អន្តរជាតិ
ផលិតករ​ភាពយន្ត​ម៉ាឡេស៊ី​ត្រូវ​បាន​ចោទ​ប្រកាន់​ពី​ការបំពាន​អារម្មណ៍​ផ្នែក​សាសនា​នៅ​ក្នុង​ខ្សែភាពយន្ត​ហាម​ឃាត់​មួយ
24, Jan 2024 , 6:59 pm        
រូបភាព
រូបឯកសារ៖ លោកនាយក​រដ្ឋមន្ត្រី Anwar Ibrahim ថ្លែង​នៅ​ទីក្រុង Putrajaya, ប្រទេស​ម៉ាឡេស៊ី កាលពីថ្ងៃទី​២៥ វិច្ឆិកា ឆ្នាំ២០២២។
រូបឯកសារ៖ លោកនាយក​រដ្ឋមន្ត្រី Anwar Ibrahim ថ្លែង​នៅ​ទីក្រុង Putrajaya, ប្រទេស​ម៉ាឡេស៊ី កាលពីថ្ងៃទី​២៥ វិច្ឆិកា ឆ្នាំ២០២២។
ដោយ: VOA
អ្នក​ដឹកនាំ​រឿង​និង​ផលិតករ​ភាព​យន្ត​ម៉ាឡេស៊ី​ ដែល​រៀបរាប់​ពី​ជីវិត​ក្រោយ​ពេល​ស្លាប់ ដែល​ជា​ភាពយន្ត​ត្រូវ​បាន​គេ​ហាមឃាត់​នៅ​ប្រទេស​ម៉ាឡើស៊ី​ បាន​រងការចោទ​ប្រកាន់​ពី​ការបំពាន​លើ​អារម្មណ៍​នៃ​ជំនឿ​សាសនា​របស់​អ្នក​ដទៃ​ កាល​ពី​ថ្ងៃ​ទី១៧ ខែ​មករា​កន្លង​ទៅ។ ការចោទប្រកាន់​នេះ​ គឺជា​វិធានការ​ព្រហ្មទណ្ឌ​ដែល​កម្រ​កើត​មាន​ទៅ​លើ​អ្នក​ផលិត​ភាពយន្ត។ ក្រុម​អ្នក​រិះគន់​បាន​ចាត់ទុក​ចំណាត់ការ​នេះ​ថា​ ជា​ការ​វាយប្រហារ​ទៅ​លើ​សេរីភាព​នៃ​ការ​បញ្ចេញ​មតិ។
 
លោក Mohamad Khairianwar Jailani ជា​អ្នកដឹកនាំ​រឿង​និង​ជា​អ្នក​សរសេរ​សាច់រឿង​នៃ​ភាពយន្ត«Mentega Terbang» រួមជាមួយ​ផលិតករ​ឈ្មោះ Tan Meng Kheng ត្រូវ​បាន​ប្រកាស​ថា​គ្មាន​ទោសទណ្ឌ​ពី​បទ​ចោទប្រកាន់«មាន​ចេតនា​ធ្វើ​ឲ្យ​ខូច​អារម្មណ៍​សាសនា​របស់​អ្នក​ដទៃ» តាម​រយៈ​ភាពយន្ត​ឯករាជ្យ​មួយ​ ដែល​ផលិត​ដោយ​ចំណាយ​ប្រាក់​បន្តិច​បន្តួច។ ប្រសិន​បើ​រក​ឃើញ​ថា​មាន​ទោស ពួក​គេ​អាច​ប្រឈម​នឹង​ការជាប់​ពន្ធនាគារ​រហូត​ដល់​ទៅ​មួយ​ឆ្នាំ​ឬ​ត្រូវ​ពិន័យ​ឬ​ត្រូវ​រង​ទណ្ឌកម្ម​ទាំង​ពីរ​នេះ។
 
លោក N. Surendran ដែលជា​មេធាវី​ការពារក្ដី​បាន​ថ្លែង​ថា​លោក​ជឿ​ថាផលិតករ​ភាព យន្ត​ទាំងពីរ​រូប​នេះ​ជឿ​ថា«ការចោទ​ប្រកាន់​ទៅលើ​ពួក​គេ​ជារឿង​មិន​សម​ហេតុផល និង​រំលោភ​រដ្ឋធម្មនុញ្ញ» ពីព្រោះ​វា​រំលោភ​ទៅ​លើ​សិទ្ធិ​សេរីភាព​បញ្ចេញ​មតិ។
 
លោក​ថ្លែង​ថា៖«តាម​ការយល់​ឃើញ​របស់​យើង ការចោទ​ប្រកាន់​ទាំង​នេះ​គ្មាន​មូល ដ្ឋាន​ទាល់​តែ​សោះ។ យើង​នឹង​តតាំង​ទៅ​នឹង​បទចោទ​ទាំងនេះ​នៅ​ក្នុង​តុលាការ»។
 
