ជាតិ
ទោះបីឈឺជើងលោក ប៊ូ សារឿន នៅតែទៅចូលរួមកម្មវិធី«សំណេរអង្គរ» 24, Jan 2024 , 7:07 pm
× លិខិតមិត្តអ្នកអាន ពីលោក ប៊ូ សារឿន អ្នកចូលរួមកម្មវិធី«សំណេរអង្គរ»
ដោយការពេញចិត្តចំពោះកម្មវិធីនេះ ក៏សរសេរអត្ថបទខ្លីនេះចែកបងប្អូនអានលេង និងទុកជាបទពិសោធន៍សម្រាប់ការប្រឡងលើកក្រោយ។
តស់! អាន
កំពុងតែជក់ចិត្តដិតអារម្មណ៍ជាប់នឹងសម្រស់ធម្មជាតិតាមដងផ្លូវឆ្ពោះទៅកាន់អង្គរវត្ត យើងក៏បានទៅដល់ប៉ុស្តិត្រួតពិនិត្យមួយដែលហាមឃាត់មិនឱ្យឡាន និងម៉ូតូ ចូលទៅបរិវេណមុខទីលានអង្គរ។ ទាំងខ្ញុំ ទាំងអ្នកផ្សេងៗទៀត បានធ្វើដំណើរដោយថ្មើរជើង ដើរដៅសំដៅទៅរកទីតាំងដែលបានកំណត់ នោះគឺស្ពានហាលមុខអង្គរវត្តដែលទើបស្តារ និងដាក់ឱ្យដំណើរការឡើងវិញនាពេលថ្មីៗនេះ។
ដោយមានឈើច្រត់ធ្វើពីឫស្សីព្រៃជួយទប់លំនឹងជើងខាងឆ្វេង ខ្ញុំបានឡើងដល់លើស្ពានហាលជាស្ថាពរ។ ពេលឡើងដល់ អ្វីដែលទាក់ទាញភ្នែកខ្ញុំដំបូង គឺការរៀបចំកៅអីដែលមានភ្ជាប់ធ្នាក់បន្ទះក្តារសម្រាប់ដាក់សៀវភៅ ឬក្រដាសសម្រាប់សរសេរ រាប់រយតម្រៀបគ្នាជាជួរៗយ៉ាងមានរបៀប។ នៅខាងមុខកៅអី មានផ្ទាំងប៉ាណូដ៏ធំមួយមានសរសេរអក្សរធំៗថា «សំណេរអង្គរ» និងអមដោយប្រយោគមួយល្បះគឺ «ព្រឹត្តិការណ៍សរសេរតាមអានថ្នាក់ជាតិលើកដំបូងនៅកម្ពុជា» រំលេច និងលម្អដោយស្លាកសញ្ញាសម្គាល់ក្រសួង ស្ថាប័នពាក់ព័ន្ធនានា រួមទាំងក្រុមហ៊ុនឯកជនដែលបានផ្តល់ការគាំទ្រដល់កម្មវិធីនេះ។
ប្រហែលដោយសារខ្ញុំមានវ័យចំណាស់ជាងគេបន្តិច អ្នករៀបចំបានសួរបញ្ចាក់ថា ខ្ញុំជាបេក្ខជន ឬជាក្រុមការងាររៀបចំ ឬមកពីក្រុមហ៊ុនឯកជនណាមួយ។ បន្ទាប់ពីដឹងថា ខ្ញុំជាបេក្ខជនមកប្រលង ក្មួយៗក៏ចង្អុលទៅកៅអីដែលដាក់តម្រៀបជាជួរៗស្រេច រួចប្រាប់ថា លោកអ៊ំអាចជ្រើសរើសដោយសេរី ចង់អង្គុយទីណាក៏បាន។
ប្រហែលធ្លាប់ជាអតីតអ្នកកាសែត ខ្ញុំក៏ជ្រើសរើសយកកន្លែងដែលនៅជិតឧបករណ៍បំពងសម្លេង ឬហៅតាមបែបអ្នកស្រុកថា មេក្រូ ដែលអាចឮច្បាស់ពេលអ្នករៀបចំប្រកាសកម្មវិធី ឬអានអត្ថបទសរសេរតាមអាន។
