អន្តរជាតិ
ចំនួន​ជន​ចំណាកស្រុក​ដ៏​ច្រើន​មក​កាន់​សហរដ្ឋ​អាមេរិក​​ឆ្លុះ​បញ្ចាំង​ពី​វិបត្តិ​នៅ​ព្រំដែន
14, Jan 2024 , 9:39 pm        
រូបភាព
ជនចំណាកស្រុកនិងកូនៗរបស់គេត្រូវបានមន្ត្រីអាមេរិកឃាត់ខ្លួននៅព្រំដែនរវាងរដ្ឋ Texas និងប្រទេសម៉ិកស៊ិក កាលពីថ្ងៃទី៤ ខែមករា
ជនចំណាកស្រុកនិងកូនៗរបស់គេត្រូវបានមន្ត្រីអាមេរិកឃាត់ខ្លួននៅព្រំដែនរវាងរដ្ឋ Texas និងប្រទេសម៉ិកស៊ិក កាលពីថ្ងៃទី៤ ខែមករា
ដោយ: VOA
មន្រ្តី​អាមេរិក​បាន​ត្រួត​ពិនិត្យ​វិនិច្ឆ័យ​លើ​មនុស្ស​ប្រមាណ ៣០០.០០០ នាក់ ​នៅ​ព្រំដែន​សហរដ្ឋ​អាមេរិក​ជាមួយ​ម៉ិកស៊ិក​ កាល​ពី​ខែ​ធ្នូ​ ដែល​ជា​ចំនួន​ច្រើន​បំផុតត្រូវ​បាន​កត់ត្រា​ទុក។ នេះ​បើ​យោង​តាម​អង្គភាព​ព័ត៌មាន​មួយ​ចំនួន។
ខណៈ​ដែល​ក្រសួង​សន្តិសុខ​មាតុភូមិ​ នឹង​បញ្ចេញ​ចំនួន​ជនចំណាក​ស្រុក​ប្រចាំខែ​ធ្នូ​នៅ​ចុង​ខែ​មករា​នេះ ទីភ្នាក់ងារ​ព័ត៌មាន Reuters និង​អង្គភាព​ព័ត៌មាន​ដទៃ​ទៀត​បាន​ប៉ានប្រមាណ​ថា​ មនុស្ស ៣០០.០០០ នាក់​ បាន​ព្យាយាម​ឆ្លង​ព្រំដែន​កាលពី​ខែធ្នូ ឆ្នាំ ២០២៣ ក្នុង​នោះ​ប្រមាណ ៥០.០០០ នាក់ បាន​ឆ្លងកាត់​តាម​ច្រកចូល​ដែល​ត្រូវ​បាន​កំណត់ឡើង។
 
ការប៉ានប្រមាណ​នេះ​បាន​បង្ហាញ​ថា រយៈពេល​បី​ខែ​ដំបូង​នៃឆ្នាំ​សាពើពន្ធ​នៃ​ឆ្នាំ ២០២៤ នេះ​ដែលចាប់ផ្តើមនៅ​ខែ​តុលា​មាន​ចំនួន​ជនចំណាកស្រុក​ច្រើន​បំផុត។ អ្នក​ជំនាញ​និយាយ​ថាកត្តា​ជា​ច្រើន​បាន​បង្ក​ឱ្យ​ជនចំណាកស្រុក​ដែល​ភាគច្រើន​មក​ពី​តំបន់​ឆ្ងាយ​ ដូចជា​ទ្វីប​អាស៊ី អាហ្វ្រិក ​និង​មជ្ឈិម​បូព៌ា មក​ព្រំដែន​សហរដ្ឋ​អាមេរិក​ដោយ​ស្រប​ច្បាប់​ ឬ​ជាអ្នក​សុំសិទ្ធិ​ជ្រកកោន​ ឬ​ដោយ​មិន​ស្រប​ច្បាប់។
 
ចំនួន​ជនចំណាកស្រុក​នៅ​ព្រំដែន​បាន​កើតឡើង ស្រប​ពេល​ដែល​សហរដ្ឋ​អាមេរិក​ឈាន​ចូល​ក្នុង​ឆ្នាំ​បោះឆ្នោត​ដែល​ប្រធាន​បទស្តីពី​ជនអន្តោប្រវេសន៍​ត្រូវ​បាន​រំពឹង​ថា​នឹង​ដើរ​តួ​នាទី​ដ៏​សំខាន់។
 