ខ្សែ​ភាពយន្ត​នេះ​ត្រូវ​បាន​ចាក់​ផ្សាយ​លើក​ដំបូង​នៅ​ក្នុង​ពិធី​បញ្ចាំង​ភាពយន្ត​ថ្នាក់​តំបន់​ កាលពី​ឆ្នាំ​២០២១។ ភាពយន្ត​នេះ​និយាយ​អំពី​ក្មេងស្រី​មូស្លីម​ដែល​ព្យាយាម​ស្វែងយល់​អំពី​សាសនា​ដទៃ​ផ្សេង​ទៀត​ដើម្បី​ដឹង​ថា​តើ​ម្ដាយ​របស់​នាង​ដែល​កំពុង​មាន​ជំងឺ​នឹង​ទៅ​ទីណា​ក្រោយ​ពេល​ស្លាប់។ ឈុតឆាក​ដែល​ធ្វើ​ឱ្យ​អ្នក​កាន់​សាសនា​អ៊ីស្លាម​ខឹង​សម្បា​នោះ​គឺ​នៅ​ត្រង់​ចំណុច​មួយ​ដែល​ក្មេង​ស្រី​នេះ​សម្រេច​ចិត្ត​បរិភោគ​សាច់​ជ្រូក​ដែល​ត្រូវ​បាន​ហាម​ឃាត់​នៅ​ក្នុង​សាសនា​អ៊ីស្លាម ហើយ​បាន​ធ្វើ​ជា​ផឹក​ទឹក​មន្ត ចំណែក​ឪពុក​របស់​នាង​ក៏​បាន​ធ្វើ​តាម​បំណង​របស់​នាង​ដែល​សម្រេច​ចិត្ត​ចាកចេញ​ពី​សាសនា​អ៊ីស្លាម។ ភាពយន្ត​នេះ​ក៏​បណ្ដាល​ឱ្យ​មាន​ការ​គំរាម​សម្លាប់​ទៅ​លើ​លោក Khairianwar ផងដែរ។
 
ភាពយន្ត​នេះ​ត្រូវ​បាន​ផ្សព្វផ្សាយ​ក្នុង​រយៈ​ពេល​ខ្លី​មួយ​ នៅ​លើ​គេហទំព័រ​ភាពយន្ត​ក្នុង​ទីក្រុង​ហុងកុង កាល​ពី​ឆ្នាំ​មុន មុន​ពេល​វា​ត្រូវ​បាន​ដកចេញ​វិញ។ ក្រសួង​គេហដ្ឋាន​ម៉ាឡេស៊ី​បាន​ហាម​មិន​ឱ្យ​ចាក់​ផ្សាយ​ភាពយន្ត​នេះ​កាល​ពី​ខែ​កញ្ញា​កន្លង​ទៅ ដោយ​មិន​បាន​បញ្ជាក់​ពី​មូលហេតុ។ ផលិតករ​ទាំង​ពីរ​រូប​បាន​ប្ដឹង​បក​ទៅ​លើ​ការសម្រេច​របស់​រដ្ឋាភិបាល មុន​ពេល​ពួក​គេ​ត្រូវ​បាន​ចោទ​ប្រកាន់​ជា​ផ្លូវការ។
បញ្ហា​ជាតិសាសន៍​និង​សាសនា​ជា​បញ្ហា​រសើប​នៅ​ក្នុង​ប្រទេស​ម៉ាឡេស៊ី។ ពលរដ្ឋ​មាន​ជាតិសាសន៍​ម៉ាឡេ​មាន​ចំនួន២ភាគ៣នៃ​ប្រជាជន​សរុប​ចំនួន​ ៣៣លាន​នាក់ ហើយ​ពួក​គេ​ត្រូវ​តែ​ជា​អ្នក​កាន់​សាសនា​អ៊ីស្លាម ហើយ​ការដក​ខ្លួន​ចេញ​ពី​សាសនា​នេះ​ត្រូវ​បាន​ចាត់​ទុក​ថា​ជា​អំពើ​បាប។ ប្រទេស​នេះ​ក៏​មាន​ពលរដ្ឋ​ភាគតិច​ចិន​និង​ឥណ្ឌា​ក្នុង​ចំនួន​ដ៏​ច្រើន​ផងដែរ ដែល​កាន់​សាសនា​ព្រះពុទ្ធ សាសនា​ហិណ្ឌូ​និង​សាសនា​គ្រិស្ត។
 
ក្រុម​អ្នក​រិះគន់​និយាយ​ថាការអភិរក្ស​ផ្នែក​សាសនា​កំពុង​មាន​ការកើន​ឡើង​នៅ​ក្នុង​ប្រ ទេស​នេះ បន្ទាប់ពី​គណបក្ស​សម្ព័ន្ធភាព​ម៉ាឡេ-អ៊ីស្លាម​ដ៏​មាន​ឥទ្ធិពល​ទទួល​បាន​ការគាំ ទ្រ​យ៉ាង​ខ្លាំង​នៅ​ក្នុង​ការ​បោះ​ឆ្នោត​សាកល​កាល​ពី​ខែវិច្ឆិកា ឆ្នាំ២០២២។
 
