សេដ្ឋកិច្ចអន្តរជាតិ
អន្តរជាតិ
វៀតណាម ចាប់ផ្តើមដណ្តើមទីផ្សារទុរេនក្នុងប្រទេសចិនពីថៃ
23, Jan 2024 , 8:19 pm        
រូបភាព
ស្ត្រី​ម្នាក់​រើស​ផ្លែ​ទុរេន​នាំ​ចូល​ពី​​ថៃ​នៅ​ផ្សារ​ទំនើប​មួយ​ក្នុង​ទីក្រុង Nanning ភាគ​ខាង​ត្បូង​ប្រទេស​ចិន។ រូបភាព ៖ Xinhua
ស្ត្រី​ម្នាក់​រើស​ផ្លែ​ទុរេន​នាំ​ចូល​ពី​​ថៃ​នៅ​ផ្សារ​ទំនើប​មួយ​ក្នុង​ទីក្រុង Nanning ភាគ​ខាង​ត្បូង​ប្រទេស​ចិន។ រូបភាព ៖ Xinhua
ចិន​ជា​ប្រទេសមានប្រជាជនបរិភោគ​ទុរេន​ច្រើន​ជាង​គេបំផុត​របស់​ពិភពលោក។ ពេលនេះ ថៃដែលជាប្រទេសផ្គត់ផ្គង់ទុរេនដ៏ធំបំផុតនៅចិន កំពុងបាត់ចំណែកទីផ្សារបណ្តើរហើយ ដោយវៀតណាមជាអ្នកដណ្តើម។ ចំណែកចិន ក៏ចាប់ផ្តើមដាំផ្លែឈើប្រភេទនេះ នៅតំបន់ភាគខាងត្បូងរបស់ខ្លួនដែរ ដើម្បីផ្គត់ផ្គង់ទីផ្សារក្នុងស្រុក។
 
ទុរេន​បាន​ក្លាយ​ជា​ផ្លែ​ឈើ​ពេញ​ដ៏និយម​​ខ្លាំង​សម្រាប់ប្រជាជន​ចិន។ បើទោះមានក្លិនមិនសូវល្អ ក៏ផ្លែឈើប្រភេទនេះមានតម្លៃខ្ពស់ និងទាក់ទាញអតិថិជនច្រើន​ ហើយប្រជាជនចិនដាក់ឈ្មោះវាថាជា «ស្តេចផ្លែឈើ» ថែមទៀត។
 
ការនាំចូលទុរេនពីចិន ដែលជាប្រទេសទិញទុរេនពីប្រទេសដទៃច្រើនជាងគេ បានកើនឡើងប្រមាណ ៦៩ភាគរយ នៅក្នុងឆ្នាំ២០២៣ បើធៀបនឹងឆ្នាំ២០២២។ ថៃ ជាប្រទេសផ្គត់ផ្គង់ទុរេនសម្រាប់ចិនធំជាងគេ ប៉ុន្តែរយៈពេល២ឆ្នាំចុងក្រោយនេះ វៀតណាម បានចាប់ផ្តើមកាត់ចំណែកទីផ្សារមួយភាគធំ ដោយសារតែតម្លៃថោកជាង។ 
 
យោងតាមទិន្នន័យពីរដ្ឋបាលគយចិន យក្សអាស៊ីមួយនេះ បាននាំចូលទុរេនចំនួន ១,៤លានតោនក្នុងឆ្នាំ២០២៣។
 
ចំណែកទីផ្សារទុរេនថៃដែលផ្គត់ផ្គង់ទៅកាន់ចិនបានថយចុះប្រមាណ ១០០ភាគរយក្នុងឆ្នាំ២០២១ មកនៅត្រឹម ៩៥,៣៦ភាគរយនៅឆ្នាំ២០២២ និង ៦៧,៩៨ភាគរយក្នុងឆ្នាំ២០២៣។ ការបាត់បង់ចំណែកទីផ្សារនេះ កើតមានបន្ទាប់ពីចិន បានអនុញ្ញាតឱ្យវៀតណាមនាំចូលទុរេននៅក្នុងឆ្នាំ២០២១។ 
 
ការនាំចេញទុរេនរបស់វៀតណាមទៅកាន់ចិនបានកើនឡើងដល់ ៤,៦ភាគរយជាមួយទំហំ ១៨៨,១លានដុល្លារក្នុងឆ្នាំ២០២២ បន្ទាប់មកបានកើនឡើងដល់ ៣១​​​,៨ភាគរយកាលពីឆ្នាំ២០២៣ ជាមួយនឹងតម្លៃសរុប ២,១ពាន់លានដុល្លារ។
 
តាមការចុះផ្សាយរបស់កាសែត South China Morning Post (SCMP) នៅថ្ងៃទី២១ ខែមករា ដោយដកស្រង់ទិន្នន័យពីអង្គការស្បៀងអាហារ និងកសិកម្មនៃអង្គការសហប្រជាជាតិ (FAO) វៀតណាមបាននាំចេញទុរេនចំនួន ៤ម៉ឺនតោនទូទាំងពិភពលោកក្នុងឆ្នាំ២០២២ ស្មើនឹង ៤,៩នៃចំណែកទីផ្សារសកល។ 
 
