ជាតិ
បេក្ខជនជាង៧០០អង្គ/នាក់ ចូលរួមសរសេរតាមអាន«សំណេរអង្គរ» លើកទីមួយ 21, Jan 2024 , 12:33 pm
× តាំងពីព្រឹកព្រហាមនាថ្ងៃអាទិត្យ ទី២១ ខែមករា នេះ បេក្ខសមណៈ បេក្ខជន បេក្ខនារី ជាង៧០០អង្គ/នាក់ បានជួបជុំគ្នានៅស្ពានហាលខាងលិចប្រាសាទអង្គរវត្ត ដើម្បីចូលរួមប្រឡងសរសេរតាមអាន «សំណេរអង្គរ» លើកទីមួយ។
ក្នុងរយៈពេលមួយម៉ោង បេក្ខជនតាមការអានអត្ថបទពីសំណាក់លោកស្រី ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ។ ជាអត្ថបទដែលរៀបចំសម្រិតសម្រាំងទុកដោយលោកឧបនាយករដ្ឋមន្ត្រី ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា ដែលមានចំណងជើងថា «អង្គរ អាណាចក្រនៃអរិយធម៌ខ្មែរ»។
កម្មវិធី«សំណេរអង្គរ»គឺជាកម្មវិធីថ្មីមួយដែលបង្កើតឡើងដើម្បីលើកកម្ពស់អក្សរសាស្រ្តខ្មែរតាមរយៈការប្រឡងប្រជែងសរសេរតាមអាន។ កម្មវិធីនេះ នឹងអាចក្លាយទៅជាព្រឹត្តិការណ៍ សរសេរតាមអាន ថ្នាក់ជាតិជាសាធារណៈជារៀងរាល់ឆ្នាំនាពេលអនាគត។
ដោយពិនិត្យឃើញកម្រិតអក្សរសាស្ត្រខ្មែរ ទាំងវេយ្យាករណ៍ ទាំងអក្ខរាវិរុទ្ធ ហាក់បីដូចជា មានការធ្លាក់ចុះគួរឱ្យព្រួយបារម្ភក្នុងចំណោមមហាជន ជាពិសេស សិស្ស និងនិស្សិតនោះ កម្មវិធី«សំណេរអង្គរ»តាមរយៈការប្រឡងប្រជែង សរសេរតាមអានក៏ត្រូវបង្កើតឡើង។ ជាលំហាត់ខួរក្បាលបែបបុរាណបន្តិចមែន ប៉ុន្តែ កិច្ចការនេះ មានប្រយោជន៍មិនអាច កាត់ថ្លៃបានសម្រាប់កែលម្អសំណេរឲ្យកាន់តែប្រសើរ ជាពិសេស នៅក្នុងយុគសម័យ ឌីជីថល។
ខ្លឹមសារអត្ថបទសំណេរអង្គរ
លោកស្រី ភឿង សកុណា អានអត្ថបទ «សំណេរអង្គរ» ដែលដំណើរការរយៈពេល១ម៉ោង
បេក្ខជន ចាស់ក្មេង ប្រុសស្រី រួមទាំងព្រះសង្ឃ ផ្ចង់អារម្មណ៍លើសំណេររបស់ខ្លួនយ៉ាងយកចិត្តទុកដាក់
អ្នកមិនបានចុះឈ្មោះ ក៏អាចចូលរួមវាស់ស្ទង់សមត្ថភាពភាសាខ្មែររបស់ខ្លួនបានដែរ
លោក ទឹម សារឿត បេក្ខជនអាយុ៦៨ឆ្នាំ មកពីខេត្តបាត់ដំបង
លើសពីការស្រឡាញ់ភាសា កញ្ញា ថន កេសសរ ស្ថិតក្នុងចំណោមបេក្ខនារីមួយដែលស្លៀកហូលខ្មែរ និងបង់ក្រមា
កញ្ញា គិត វួចគី បេក្ខនារី ពីរាជធានីភ្នំពេញ
© រក្សាសិទ្ធិដោយ thmeythmey.com