សេដ្ឋកិច្ចអន្តរជាតិ
អន្តរជាតិ
មន្រ្តីUN ស្នើឱ្យអាស៊ានផ្តល់អាទិភាពលើវិស័យអប់រំ ថាមពលស្អាត និងឌីជីថល​
24, Jan 2024 , 3:19 pm        
រូបភាព
លោក Jeffrey D Sachs ថ្លែងក្នុងកិច្ចពិភាក្សាពិសេសស្តីពីឆ្ពោះទៅរកអាស៊ានបៃតង នៅមជ្ឈមណ្ឌលសន្និបាតជាតិ Queen Sirikit ទីក្រុងបាងកក ។ រូបភាព ៖  Khaosod
លោក Jeffrey D Sachs ថ្លែងក្នុងកិច្ចពិភាក្សាពិសេសស្តីពីឆ្ពោះទៅរកអាស៊ានបៃតង នៅមជ្ឈមណ្ឌលសន្និបាតជាតិ Queen Sirikit ទីក្រុងបាងកក ។ រូបភាព ៖ Khaosod
អាស៊ានចាំបាច់ត្រូវផ្តល់អាទិភាពដល់ការកែលម្អគុណភាពអប់រំ និងប្រព័ន្ធសុខាភិបាល ការអនុវត្តប្រភពថាមពលស្អាត កសិកម្មប្រកបដោយនិរន្តរភាព ការធ្វើឱ្យប្រសើរឡើងនូវហេដ្ឋារចនាសម្ព័ន្ធទីក្រុង និងការពន្លឿនឌីជីថលូបនីយកម្ម។ ប្រមុខបណ្តាញ​ដំណោះស្រាយ​ការ​អភិវឌ្ឍ​ប្រកបដោយ​ចីរភាព​របស់​អង្គការសហប្រជាជាតិ (SDSN) បានយល់ឃើញបែបនេះ។
 
អាស៊ានត្រូវផ្តល់​អាទិភាព​ចំនួន​៦​ ចំណុច​ ដើម្បី​សម្រេច​បាន​ការ​អភិវឌ្ឍ​ប្រកប​ដោយ​ចីរភាព។ នេះ​ជាការ​លើកឡើង​របស់លោក Jeffrey D. Sachs សាស្ត្រាចារ្យ​នៃ​សាកលវិទ្យាល័យអាម៉េរិក Columbia University និង​ជា​នាយក​បណ្តាញ​ដំណោះស្រាយ​ការ​អភិវឌ្ឍ​ប្រកបដោយ​ចីរភាព​របស់​អង្គការសហប្រជាជាតិ(SDSN) ក្នុងសិក្ខាសាលាស្តីពីប្រធានបទ«ឆ្ពោះទៅរក​អាស៊ាន​បៃតង» នៅក្រុងបាងកក ក្នុងថ្ងៃទី១៩ ខែមករា។ 
 
ទន្ទឹមនេះ លោកសាស្ត្រាចារ្យ Sachs បានវាយតម្លៃថា បណ្តាប្រទេសអាស៊ានបច្ចុប្បន្នស្ថិតក្នុងស្ថានភាពល្អប្រសើរ  ហើយមិនត្រឹមតែមានការរីកចម្រើនលឿនបំផុតមួយក្នុងពិភពលោកប៉ុណ្ណោះទេ ថែមទាំងត្រូវបានបំពាក់ដោយប្រភពថាមពលស្អាត ចំណេះដឹង បច្ចេកវិទ្យា និងមានសមត្ថភាពធនធានមនុស្សដើម្បីសម្រេចបាននូវនិរន្តរភាព។ បើតាមប្រមុខSDSN ការផ្តល់ការអប់រំដ៏ល្អ នឹងបង្កើនធនធានមនុស្ស រួមទាំងអាចទាក់ទាញអ្នកវិនិយោគមកក្នុងតំបន់ថែមទៀត។ 
 
