អន្តរជាតិ
អូស្ត្រាលីបង្ហាញផែនការសម្រាប់គ្រប់គ្រងការកើនឡើងនៃបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត AI
20, Jan 2024 , 3:19 pm        
រូបភាព
រូបភាពមួយត្រូវបានថតដោយបង្ហាញស្លាកយីហោ OpenAI នៅទីក្រុង Boston
រូបភាពមួយត្រូវបានថតដោយបង្ហាញស្លាកយីហោ OpenAI នៅទីក្រុង Boston
ដោយ: VOA
រដ្ឋាភិបាលអូស្ត្រាលីកំពុងពិចារណាបង្កើតច្បាប់ថ្មីមួយចំនួនដើម្បីគ្រប់គ្រងការប្រើប្រាស់បញ្ញាសិប្បនិម្មិត ឬ AI នៅក្នុងវិស័យដែលមាន«ហានិភ័យខ្ពស់‍» ដូចជាផ្នែកការអនុវត្តច្បាប់ និងយានយន្តបើកបរដោយខ្លួនឯងជាដើម។

 
វិធានការស្ម័គ្រចិត្តមួយចំនួនកំពុងត្រូវបានគេពិនិត្យមើលផងដែរ ដូចជាស្នើសុំដល់ក្រុមហ៊ុននានា ត្រូវបិទស្លាកលើខ្លឹមសាររបស់ខ្លួន ដែលត្រូវបង្កើតឡើងដោយបច្ចេកវិទ្យា AI។
ប្រទេសអូស្ត្រាលីបានបង្ហាញពីផែនការរបស់ខ្លួន ដើម្បីឆ្លើយតបទៅនឹងការកើនឡើងយ៉ាងឆាប់រហ័សនៃបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិតឬ AI។ នៅក្រោមផែនការរបស់រដ្ឋាភិបាលក្រុងកង់បេរ៉ា ដែលត្រូវបានប្រកាសឱ្យដឹង កាលពីថ្ងៃទី ១៨ ខែមករា កន្លងទៅនេះបានឱ្យដឹងថា ការការពារនឹងត្រូវដាក់ឱ្យអនុវត្ត ទៅលើអ្វីដែលហៅថាជា «បច្ចេកវិទ្យា AI ដែលហានិភ័យខ្ពស់‍» ដូចជាប្រព័ន្ធ software សម្រាប់រថយន្តដែលបើកបរដោយខ្លួនឯង បច្ចេកវិទ្យានានាដែលអាចប៉ាន់ស្មានពីឱកាសរបស់នរណាម្នាក់ដែលអាចប្រព្រឹត្តបទឧក្រិដ្ឋមួយ ឬដែលវិភាគលើពាក្យសុំធ្វើការងារ ដែលអាចស្វែងរកបេក្ខជនដែលមានលក្ខណៈសម្បត្តិសមស្របនឹងការងារជាដើម។
 
មន្ត្រីអូស្ត្រាលីធ្លាប់បាននិយាយថា ច្បាប់ថ្មីទាំងនេះក៏នឹងអាចគ្រប់គ្រងផងដែរថា អង្គការនានា ដែលប្រើប្រាស់បញ្ញាសិប្បនិម្មិត AI ដែលមានហានិភ័យខ្ពស់នេះ ត្រូវធានាថា មនុស្សម្នាក់ត្រូវទទួលខុសត្រូវលើការប្រើប្រាស់ដោយសុវត្ថិភាពនៃបច្ចេកវិទ្យានេះ។
 
រដ្ឋាភិបាលក្រុងកង់បេរ៉ា ក៏ចង់កាត់បន្ថយការរឹតបន្តឹងផងដែរលើវិស័យនានា ដែលការប្រើប្រាស់ AI ដែលមានហានិភ័យទាប  ដើម្បីធ្វើឱ្យវិស័យទាំងនេះមានការរីកចម្រើនបន្តទៅមុខទៀត។ 
 
គណៈកម្មាធិការប្រឹក្សាជំនាញមួយ នឹងត្រូវបង្កើតឡើង ដើម្បីជួយដល់រដ្ឋាភិបាលអូស្ត្រាលី ដើម្បីរៀបចំច្បាប់ថ្មីនេះ។ 
 
