ជាតិ
កម្ពុជា-ចិន សម្ពោធពិព័រណ៍បេតិកភណ្ឌវប្បធម៌អរូបី ដែលជាផ្នែកមួយនៃជំរុញការផ្លាស់​ប្តូរ​ប្រ​​ជា​ជន​
22, Jan 2024 , 11:52 am        
រូបភាព
ភ្នំពេញ៖ ​កម្ពុជា និងចិន បានប្រារព្ធពិធីបើកសម្ពោធពិព័រណ៍​បេតិកភណ្ឌវប្បធម៌អរូបីកម្ពុជា-ចិន កាលពីថ្ងៃទី២១ ខែមករា ក្រោមប្រធានបទ«សម្រស់នៃបេតិកភណ្ឌអរូបី»។ ពិព័រណ៍នេះ គឺជាផ្នែកកមួយការជំរុញការផ្លាស់ប្តូរប្រជាជន និងប្រជាជនរវាងប្រទេសទាំងពីរ និងត្រូវបានរៀបចំឡើងក្នុងបំណងជំរុញឱ្យសាធារណជនស្វែងយល់នូវកម្មវិធីថ្មីនៃបេតិកភណ្ឌវប្បធម៌អរូបីក្នុងវិស័យរចនាម៉ូដ ផលិតផលវប្បធម៌ និងគំនិតច្នៃប្រឌិត ក៏ដូចជាចង់ទាក់ទាញយុវជន ឱ្យចូលរួម​កាន់តែច្រើនក្នុងការការពារវប្បធម៌បេតិកភណ្ឌអរូបី។
 
​កម្មវិធីពិព័រណ៍នេះ មានរយៈពេល១៥ថ្ងៃ ​រៀប​ចំរួមគ្នាដោយនាយកដ្ឋានវប្បធម៌និងទេសចរណ៍ខេត្តក្វាងស៊ី កាសែត Guangxi Daily សារមន្ទីរទីក្រុងលីវចូវ សមាគមសម្ព័ន្ធខ្មែរចិន សារព័ត៌មានពាណិជ្ជកម្ម និងសារព័ត៌មាន​ស៊ីស៊ីថាមស៍។ 
 
លោក ជួន ចាន់ភារុណ អគ្គនាយករងនៃអគ្គនាយកដ្ឋានព័ត៌មាន និងសោតទស្សន៍ ដែលបានចូលរួមថ្លែងសុន្ទរកថាក្នុងពិធីនេះ បានចាត់ទុកការតាំងពិព័រណ៍វប្បធម៌ និងវប្បធម៌ច្នៃប្រឌិតនេះថា ជាព្រឹត្តិការណ៍ដ៏សំខាន់ក្នុងការផ្លាស់ប្តូរវប្បធម៌ និង​ជំរុញការផ្លាស់ប្តូរប្រជាជន និងប្រជាជននៃកម្ពុជា-ចិន ក៏ដូចជាចំណងមិត្តភាពរវាងប្រទេសទាំងពីរ។ តាមរយៈពិព័រណ៍​នេះ ​កម្ពុជា នឹងអាចរៀនសូត្របន្ថែមពីបទពិសោធន៍របស់ប្រទេសចិន ក្នុងការការពារ និងទទួលស្នងមរតកវប្បធម៌អរូបី​។ ​លោក ជួន ចាន់ភារុណ ​បញ្ជាក់បន្ថែមដូច្នេះ។



លោក ជួន ចាន់ភារុណ អគ្គនាយករងនៃអគ្គនាយកដ្ឋានព័ត៌មាន និងសោតទស្សន៍ ពេលថ្លែងសុន្ទរកថាក្នុងពិធីបើកពិព័រណ៍បេតិកភណ្ឌវប្បធម៌អរូបី នៅថ្ងៃទី២១ មករា ឆ្នាំ២០២៤។

