អន្តរជាតិ
យោធាមីយ៉ាន់ម៉ា កាត់ទោសប្រហារជីវិតមេទ័ពលើកទង់សចុះចាញ់ក្រុមជនជាតិភាគតិច
24, Jan 2024 , 3:49 pm        
រូបភាព
លោក មីន អ៊ុងឡាំង ប្រមុខយោធាមីយ៉ាន់ម៉ា នៅក្នុងឆ្នាំ២០២៣។ រូបភាព Xinhua
លោក មីន អ៊ុងឡាំង ប្រមុខយោធាមីយ៉ាន់ម៉ា នៅក្នុងឆ្នាំ២០២៣។ រូបភាព Xinhua
របបសឹកយោធា កាត់ទោសប្រហារជីវិតមន្រ្តីជាន់ខ្ពស់់យោធាចំនួន៣រូប ដែលលើកទង់សចុះចាញ់ក្រុមប្រដាប់អាវុធជនជាតិភាគតិចនៅតំបន់ភាគខាងជើង។ មន្រ្តីយោធា៣រូបផ្សេងទៀត ត្រូវបានកាត់ទោសឱ្យជាប់ពន្ធនាគារមួយជីវិត។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មានមីយ៉ាន់ម៉ា Irrawaddy នៅថ្ងៃទី២៣ ខែមករា។
 
ចាប់តាំងពីប្រតិបត្តិការ១០២៧ នៅក្នុងខែតុលា ឆ្នាំ២០២៣ សម្ព័ន្ធបងប្អូនរបស់ក្រុមប្រដាប់អាវុធជនជាតិភាគតិច បានដណ្ដើមកាន់កាប់តំបន់ស្ថិតនៅក្នុងរដ្ឋភាគខាងជើង និងតំបន់ផ្សេងទៀតជាបន្តបន្ទាប់។ នៅថ្ងៃទី៤ ខែមករា កន្លងទៅ កម្លាំងយោធាមីយ៉ាន់ម៉ាចំនួន២៤០០នាក់ ដោយក្នុងនោះមានមន្រ្តីលើសពី ២០០នាក់ បានចុះចាញ់សមភូមិទល់នឹងទាហានសម្ព័ន្ថប្រជាធិបតេយ្យជាតិមីយ៉ាន់ម៉ា (MNDAA) នៅក្នុងតំបន់ Kokang ដែលជាប់ព្រំដែនជាមួយចិន។ 
 
បន្ទាប់ពីការលើកទង់ស របបសឹកមីយ៉ាន់ម៉ា បានក្រពុលមុខយ៉ាងខ្លាំង និងសម្រេចកាត់ទោសប្រហារជីវិតមន្រ្តីយោធាជាន់ខ្ពស់ចំនួន៣រូប ដើម្បីព្រមានកងកម្លាំងនៅតំបន់ផ្សេងទៀត កុំឱ្យចុះចាញ់ក្រុមប្រដាប់អាវុធជនជាតិភាគតិច។ 
 
មន្រ្តីយោធា ៣រូបដែលត្រូវប្រហារជីវិតនោះមានដូចជា ប្រមុខស្នាក់ការកណ្តាលក្រុង Laukkai ឧត្តមសេនីយ៍ត្រី Moe Kyaw Thu, ឧត្តមសេនីយ៍ត្រី Tun Tun Myint ប្រមុខស្តីទីតំបន់ស្វយ័ត Kokang និង ឧត្តមសេនីយ៍ត្រី Zaw Myo Win មេបញ្ជាការកងពលធំលេខ៥។ នេះបើតាមប្រភពសុំមិនបញ្ចេញឈ្មោះប្រាប់សារព័ត៌មាន The Irrawaddy។ 
 
ទន្ទឹមនេះ ឧត្តមសេនីយ៍ត្រី Aye Min Oo ប្រធានមជ្ឈមណ្ឌលប្រតិបត្តិការលេខ១៤, ឧត្តមសេនីយ៍ត្រី Thaw Zin Oo ប្រធានមជ្ឈមណ្ឌលប្រតិបត្តិការលេខ១៦ និង ឧត្តមសេនីយ៍ត្រី Aung Zaw Lin មេបញ្ជាការមជ្ឈមណ្ឌលប្រតិបត្តិការលេខ ១២ ត្រូវបានកាត់ទោសឱ្យជាប់ពន្ធនាគារមួយជីវិត។ 
 
ការកាត់ទោសមន្រ្តីយោធាទាំង ៦រូបនេះ ធ្វើឡើងដោយសារពួកគេ បានបោះបង់ទីតាំងយោធារបស់ខ្លួន នៅចំពោះមុខការវាយប្រហារពីក្រុមប្រដាប់អាវុធជនជាតិភាគតិច។ 
 
ជុំវិញការកាត់ទោសនេះ អតីតប្រធានក្រុមក្នុងយោធាមីយ៉ាន់ម៉ា Kaung Thu Win ដែលបានចូលរួមក្នុងចលនាតវ៉ាស៊ីវិល ក្រោយរដ្ឋប្រហារយោធា បានយល់ឃើញថា ការដាក់ទណ្ឌកម្មដ៏ធ្ងន់ធ្ងរបែបនេះ ទំនងជាការបង្ហាញមេរៀនទៅមេបញ្ជាការយោធាផ្សេងទៀត កុំឱ្យបោះបង់ទីតាំងយោធារបស់ខ្លួនចោល។ 
 
ចាប់តាំងពីខែតុលាមក ក្រុមប្រដាប់អាវុធជនជាតិភាគតិច ក្រោមប្រតិបត្តិការ ១០២៧ បានគ្រប់គ្រងប៉ុស្តិ៍យោធា និងប៉ូលិសចំនួន ៥០០កន្លែង ដោយក្នុងនោះរួមទាំងស្នាក់ការកណ្តាលមួយចំនួន នៅតំបន់ភាគខាងជើងមីយ៉ាន់ម៉ា។ ប្រតិបត្តិការយោធាផ្តល់ពីខែតុលា ឆ្នាំ២០២៣ ជាការផ្ទុះអាវុធដ៏ធំបំផុតសម្រាប់យោធាមីយ៉ាន់ម៉ា ចាប់តាំងរដ្ឋប្រហារយោធានៅក្នុងឆ្នាំ២០២១។ 

Tag:
 មីយ៉ាន់ម៉ា
© រក្សាសិទ្ធិដោយ thmeythmey.com