ពិតជាគួរឱ្យកោតសរសើរពេកក្រៃ ដែលបេក្ខជនភាគច្រើនលើសលប់បានមកដល់ទីតាំងប្រលងមុនម៉ោងកំណត់។ ពិតមែនតែព្រះអាទិត្យមិនទាន់រះមកលើដែនដីនៃខេត្តសៀមរាប តែកាំរស្មីបានជះពន្លឺពណ៌មាសព្រាងៗ ចាំងមកលើប្រាង្គប្រាសាទអង្គរវត្តដែលនៅក្រោយខ្នងបេក្ខជនទាំងអស់។ នៅទីនោះ វាយោបានបកមកត្រសៀកៗនាពេលព្រឹកព្រលឹម រួមនិងទឹកសន្សើមដិតដាមស្នាមជាប់នឹងកៅអីផងនោះ បានជះចំហាយត្រជាក់មកប៉ះសរពាង្គរាងកាយរបស់យើងទាំងអស់គ្នា។ សំណាងដែរ ខ្ញុំមានក្រមាខ្មែររុំក ដែលអាចផ្តល់ភាពកក់ក្តៅបានមួយកម្រិត។
អំឡុងពេលអង្គុយរង់ចាំ ខ្ញុំក៏នឹកឃើញដល់រឿងបុរាណចិនដែលមានបេក្ខជនមកពីតំបន់ឆ្ងាយៗ ស្ពាយបង្វិចមកប្រលងនៅរាជធានីឬនៅរាជវាំងដើម្បីធ្វើជាមន្ត្រី។ ពេលនឹកដល់រឿងនោះ ខ្ញុំក៏លួចអស់សំណើចក្នុងចិត្តម្នាក់ឯង។
ជាធម្មតាខ្ញុំតែងតែភ័យបុកពោះពេលម៉ោងប្រលងជិតមកដល់។ ប៉ុន្តែលើកនេះ បែរជាមានអារម្មណ៍រំភើប សប្បាយរីករាយទៅវិញ ពិសេសពេលដែលសម្លឹងមើលទៅខាងឆ្វេងដៃខ្ញុំ ដែលមានកូនស្រីទី២ និងស្វាមីរបស់គាត់ កូនស្រីទី១ និងក្មួយ កំពុងអង្គុយប្រលងដែរ។ ពេលនោះខ្ញុំក៏គិតក្នុងចិត្តថា វាជារឿងមិនធម្មតា ដែលឳពុកមកអង្គុយប្រលងជាមួយកូនៗ។
ដល់ម៉ោងប្រឡង ព្រះអាទិត្យក៏បានផ្តើមលូនឡើងសន្សឹមៗជះពន្លឺដ៏ស្រទន់មកលើប្រាសាទអង្គរវត្ត និងបេក្ខជនយើង។ ជារឿយៗ ខ្ញុំតែងតែក្រឡេកមើលទៅក្រោយ លួចគយគន់ពន្លឺព្រះអាទិត្យយ៉ាងជក់ចិត្ត ស្ទើរតែភ្លេចស្តាប់ការអានរបស់លោកជំទាវ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ដែលមានតួនាទីជាអ្នកអានសំណេរអត្ថបទសម្រាប់ប្រលងសរសេរតាមអាននេះ។
មុនចាប់ផ្តើមសរសេរតាមអាន លោកជំទាវ បានអានអត្ថបទដែលត្រូវប្រលងឱ្យស្តាប់មួយចប់សិន។ ពេលនោះហើយដែលធ្វើឱ្យខ្ញុំមានអារម្មណ៍ច្របូកប្របល់បន្តិចដោយមានសំណួរជាច្រើនបានចោទសួរខ្លួនឯងថា តើពាក្យនោះ មាន «រ» ឬអត់ «រ» ឧទាហរណ៍ អូរ ឬបឹងបួ ហើយថាតើពាក្យណាត្រូវប្រើយុគលពិន្ទុ (ៈ) ឬស្រះ«ះ» តួយ៉ាងដូចជា លក្ខណៈ និងរតនសម្បត្តិ ឬពាក្យណាមានសំយោគសញ្ញា ឬអត់មានសំយោគសញ្ញា ដូចជា បេតិកភណ្ឌ ជាដើម។ ពេលសរសេរ ខ្ញុំដឹងថាខ្ញុំសរសេរមិនត្រូវតាមក្បួនខ្នាតអក្សរសាស្ត្រខ្មែរទេ ដូចជា «ិ» សរសេរអត់ប្រហោង «ង» សរសេរអត់មានក្បាល និងគួចខាងលើ ហើយជើង «្ន» ខ្ញុំសរសេរអាចច្រឡំនឹងជើង «្ឋ» ឬជើង«្ច ្ជ ្ទ» ស្រដៀងគ្នា ។ល។