ប្រធានាធិបតី​អាមេរិក​លោក Joe Biden ដែល​ត្រូវ​បាន​រំពឹង​ថា នឹង​ទទួល​បាន​ការតែងតាំង​ជា​បេក្ខភាព​ប្រធានាធិបតី​ខាង​គណបក្សប្រជាធិបតេយ្យ​ បាន​លើកឡើង​ម្តង​ហើយ​ម្តង​ទៀត​ថា​ ជនចំណាកស្រុក​គឺ​ជា​ចំណុច​ខ្លាំង​មួយ​របស់​សហរដ្ឋ​អាមេរិក បើទោះបី​ជា​លោក​បាន​ចាត់វិធានការ​ដើម្បី​ទប់ទល់​នឹង​លំហូរ​ជនចំណាកស្រុក​នា​ពេលបច្ចុប្បន្ន​ក៏​ដោយ។
 
អតីត​ប្រធានាធិបតី​លោក Donald Trump ដែល​ត្រូវ​បាន​រំពឹង​ថានឹង​ឈ្នះ​ការ​តែងតាំង​ជា​បេក្ខភាព​ប្រធានាធិបតី​គណបក្ស​សាធារណរដ្ឋ​ បាន​ទាមទារ​ជា​យូរ​មក​ហើយ​ឱ្យ​មាន​ការរឹតបន្តឹង​ខ្លាំង​ជាង​មុន​លើ​ផ្នែកអន្តោប្រវេសន៍ ហើយ​បាន​ប្រើប្រាស់ភាសា​អុចអាល​ជា​ញឹកញយ​ក្នុងការពណ៌នា​ជនអន្តោប្រវេសន៍​ដែល​មក​កាន់​សហរដ្ឋ​អាមេរិក។
 
កត្តា«ទាញ​និង​រុញច្រាន»

អ្នកស្រី Michelle Mittelstadt ប្រធាន​ផ្នែក​ទំនាក់ទំនង​និង​កិច្ចការ​សាធារណៈ​នៃ​វិទ្យាស្ថាន​គោលនយោបាយ​ចំណាកស្រុក​ បាន​ថ្លែង​ប្រាប់​វីអូអេ​ថា កត្តា​ជា​ច្រើន​បាន​រួមចំណែក​នៅ​ក្នុង​ការកើនឡើង​នូវ​ចំនួន​ជន​ចំណាកស្រុក​នៅ​ព្រំដែន​ភាគខាង​ត្បូង​សហរដ្ឋ​អាមេរិក​នេះ។
 
អ្នកស្រី Mittelstadt បាន​បន្ត​ថា ជនចំណាកស្រុក​មួយ​ចំនួន​ដែល​មក​ដល់​ព្រំដែន​ត្រូវ​បាន«បង្ខំ»ឱ្យ​ចាកចេញ​ពីប្រទេស​របស់​ពួកគេ ​ដោយសារ​បញ្ហា​សេដ្ឋកិច្ច​និង​នយោបាយ គ្រោះធម្មជាតិ​និង​វិបត្តិ​ដទៃ​ទៀត។
 
ឧទាហរណ៍ ការដួល​រលំ​នៃ​សេដ្ឋកិច្ចប្រទេស​វេណេស៊ុយអេឡា​នៅ​ក្នុង​មួយ​ទសវត្សរ៍​មក​នេះ​បាន​បង្ខំ​ឱ្យ​មមនុស្ស​ប្រមាណ ៨ លាន​នាក់​ ចាកចេញ​ពី​ប្រទេស​នេះ។ ស្របពេល​ដែល​មនុស្ស​មួយ​ចំនួន​ទទួល​បាន​សិទ្ធិ​ជ្រកកោន​នៅ​តាម​បណ្តា​ប្រទេស​ដទៃ​ទៀត​នៅ​តំបន់អាមេរិក​ខាង​ត្បូង ដូចជា​ប្រទេស​កូឡុំប៊ី មនុស្ស​រាប់សែន​នាក់​ទៀត​ បាន​ធ្វើដំណើរ​ដ៏​វែង​ឆ្ងាយ​និង​ប្រកប​ដោយ​គ្រោះថ្នាក់​ទៅកាន់​សហរដ្ឋ​អាមេរិក។
 