ពិព័រណ៍នេះ គឺជាសក្ខីភាព​នៃការផ្លាស់ប្តូរវប្បធម៌ទៅវិញទៅមក រវាងចិន និងកម្ពុជា ​និងបញ្ជាក់ពី​ការបន្តធ្វើឱ្យទំនាក់ទំនងសហប្រតិបត្តិការមិត្តភាព រវាងប្រជាជនទាំងពីរ ​កាន់តែស៊ីជម្រៅ។  នេះជាការលើកឡើងរបស់ លោក Liu Ri Gang សមាជិកគណៈកម្មាធិការនៃកាសែត Guangxi Daily ។ 
 
លោក Liu Ri Gang បន្តទៀតថា ប្រទេសចិន និងកម្ពុជា មានប្រវត្តិសាស្ត្រ និងវប្បធម៌ដ៏យូរអង្វែង និងត្រចះត្រ​ចង់ ហើយបេតិកភណ្ឌវប្បធម៌អរូបីដ៏សម្បូរបែប ជាសក្ខីភាពបង្ហាញពីប្រាជ្ញាឆ្លាតវៃ និងគំនិតច្នៃប្រឌិត របស់ប្រជាជនប្រទេសទាំងពីរ។

លោក Liu Ri Gang សមាជិកគណៈកម្មាធិការនៃកាសែត Guangxi Daily ពេលថ្លែងសុន្ទរកថាក្នុងពិធីបើកពិព័រណ៍បេតិកភណ្ឌវប្បធម៌អរូបី នៅថ្ងៃទី២១ មករា ឆ្នាំ២០២៤។

«ចាប់តាំងពីល្ខោនអូប៉េរ៉ាប៉េកាំង អក្សរផ្ចង់ ការដេរប៉ាក់ និងតម្បាញជនជាតិជាំងរបស់ប្រទេសចិន រហូតដល់ល្ខោនខោល ចម្លាក់នៅតាមប្រាសាទ និងតម្បាញសូត្ររបស់ប្រទេសកម្ពុជា ដែលជារបស់បេតិកភណ្ឌអរូបីប្រជាជនទាំងពីរ វាមិនត្រឹមតែជាមោទនភាពនោះទេ ប៉ុន្តែក៏ជាកំណប់ទ្រព្យនៃអរិយធម៌របស់មនុស្សជាតិផងដែរ»។  លោក Liu Ri Gang  ​បញ្ជាក់ដូច្នេះ រួចបន្តថា បច្ចុប្បន្ន កិច្ចគាំពារនិងការអភិវឌ្ឍបេតិកភណ្ឌវប្បធម៌អរូបីរបស់ប្រទេសចិន និងកម្ពុជា បានក្លាយជាបេសកកម្មរួមគ្នារបស់ប្រជាជនទាំងពីរ។
 

 
 

 
សូមរំឭកថា រាជរដ្ឋាភិបាលកម្ពុជា-ចិន បានកំណត់យក ឆ្នាំ២០២៤ ជាឆ្នាំនៃការផ្លាស់ប្តូរប្រជាជន និងប្រជាជនរវាងចិន -កម្ពុ​ជា ដែលពិធីបើកជាផ្លូវការត្រូវបានរៀបចំឡើងកាលពីថ្ងៃទី១៣ ខែមករា នៅព្រះលានជល់ដំរី នៃទឹកដីអង្គរ ខេត្តសៀមរាប។
 
​​រយៈពេល៦៦ឆ្នាំនៃទំនាក់ទំនងការទូត កម្ពុជា-ចិន បានក្លាយទៅជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ និងកំពុងកសាងសហគមន៍រួមវាសនាតែមួយ ហើយ«ឆ្នាំនៃការផ្លាស់ប្តូរប្រជាជន​ និងប្រជាជនកម្ពុជា-ចិន» នឹងក្លាយជាចលករ​បង្កើនតភ្ជាប់វិស័យទេសចរណ៍ វប្បធម៌ និងទំនាក់ទំនងរវាងប្រជាជន និងប្រជាជន ហើយជា​លដ្ឋានមិនអាចខ្វះបាន ក្នុងការសម្រេចឲ្យបាននូវការ កសាងសហគមន៍ជោគវាសនារួមគ្នា រវាងប្រទេស​ទាំងពីរ៕
 

 
 






 

Tag:
 វប្បធម៌
  សិល្បៈ
© រក្សាសិទ្ធិដោយ thmeythmey.com