RFI
អន្តរជាតិ
ប៉ាគីស្ថាន ថាអ៊ីរ៉ង់វាយប្រហារផ្លូវអាកាសរំលោភចូលដែនដីខ្លួន 18, Jan 2024 , 6:59 pm
ប៉ាគីស្ថាន ថាអ៊ីរ៉ង់វាយប្រហារផ្លូវអាកាសរំលោភចូលដែនដីខ្លួន © RFI
×
ដោយ៖អៀង សុខម៉ិញ/RFI
ប៉ាគីស្ថានបានចោទប្រកាន់អ៊ីរ៉ង់ថាបានបើកការវាយប្រហារផ្លូវអាកាសទៅលើដែនដីរបស់ខ្លួន បង្កឱ្យស្លាប់កុមារពីរនាក់ នៅថ្ងៃទី១៧ មករា ។ ហេតុការណ៍នេះកើតឡើងតែប៉ុន្មានម៉ោងក្រោយពីអ៊ីរ៉ង់បានបាញ់មីស៊ីលបំផ្លាញទីតាំងក្រុមចារកិច្ចនៅអ៊ីរ៉ាក់និងស៊ីរី។ ដោយគ្មានបង្អង់ ចិនបានស្រែកអំពាវនាវឱ្យគ្រប់ភាគីអត់ធ្មត់។
ការវាយប្រហារតាមផ្លូវអាកាសរបស់អ៊ីរ៉ង់រំលោភបូរណភាពដែនដីប៉ាគីស្ថាន កាលពីល្ងាចថ្ងៃអង្គារទី ១៦មករា ដែលបង្កឱ្យស្លាប់កុមារស្លូតត្រង់ពីរនាក់ និងរបួសក្មេងស្រីបីនាក់ ជាទង្វើគ្មានហេតុផល និងដែលមិនអាចទទួលយកបានជាដាច់ខាត។ នេះបើតាមសេចក្តីថ្លែងការណ៍របស់ក្រសួងការបរទេសប៉ាគីស្ថាន ដែលព្រមានចាត់វិធានការតបតវិញ និងបានកោះហៅតំណាងអ៊ីរ៉ង់នៅទីក្រុងអ៊ីស្លាម៉ាបាដមកសម្តែងការប្រឆាំងនឹងទង្វើរំលោភបូរណភាពដែនអាកាសប៉ាគីស្ថាន។ អាជ្ញាធរប៉ាគីស្ថាន មិនបានបញ្ជាក់អំពីទីតាំងរងការវាយប្រហារអ៊ីរ៉ង់ទេ។ ប៉ុន្តែបើតាមសារព័ត៌មានក្នុងស្រុក មីស៊ីលអ៊ីរ៉ង់បានបាញ់ចូលក្រុងPanjgur ខេត្តបាលូឈីស្តង់ ប៉ែកខាងលិចនៃប្រទេស ត្រង់តំបន់ព្រំដែន ខណ្ឌចែកប្រទេសទាំងពីរដែលប្រវែងជាង១ពាន់គីឡូម៉ែត្រ។
គ្មានសេចក្តីថ្លែងការណ៍របស់អាជ្ញាធរអ៊ីរ៉ង់ជាផ្លូវការទេ សម្រាប់ពេលនេះ តែបើតាមទីភ្នាក់ងារសារព័ត៌មានអ៊ីរ៉ង់Nour News ការវាយប្រហារអ៊ីរ៉ង់បានបំផ្លាញទីបញ្ជាការដ្ឋានរបស់ក្រុមយោធាអ៊ីស្លាមជ្រុលនិយមជីហាតដើម្បីយោធា Jaish al-Adl នៅប៉ាគីស្ថាន។ បង្កើតឡើងនៅឆ្នាំ២០១២ អ៊ីរ៉ង់បានចាត់ទុកក្រុមជីហាតនេះ ជាក្រុមភេរវនិយម ព្រោះធ្លាប់ដឹកនាំធ្វើសកម្មភាពភេរវកម្មជាច្រើនលើទឹកដីអ៊ីរ៉ង់ នារយៈពេលប៉ុន្មានឆ្នាំចុងក្រោយមកនេះ។
អ៊ីរ៉ង់និងប៉ាគីស្ថាន តែងចោទប្រកាន់គ្នាទៅវិញទៅមកជាញឹកញយថាបណ្តោយឱ្យក្រុមឧទ្ទាមទៅធ្វើសកម្មភាពទៅលើដែនដីម្ខាងទៀត ប៉ុន្តែកម្រមានកម្លាំងផ្លូវការជ្រុលជ្រួសទៅរំលោភគ្នាណាស់។ ហេតុដូច្នេះហើយបានជាក្រសួងការបរទេសប៉ាគីស្ថាន ព្រួយបារម្ភខ្លាំង នៅចំពោះមុខការវាយប្រហារដោយខុសច្បាប់នេះ ទាំងដែលប៉ាគីស្ថាននិងអ៊ីរ៉ង់មានបណ្តាញទំនាក់ទំនងស្ទើរគ្រប់ជាន់ថ្នាក់។ មុនការវាយប្រហារតែប៉ុន្មានម៉ោង នាយករដ្ឋមន្ត្រីស្តីទីប៉ាគីស្ថាន លោក អាន់វ៉ាអ៊ុយហាក កាការ បានជួបជាមួយរដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ នៅដាវ៉ូសប្រទេសស្វីសផង។
ការវាយប្រហារអ៊ីរ៉ង់លើប៉ាគីស្ថាន ប្រព្រឹត្តទៅចំពេលដែលអ៊ីរ៉ង់បានបាញ់មីស៊ីលលើអ៊ីរ៉ាក់និងស៊ីរី ហើយតំបន់ដើមបូព៌ាកំពុងវក់នឹងសង្គ្រាម រវាងចលនាហាម៉ាសនិងអ៊ីស្រាអែលនៅតំបន់ហ្កាហ្សាផង និងការវាយប្រហាររបស់ពួកឧទ្ទាមស្និទ្ធនឹងអ៊ីរ៉ង់នៅយេមែនហ៊ូទី ទៅលើនាវាពាណិជ្ជកម្មនៅសមុទ្ទក្រហមផង។ ហេតុដូច្នេះហើយបានជាចិនបានស្រែកអំពាវនាវភ្លាមឱ្យគ្រប់ភាគីអត់ធ្មត់ និងចៀសវាងកុំបញ្ចេញសកម្មភាពនាំឱ្យមានភាពតានតឹងកាន់តែខ្លាំង។ នៅចំពោះអ្នកសារព័ត៌មានអ្នកនាំពាក្យក្រសួងការបរទេស បានអះអាងថាចិនចាត់ទុកអ៊ីរ៉ង់និងប៉ាគីស្ថាន ជាអ្នកជិតខាងដ៏ជំនិត និងប្រទេសអ៊ីស្លាមដ៏សំខាន់៕
© រក្សាសិទ្ធិដោយ thmeythmey.com