លោក​បាន​បញ្ជាក់​ថា៖ «យុវជន​ជំនាន់​ក្រោយ​ដែល​មាន​ការ​អប់រំ​ល្អ​នឹង​ក្លាយ​ជា​ធនធាន​មនុស្ស​មាន​គុណភាព​ទាក់ទាញ​អ្នក​វិនិយោគ​បរទេស»។ នេះបើតាមសារព៏ត៌មាន VietnamPlus បានដកស្រង់សម្តីលោក Sachs ។ 
 
ទាក់ទងនឹងអាទិភាពបន្ទាប់ អ្នកជំនាញរូបនេះ បានបញ្ជាក់ថា ប្រទេសនានាគួរតែផ្តោតលើការកែលម្អប្រព័ន្ធសុខាភិបាល ព្រោះសុខភាពផ្លូវកាយ និងផ្លូវចិត្តដើរតួនាទីយ៉ាងសំខាន់ក្នុងការលើកកម្ពស់ផលិតភាព។
 
សាស្រ្តាចារ្យ​អាម៉េរិក​ដដែល ក៏បានដឹងដែរ​ថា ​អាស៊ាន​ត្រូវ​ការ​វិនិយោគ​ក្នុង​ការ​ផ្លាស់ប្តូរ​ប្រភពថាមពល។ ការប្រើប្រាស់ថាមពលស្អាត នឹងនាំទៅរកការអភិវឌ្ឍសេដ្ឋកិច្ចដោយគ្មានកាបូន គឺជាចាំបាច់បំផុត ជាពិសេសក្នុងបរិបទនៃការឡើងកំដៅផែនដី គ្រោះមហន្តរាយធម្មជាតិ និងកង្វះអាហារកាន់តែធ្ងន់ធ្ងរ។
 
ទន្ទឹមនេះ លោក Sachs បានកំណត់អាទិភាពលើការវិនិយោគសម្រាប់វិស័យកសិកម្មប្រកបដោយនិរន្តរភាព ក្នុងបរិបទដែលវិស័យកសិកម្មបច្ចុប្បន្នកំពុងប្រឈមមុខនឹងបញ្ហានៃការប្រែប្រួលកង្វះទឹក សម្ពាធអាកាសធាតុ និងសត្វល្អិតថ្មីៗ។ លោកថាប្រទេសនានាត្រូវតែមានយុទ្ធសាស្ត្រកសិកម្មថ្មីដែលមាននិរន្តរភាព និងពឹងផ្អែកខ្លាំងលើដើមទុន បច្ចេកវិទ្យា និងចេះប្រើប្រាស់ព័ត៌មានដើម្បីតាមដាន។
 
បន្ថែមពីនេះ អ្នកជំនាញសេដ្ឋកិច្ចរូបនេះបានកត់សម្គាល់ពីសារៈសំខាន់នៃការវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធទីក្រុង ដូចជាការដឹកជញ្ជូនសាធារណៈ លំនៅដ្ឋានសង្គម និង Green Spaces។ លោកក៏បានបញ្ជាក់ពីសារៈសំខាន់នៃវេទិកាឌីជីថល និងឌីជីថលូបនីយកម្ម ពីព្រោះឧបករណ៍ទាំងនេះនឹងជះឥទ្ធិពលដល់ការអភិវឌ្ឍបានល្អប្រសើរចំពោះប្រទេសនានាដែលមានវានៅក្នុងដៃ។
 
ប្រសិនបើបណ្តាសមាជិកអាស៊ានទាំងអស់ធ្វើសកម្មភាពរួមគ្នាលើអាទិភាពទាំងនេះ ឬទូលំទូលាយជាងនេះ ព្រមទាំងប្រទេសទាំងអស់ដែលស្ថិតនៅក្រោមភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយក្នុងតំបន់ (RCEP) ធ្វើសកម្មភាពរួមគ្នានោះ តំបន់អាស៊ីប៉ាស៊ីហ្វិកទាំងពីរនឹងទទួលបានអត្ថប្រយោជន៍ចំពោះការអភិវឌ្ឍប្រកបដោយចីរភាព៕ 

Tag:
 អាស៊ាន
  អប់រំ
  ឌីជីថល
© រក្សាសិទ្ធិដោយ thmeythmey.com