អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
ផ្តាច់ទូតជាមួយតៃវ៉ាន់មិនដល់កន្លះខែ ណូរូ បាន​បង្កើត​ទំនាក់ទំនង​ឡើងវិញ​ជាមួយ​ចិន
24, Jan 2024 , 8:19 pm        
រូបភាព
លោក វ៉ាង យី រដ្ឋមន្រ្តីការបរទេសចិន​ (ស្តាំ) និងសមភាគីណូរូ លោក Lionel Aingimea ក្នុងពិធីចុះហត្ថលេខាទំនាក់ទំនងការទូតឡើងវិញ។ រូបភាព ៖ Xinhua
លោក វ៉ាង យី រដ្ឋមន្រ្តីការបរទេសចិន​ (ស្តាំ) និងសមភាគីណូរូ លោក Lionel Aingimea ក្នុងពិធីចុះហត្ថលេខាទំនាក់ទំនងការទូតឡើងវិញ។ រូបភាព ៖ Xinhua
ចិន​ និងកោះណូរូបានបង្កើតទំនាក់ទំនងទូតឡើងវិញជាផ្លូវការ នៅថ្ងៃទី២៤ ខែមករា បន្ទាប់ពីប្រទេសកោះប៉ាស៊ីហ្វិកដ៏តូចមួយនេះ បានផ្តាច់ទំនាក់ទំនងដោយមិននឹកស្មានជាមួយតៃវ៉ាន់ កាលពីពេលថ្មីៗនេះ។
 
ក្នុងពិធីមួយនៅទីក្រុងប៉េកាំង រដ្ឋមន្ត្រីការបរទេសចិន លោក វ៉ាង យី និងសមភាគីណូរូលោក Lionel Aingimea បានចុះហត្ថលេខាជាផ្លូវការនូវឯកសារមួយក្នុងគោលបំណងស្តារទំនាក់ទំនងទ្វេភាគីឡើងវិញ ដោយចំណងមិត្តភាពនៅថ្នាក់ឯកអគ្គរដ្ឋទូតនឹងចាប់ផ្តើមឡើងវិញភ្លាមៗ។ នេះបើយោងតាមសារព័ត៌មាន Reuters ។
 
ក្នុងទំនាក់ទំនងការទូត ណូរូ បានទទួលស្គាល់ចិនដីគោក នៅក្នុងខែសីហា ឆ្នាំ២០០២ មុនពេលទទួលស្គាល់តៃវ៉ាន់ជាផ្លូវការនៅក្នុងខែឧសភា ឆ្នាំ២០០៥។ រដ្ឋាភិបាលក្រុងយ៉ាវែន និងក្រុងតៃប៉ិ មានទំនាក់ទំនងការទូត ២២ឆ្នាំ បន្ទាប់ពីទទួលស្គាល់ចិនឡើងវិញ។ 
 
លោក វ៉ាង យី បានសង្កត់ធ្ងន់ថា ៖« ទោះបីចិន និងណូរូមានភូមិសាស្ត្រឆ្ងាយពីគ្នា និងបំបែកដោយមហាសមុទ្រដ៏ធំក៏ដោយ មិត្តភាពរវាងប្រជាជនទាំងពីរមានប្រវត្តិយូរអង្វែង»។
 
ជាការឆ្លើយតប ​លោក Aingimea បានអះអាងថា ណូរូ​ទន្ទឹង​រង់ចាំ​ទំនាក់ទំនង​ថ្មី​ជាមួយ​​ចិន ហើយ​ទំនាក់ទំនង​នេះ​នឹង​ត្រូវ​បាន​កសាង​ឡើង​ដោយ​ភាព​រឹងមាំ​ ​និងផ្អែក​លើ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍។
 
ណូរូបានផ្តាច់ទំនាក់ទំនងការទូតជាមួយតៃវ៉ាន់ នៅថ្ងៃទី១៥ ខែមករា ត្រឹមតែពីរថ្ងៃបន្ទាប់ពីលោក William Lai ប្រធានគណបក្សប្រជាធិបតេយ្យជឿនលឿនដែលកំពុងកាន់អំណាចនៅតៃវ៉ាន់ បានឈ្នះការបោះឆ្នោតប្រធានាធិបតី។ 
 
ទន្ទឹមនេះ អាម៉េរិកកាលពីសប្តាហ៍មុនបានលើកឡើងថា ការសម្រេចចិត្តរបស់ណូរូក្នុងការកាត់ទំនាក់ទំនងជាមួយតៃវ៉ាន់គឺជាទង្វើគួរឱ្យសោកស្តាយ និងខកចិត្តយ៉ាងខ្លាំង។ ទីក្រុងវ៉ាស៊ីនបានព្រមានថា ការសន្យារបស់ទីក្រុងប៉េកាំងជាញឹកញាប់មិនដែលបានសម្រេចនោះទេ។
 
ក្នុងពេលបច្ចុប្បន្ន តៃវ៉ាន់ នៅសល់រដ្ឋទទួលស្គាល់ផ្នែកការទូតត្រឹម ១២ប៉ុណ្ណោះ ដោយក្នុងនោះ មិនមានអាម៉េរិក និងប្រទេសលោកខាងលិចឡើយ។ 
 
ការងាកទៅចាប់ដៃចិនពីបណ្តាប្រទេសមួយចំនួន ដែលធ្លាប់មានទំនាក់ទំនងតៃវ៉ាន់ អាចដោយសារការអភិវឌ្ឍ និងការវិនិយោគនៅក្នុងប្រទេស, គោលនយោបាយចិនតែមួយ និងបញ្ហាផ្សេងទៀតជាដើម៕ 
 

Tag:
 ណូរូ
  តៃវ៉ាន់
  ចិន
© រក្សាសិទ្ធិដោយ thmeythmey.com