កត្តាដទៃ​ទៀត​ដែល​រួម​ចំណែក​ក្នុង​ការ «ទាញ» យក​ជនចំណាកស្រុក​មក​កាន់​សហរដ្ឋ​អាមេរិក រួមមាន​ភាពខ្លាំង​នៃ​សេដ្ឋកិច្ច​របស់​សហរដ្ឋអាមេរិក ដែល​នា​ពេល​បច្ចុប្បន្ន​ជា​ស្ថិតិមានកន្លែង​ការងារ​ទំនេរ​ពីរ​កន្លែង​សម្រាប់​រាល់​ពលរដ្ឋ​អាមេរិកាំង​ដែល​ស្វែងរក​ការងារ​ធ្វើ។
 
ស្ថិត​នៅ​ពី​លើ​កត្តា​ទាំង​នេះ​គឺ ភស្តុតាង​បញ្ជាក់​យ៉ាង​ច្បាស់​ដែលថា ​ប្រព័ន្ធ​ផ្លូវ​ច្បាប់​របស់​សហរដ្ឋ​អាមេរិក​ដើម្បី​ត្រួត​ពិនិត្យវិនិច្ឆ័យ​លើ​ជនស្វែងរក​សិទ្ធិ​ជ្រកកោន​មាន​ការ​ប្រេះស្រាំ​យ៉ាង​ខ្លាំង។ បុគ្គល​ដែល​ត្រូវ​បាន​អនុញ្ញាត​ឱ្យ​ចូល​ក្នុង​ប្រទេស ​ស្រប​ពេល​ករណី​របស់​ពួកគេកំពុង​ស្ថិត​ក្រោម​ការវាយ​តម្លៃ​ជា​ញឹកញយ​ត្រូវ​រង់ចាំ​ជា​ច្រើន​ឆ្នាំ មុន​ពេល​ពួកគេ​ទទួល​បាន​សេចក្តីសម្រេច​ពី​តុលាការ​អន្តោប្រវេសន៍។ មាន​ជាង ៣ ​លាន​ករណី កំពុង​ស្ថិត​ក្នុង​ការរង់ចាំ ក្នុង​នោះ​ជាង ១ លាន​ករណី​ ត្រូវ​បាន​ដាក់​បញ្ចូល​នៅ​ក្នុង​រយៈពេល ១២​ ខែ​ចុងក្រោយ​នេះ។
 
វិបត្តិ​កំពុង​រីកសាយភាយ

បណ្តា​រដ្ឋ​តាម​បណ្តោយ​ព្រំដែន​ភាគខាង​ត្បូង​បាន​ត្អូញត្អែរ​ជា​យូរ​មក​ហើយ​អំពី​ការកើនឡើង​នូវ​ចំនួន​ជន​ចំណាកស្រុក​ចូល​មក​សហរដ្ឋ​អាមេរិក។ ក្នុង​ករណី​មួយ​ចំនួន ក្រុង​តូចៗ​តាមបណ្តោយ​ព្រំដែន​បាន​ប្រឈម​មុខ​នឹង​លំហូរជនចំណាកស្រុក​រាប់ពាន់នាក់​ នៅ​ក្នុង​ចន្លោះពេល​ពីរ​ទៅ​បី​ថ្ងៃប៉ុណ្ណោះ។
 
មេដឹកនាំ​រដ្ឋ​តាម​បណ្តោយ​ព្រំដែន​ដូចជា​អភិបាល​រដ្ឋ Texas លោក Greg Abbott បានត្អូញត្អែរ​ថា ការឆ្លើយតប​របស់​រដ្ឋាភិបាល​សហព័ន្ធ​ទៅ​នឹង​វិបត្តិ​នេះ​មិន​គ្រប់គ្រាន់​ ទាំង​នៅក្នុង​បរិបទ​នៃ​គោលនយោបាយ​ឆ្លើយតប​ដែល​អាច​ជួយ​កាត់បន្ថយ​លំហូរ​ជន​ចំណាក​ស្រុក​និង​នៅ​ក្នុង​បរិបទ​ផ្តល់​ជំនួយ​ ដើម្បី​គ្រប់គ្រង​ការផ្តល់​ការថែទាំ​ដល់​ជន​ចំណាកស្រុក​ជា​ច្រើននាក់​ដែល​បាន​ឆ្លង​ព្រំដែន។
 