លោក Dang Phuc Nguyen ប្រធានសមាគមន៍បន្លែ និងផ្លែឈើវៀតណាមបានព្យាករថា នៅឆ្នាំ ២០២៤ ការនាំចេញទុរេនរបស់វៀតណាមអាចឈានដល់ប្រមាណ ៣,៥ ពាន់លានដុល្លារ នៅក្នុងឆ្នាំ២០២៤ ដោយកើនឡើង ៥៥ភាគបើធៀបនឹងឆ្នាំ២០២៣។ 
 
ចំណែកលោក Nguyen Thanh Trung សាស្ត្រាចារ្យវិទ្យាសាស្ត្រនយោបាយនៅសាកលវិទ្យាល័យ Fulbright វៀតណាមកត់សម្គាល់ថា កសិករវៀតណាមចេះគ្រប់គ្រងផលដំណាំ និងពន្យាពេលប្រមូលផល។ ទុរេន​ត្រូវ​បាន​គ​ចាត់​ទុក​ថា​ជា​ដំណាំ​ដែល​រក​ចំណូល​បាន​ច្រើន​សម្រាប់កសិករ​វៀតណាម ហើយ​អាច​នាំ​មក​នូវ​អត្ថប្រយោជន៍​ជា​ច្រើន ដោយកសិករបាន​ដឹង​ពី​វិធី​បង្កើត​ឱកាស​មួយនេះ។ 
 
ដោយឡែក សម្រាប់ហ្វីលីពីនក៏ទទួលបានចំណែកទីផ្សារច្រើនពីចិនផងដែរ។ កាល​ពី​ខែ​មករា​ឆ្នាំ​២០២៣ ចិន​បាន​ចាប់​ផ្ដើម​នាំ​ចូល​ទុរេន​ហ្វីលីពីន​ស្រស់ ដែលដាំ​ដុះ​ភាគច្រើន​នៅ​តំបន់លើ​កោះ Mindanao ភាគ​ខាង​ត្បូងប្រទេស។
 
ការ​នាំ​ចេញ​ទុរេន​របស់​ហ្វីលីពីន​ទៅ​​ចិន​មាន​តម្លៃ ១,៨៨លាន​ដុល្លារ​ពី​ខែ​មករា​ដល់​ខែ​មិថុនា​ឆ្នាំ ២០២៣។ ទិន្នន័យគយចិនបង្ហាញថា ហ្វីលីពីនមានចំណែក ០,២ភាគរយនៃការនាំចូលទុរេន កាលពីឆ្នាំ២០២៣ បើគិតជាទំហំសាច់ប្រាក់។
 
លោក Jonathan Ravelas នៅក្រុមហ៊ុនប្រឹក្សា eManagement for Business and Marketing Services ដែលមានមូលដ្ឋាននៅទីក្រុងម៉ានីលបានប្រាប់ SCMP ថា អ្នកដាំទុរេនហ្វីលីពីននៅតែផ្តល់អាទិភាពដល់ទីផ្សារក្នុងស្រុក និងការនាំចេញនៅពេលផ្គត់ផ្គង់ក្នុងស្រុកលើស។ 
 
ការដឹកជញ្ជូនទំនិញពីហ្វីលីពីនទៅកាន់ចិនជារឿយៗមានតម្លៃថ្លៃជាង អ្នកនាំចេញពីអាស៊ីអាគ្នេយ៍ផ្សេងទៀត ដោយសារចម្ងាយផ្លូវឆ្ងាយ និងបញ្ហាហេដ្ឋារចនាសម្ព័ន្ធផ្សេងទៀត។ លោក Jonathan Ravelas បានលើកឡើងថា រដ្ឋាភិបាលប្រហែលជានឹងធ្វើឱ្យប្រសើរឡើងនូវហេដ្ឋារចនាសម្ព័ន្ធកសិកម្មដូចជាកន្លែងស្តុកទុកជាដើម។
 
លើសពីនេះ​ នៅឆ្នាំ២០២៣​ ចិនក៏បានប្រកាសពីការដាំទុរេនក្នុងស្រុកដំបូងដោយជោគជ័យនៅលើកោះហៃណាន ហើយទទួលបានទិន្នផលសរុបចំនួន ៥០តោន។ លោក Feng Xuejie នាយកវិទ្យាស្ថានផ្លែឈើត្រូពិចនៃបណ្ឌិត្យសភាវិទ្យាសាស្ត្រកសិកម្ម Hainan បាននិយាយថា​ ចំនួននេះមិនគ្រប់គ្រាន់ដើម្បីបំពេញតម្រូវការអ្នកប្រើប្រាស់ចិននោះទេ៕ 

Tag:
 ចិន
  ហ្វីលីពីន
  វៀតណាម​
  ទុរេន
© រក្សាសិទ្ធិដោយ thmeythmey.com