ជាតិ
លោក ហ៊ុន ម៉ានី៖«ប្រជាជនខ្មែរពិតបានទុកអក្សរសាស្ត្រនៅក្នុងបេះដូង»
21, Jan 2024 , 1:59 pm        
រូបភាព
ដោយ: ថ្មីៗ
លោក ហ៊ុន ម៉ានី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈបានថ្លែងប្រាប់សារព័ត៌មានថ្មីៗថា ការរៀបចំការប្រឡងសរសេរតាមអានជាសាធារណៈនៅលើទីតាំងមុខប្រាសាទអង្គរវត្ត ពិតជាមានភាពអស្ចារ្យដែលបង្ហាញអំពីការផ្សារភ្ជាប់បច្ចុប្បន្នកាលទៅអតីតកាល។ លោក ហ៊ុន ម៉ានី ដែលត្រូវបានស្គាល់ថា ជាអ្នកដឹកនាំរៀបចំព្រឹត្តិការណ៍អង្គរសង្ក្រាន្តជាច្រើនឆ្នាំនៅលើទឹកដីអង្គរនោះ យល់ឃើញថា ព្រឹត្តិការណ៍ «សំណេរអង្គរ» ក៏បានបង្ហាញអំពីការផ្សារភ្ជាប់កូនចៅជំនាន់ក្រោយ ទៅដួងវិញ្ញាណក្ខន្ធ ថ្នាក់ដឹកនាំគ្រប់ជំនាន់របស់កម្ពុជាពីមុនៗផងដែរ។
 
លោក ហ៊ុន ម៉ានី ដែលជំរុញឱ្យមានការរៀបចំការប្រឡងនេះបានញឹកញាប់ជាងនេះ បានអធិប្បាយប្រាប់សារព័ត៌មានថ្មីៗយ៉ាងដូច្នេះ៖«ការបំផុសឱ្យមានការថែរក្សាអក្សរសាស្ត្រខ្មែរពិតជាពិសេសមែនទែន។ ការចូលរួមរបស់ព្រះសង្ឃ និងពលរដ្ឋគ្រប់វ័យ គ្រប់មជ្ឈដ្ឋានបានបញ្ជាក់ថា ប្រជាជនខ្មែរពិតជាទុកអត្តសញ្ញាណ និងអក្សរសាស្ត្រខ្មែរនៅក្នុងបេះដូងរបស់ពួកគាត់។»។
 
ទន្ទឹមគ្នានេះ លោក ហ៊ុន ម៉ានី ក៏បានបង្ហាញការសាទរនេះ នៅលើទំព័រហ្វេសប៊ុករបស់លោកផងដែរ។ 
 
ប្រជាជនខ្មែរគ្រប់វ័យ ចាប់ពីអាយុក្រោម១០ឆ្នាំ រហូតដល់ជាង៦០ឆ្នាំ រួមទាំងមានវត្តមានព្រះសង្ឃផង បានចុះឈ្មោះចូលរួមប្រឡងសរសេរតាមអានជាសាធារណៈថ្នាក់ជាតិនៅមុខប្រាសាទអង្គរ។ កម្មវិធីនេះត្រូវបានគាំទ្រដោយក្រសួងអប់រំ យុវជន និងកីឡា, ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ, ក្រសួងទេសចរណ៍ សារព័ត៌មាន និងវិស័យឯកជនជាច្រើន។


 
លោក ហ៊ុន ម៉ានី បានសរសេរថា គំនិតផ្តួចផ្ដើមរៀបចំព្រឹត្តិការណ៍ សំណេរអង្គរ បានបង្ហាញអំពីការចូលរួមអភិរក្ស ថែរក្សា និងលើកស្ទួយអក្សរសាស្ត្រខ្មែរដែលជាអត្តសញ្ញាណមួយរបស់ជាតិ។ 
 
លោករដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈបានបន្តយ៉ាងដូច្នេះទៀតថា៖«ជាពិសេស ការរៀបចំកម្មវិធីនៅក្នុងទីតាំងដែលជា សម្បត្តិបេតកភណ្ឌរបស់ជាតិ គឺជាការផ្សារភ្ជាប់កុលបុត្រ ខ្មែរទៅនឹងព្រលឹងបុព្វបុរស ដូនតារបស់យើង។ អក្សរសាស្រ្ត និងភាសាខ្មែរគឺជាមូលដ្ឋាននៃខឿនប្រជាជាតិ និងអត្តសញ្ញាណជាតិ ដែលបានកកើតលើទឹកដីខ្មែរអស់កាលដ៏យូរលង់ ដែលឆ្លុះបញ្ចាំងពីអារ្យធម៌ និងប្រវត្តិសាស្ត្រដ៏រុងរឿងរបស់ខ្មែរ។»។


 
លើសពីការសាទរដល់ការរៀបចំព្រឹត្តិការណ៍សរសេរតាមអានជាសាធារណៈ លោក ហ៊ុន ម៉ានី ក៏បានអំពាវនាវដល់ប្រជាជនខ្មែរទាំងអស់ចូលរួមប្រើប្រាស់អក្សរសាស្រ្តឱ្យបានត្រឹមត្រូវ និងឱ្យបានច្រើន ខណៈដែលលទ្ធភាព និងភាពសម្បូរបែបនៃ ការប្រើប្រាស់អក្សរខ្មែរក្នុងពេលបច្ចុប្បន្ន មានកាន់តែទូលំទូលាយក្នុងយុគសម័យឌីជីថល។ «ខ្ញុំពិតជាមានមោទនភាព ដែលកម្មវិធីទទួលការចូលរួមពីប្រជាពលរដ្ឋគ្រប់ទិសទី ដែលរួមមានទាំង ព្រះតេជគុណព្រះសង្ឃ កុមារាកុមារី ក៏ដូចជាយុវជនយ៉ាងច្រើនកុះករ ដែលនេះសរបញ្ជាក់ឱ្យឃើញថា កូនខ្មែរមានស្មារតី និងឆន្ទៈក្នុងការការពារថែរក្សាអ្វីដែលជាអត្តសញ្ញាណជាតិរបស់យើង។»។ នេះជាការអត្ថាធិប្បាយរបស់លោក ម៉ានី មុននឹងលោកបញ្ជាក់ថា អក្សរសាស្រ្តខ្មែរ ជាដួងព្រលឹងជាតិ ហើយនេះជាភារកិច្ចរបស់ប្រជាជនម្នាក់ៗស្មើៗគ្នា៕
 
















© រក្សាសិទ្ធិដោយ thmeythmey.com