អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
លោក ត្រាំ ឈរជើងកាន់តែមាំ ក្រោយផ្ដួលគូប្រជែងក្នុងការបោះឆ្នោតបឋមនៅរដ្ឋ New Hampshire
24, Jan 2024 , 9:59 pm        
រូបភាព
អតីតប្រធានាធិបតី Donald Trump និងលោកស្រី Nikki Haley ។ រូបភាព ៖ AFP
អតីតប្រធានាធិបតី Donald Trump និងលោកស្រី Nikki Haley ។ រូបភាព ៖ AFP
លោក ដូណាល់ ត្រាំ បានផ្ដួលគូប្រជែង Nikki Haley ដើម្បីឈរជើងកាន់តែមាំលើផ្លូវទៅប្រជែងការបោះឆ្នោតប្រធានាធិបតីខែវិច្ឆិកាក្នុងនាមតំណាងបក្សសាធារណរដ្ឋ។ លោក ត្រាំ ឈ្នះលោកស្រី Haley ដោយសំឡេងនៅការបោះឆ្នោតបឋមនៅរដ្ឋ New Hampshire។
 
នេះ​ជា​ជ័យ​ជម្នះ​លើក​ទី​២ ​សម្រាប់​លោក ដូណាល់ ត្រាំ បន្ទាប់​ពីទទួលបានការគាំទ្រយ៉ាងច្រើនលើសលប់​ក្នុង​ការ​បោះ​ឆ្នោត​បឋម​របស់​គណបក្ស​សាធារណរដ្ឋ​នៅ​រដ្ឋ Iowa។
 
ប្រព័ន្ធផ្សព្វផ្សាយសំខាន់ៗរបស់អាម៉េរិកដូចជា ទូរទស្សន៍ CNN ទីភ្នាក់ងារសារព័ត៌មាន AP និងកាសែត New York Times បានរាយការណ៍ពីលទ្ធផលនៃការរាប់សន្លឹកឆ្នោតជាង ៩០ភាគរយដោយបង្ហាញថាលោក Trump កំពុងនាំមុខគេដោយមានសំឡេងគាំទ្រប្រហែល៥៤,៦ភាគរយ បន្ទាប់មកលោកស្រី Nikki Haley ប្រហែលជា៤៣,១ភាគរយ។ 
 
ជ័យជម្នះរបស់លោក ត្រាំ ដែលមានអាយុ ៧៧ឆ្នាំនេះ មិនខុសអ្វីពីការព្យាកររបស់ Edison Research ដែលជាក្រុមហ៊ុនដែលធ្វើការស្ទង់មតិសាធារណៈ និងប្រមូលលទ្ធផលបោះឆ្នោតនៅអាម៉េរិកនោះទេ។
 
បន្ទាប់ពីរដ្ឋ New Hampshire គណបក្សសាធារណរដ្ឋនឹងរៀបចំការបោះឆ្នោតបឋមនៅរដ្ឋ Nevada នាថ្ងៃទី៨ ខែកុម្ភៈ និង South Carolina នៅថ្ងៃទី២៤ខែកុម្ភៈ។
 
ចំណែកខាងគណបក្សប្រជាធិបតេយ្យ កាលវិភាគសម្រាប់រៀបចំការបោះឆ្នោតជ្រើសរើសតំណាងរដ្ឋនីមួយៗ នឹងប្រព្រឹត្តទៅជាលើកដំបូងនៅក្នុងរដ្ឋដែលមានភាពចម្រុះផ្នែកវប្បធម៌ និងចំនួនប្រជាជន។ 
 
ការបោះឆ្នោតជ្រើសរើសប្រធានាធិបតីអាម៉េរិកនឹងប្រព្រឹត្តទៅនៅថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០២៤។ យោងតាមលទ្ធផលនៃការស្ទង់មតិកន្លងមកដែលធ្វើឡើងដោយ Bloomberg News និង Morning Consult កាលពីថ្ងៃទី១៩ ខែតុលាឆ្នាំ២០២៣ បង្ហាញថា លោក ត្រាំ បាននាំមុខប្រធានាធិបតីបច្ចុប្បន្នលោក ចូ បៃឌិន នៅក្នុងរដ្ឋសំខាន់ៗមួយចំនួន៕ 
 

Tag:
 បោះឆ្នោត
  អាម៉េរិក
  Trump
© រក្សាសិទ្ធិដោយ thmeythmey.com