អន្តរជាតិ
តួកគី បើកភ្លើងបៃតងឱ្យស៊ុយអែតចូលជាសមាជិកណាតូ ក្រោយជាប់គាំង២០ខែ
24, Jan 2024 , 11:08 am        
រូបភាព
សភាតួកគី មុនពេលបោះឆ្នោតផ្តល់សច្ចាប័នឱ្យស៊ុយអែត ចូលជាសមាជិកសម្ព័ន្ធយោធាណាតូ នៅថ្ងៃទី២៣ ខែមករា។ រូបភាព AFP
សភាតួកគី មុនពេលបោះឆ្នោតផ្តល់សច្ចាប័នឱ្យស៊ុយអែត ចូលជាសមាជិកសម្ព័ន្ធយោធាណាតូ នៅថ្ងៃទី២៣ ខែមករា។ រូបភាព AFP
សភាតួកគី នៅថ្ងៃទី២៣ ខែមករា បានផ្តល់សច្ចាប័នលើសំណើរបស់ស៊ុយអែតឱ្យចូលជាសមាជិកសម្ព័ន្ធយោធាណាតូ ក្រោយពន្យារពេលប្រមាណ ២០ខែ។ ហុងគ្រី ជាសមាជិកអឺរ៉ុបចុងក្រោយដែលមិនទាន់ប្រទេសផ្តល់សច្ចាប័នឱ្យស៊ុយអែត។
 
សភាតួកគី ដែលសម្ព័ន្ធភាពបក្សកាន់អំណាចរបស់ប្រធានាធិបតីលោក តៃយីប អ៊ែរដូហ្កាន់ មានសំឡេងភាគច្រើន បានបោះឆ្នោតគាំទ្រលើពាក្យស្នើសុំរបស់ស៊ុយអែតចូលជាសមាជិកអង្គការណាតូ (NATO)។ ក្នុងកិច្ចប្រជុំនោះ សភាតួកគី បានផ្តល់សច្ចាប័នក្នុងសំឡេងគាំទ្រ ២៨៧ ទល់នឹងសំឡេងប្រឆាំង៥៥។
 
ស៊ុយអែត បានដាក់ពាក្យសុំដំបូង នៅក្នុងឆ្នាំ២០២២ ពោលគឺប៉ុន្មានខែក្រោយរុស្ស៊ីឈ្លានពានអ៊ុយក្រែន។ ដើម្បីចូលជាសមាជិកសម្ព័ន្ធយោធាបាន ស៊ុយអែត ត្រូវតែទទួលបានការគាំទ្រពីសមាជិកអង្គការណាតូទាំងអស់។ 
 
ក្រោយការផ្តល់ភ្លើងបៃតងនេះ លោកអ៊ែរដូហ្កាន់ រំពឹងនឹងចុះហត្ថលេខាលើសំណើមួយនេះ ក្នុងរយៈពេលប៉ុន្មានថ្ងៃបន្ទាប់។ កន្លងមក តួកគី បានបង្ហាញជំហរមិនគាំទ្រស៊ុយអែត និងហ្វាំងឡង់ ដែលបានដាក់ពាក្យសុំចូលសមាជិកអង្គការណាតូក្នុងពេលដំណាលគ្នា ដោយចោទប្រទេសទាំងពីរគាំទ្រក្រុមភេរវកម្ម។ 
 
ប៉ុន្តែក្រោយការបង្ហាញពីកាយវិការប្រឆាំងក្រុមភេរវកម្មនៅក្នុងប្រទេស សភាតួកគី បានសម្រេចបើកភ្លើងបៃតងដល់ស៊ុយអែត ក្នុងការចូលជាសមាជិក។ 
 
«យើងគាំទ្រការពង្រីកសមាជិកសម្ព័ន្ធយោធាណាតូ ដើម្បីពង្រឹងកិច្ចខិតខំសមត្ថភាពវាយបក។ យើងសង្ឃឹមថា កាយវិការរបស់ហ្វាំងឡង់ និងស៊ុយអែតចំពោះការប្រឆាំងភេរវកម្ម ជាឧទាហរណ៍សម្រាប់សម្ព័ន្ធមិត្តរបស់យើង»។ លោក Fuat Oktay សមាជិកបក្សកាន់អំណាច AKP និងជាប្រធានគណៈកម្មការកិច្ចការបរទេសរបស់សភា បានសង្កត់ធ្ងន់បែបនេះ។ 
 
រដ្ឋមន្រ្តីការបរទេសស៊ុយអែត លោក Tobias Billstrom បានស្វាគមន៍ការផ្តល់សច្ចាប័នរបស់តួកគី ហើយរំពឹងថា លោកប្រធានាធិបតីតួកគី នឹងចុះហត្ថលេខាលើការផ្តល់សច្ចាប័ន របស់សភា។ 
 
ការណ៍នេះ នឹងទុកឱ្យហុងគ្រី ដែលស្និទ្ធជាមួយរុស្ស៊ី ជារដ្ឋ​​សមាជិកតែមួយគត់ដែលមិនទាន់ យល់ព្រមលើការចូលជាសមាជិករបស់ស៊ុយអែត។ សភាហុងគ្រី កំពុងស្ថិតក្នុងវិសមកាលរហូតដល់ពាក់កណ្តាលខែកុម្ភៈ។ 
 
ស្របគ្នានេះ លោក Jens Stoltenberg បានដាក់ក្តីសង្ឃឹមលើហុងគ្រី ដែលជាសមាជិកចុងក្រោយ មិនទាន់ផ្តល់សច្ចាប័នលើស៊ុយអែតផងដែរ ក្នុងការគាំទ្របេក្ខភាពរបស់ស៊ុយអែត៕

Tag:
 តួកគី
  ណាតូ
  អ៊ុយក្រែន
  ស៊ុយអែត
© រក្សាសិទ្ធិដោយ thmeythmey.com