ជាតិ
សង្គមជាតិ
សមត្ថកិច្ច ចាប់បានគ្រឿងញៀនជាង១,៥តោន នៅព្រះសីហនុ
24, Jan 2024 , 6:00 pm        
រូបភាព
សមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យ៥នាក់ ដែលពាក់ព័ន្ធករណីគ្រឿងញៀនជាង១,៥តោន នៅខេត្តព្រះសីហនុ កាលពីថ្ងៃទី២២ មករា។ ក្នុងនោះមានជនជាតិចិនតៃវ៉ាន់២រូប ជនជាតិចិន២រូប និងជនជាតិសិង្ហបុរីម្នាក់។
សមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យ៥នាក់ ដែលពាក់ព័ន្ធករណីគ្រឿងញៀនជាង១,៥តោន នៅខេត្តព្រះសីហនុ កាលពីថ្ងៃទី២២ មករា។ ក្នុងនោះមានជនជាតិចិនតៃវ៉ាន់២រូប ជនជាតិចិន២រូប និងជនជាតិសិង្ហបុរីម្នាក់។
ភ្នំពេញ៖ សមត្ថកិច្ចជំនាញ ចាប់បានគ្រឿងញៀនជាង១,៥តោន នៅកំពង់ផែកំពេញស្ទឹងហាវ ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ។ នេះបើតាមអគ្គស្នងការដ្ឋាននគរបាលជាតិ។
 
តាមការស៊ើបអង្កេត ក្រុមជួញដូរគ្រឿងញៀនបានដឹកទំនិញពីប្រទេសឡាវ ឆ្លងកាត់កម្ពុជា តាមលំហសមុទ្រ ទៅដែនកោះតៃវ៉ាន់។ ក្នុងកិច្ចប្រតិបត្តិការចុះបង្ក្រាបគ្រឿងញៀននេះ សមត្ថកិច្ចបានចុះទៅទីតាំង៣កន្លែង ក្នុងនោះ មានកំពង់ផែកំពេញស្ទឹងហាវ,  នៅផ្ទះជួលមួយកន្លែងក្នុងភូមិ៣ សង្កាត់លេខ១ ក្រុងព្រះសីហនុ និងទីតាំងចុងក្រោយ នៅក្នុងបុរីពិភពថ្មី៣ សង្កាត់ភ្លើងឆេះរទេះ ខណ្ឌកំបូល រាជធានីភ្នំពេញ។ 
 
ការចុះបង្ក្រាបនេះ សមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យ៥នាក់។ ក្នុងនោះមានជនជាតិចិនតៃវ៉ាន់២រូប ជនជាតិចិន២រូប និងជនជាតិសិង្ហបុរីម្នាក់។ 
 
ចំពោះ វត្ថុតាងដែលចាប់បាននៅកំពង់ផែ មានគ្រឿងញៀនប្រភេទកេតាមីន (Ketamine) ១០០០ដុំ ស្មើនឹងជាង៩៨០គីឡូក្រាម។ គ្រឿងញៀនមេតំហ្វេតាមីន(ICE) ៥៣៤ដុំ មានទម្ងន់ជាង៥៣០គីឡូក្រាម។ 
 
ជាមួយគ្នាដែរ មានទូកនេសាទ២គ្រឿង, រថយន្ត១គ្រឿង, ម៉ូតូ១គ្រឿង រួមទាំងទូរស័ព្ទដៃ៨គ្រឿង ដែល សមត្ថកិច្ចបានឃាត់ទុកជាវត្ថុតាង។ បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាងខាងលើ ត្រូវសមត្ថកិច្ចជំនាញ រៀបចំកសាងសំណុំរឿង បញ្ជូនទៅសាលាដំបូងព្រះសីហនុ ដើម្បីអនុវត្តតាមនីតិវិធី។ 
 
សូមជម្រាបថា កាលពីប៉ុន្មានថ្ងៃមុនេះ សមត្ថកិច្ចនៅខេត្តព្រះវិហារ ក៏បានរកឃើញគ្រឿងញៀនជាង១តោនផងដែរ៕ 
 

Tag:
 សង្គម
  គ្រឿងញៀន
© រក្សាសិទ្ធិដោយ thmeythmey.com