RFI
អន្តរជាតិ
បារាំង និងប្រទេសនៅអឺរ៉ុប​កាន់តែច្រើន​កំពុង​ប្រឈមនឹង​កំហឹង បាតុកម្ម​របស់​កសិករ
25, Jan 2024 , 7:59 am        
រូបភាព
បន្ទាប់ពី​អាល្លឺម៉ង់ រ៉ូមានី ប៉ូឡូញ និង​ហូឡង់ បាតុកម្ម​សំដែង​កំហឹង​របស់​កសិករ បាន​រាលដាល​ចូលដល់​ប្រទេស​បារាំង នៅថ្ងៃទី​១៨​មករា ២០២៤ AFP - VALENTINE CHAPUIS
បន្ទាប់ពី​អាល្លឺម៉ង់ រ៉ូមានី ប៉ូឡូញ និង​ហូឡង់ បាតុកម្ម​សំដែង​កំហឹង​របស់​កសិករ បាន​រាលដាល​ចូលដល់​ប្រទេស​បារាំង នៅថ្ងៃទី​១៨​មករា ២០២៤ AFP - VALENTINE CHAPUIS
ដោយ៖ឈាង បុប្ផា/RFI
កំហឹង បាតុកម្ម​តវ៉ា​របស់​កសិករ​កំពុង​រីករាលដាល នៅ​ទឹកដី​អឺរ៉ុប។ បន្ទាប់ពី​អាល្លឺម៉ង់ ហូឡង់ រ៉ូមានី និង​ប៉ូឡូញ ដល់​វេន​បារាំង​ដែល​ត្រូវ​ប្រឈមជួប​ចលនា​បាតុកម្ម​របស់​កសិករ ដែល​ធុញទ្រាន់​នឹងនយោបាយ​មិនអើពើ​របស់​រដ្ឋាភិបាល។
តាំងពី​សប្តាហ៍មុន កំហឹង​តវ៉ា​របស់​កសិករ​បារាំងផ្ទុះឡើងជាបន្តបន្ទាប់​នៅតាម​ខេត្ត​ភាគខាងត្បូង​ប្រទេស ជាទី​ដែលពួកគេ​យកត្រាក់ទ័រ គំនរចំបើង​ជារនាំង​បិទផ្លូវ ច្រកចេញ​ចូល​សំខាន់ៗ។ នៅយប់​ថ្ងៃចន្ទ ឈាន​ចូលដល់​ថ្ងៃអង្គារ គ្រោះថ្នាក់​រថយន្ត​បុក​របាំង ឃាំង​ផ្លូវ​នៅ​ទីក្រុង​Ariège ភាគខាត្បូងបារាំង ជាប់ព្រំដែន​អេស្ប៉ាញ បាន​សម្លាប់​ស្ត្រី​កសិករ​ម្នាក់ ដែលប្រចាំការ នៅចំណុច​ដាក់​របាំង​ឃាំងផ្លូវ។
 
ទោះប៉ូលិស​ចាប់ខ្លួន​អ្នកបើក​រថយន្ត យកទៅ​សួរចម្លើយ ប៉ុន្តែ សោកនាដកម្ម​មួយ​នេះ​នឹង​ទៅ​ដុតកំហឹង​របស់​កសិករ​បារាំង ដែលទើបខកចិត្ត មិនបាន​ទទួល​ចម្លើយជាវិជ្ជមាន​នៅក្នុងជំនួប​ជាមួយ​នាយករដ្ឋមន្រ្តី លោក​អាតតាល់ កាលពីថ្ងៃ​ចន្ទ។ តាមសហជីព ​កសិករ​ប្តេជ្ញា​បន្ត​ធ្វើ​បាតុកម្ម បិទខ្ទប់​ផ្លូវ យូរអង្វែង បើសិន​រដ្ឋាភិបាលមិន​ព្រមដោះស្រាយ​ទៅតាមការទាមទារ​របស់​ពួកគេ។
 