លោក Ed Husic រដ្ឋមន្ត្រីក្រសួងឧស្សាហកម្មនិងវិទ្យាសាស្ត្រអូស្ត្រាលី បានប្រាប់វិទ្យុអូស្ត្រាលីកាលពីថ្ងៃទី ១៧ ខែមករា ថា លោកចង់ឃើញខ្លឹមសារមាតិកាដែលបង្កើតដោយបញ្ញាសិប្បនិម្មិត AI ត្រូវមានសញ្ញាសម្គាល់ត្រឹមត្រូវ ដែលធ្វើមិនឱ្យមានការច្រឡំថាជាខ្លឹមសាររបស់ពិតប្រាកដនោះ។  
 
លោកនិយាយដូចនេះថា៖ «យើងត្រូវមានជំនឿចិត្តថា អ្វីដែលយើងឃើញជាអ្វីដែលយើងដឹងច្បាស់ថាវាជារបស់ដើមឬជារបស់ពិតប្រាកដ ឬជារបស់ដែលបង្កើតឡើងដោយប្រព័ន្ធ AI ។ ដូចនេះ ឧស្សាហកម្មនេះក៏ស្វះស្វែងចង់ធ្វើការជាមួយរដ្ឋាភិបាលដើម្បីបង្កើតស្លាកសញ្ញាដូចម្ដេចដើម្បីសម្គាល់វា។  សំខាន់ជាងនេះទៅទៀត ខ្ញុំមិនបារម្ភពីរឿងមនុស្សយន្តត្រូវប្រើជំនួសមនុស្សពិតប្រាកដទេ តែខ្ញុំបារម្ភពីការប្រឌិតព័ត៌មានក្លែងក្លាយពាសពេញសង្គម។ យើងត្រូវចាំបាច់ធានាថា នៅពេលដែលមនុស្សបង្កើតរបស់អ្វីមួយ គឺវាត្រូវច្បាស់ថា បញ្ញាសិប្បនិម្មិត AI មានតួនាទីឬពាក់ព័ន្ធនៅក្នុងរបស់នោះដែរឬអត់»។
 
អ្នកស្រី Kate Pounder ប្រធានក្រុមហ៊ុនប្រឹក្សាបច្ចេកវិទ្យាអូស្ត្រាលី ដែលតំណាងវិស័យបច្ចេកវិទ្យាបានប្រាប់សារព័ត៌មានក្នុងស្រុកថា សំណើស្តីពីបញ្ញាសិប្បនិម្មិតរបស់រដ្ឋាភិបាលអូស្ត្រាលី ធ្វើឱ្យមានតុល្យភាពសមហេតុផលមួយ រវាងការលើកកម្ពស់ភាពច្នៃប្រឌិត និងធានាថា ប្រព័ន្ធទាំងនោះត្រូវបានបង្កើតឡើងដោយសុវត្ថិភាព។ 
 
រដ្ឋសភាអូស្ត្រាលីបានកំណត់និយមន័យបញ្ញាសិប្បនិម្មិតថា ជា«ប្រព័ន្ធវិស្វកម្មមួយដែលបង្កើតលទ្ធផលដែលអាចទស្សន៍ទាយជាមុនបាន ដូចជាខ្លឹមសារមាតិកា ការព្យាករណ៍ ការផ្តល់អនុសាសន៍ជាដើម ដោយគ្មានបញ្ចូលកម្មវិធីជាក់លាក់ជាមុន»។
 
ការស្រាវជ្រាវក្នុងពេលថ្មីៗនេះបង្ហាញថា ពលរដ្ឋអូស្ត្រាលីភាគច្រើនបំផុត នៅតែមិនទុកចិត្តបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត AI ដោយពួកគេយល់ឃើញថា វាមិនមានសុវត្ថិភាពនិងងាយមានកំហុសឆ្គង៕
 
ប្រែសម្រួលដោយ លោក ជា្រ វណ្ណារិទ្ធ
 

© រក្សាសិទ្ធិដោយ thmeythmey.com