អន្តរជាតិ
ការកើនឡើងតម្លៃអាហារ ធ្វើឱ្យអតិផរណាស្រីលង្កាកើនឡើង ៤,២ភាគរយ ក្នុងខែធ្នូ
24, Jan 2024 , 8:39 am        
រូបភាព
រូបភាពXinhua
រូបភាពXinhua
ទិន្នន័យផ្លូវការបានបង្ហាញ នៅថ្ងៃទី២២ ខែមករា ថា អត្រាអតិផរណាតម្លៃលើតម្លៃអាហាររបស់ ស្រីលង្កាបានកើនឡើងដល់ ៤,២ ក្នុងខែធ្នូ ឆ្នាំ២០២៣ បើធៀបនឹងរយៈពេលដូចគ្នានៅក្នុងឆ្នាំ២០២២។
 
នាយកដ្ឋានជំរឿន និងស្ថិតិ បានលើកឡើងក្នុងសេចក្ដីថ្លែងការណ៍មួយថា តម្លៃអាហារបានកើនឡើងដល់ ១,៦ ភាគរយក្នុងខែធ្នូ ក្រោយធ្លាក់ចុះ ២,២ភាគរយកាលពីខែវិច្ឆិកា។ យ៉ាងណាមិញតម្លៃទំនិញក្រៅពីអាហារបានធ្លាក់ចុះ ៦,៣ ភាគរយក្នុងខែវិច្ឆិកា ប្រៀបនឹង ៧,១ភាគរយក្នុងឆ្នាំ ២០២២។
 
សន្ទស្សន៍តម្លៃទំនិញប្រើប្រាស់ជាតិ (NCPI) បង្ហាញអំពីអតិផរណានៃតម្លៃទំនិញលក់រាយ យ៉ាងទូលំទូលាយដែលបានកើនឡើងពី ២,៨ ភាគរយក្នុងខែវិច្ឆិកាកន្លងទៅ។
 
ជុំវិញបញ្ហានេះ អ្នកវិភាគបានលើកឡើងថា គោលដៅកែលម្អហិរញ្ញវត្ថុសាធារណៈ ដែលរួម បញ្ចូលការបង្កើនតម្លៃថាមពល ១៨ភាគរយ នៅក្នុងខែតុលា ក៏បានប៉ះពាល់ដល់អតិផរណាផងដែរ។
 
«ពួកយើងរំពឹងថាអតិផរណានឹងទាបជាង ៥ ភាគរយនៅចុងខែមករា... ទោះបីជាមានការបង្កើនពន្ធក៏ដោយ»។ ប្រធានផ្នែកស្រាវជ្រាវនៅក្រុមហ៊ុន First Capital Research លោក Dimantha Mathew លើកឡើងបែបនេះ ដោយបន្ថែមថា ការកើនឡើងអតិផរណានឹងមានរយៈពេលខ្លី ដោយសារតែឥទ្ធិពលមូលដ្ឋានខ្ពស់ពីឆ្នាំមុន។
 
ធនាគារកណ្តាលរបស់ស្រីលង្កា (CBSL) ត្រូវបានរំពឹងថានឹងទុកអត្រាគោលនយោបាយ សំខាន់ៗរបស់ខ្លួនដោយមិនផ្លាស់ប្តូររហូតដល់ថ្ងៃទី២៣ ខែមករា ដើម្បីគ្រប់គ្រងអតិផរណា។
 
គួរបញ្ជាក់ថា ស្រីលង្កាធ្លាប់ឆ្លងកាត់អតិផរណាខ្ពស់បំផុតដែលឈានដល់កម្រិត ៧០ ភាគរយក្នុងខែកញ្ញា ឆ្នាំ ២០២២ បន្ទាប់ពីសេដ្ឋកិច្ចត្រូវបានជាប់គាំង ដោយសារវិបត្តិហិរញ្ញវត្ថុដ៏​អាក្រក់បំផុតក្នុងរយៈពេលជាច្រើនទស្សវត្សដែលបង្កឡើងដោយការធ្លាក់ចុះនៃទុនបម្រុងរូបិយប័ណ្ណបរទេស។ 
 
ក្រោយទទួលបានការគាំទ្រដោយថវិកាសង្គ្រោះចំនួន ២,៩ពាន់លាន​ ដុល្លារពីមូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) អតិផរណាបានចាប់ផ្តើមធ្លាក់ចុះកាលពីខែមិថុនា ឆ្នាំមុន ប៉ុន្តែទំនងជាកើនឡើងចាប់ពីខែមករាដោយសារស្រីលង្កាដំឡើងពន្ធលើតម្លៃបន្ថែម ដល់ ១៨ ភាគរយពី ១៥ ភាគរយ ដើម្បីបំពេញតាមគោលដៅចំណូលដែលកំណត់ដោយ IMF៕

Tag:
 ស្រីលង្កា
© រក្សាសិទ្ធិដោយ thmeythmey.com