អង្គការ​ឃ្លាំមើល​សិទ្ធិ​មនុស្ស​បាន​ចោទ​រដ្ឋាភិបាល​របស់​លោកនាយក​រដ្ឋមន្ត្រី Anwar Ibrahim ថា​បាន​ធ្វើ​ទុក្ខ​បុកម្នេញ​ទៅ​លើ​ផលិតករ​ភាពយន្ត​ទាំង​ពីរ​នាក់​ដើម្បី​ទទួល​បាន​ការគាំទ្រ​ពី​សំណាក់​អ្នក​កាន់​សាសនា​អ៊ីស្លាម។
 
លោក Phil Robertson នាយក​រង​ប្រចាំ​តំបន់​អាស៊ី​នៃ​អង្គការ​ឃ្លាំមើល​សិទ្ធិ​មនុស្ស បាន​ថ្លែង​ថា៖«ការតម្រូវ​ចិត្ត​ផ្នែក​នយោបាយ ដោយ​មិន​ខ្វល់​អំពី​បញ្ហា​សិទ្ធិ​មនុស្ស​បែប​នេះ​ ជា​ទម្លាប់​ដែល​លោក Anwar ធ្លាប់​បាន​ចោទ​ទៅ​លើ​រដ្ឋាភិបាល​មុនៗ កាល​ពី​លោក​នៅ​ជា​គណបក្ស​ប្រឆាំង។ ប៉ុន្តែ​ឥឡូវ​នេះ លោក​បាន​បង្ហាញ​ច្បាស់​ហើយ​ថា លោក​បាន​ប្រែប្រួល​បន្ទាប់​ពី​បាន​ឡើង​កាន់​អំណាច ហើយ​ងាក​មក​ប្រើ​ការរឹតត្បិត​និង​យក​ផ្លូវច្បាប់​មក​គាបសង្កត់​ដូច​រដ្ឋាភិបាល​មុន​ដែរ»។
 
លោក​បន្ត​ថា៖«រដ្ឋាភិបាល​គួរ​តែ​ប្ដូរ​ជំហរ​នេះ​ និង​ប្រកាន់​ខ្ជាប់​នូវ​គោលការណ៍​សិទ្ធិ​មនុស្ស ដោយ​ត្រូវ​ជំរុញ​ឲ្យ​ព្រះរាជអាជ្ញា​ទម្លាក់​បទចោទ​ដែលគួរឱ្យអស់​សំណើច​និង​រំលោភ​សិទ្ធិ​មនុស្ស​នេះ​ជា​បន្ទាន់​ ព្រម​ទាំង​ដក​បម្រាម​ពី​ខ្សែ​ភាពយន្ត​ Mentega Terbang នេះ»។
 
តុលាការ​ម៉ាឡេស៊ី កាល​ពី​ថ្ងៃ​ពុធ​សប្ដាហ៍​មុន​បាន​ចេញ​បញ្ជា​ហាម​មិន​ឲ្យ​ផលិតករ​ភាព យន្ត​ទាំង​ពីរ​រូប​ចេញ​សេចក្ដីថ្លែងការណ៍​អំពី​ករណី​នេះ​រហូត​ដល់​ដំណើរការ​របស់​តុលា ការ​បាន​បញ្ចប់ និង​បញ្ជា​ឲ្យ​ពួក​គេ​រាយការណ៍​ទៅ​កាន់​សមត្ថកិច្ច​ជារៀង​រាល់​ខែ។
 
លោក Khairianwar បាន​ថ្លែង​ថា ករណី​នេះ​នឹងក្លាយ​ជា​ករណី​ទីមួយ​ដែល​ផលិតករ​ភាពយន្ត​រង​ការ​ចោទ​ព្រហ្មទណ្ឌ​នៅ​ក្នុង​ប្រទេស​នេះ។
 
លោក Khairianwar បានប្រាប់​សារព័ត៌មាន​អនឡាញ Free Malaysia Today មួយថ្ងៃ​មុន​ការ​ចោទ​ប្រកាន់​ថា៖«ខ្ញុំ​មាន​ការ​ខកចិត្ត​ ប្រសិន​បើ​នេះ​ជា​វិធី​ដើម្បី​បំបិទ​សំឡេង​អ្នក​ដែល​ហ៊ាន​និយាយ​រឿងរ៉ាវ​នានា ហើយ​ខ្ញុំ​បារម្ភ​ថាវា​នឹង​ធ្វើ​ឲ្យ​អ្នក​សរសេរ​សាច់រឿង​ផ្សេង​ទៀត​មិន​ហ៊ាន​និយាយ​រឿង​រ៉ាវ​របស់​ពួក​គេ​ ដោយសារ​តែភ័យ​ខ្លាច​ការ​ចោទ​ប្រកាន់​ព្រហ្មទណ្ឌ»៕

© រក្សាសិទ្ធិដោយ thmeythmey.com