ជាតិ
សង្គមជាតិ
កម្ពុជា-វៀតណាម ព្រមព្រៀងលើផែនការប្រតិបត្តិការ ២០២៤ ដើម្បីទប់ស្កាត់បទល្មើសឆ្លងដែន
24, Jan 2024 , 11:39 am        
រូបភាព
លោក តូ ឡឹម រដ្ឋមន្រ្តីក្រសួងនគរបាលវៀតណាម(ខាងឆ្វេង) និងលោក ស សុខា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ(ខាងស្ដាំ)។ រូបពី ក្រសួងមហាផ្ទៃ
លោក តូ ឡឹម រដ្ឋមន្រ្តីក្រសួងនគរបាលវៀតណាម(ខាងឆ្វេង) និងលោក ស សុខា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ(ខាងស្ដាំ)។ រូបពី ក្រសួងមហាផ្ទៃ
ភ្នំពេញ៖ លោក ស សុខា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងលោក តូ ឡឹម រដ្ឋមន្រ្តីក្រសួងនគរបាល​វៀតណាម​ ឯកភាពគ្នា បង្កើនកិច្ចសហការបង្ការ ទប់ស្កាត់ និងបង្រ្កាបបទល្មើសឆ្លងដែនគ្រប់ប្រភេទ ដើម្បីឆ្លើយតបនឹងភាពស្មុគស្មាញនៃបទល្មើស។ នេះបើតាមសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងមហាផ្ទៃ នាថ្ងៃទី២៣មករា។
 
រដ្ឋមន្ត្រីមហាផ្ទៃ និង រដ្ឋមន្ត្រីនគរបាលវៀតណាម បានចុះហត្ថលេខាលើផែនការសហប្រតិបត្តិការឆ្នាំ២០២៤ ដើម្បីបន្តអនុវត្តយន្តការនានា ក៏ដូចជាវិធានការច្បាប់ឱ្យកាន់តែសកម្ម។ ប្រទេសទាំងពីរ បានព្រមព្រៀងគ្នា បង្កើនការបង្រ្កាបបទល្មើសឆ្លងដែន ក្នុងក្របខណ្ឌទ្វេភាគី និងតំបន់។ 
 
កម្ពុជា-វៀតណាម ក៏ឯកភាពគ្នា ផ្លាស់ប្តូរបទពិសោធន៍ការងារ និងការអភិវឌ្ឍធនធានមនុស្ស ដើម្បីឆ្លើយតបបានសមស្របទៅនឹងការវិវត្តស្មុគស្មាញនៃបទល្មើស ជាពិសេសបទល្មើសមិនប្រពៃណី ដែលកំពុងកើនឡើងយ៉ាងឆាប់រហ័ស។
 
ជាមួយគ្នាដែរ រដ្ឋមន្ត្រីទាំងពីរ យល់ព្រមសហការជំរុញការបើកដំណើរការបណ្តាច្រកទ្វារព្រំដែនអន្តរជាតិ ដើម្បីឱ្យសមស្របតាមបរិបទរីកចម្រើននៃសេដ្ឋកិច្ចសង្គម ព្រមទាំងកំណើននៃការផ្លាស់ប្តូរពាណិជ្ជកម្ម ,ការផ្លាស់ប្តូររវាងប្រជាជន និងប្រជាជន និងការលើកកម្ពស់ជីវភាពរស់នៅប្រជាពលរដ្ឋ ឱ្យកាន់តែប្រសើរឡើង៕
 

Tag:
 កម្ពុជា-វៀតណាម
© រក្សាសិទ្ធិដោយ thmeythmey.com