេច​ថា មិន​ទទួល​យក​ការ​កក់​ណា​មួយ​ សម្រាប់ការធ្វើ​ដំណើរ​ទៅ​កាន់​ប្រទេស​ម៉ាល់ឌីវនោះ​ឡើយ។
 
អ្នកទេសចរ​ឥណ្ឌា​មាន​ចំនួន​ច្រើន​ជាងគេ​បង្អស់ ​ដែល​បាន​ទៅ​លេងឆ្នេរ​សមុទ្រ​ត្រូពិកក្នុង​ប្រទេស​ម៉ាល់ឌីវ​កាល​ពី​ឆ្នាំ​ទៅ​ ដោយ​មាន​ចំនួនរហូត​ដល់​ជាង​ ១១​ភាគរយនៃ​ចំនួនអ្នក​ទេសចរ​សរុប​ទាំង​អស់​ដែល​ទៅលេង​ប្រទេស​នេះ។​ ប្រទេស​ម៉ាល់ឌីវមាន​ផល​ទុន​សរុបប្រមាណ​ ១ភាគ​៤​ ដែល​បាន​មក​ពី​វិស័យ​ទេសចរ​ ហើយ​វិស័យ​នេះ​មាន​សារសំខាន់​សម្រាប់​ប្រទេសម៉ាល់ឌីវ​ដែល​មាន​ប្រជាជន​សរុប​ទាំង​អស់​កន្លះ​លាន​នាក់។​
 
​រដ្ឋមន្ត្រី​ការបរទេសឥណ្ឌា​បានកោះហៅ​ឯកអគ្គរដ្ឋទូត​ម៉ាល់ឌីវ​ក្នុងរដ្ឋធានី​ New Delhi ​ដើម្បី​ប្រាប់​ពី​ការ​បារម្ភ​របស់ខ្លួន​ជុំវិញ​ការ​បញ្ចេញ​មតិ​លើ​បណ្តាញ​សង្គម ​ស្តី​ពីនាយករដ្ឋមន្ត្រី​របស់​ខ្លួនកាល​ពី​ថ្ងៃ​ចន្ទ ទី​៨ ខែ​មករា កន្លង​ទៅ។​ នេះ​បើ​តាម​ការ​ចេញ​ផ្សាយ​របស់​សារព័ត៌មាន​ក្នុង​ស្រុក​មួយចំនួន។​ ​
 
ភាព​ចម្រូងចម្រាស់​នេះបាន​កើត​មាន​ឡើង​ ខណៈ​ទំនាក់ទំនងរវាង​ប្រទេស​ម៉ាល់ឌីវ​និង​ឥណ្ឌា កំពុង​ធ្លាក់​ក្នុង​ភាពមិន​សូវ​ល្អចាប់​តាំង​ពី​ប្រធានាធិបតី​ម៉ាល់ឌីវ​លោក ​Muizzu ឡើង​កាន់​តំណែង​មក។
 
លោក Muizzu នៅ​ដើម​ខែ​មករា​នេះ ​បាន​ធ្វើ​ទស្សនកិច្ច​ក្នុងរដ្ឋធានី​ប៉េកាំង ​ប្រទេស​ចិន​ ដោយ​បំពានលើ​ប្រពៃណី ដែលប្រធានាធិបតី​ទើប​ជាប់ឆ្នោត​ថ្មីៗរបស់​ប្រទេស​ម៉ាល់ឌីវក្នុង​ពេល​កន្លង​ទៅ​ តែង​តែ​ទៅ​បំពេញ​ទស្សនកិច្ចក្រៅ​ប្រទេស​ក្នុងប្រទេស​ឥណ្ឌា​មុន​គេ។​ ​
 
