អន្តរជាតិ
កូរ៉េខាងជើងកម្ទេចវិមានតំណាងបង្រួបបង្រួមជាមួយកូរ៉េខាងត្បូង ក្រោយកម្តៅឧបទ្វីបកើនខ្លាំង
24, Jan 2024 , 9:55 am        
រូបភាព
រូបភាព Financial Times
រូបភាព Financial Times
កូរ៉េខាងជើង បានវាយកម្ទេចវិមាន ដ៏ធំមួយនៅទីក្រុងព្យុងយ៉ាងដែលតំណាងឱ្យគោលដៅនៃការផ្សះផ្សាជាមួយកូរ៉េខាងត្បូង តាមបញ្ជាមេដឹកនាំ លោក គីម ជុងអ៊ុន។ ការវាយបំផ្លាញនេះ ធ្វើឡើងក្រោយឧបទ្វីបកូរ៉េកើនកម្តៅយ៉ាងខ្លាំង។
 
រូបភាពពីផ្កាយរណបលើក្រុងទីក្រុងព្យុងយ៉ាង នៅថ្ងៃទី២៣ ខែមករា បានបង្ហាញពីវិមានដែលជានិមិត្តរូបនៃ ការបង្រួបបង្រួមកូរ៉េ បានបាត់វត្តមានហើយ។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន NK News ដែលជាបណ្តាញអនឡាញដែលឃ្លាំមើលកូរ៉េខាងជើង។ វិមានតំណាងការបង្រួបបង្រួមកូរ៉េទាំងពីរ ត្រូវបានបញ្ចប់ការសាងសង់រួចរាល់នៅក្នុងឆ្នាំ២០០០។ 
 
កន្លងមក លោក គីម ជុងអ៊ុន មេដឹកនាំកូរ៉េខាងជើង បានចាត់ទុកវិមានមួយនេះ ជារូបភាពដ៏អាក្រក់ នៅក្នុងសុន្ទរក ថានៅសភាប្រជាជន ក្នុងថ្ងៃទី ១៥ ខែមករា ហើយលោកបានបញ្ជាឱ្យធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញ ដើម្បីកំណត់ថា កូរ៉េខាងត្បូង ជាសត្រូវចម្បងដែលមិនអាចផ្លាស់ប្តូរបាន។ បន្ថែមពីនេះ មេដឹកនាំដ៏មានឥទ្ធិពលកូរ៉េខាងជើង បានហែកចោលនូវក្តីសង្ឃឹមក្នុងការបង្រួបបង្រួមបងប្អូនទាំងពីរថែមទៀត។ 
 
បើគិតចាប់តាំងពីក្រុងព្យុងយ៉ាងទទួលជោគជ័យលើការបាញ់ផ្កាយរណបចារកិច្ច ឧបទ្វីបកូរ៉េ បានកើនកម្តៅខ្លាំង ហើយថែមទាំងធ្វើឱ្យកូរ៉េទាំងពីរ ធ្វើបាញ់កាំភ្លើងធំនៅក្បែរគ្នាថែមទៀត។ 
តាមកំណត់ត្រារបស់រដ្ឋាភិបាលកូរ៉េខាងត្បូង ក្លោងទ្វារដែលត្រូវបានគេ ស្គាល់ជាផ្លូវការថាជាវិមានលក្ខខណ្ឌទាំងបីសម្រាប់ការបង្រួបបង្រួមជាតិមានកម្ពស់ ៣០ ម៉ែត្រ និងជានិមិត្តរូប ការពឹងផ្អែកលើខ្លួនឯង សន្តិភាព និងកិច្ចសហប្រតិបត្តិការជាតិ៕
 

Tag:
 កូរ៉េខាងត្បូង
  កូរ៉េខាងជើង
© រក្សាសិទ្ធិដោយ thmeythmey.com