ជាតិ
វីដេអូ
ហេតុអ្វីការជជែកដេញដោល មានសារៈសំខាន់សម្រាប់សិស្ស និស្សិត? 24, Jan 2024 , 2:40 pm
× ភ្នំពេញ៖ ការជជែកដេញដោល បានធ្វើឱ្យយុវជនមានជំនាញក្នុងការនិយាយ ស្រាវជ្រាវ ពិភាក្សា ពិសេសចេះលើកអំណះអំណាង មកការពារប្រធានបទ ឬទស្សនៈរបស់ខ្លួន។ កញ្ញា សុង ច័ន្ទសក្កណា អតីតជើងឯករងក្នុងកម្មវិធីជជែកដេញដោលយុវជនថ្នាក់ជាតិឆ្នាំ២០២២ លើកឡើងថា ការជជែកដេញដោលពិតជាមានសារៈសំខាន់ ព្រោះអាចឱ្យយុវជនចេះស្វែងយល់ពីបញ្ហាផ្សេងៗនៅក្នុងសង្គម រួចលើកមកជជែក។
ការជជែកដេញដោល ជាកម្មវិធីមួយដែលបង្ហាញពីភាពក្លាហាន ក្នុងការបកស្រាយប្រធានបទ និងនិយាយតស៊ូមតិរបស់សិស្ស និស្សិតគ្រប់រូប។ ក្រៅពីជួយបណ្ដុះជំនាញនិយាយ និងភាពក្លាហានរបស់យុវជន ការជជែកដេញដោល ក៏អាចធ្វើឱ្យយុវជនចូលរួមអភិវឌ្ឍន៍សង្គម តាមរយៈប្រធានបទពីបញ្ហាសង្គមផ្សេងៗផងដែរ។
បច្ចុប្បន្ននេះ ការជជែកដេញដោល ហាក់មានការរីកចម្រើននៅក្នុងវិស័យអប់រំ មិនថាថ្នាក់បឋមសិក្សា វិទ្យាល័យ ឬសាកលវិទ្យាល័យនោះទេ។ ហេតុអ្វីបានជាការជជែកដេញដោល មានសារៈសំខាន់សម្រាប់សិស្សនិស្សិត?
យុវតី សុង ច័ន្ទសក្កណា អតីតជើងឯករងក្នុងកម្មវិធីជជែកដេញដោលយុវជនថ្នាក់ជាតិឆ្នាំ២០២២ បកស្រាយប្រាប់សារព័ត៌មានថ្មីៗយ៉ាងដូច្នេះ៖«ការជជែកដេញដោលមានសារៈសំខាន់ ព្រោះអាចជួយដុសខាត់វប្បធម៌សន្ទនាដល់យុវជន ជាពិសេសស្វែងយល់ពីបញ្ហាផ្សេងៗនៅក្នុងសង្គម។ វាបានជួយពង្រីកនូវគំនិតដល់ឱ្យយុវជនកាន់តែទូលំទូលាយ»។
សូមអញ្ជើញទស្សនាវីដេអូខាងក្រោមដូចតទៅ៖
តាមរយៈការប្រឡូកនៅក្នុងវិថីជជែកដេញដោល យុវតី សក្កណា ទទួលស្គាល់ថាការជជែកដេញដោល បានជួយដល់ការអភិវឌ្ឍការនិយាយរបស់នាង។ លើសពីនេះ បានធ្វើឱ្យយុវតីរាងស្ដើងរូបនេះ មានសិល្បៈក្នុងការនិយាយ និងរៀបពាក្យពេចន៍បានយ៉ាងប្រសើរផងដែរ៕
Tag:
ជជែកដេញដោល
អប់រំ
សិស្ស
និស្សិត
ស្រ្តី
សុង ច័ន្ទសក្កណា
© រក្សាសិទ្ធិដោយ thmeythmey.com