អន្តរជាតិ
សេដ្ឋកិច្ចចិនលូតលាស់តិចបំផុតតាំងពីឆ្នាំ​១៩៩០ ខណៈការងើបឡើងវិញជាប់គាំង
19, Jan 2024 , 6:59 pm        
រូបភាព
បុរសម្នាក់ឈរមើលស្ត្រីម្នាក់ដែលកំពុងហាលភួយនៅមុខហាងដែលបានបិទដំណើរការ នៅទីក្រុងប៉េកាំង ប្រទេសចិន កាលពីថ្ងៃទី១៧ ខែធ្នូ
បុរសម្នាក់ឈរមើលស្ត្រីម្នាក់ដែលកំពុងហាលភួយនៅមុខហាងដែលបានបិទដំណើរការ នៅទីក្រុងប៉េកាំង ប្រទេសចិន កាលពីថ្ងៃទី១៧ ខែធ្នូ
ដោយ: VOA
សេដ្ឋកិច្ច​ចិន​កាលពី​ឆ្នាំ​មុន​បាន​កើន​ក្នុង​អត្រា​ទាប​បំផុត​មួយ​នៅ​ក្នុង​រយៈពេល ៣ ទសវត្សរ៍​កន្លង​មក​នេះ ខណៈ​ដែល​វា​រងគ្រោះ​ដោយសារ​វិបត្តិ​អចលនទ្រព្យ​ដែល​ជាប់​គាំង ការ​ប្រើប្រាស់​ធ្លាក់ចុះ និង​ភាព​ចលាចល​នៅ​លើ​ពិភពលោក។ នេះ​បើ​យោង​តាម​សេចក្ដី​រាយការណ៍​របស់​ទីភ្នាក់ងារ​សារព័ត៌មាន AFP ដែល​យោង​លើ​តួលេខ​ផ្លូវការ​ដែល​បាន​បង្ហាញ​កាលពី​ថ្ងៃ​ពុធ​កន្លងមក​។


តួលេខ​នេះ​គឺ​ស្រប​ជាមួយ​ការ​រំពឹងទុក​និង​លើសគោលដៅ​កំណត់​របស់​រដ្ឋាភិបាល​ចិន ប៉ុន្តែ​ទំនងជា​នឹង​ដាក់​សម្ពាធ​ថ្មី​ដល់​មន្ត្រី​ចិន​ឱ្យ​ចាត់​វិធានការ​ជួយ​សេដ្ឋកិច្ច​បន្ថែម​ដើម្បី​ចាប់ផ្ដើម​សកម្មភាព​អាជីវកម្ម​និង​ធ្វើ​ឱ្យ​ក្រុម​អ្នក​ប្រើប្រាស់​នៅ​ក្នុង​ប្រទេស​ចាប់ផ្ដើម​ចំណាយ​លុយ​ឡើង​វិញ​ដើម្បី​ទិញ​ផលិតផល​នានា។
 
ការិយាល័យ​ជាតិ​ស្ថិតិ​ចិន​បាន​បង្ហាញ​ថា ផលិតផល​ក្នុង​ស្រុក​សរុប (GDP) បាន​កើនឡើង ៥,២% រហូត​ដល់​ចំនួន ១៧,៦ លាន​លាន​ដុល្លារ​កាលពី​ឆ្នាំ​មុន។
 
តួលេខ​នេះ​គឺ​ប្រសើរ​ជាង​តួលេខ​ចំនួន ៣% នៃ​ផលិតផល​ក្នុង​ស្រុក​សរុប (GDP) ដែល​គេ​បាន​កត់ត្រា​កាលពី​ឆ្នាំ ២០២២ ដែល​នៅ​ពេល​នោះ វិធានការ​បង្ការ​ជំងឺ​កូវីដ១៩ ដ៏​តឹងរ៉ឹង​របស់​រដ្ឋាភិបាល​ចិន​បាន​បង្អាក់​ដល់​សកម្មភាព​នានា។ តួលេខ​ចំនួន ៥,២% នេះ​ក៏​បង្ហាញ​ឱ្យ​ឃើញ​ផង​ដែរ​ថា សកម្មភាព​សេដ្ឋកិច្ច​មាន​ភាព​អន់ខ្សោយ​បំផុត​តាំងពី​ឆ្នាំ ១៩៩០ មក ដោយ​មិន​គិត​អំពី​ពេល​ដែល​មាន​វិបត្តិ​ជំងឺ​កូវីដ១៩។
 
ខណៈពេល​ដែល​អត្រា​៥,២% ត្រូវ​បាន​មើល​ដោយ​ច្រណែន​ដោយ​រដ្ឋាភិបាល​ផ្សេង​ទៀត​ដូចជា​សហរដ្ឋ​អាមេរិក​ និង​តំបន់ចាយ​ប្រាក់អឺរ៉ូ​ ដែល​បាន​រីក​ចម្រើន​ប្រហែល​២% នៅឆ្នាំ​២០២២​ វា​បាន​ធ្លាក់ចុះ​ពី​កម្រិត​ប្រហែល​៦ ឬ ៧​ ភាគរយ​ដែល​តែងតែ​ទទួល​បាន​ក្នុង​ទសវត្សរ៍​២០១០។
 
បន្ទាប់ពី​បាន​លើក​លែង​វិធានការ​បម្រាមកូវីដ​ដ៏ធ្ងន់ធ្ងរ​របស់ខ្លួន​នៅ​ចុង​ឆ្នាំ​២០២២​ ទីក្រុង​ប៉េកាំង​បាន​កំណត់​គោលដៅ​កំណើន​ «ប្រហែល​ប្រាំភាគរយ» ​សម្រាប់​ឆ្នាំមុន។
 
នៅពេល​ដំបូង​ សេដ្ឋកិច្ច​បាន​ស្ទុះ​ងើប​ឡើងវិញ​ក្រោយ​ជំងឺ​រាតត្បាត​ ប៉ុន្តែ​បាន​ចុះខ្សោយក្នុង​រយៈពេល​ប៉ុន្មាន​ខែ​ក្រោយ​មក​ ដោយសារ​កង្វះ​ទំនុកចិត្ត​ក្នុង​ចំណោម​ក្រុម​ពលរដ្ឋ​និង​អាជីវកម្ម​ដែល​នាំ​ឲ្យ​ប៉ះពាល់​ដល់​ការប្រើប្រាស់៕​

© រក្សាសិទ្ធិដោយ thmeythmey.com