កាល​ពី​ឆ្នាំ​មុន លោក Abbott ជា​ពិសេស​បាន​ជំរុញ​ពន្លឿន​កម្មវិធី​មួយ​ដែល​តាមរយៈ​កម្មវិធីនេះ រដ្ឋ Texas បញ្ជូន​ជនចំណាកស្រុក​ជា​ក្រុម​ក្នុង​ទ្រង់ទ្រាយ​ធំ តាមរយៈ​រថយន្ត​ក្រុង​ឬយន្ត​ហោះទៅ​កាន់​ទីក្រុង​ធំដទៃ​ទៀត​នៅ​សហរដ្ឋអាមេរិក​ ដែល​ជា​ទូទៅ​គ្រប់គ្រង​ដោយ​អភិបាល​រដ្ឋជា​សមាជិកគណបក្ស​ប្រជាធិបតេយ្យ ដូចជា​ក្រុង​ញូវយ៉ក និងក្រុង Chicago ជា​ដើម។
 
ក្នុង​រយៈពេល​ប៉ុន្មាន​ខែ​ថ្មីៗ​នេះ អភិបាល​ក្រុង​ដែល​បាន​ទទួល​ជនចំណាកស្រុក​រាប់​ម៉ឺន​នាក់​នៅ​ក្នុង​បែបផែន​ដូចនេះ​ បាន​ចាប់ផ្តើម​ព្យាយាម​បង្អាក់​លំហូរ​នេះ។ នៅ​ក្រុង​ញូវយ៉កអភិបាល​ក្រុង​លោក Eric Adam បាន​ដាក់​ចេញ​បទបញ្ជា​ប្រតិបត្តិ​ដែល​រឹតត្បិត​ការចូល​មកដល់​នៃ​រថយន្ត​ក្រុង​ដឹក​ជនចំណាកស្រុកតាម​ពេលវេលា​និង​កន្លែង​ដាក់​ចុះ​មួយ​ចំនួន។ ជា​ការឆ្លើយតប រថយន្តក្រុង​មួយ​ចំនួន​បាន​ឈប់​នៅ​ជិត​កន្លែង​ស្ថានីយ​ផ្លាស់ប្តូរ​រថយន្ត​ក្រុង​នៅ​រដ្ឋ New Jersey ក្បែរ​នោះ ហើយ​បង្គាប់​ឱ្យ​អ្នក​ដំណើរ​ប្រើប្រាស់​សេវាកម្ម​ដឹកជញ្ជូន​សាធារណៈ​ចូល​មក​ក្រុង​ញូវយ៉ក។
 
​កិច្ចពិភាក្សា​ជាមួយ​ប្រទេសម៉ិកស៊ិក

រដ្ឋបាល​លោក Biden បាន​ចាត់ចំណាត់ការ​ដោះស្រាយ​វិបត្តិនេះ រួមមាន​ការបង្អាក់​បណ្តាញក្រុម​រត់ពន្ធ​មនុស្ស ការជំរុញ​ពន្លឿន​ការនិរទេស​តាម​លក្ខខណ្ឌ​ខ្លះ ការដាក់​ពង្រាយ​យោធាដើម្បី​ផ្តល់​ជំនួយ​ដល់​មន្រ្តី​ល្បាត​ព្រំដែន​និង​មន្រ្តី​អន្តោប្រវេសន៍ និងការពង្រីក​មណ្ឌល​សម្រាប់​ដាក់​និង​ត្រួត​ពិនិត្យ​វិនិច្ឆ័យ​លើ​ជនស្វែងរក​សិទ្ធិ​ជ្រក​កោន និង​ជនចំណាកស្រុក​ដទៃ​ទៀត។
  

មន្ត្រីព្រំដែនអន្តរាគមន៍នៅតាមព្រំដែនរដ្ឋ Texas និងប្រទេសម៉ិកស៊ិក ខណៈជនចំណាកស្រុកនាំគ្នាឆ្លងចូលទឹកដីសហរដ្ឋអាមេរិក កាលពីថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៣។