លោក​ Muizzu​ ​បាន​ធ្វើ​យុទ្ធនាការ​ដោយ​ផ្អែក​លើ​ទ្រឹស្ដី​ «មិន​ត្រូវ​ការ​ឥណ្ឌា»​ ឬ «India Out‍» ដោយ​និយាយ​ថា​ លោក​នឹង​កែប្រែ«គោល​នយោបាយ​ឥណ្ឌា​មុន​គេ» ឬ «‍India First» របស់ប្រធានាធិបតី​ម៉ាល់ឌីវ​មុន។​ ចាប់​តាំង​ពី​ការ​ចូល​កាន់​តំណែង​មក​ ​លោក​ Muizzu​ បាន​ស្នើ​ឥណ្ឌា​ឱ្យ​ដកកងទ័ពមួយ​អង្គភាព​តូច​ ដែល​មាន​គ្នា​ ៧០​នាក់ ​ចេញពី​ដែន​កោះ​របស់​ខ្លួន​ ដែលត្រូវ​បាន​ដាក់​ពង្រាយ​ដើម្បី​ជួយត្រួត​ពិនិត្យ​សន្តិសុខដែន​សមុទ្រ​ ការ​ស្រាវជ្រាវ​ ​ប្រតិបត្តិការ​ជួយ​សង្គ្រោះ ​និង​ការ​ជម្លៀសសម្រាប់​ការ​ព្យាបាល​វេជ្ជសាស្ត្រ​ជា​ដើម។
 
ប្រធានាធិបតី​ម៉ាល់ឌីវ​រូប​នេះ​ក៏​បាន​លុប​ចោលកិច្ចព្រមព្រៀង​មួយ ​ជាមួយ​កង​នាវា​ជើង​ទឹក​ឥណ្ឌា​ ស្តី​ពី​ការ​វាស់​ស្ទង់​សមុទ្រ​ និង​បាន​និយាយ​ថា​ លោក​នឹង​ពិនិត្យ​ឡើង​វិញនូវ​កិច្ចព្រមព្រៀង​ជាង ​១០០ទៀត​ ដែល​រដ្ឋាភិបាលមុន​របស់​ប្រទេស​ម៉ាល់ឌីវ​ បាន​ចុះ​ហត្ថលេខា​ជា​មួយ​ឥណ្ឌា​នោះ។
 
​ក្រុម​អ្នក​វិភាគ​និយាយ​ថា​ ភាព​ចម្រូងចម្រាស់ចុង​ក្រោយ​នេះ នឹង​ធ្វើឱ្យ​ទំនាក់​ទំនង​ទំនង​រវាង​ប្រទេស​ទាំង​ពីរ​ ដែល​កំពុង​មាន​ភាព​រកាំរកូស​ស្រាប់នោះ​ កាន់​តែ​រីក​ធំ​ខ្លាំង​ថែម​ទៀត​ប៉ុណ្ណោះ។​ ​
 
​ក្នុង​ទសវត្សរ៍ចុងក្រោយ​នេះ​ គេ​សង្កេត​ឃើញពី​សង្គ្រាម​ប្រទាញ​ប្រទង់​ខាង​ភូមិសាស្ត្រ​នយោបាយរវាង​ឥណ្ឌា​និង​ចិន ​សម្រាប់​វត្តមានជា​យុទ្ធសាស្ត្រ​ក្នុង​ប្រទេស​ម៉ាល់ឌីវ ហើយ​ដែល​ដូច​គ្នា​ផង​ដែរ​ទៅ​នឹងប្រទេសក្នុង​តំបន់​អាស៊ី​ខាង​ត្បូងមួយ​ចំនួន​ ដូច​ជា​ប្រទេស​ស្រីលង្កា​ជា​ដើម។ ប្រទេសទាំង​នេះ​ស្ថិត​នៅ​តាម​បណ្ដោយផ្លូវសមុទ្រ​ដ៏​សំខាន់​ក្នុងមហា​សមុទ្រ​ឥណ្ឌា៕​ ​

ប្រែសម្រួល​ដោយ លោក​ ជ្រា វណ្ណារិទ្ធ
 

© រក្សាសិទ្ធិដោយ thmeythmey.com