ប្រឈម​នឹងបញ្ហា​ប្រែប្រួល អាកាសធាតុ គ្រោះទឹកជំនន់ និងអាកាសធាតុក្តៅខ្លាំង ប្រជាកសិករ​បារាំង​ត្អូញត្អែរ​ពីការលំបាក វិបត្តិប្រេងឡើងថ្លៃ និង​ការកំណត់បទដ្ឋានបរិស្ថាន ដ៏តឹងតែង ជាពិសេស ការហាមប្រើ​ថ្នាំគីមី ដែលជា​ហេតុ​ធ្វើ​ឲ្យ​ផលិតផលកសិកម្ម​របស់​ពួកគេ​ធ្លាក់ចុះថយ និង​មិនអាច​ប្រកួតប្រជែង​ជាមួយផលិតផល​នាំចូលពីបរទេស។
 
រដ្ឋាភិបាលបារាំង​កំពុង​បារម្ភ​ខ្លាចថា បាតុកម្ម​តវ៉ា​របស់​កសិករ នៅ​ប្រទេស​អាល្លឺម៉ង់ រ៉ូមានី ប៉ូឡូញ និងហូឡង់​នឹង​អាច​រាលដាល រុញច្រាន​ឲ្យ​ចលនា​បាតុកម្មប្រឆាំង​របស់​កសិករ​កាន់តែ​រីកធំឡើង​នៅ​បារាំង។ រហូតមកដល់​ពេលនេះ កសិករ​បារាំង​នៅទាមទារត្រឹម​បញ្ហា​ប្រេង​ឡើង​ថ្លៃ ប៉ុន្តែ មិនទាន់​ទម្លាក់កំហុស រករឿង​កិច្ចព្រមព្រៀង​បៃតង​របស់​សហភាពអឺរ៉ុប ដូច​កសិក​នៅ​អាល្លឺម៉ង់ ឬ​ហូឡង់​ឡើយ។
 
កសិករ​នៅអាល្លឺម៉ង់ជាដើម​បាន​ស្តីបន្ទោសថា ​កិច្ចព្រមព្រៀង​បរិស្ថាន​របស់​សហភាពអឺរ៉ុប​ច្របាច់កកសិករអឺរ៉ុប​ដែល​កំពុងជួបវិបត្តិសេដ្ឋកិច្ច ថាមពលឡើងថ្លៃ និង​គ្រោះធម្មជាតិ។ នៅ​ប៉ូឡូញ និង​រ៉ូមានី ក្រៅពីទាមទារ​ឲ្យគេ​សើរើ​កិច្ចព្រមព្រៀង​បៃតង កសិករ​ជាបាតុករទាមទារ​ឲ្យរដ្ឋាភិបាល​រឹតបន្តឹង​ការនាំចូល​ពីអ៊ុយក្រែន ដែល​ពួកគេ​ចោទថា ជា​ដើមហេតុ​ធ្វើ​ឲ្យ​ផលិតផលកសិកម្ម​របស់ពួកគេ​ធ្លាក់ចុះថ្លៃ។
 
ប្រឈម​នឹង​កំណើនបាតុកម្ម កំហឹង​តវ៉ា​របស់​ប្រជាកសិករនៅបណ្តាប្រទេស​អឺរ៉ុប រដ្ឋមន្រ្តី​កសិកម្ម​របស់​ប្រទេស​សមាជិក​អឺរ៉ុប ត្រូវជួបប្រជុំគ្នា​នៅ​ថ្ងៃ​ព្រុចស៊ែល នៅ​ថ្ងៃអង្គារ។ ពួកគេ​ត្រូវ​ប្រញាប់ញាប់ដៃជើង​រកដំណោះស្រាយ​ជូន​កសិករ ព្រោះថា នៅតែ​ប៉ុន្មានខែ​ទៀតប៉ុណ្ណោះ នឹង​មាន​ការបោះឆ្នោត​សភា​អឺរ៉ុប។ ម្យ៉ាង គណបក្ស​ស្តាំនិយមជ្រុល និង​ក្រុមជាតិនិយម កំពុង​កេង​បាតុកម្ម ការកំហឹង​របស់​កសិករ ដើម្បីទាក់ទាញសំឡេងឆ្នោត នៅក្នុងការបោះឆ្នោត​សភាអឺរ៉ុប នៅខែ មិថុនាខាងមុខ៕

© រក្សាសិទ្ធិដោយ thmeythmey.com