កាល​ពី​ចុង​ខែ​ធ្នូ រដ្ឋមន្រ្តី​ការបរទេស​អាមេរិក​លោក Antony Blinken បាន​ដឹកនាំគណៈប្រតិភូ​អាមេរិក​ទៅកាន់​ប្រទេសម៉ិកស៊ិក​ ដើម្បី​ពិភាក្សា​ជាមួយ​រដ្ឋបាល​លោក​ប្រធានាធិបតី Andrés Manuel López Obrador ជុំវិញ​ការកាត់បន្ថយ​លំហូរ​ជន​ចំណាកស្រុក។
 
នៅ​ក្នុង​សេចក្តីថ្លែងការណ៍ លោក López Obrador បាន​និយាយ​ថា កិច្ចពិភាក្សា​នេះ​បាន​នាំ​ឱ្យ​មាន​«កិច្ចព្រមព្រៀង​សំខាន់ៗ» បើ​ទោះ​បី​សេចក្តីលម្អិត​មិន​ត្រូវ​បាន​បញ្ចេញ​ក៏ដោយ។
 
លោក Biden បាន​រង​ការ​រិះគន់

នៅ​ពេល​ជា​បេក្ខភាព​ប្រធានាធិបតី​ លោក Biden បាន​លើកឡើង​ពី​ការបើកទូលាយ​ចំពោះ​ជនស្វែងរកសិទ្ធិជ្រក​កោន​និង​ជនអន្តោប្រវេសន៍។
 
ក្នុងអំឡុង​នៃ​ការជជែក​ដេញដោល​ដើម្បី​ក្លាយជា​បេក្ខជន​ប្រធានាធិបតី​ឆ្នាំ ២០២០ លោក Biden បាន​ការពារ​ការអនុញ្ញាត​ឱ្យ​បុគ្គល​ដែល​ស្វែងរក​សិទ្ធិជ្រកកោន​ស្ថិត​នៅសហរដ្ឋអាមេរិកជា​រៀងរហូត ស្រប​ពេល​ករណី​របស់​ពួកគេ​ទទួល​បាន​ការ​ត្រួតពិនិត្យ​វិនិច្ឆ័យ ដោយ​លើកឡើង​ក្នុង​សម្តី​ដើម​ថា៖ «អ្នក​មក​សហរដ្ឋ​អាមេរិក​និង​អ្នក​បាន​បង្ហាញ​អំណះអំណាង​របស់​ខ្លួន​ថា« ខ្ញុំ​ស្វែងរក​សិទ្ធិជ្រកកោន​ដោយ​ផ្អែក​លើ​ហេតុផល​ដូចនេះ​ និង​ហេតុផល​ដែល​ខ្ញុំ​គួរ​ទទួល​បាន​សិទ្ធិ​ជ្រកកោន​នៅ​ក្រោម​ច្បាប់​អាមេរិកាំង»។
 
ក្រុម​អង្គការ​អភិរក្ស​និយម​ដែល​គាំទ្រ​ការរឹត​បន្តឹង​លើ​ផ្នែក​អន្តោប្រវេសន៍​និយាយ​ថា លទ្ធផល​នៃ​គោលនយោបាយ​របស់​លោក​ប្រធានាធិបតី​មាន​ភាពច្បាស់លាស់​និង​អាច​ព្យាករណ៍​បាន។
 

បេក្ខជនប្រធានាធិបតីមកពីគណបក្សសាធារណរដ្ឋលោក Donald Trump ថ្លែង ខណៈអភិបាលរដ្ឋ Texas លោក Greg Abbott ស្តាប់ ក្នុងយុទ្ធនាការមួយនៅទីក្រុង Edinburg

