ជាតិ
សង្គមជាតិ
អភិបាលខេត្តកែប បញ្ជាឱ្យរុះរើផ្ទាំងប៉ាណូស្រាបៀ ដែលគ្មានច្បាប់និងសណ្ដាប់ធ្នាប់
23, Jan 2024 , 8:59 pm        
រូបភាព
លោក សោម ពិសិដ្ឋ អភិបាលខេត្តកែប។ រូបពី ហ្វេសប៊ុកលោក ពិសិដ្ឋ
លោក សោម ពិសិដ្ឋ អភិបាលខេត្តកែប។ រូបពី ហ្វេសប៊ុកលោក ពិសិដ្ឋ
ភ្នំពេញ៖ លោក សោម ពិសិដ្ឋ អភិបាលខេត្តកែប បញ្ជាឱ្យអាជ្ញាធរមូលដ្ឋានចុះរុះរើ ផ្ទាំងប៉ាណូស្រាបៀ ដែលផ្សព្វផ្សាយដោយគ្មានការអនុញ្ញាត និងស្លាកពាណិជ្ជកម្ម ដែលប៉ះពាល់ដល់សណ្ដាប់ធ្នាប់ រួមទាំងសីលធម៌សង្គម។
 
ក្នុងពិធីបិទសន្និបាតបូកសរុបការងារប្រចាំឆ្នាំរបស់រដ្ឋបាលស្រុកដំណាក់ចង្អើរ កាលពីថ្ងៃទី២២មករា អភិបាលខេត្តកែប បានកត់សម្គាល់ឃើញថា ស្លាក និងផ្ទាំងប៉ាណូផ្សព្វផ្សាយគ្រឿងស្រវឹង តាមទីសាធារណៈ នៅមូលដ្ឋានខ្លួន រីកដូចផ្សិត ដែលធ្វើឱ្យមហាជនផ្ទុះការិះគន់ច្រើន ជាពិសេសនៅសួនច្បារបណ្ដោយផ្លូវជាតិលេខ៣៣A។ ក្រោយឃើញបញ្ហានេះ លោក សោម ពិសិដ្ឋ បញ្ជាឱ្យអាជ្ញាធរមូលដ្ឋានចុះពិនិត្យ និងរុះរើផ្ទាំងផ្សព្វផ្សាយទាំងនោះ ដើម្បីសោភ័ណភាពសាធារណៈ។ 
 
ករណីនេះ លោក សោម ពិសិដ្ឋ បានពន្យល់ប្រាប់សារព័ត៌មានថ្មីៗ បន្ថែមតាមប្រព័ន្ធទូរស័ព្ទនៅថ្ងៃទី២៣ មករាថា នៅកម្ពុជាពុំមានច្បាប់ហាមឃាត់ការផ្សាយគ្រឿងស្រវឹងនៅឡើយទេ។ លោកសង្កត់ធ្ងន់ថា៖ «កន្លែងខ្លះ ទោះបីបានសុំសិទ្ធិដាក់ស្លាកផ្សាយគ្រឿងស្រវឹងហើយក្ដី បើពិនិត្យទៅឃើញមានស្អេកស្កះ ក៏ត្រូវរុះរើចេញដែរ។ យើងត្រូវគិតថ្លឹងថ្លែងពីតម្លៃសង្គម ព្រោះសុខសុវត្ថិភាពពលរដ្ឋជារឿងសំខាន់ ហើយយើងក៏មិនអាចយកលុយឬតម្លៃថ្លៃផ្សាយគ្រឿងស្រវឹងទាំងនោះជាធំឡើយ»។ 
 
អភិបាលខេត្តរូបនេះ បន្តថា ការិយាល័យច្រកចេញចូលតែមួយ ត្រូវតែតម្រង់ទិសក្រុមហ៊ុនស្រាបៀ កុំឱ្យដាក់ស្លាកឬផ្ទាំងប៉ាណូ រំលោភចូលចិញ្ចើមថ្នល់សាធារណៈ ឬទីតាំងសាធារណៈ ដែលមិនមានការឯកភាព។ ជាពិសេសត្រូវពិនិត្យខ្លឹមសារនៃការផ្សព្វផ្សាយ រួមជាមួយអក្ខរាវិរុទ្ធផងដែរ។
 
អាជ្ញាធរខេត្តកែប បានចុះរុះរើផ្ទាំងប៉ាណូស្រាបៀ នៅសួនច្បារបណ្ដោយផ្លូវជាតិលេខ៣៣A ចេញអស់ហើយ ។ អភិបាលខេត្តកែប នឹងបន្តពិនិត្យនៅតំបន់ផ្សេងទៀត ក្នុងមូលដ្ឋានខេត្តកែប។ 
 
ចំណាត់ការរបស់អភិបាលខេត្តកែបនេះ ធ្វើឡើងតាមការណែនាំរបស់ក្រសួងព័ត៌មាន ដែលស្នើឱ្យបញ្ឈប់​រាល់​សកម្មភាព​លើក​ទឹក​ចិត្ត​ឱ្យ​មាន​ការ​ប្រើ​ប្រាស់​គ្រឿង​ស្រវឹង៕ 

Tag:
 ស្រាបៀ
© រក្សាសិទ្ធិដោយ thmeythmey.com