ពេលអាន យើងក៏ឮសម្លេងល្វើយៗជះត្រឡប់ ឬសម្លេងឡង ចេញមកពីប្រាសាទអង្គរវត្ត ហាក់បីដូចជាប្រាសាទនេះកំពុងតែនិយាយមករកបេក្ខជនយើង ដែលធ្វើឱ្យខ្ញុំកាន់តែរំភើបនិងរកអ្វីមកប្រៀបពុំបានឡើយ។
ពេលកំពុងសរសេរតាមអាន ខ្ញុំក៏បានសម្លឹងមើលតាមខឿនស្រះទឹកមុខប្រាសាទអង្គរវត្តដែរ ហើយបានឃើញបងប្អូនអង្គុយលើខឿននោះមានកាយវិការឱនងើបៗ ហាក់ដូចជាកំពុងកត់ត្រាអ្វីមួយ។ ពេលនោះ ខ្ញុំក៏បានសួរខ្លួនឯងថា តើពួកគាត់សរសេរតាមអានដូចខ្ញុំដែរឬយ៉ាងណា? ពិតដូចខ្ញុំបានគិតមែន តាមរយៈសារព័ត៌មាន និងបណ្តាញព័ត៌មានសង្គមដែលផ្សព្វផ្សាយក្រោយពេលប្រលង គឺពួកគាត់ពិតជាបានចូលរួមសរសេរតាមអានដូចពួកយើងដែរ ប៉ុន្តែសំណេររបស់ពួកគាត់មិនបានកែដោយលោកគ្រូនិងអ្នកគ្រូជាមេប្រយោគទេ។
វាមិនចម្លែកទេ ដែលឈ្មោះខ្ញុំមិនជាប់ក្នុងចំណោម ២០នាក់ ឬបេក្ខជនចាស់ជាងគេ ឬបេក្ខជនដែលអក្សរស្អាតជាងគេ ព្រោះខ្ញុំជាបេក្ខជនចាស់ជាងគេទី៣បន្ទាប់ពីបងស្រីដែលមានអាយុ ៦៧ឆ្នាំ ជាអ្នកគ្រូ និងបងប្រុស អាយុ៦៤ឆ្នាំ ស្កាត់មកពីបាត់ដំបងដែលភរិយាគាត់វេចបាយឱ្យមកប្រលង និងបានដាក់អង្រឹងមកដេកក្បែរអង្គរវត្ត ប៉ុន្តែមិនត្រូវបានអនុញ្ញាត។ ខ្ញុំសរសេរអក្សរមិនស្អាតហើយខ្វៀកទៀត ហើយក៏ដឹងខ្លួនឯងថាមានកំហុសអក្ខរាវិរុទ្ធបន្តិចបន្តួចដែរ។
ចេញពីបេះដូងដោយស្មោះ ខ្ញុំពិតជាចូលរួមអបអរសាទរប្អូនៗ ក្មួយៗដែលទទួលបានជ័យលាភី និងទទួលបានរង្វាន់លើកទឹកចិត្ត ឬលួងចិត្ត ហើយក៏សូមអរគុណបេក្ខជនទាំងអស់ដែលបានចំណាយទាំងពេលវេលាដ៏មានតម្លៃ ទាំងថវិកាផ្ទាល់ខ្លួនមកចូលរួមក្នុងកម្មវិធីនេះ។ ជាមួយគ្នានេះដែរ ខ្ញុំក៏សូមថ្លែងអំណរគុណជាអនេកដល់អ្នករៀបចំកម្មវិធី និងអ្នកគាំទ្រទាំងអស់ដែលបានធ្វើឱ្យកម្មវិធីដំបូងនេះកើតមានឡើង ហើយខ្ញុំសង្ឃឹមថា យើងនឹងអាចរៀបចំកម្មវិធីប្រលងសរសេរតាមអានបែបនេះជារៀងរាល់ឆ្នាំ និងអាចក្លាយជាទិវាជាតិសរសេរតាមអានមួយ ដូចប្រទេសមួយចំនួនក្នុងពិភពលោក ដើម្បីជួយថែរក្សាអភិរក្សអក្សរសាស្ត្រខ្មែរដែលជាអត្តសញ្ញាណរបស់ជាតិយើង៕
រួមគ្នាថែក្សាអក្សរសាស្ត្រជាតិ និងផ្តើមសរសេរអក្ខរាវិរុទ្ធឱ្យបានត្រឹមត្រូវ!
© រក្សាសិទ្ធិដោយ thmeythmey.com