លោក Simon Hankinson អ្នក​ស្រាវជ្រាវ​ជាន់ខ្ពស់​នៃ​មជ្ឈមណ្ឌល​សម្រាប់​សន្តិសុខ​ព្រំដែន​និង​អន្តោប្រវេសន៍​នៅ​មូលនិធិ​ Heritage Foundation បាន​និយាយ​ថា៖ «សូម្បី​តែ​មុន​ពេលចូល​កាន់​តំណែង លោក Biden បាន​បង្ហាញ​សារ​យ៉ាង​ច្បាស់​ទៅ​កាន់​អ្នក​ដែល​ចង់​ធ្វើ​អន្តោប្រវេសន៍​ខុសច្បាប់​នៅ​ទូទាំង​សាកល លោក​ថា ​ពួកគេ​មាន​ឱកាស​ច្រើន​នៅ​ក្នុង​ការដោះលែង​ចូល​មកសហរដ្ឋ​អាមេរិក»។
 
កាល​ពី​ប៉ុន្មាន​សប្តាហ៍ថ្មីៗ​នេះ សមាជិកសភា​ពី​គណបក្ស​សាធារណរដ្ឋ​បានបដិសេធក្នុង​ការពិចារណា​កញ្ចប់​ជំនួយ​បរទេស​ទ្រង់ទ្រាយ​ធំ​ទៅ​កាន់​អ៊ុយក្រែន​និង​អ៊ីស្រាអែល ដរាបណា​កញ្ចប់​ជំនួយ​ទាំង​នោះ​ផ្សារភ្ជាប់​ជាមួយ​នឹង​កំណែ​ទម្រង់​អន្តោប្រវេសន្ត៍​សំខាន់ៗ។
 
នៅ​ក្នុង​ការបង្ហាញ​ខ្លួន​លើ​ប៉ុស្ត៍​ទូរទស្សន៍ CBS កាល​ពី​ថ្ងៃ​ទី ៣១ ខែ​ធ្នូ សមាជិក​ព្រឹទ្ធសភា​លោក Lindsey Graham បាន​បង្ហាញ​គោលជំហរ​យ៉ាង​ច្បាស់​លើ​បញ្ហា​នេះ​ ដោយលោក​ថ្លែង​ថា៖ «នៅ​ពេល​អ្នក​មក​ព្រំដែន​របស់​យើង យើង​និយាយ​ថា៖ «សូមទោស យើង​ពេញ​ហើយ»។
 
នៅ​ក្នុង​កម្មវិធី​ដូចគ្នា​នេះ អភិបាល​ក្រុង Denver លោក Mike Johnston បាន​ច្រានចោល​គំនិត​ដែល​ថា​ សហរដ្ឋ​អាមេរិក​មាន​ជនចំណាកស្រុក​ពេញ​រួច​ហើយ ដោយលោក​និយាយ​ថា​ទីក្រុង​ដូចជាទីក្រុង​របស់​លោក ​ត្រឹមតែ​ស្នើ​សុំ​ឱ្យ​មាន​ការមកដល់​នៃ​ជនចំណាក​ស្រុក​ដោយ​របៀបរៀបរយតែ​ប៉ុណ្ណោះ។
 
លោក​បាន​ថ្លែង​ថា៖ «អ្វីដែល​យើង​មិន​ចង់​បាន​គឺ​មនុស្ស​មក​ដល់​ម៉ោង​ពីរ​ភ្លឺ​នៅ​អគារ​ក្រុង​ ឬ​សង្កាត់​មួយ​ដែល​មាន​ស្រ្តី​និង​កុមារ​ ​ស្ថិត​នៅ​ខាង​ក្រៅ ពេលមាន​សីតុណ្ហភាព​ ១០អង្សារ ​និង​មិនមាន​ជំនួយ។ ដូច្នេះ យើង​ចង់​ឱ្យ​រថយន្តក្រុង​នៅ​ទី​នេះ​ធ្វើ​អ្វី​ដែល​រថយន្ត​ក្រុង​ដទៃ​ទៀត​ធ្វើ ដែល​នោះ​ គឺ​មក​ស្ថានីយ​រថយន្ត​ក្រុង​និង​ចំណត​រថយន្ត​នៅ​ម៉ោង​ដែល​យើង​មាន​បុគ្គលិក​ដើម្បី​ទទួល​ពួកគេ​ និង​ដឹកនាំ​ពួកគេ​ទៅ​កាន់​សេវាកម្ម​ផ្សេងៗ៕
 
ប្រែសម្រួល​ដោយ​លោក ណឹម សុភ័ក្រ្តបញ្ញា
 

© រក្សាសិទ្ធិដោយ thmeythmey.com