ជាតិ
សេដ្ឋកិច្ច
ស្រូវប្រាំង១៦០ហិកតា នៅស្រុកពួក បានស្វិតស្រពោន ដោយសារខ្វះទឹក
21, Jan 2024 , 3:19 pm        
រូបភាព
ស្រូវប្រាំងស្វិតស្រពោននៅស្រុកពួក។ រូបពីក្រសួងកសិកម្ម
ស្រូវប្រាំងស្វិតស្រពោននៅស្រុកពួក។ រូបពីក្រសួងកសិកម្ម
ភ្នំពេញ៖ ស្រូវប្រាំងរបស់កសិករ ស្រុកពួក ខេត្តសៀមរាប ១៦០ហិកតា បានស្វិតស្រពោន ដោយសារគ្រោះរាំងស្ងួត។ នេះបើតាមការចេញផ្សាយរបស់ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។
 
លោក ឃុន សាវឿន រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ កាលពីថ្ងៃទី២០មករា បានដឹកនាំក្រុមការងារពិនិត្យផ្ទៃដីដាំដុះដំណាំស្រូវប្រាំង នៅស្រុកពួក។ ជាក់ស្ដែង ក្រុមការងារក្រសួង រកឃើញស្រូវរហូត១៦០ហិកតា បានរងនូវផលប៉ះពាល់ដោយគ្រោះរាំងស្ងួត។ 
 
បន្ទាប់មក រដ្ឋលេខាធិការក្រសួងកសិកម្ម ក៏ណែនាំម្ចាស់ស្រែ ឱ្យដាំដុះដំណាំស្រូវឱ្យទាន់ពេលវេលា និងប្រើប្រាស់ទឹកដោយសន្សំសំចៃតាមដំណាក់កាលនៃការលូតលាស់របស់ដំណាំស្រូវ។
ចំពោះ វិធានការនិងដំណោះស្រាយបន្ទាន់លើបញ្ហានេះ លោក ឃុន សាវឿន បានប្រាប់អាជ្ញាធរនៅតំបន់នោះ ឱ្យដាក់ពាក្យស្នើសុំទៅមន្ទីរធនធានទឹក ឱ្យបញ្ចូលទឹកពីស្ទឹងសៀមរាប មកកាន់ស្ទឹងព្រះស្រុកនៅខាងស្រុកពួក ដើម្បីឱ្យកសិករមានទឹកស្រោចស្រពស្រែជាបណ្ដោះអាសន្ន។ 
 
រដូវប្រាំងឆ្នាំ ២០២៤ខាងមុខនេះ កម្ពុជាអាចទទួលរងកម្ដៅរហូតដល់៤១អង្សា និងមានបរិមាណទឹកភ្លៀងតិច នៅ ដោយសារបាតុភូតសកលអែលនីញ៉ូ និងអែនសូ។ នេះបើតាមក្រសួងធនធានទឹក និងឧតុនិយម។
 
ក្រសួងព្យាករថា ចាប់ពីខែកុម្ភៈ ដល់ដើមខែឧសភា ឆ្នាំ២០២៤ កម្ដៅនឹងកើនឡើងជាលំដាប់។ ក្នុងនោះ ចន្លោះពីខែមេសា ដល់ដើមខែឧសភា កម្ដៅអាចកើនឡើងខ្លាំង ជាមួយនឹងសីតុណ្ហភាព៣៨អង្សា ហើយក្នុងថ្ងៃខ្លះអាចឡើងដល់៤១អង្សា។ ក្នុងពេលដែលកម្ដៅកើនឡើងនោះ បរិមាណទឹកភ្លៀងកក់ខែ ក៏ធ្លាក់ក្នុងចំនួនតិចតួចជាងឆ្នាំ២០២៣ដែរ ហើយបាតុភូតផ្គររន្ទះ និងខ្យល់កន្ត្រាក់កើតច្រើន។
 
កម្ដៅដែលកើនឡើងក្នុងប្រាំងខាងមុខនេះ បណ្ដាលមកពីបាតុភូតសកលអែលនីញ៉ូ និងអែនសូ។ តាមការតាមដានរបស់ក្រសួងធនធានទឹក ចាប់ពីខែធ្នូ ឆ្នាំ២០២៣ ដល់មករា ឆ្នាំ២០២៤ បាតុភូតអែលនីញ៉ូគ្រប់ដណ្ដាប់១០០ភាគរយ។ នៅក្នុងខែកុម្ភៈ បាតុភូតអែលនីញ៉ូមាន ៩០ភាគរយ និងអែនសូ១០ភាគរយ។ ចំពោះខែមីនា បាតុភូតអែលនីញ៉ូ ៧០ភាគរយ និងអែនសូ៣០ភាគរយ។ ចំណែក នៅខែមេសា បាតុភូតអែលនីញ៉ូ ៥០ភាគរយ និងអែនសូ ៥០ភាគរយ។
 
ជាមួយគ្នានេះ ក្រសួងធនធានទឹក និងឧតុនិយម បានជូនដំណឹងដល់ ស្ថាប័នពាក់ព័ន្ធ អាជ្ញាធរដែនដី និងសាធារណជន ឱ្យចូលរួមថែរក្សា និងប្រើប្រាស់ទឹកដោយសន្សំសំចៃក្នុងកម្រិតខ្ពស់បំផុត ជាពិសេសបណ្តាតំបន់ជនបទដាច់ស្រយាលនៅឆ្ងាយពីប្រភពទឹក។ ដោយសារបញ្ហារាំងស្ងួតនេះ មន្ទីរធនធានទឹកតាមបណ្ដាខេត្តមួយចំនួនបានអំពាវនាវឱ្យពលរដ្ឋផ្អាកធ្វើស្រូវប្រាំងផងដែរ៕ 
 

Tag:
 កសិកម្ម
© រក្សាសិទ្ធិដោយ thmeythmey.com