ជាតិ
ពីនេះ ពីនោះ
ព័ត៍មានសុខភាព
សុខភាព
ឆាប់កែទម្លាប់ចេញ ! តម្រងនោមនឹងមានបញ្ហាមិនខាន បើបន្តទម្លាប់ទាំងនេះ
26, Jan 2024 , 6:59 am        
រូបភាព
តម្រងនោម​ដើរតួ​នាទី​យ៉ាង​សំខាន់​នៅ​ក្នុង​ការ​រក្សា​សុខភាព​រាង​កាយ​ល្អ​ប្រសើរ​។ វា​ជួយ​ផលិត​កោសិកា​គ្រាប់​ឈាមក្រហម​, គ្រប់គ្រង​កម្រិត​នៃ​សម្ពាធ​ឈាម​, បន្សាប​ជាតិពុល​សរីរាង្គ​ខាងក្នុង​, បញ្ចេញ​ជាតិ​ទឹក ឬ​សារធាតុ​រាវ​ដែល​លើស​, បញ្ចេញ​កាក​សំណល់​តាម​រយៈ​ទឹកនោម​, ច្រោះ​ឈាម​, ផលិត​អ័រម៉ូន និង​គ្រប់គ្រង​កម្រិត​នៃ​ជាតិ​រ៉ែ​ចាំបាច់​ទាំងអស់​ក្នុង​ឈាម​។ ទម្លាប់​មួយ​ចំនួន​អាច​ជះ​ផល​ប៉ះពាល់​គួរ​ឱ្យ​ព្រួយបារម្ភ​ចំពោះ​សុខភាព​តម្រងនោម​ដែល​យក​ល្អ​អ្នក​ចាំបាច់​ត្រូវ​ផ្លាស់​ប្ដូរ​ចេញ​។​ថា​តើ​ទម្លាប់​ទាំងនោះ​មាន​អ្វី​ខ្លះទៅ? ថ្ងៃនេះយើងនឹង​បង្ហាញ​ឱ្យ​ដឹង​ពី​ទម្លាប់​ដែល​បង្កើន​ហានិភ័យ​នៃ​បញ្ហា​តម្រងនោម ៖
 
១. ការ​ជក់បារី
 
ទម្លាប់​នេះ​មិន​ត្រឹមតែ​បង្ក​បញ្ហា​ដល់​តម្រងនោម​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ចំពោះ​រាង​កាយ​ទាំងមូល​តែ​ម្ដង​! នេះ​ក៏​ព្រោះតែ​ការ​ជក់បារី​អាច​បង្ក​ជំងឺ​លើស​សម្ពាធ​ឈាម​ដែល​បណ្ដាល​អោយ​មានការ​កាត់​បន្ថយ​លំហូរ​ឈាម​ទៅ​កាន់​តម្រងនោម​។
 
២. ទទួលទាន​គ្រឿង​ស្រវឹង​លើស​កម្រិត
 
ប្រសិនបើ​អ្នក​ឧស្សាហ៍​ទទួលទាន​គ្រឿង​ស្រវឹង​ច្រើន​លើស​ពី ១ កែវ​ក្នុង​មួយ​ថ្ងៃ​សម្រាប់​នារី និង ២ កែវ​ក្នុង​មួយ​ថ្ងៃ​សម្រាប់​បុរស​នោះ អ្នក​ប្រាកដជា​ត្រូវ​ប្រឈម​មុខ​នឹង​ហានិភ័យ​នៃ​បញ្ហា​តម្រងនោម​មិន​ខាន​ឡើយ​។
 
៣. ទទួលទាន​របប​អាហារ​មាន​ផ្ទុក​ប្រូតេអ៊ីន​ខ្ពស់
 
រាង​កាយ​ត្រូវការ​ប្រូតេអ៊ីន ប៉ុន្តែ​មិនមែន​ច្រើន​ពេក​ឡើយ ក៏​ព្រោះ​វា​អាច​បង្កើន​ហានិភ័យ​នៃ​ជំងឺ​តម្រងនោម​។ ហើយ​ការ​ទទួលទាន​ជាតិ​ប្រ​តេ​អ៊ី​ន​ចេញពី​សាច់សត្វ​ច្រើន​ពេក​បង្កើត​ជាតិ​អាស៊ីត​ក្នុង​ឈាម​ដែល​បណ្ដាល​ឱ្យ​កើត​ជំងឺ acidosis ស្ថានភាព​មួយ​ដែល​តម្រងនោម​របស់​អ្នក​មិន​អាច​រក្សា​កម្រិត pH ក្នុង​រាង​កាយ​ឱ្យ​មាន​តុល្យភាព​បាន​។ យូរ​ទៅ​បញ្ហា​នេះ​បង្ក​ជា​បញ្ហា​សុខភាព​ធ្ងន់ធ្ងរ​ផ្សេង​ទៀត​ដូច​ជា បញ្ហា​ប្រព័ន្ធ​រំលាយ​អាហារ និង​ជំងឺ​តម្រងនោម​រ៉ាំរ៉ៃ​។
 
៤. ការ​ប្រើប្រាស់​ថ្នាំ​បំបាត់​ការ​ឈឺចាប់​ក្នុង​រយៈពេល​យូរ
 
ទម្លាប់​នៃ​ការ​ទទួលទាន​ថ្នាំ​បំបាត់​ការ​ឈឺចាប់​សឹងតែ​ជា​ប្រចាំ គឺ​មិនល្អ​សោះឡើយ​ចំពោះ​តម្រងនោម​។ ហើយ​អ្នក​ក៏​មិន​គួរ​ទទួលទាន​ថ្នាំ​បំបាត់​ការ​ឈឺចាប់ ដើម្បី​បំបាត់​ការ​ឈឺចាប់​តិចតួច​ឡើយ​។ ការ​ទទួលទាន​ថ្នាំ​នេះ​ជា​ប្រចាំ​អាច​បណ្ដាល​ឱ្យ​ខូច​តម្រងនោម​ធ្ងន់ធ្ងរ ហើយ​វា​ក៏​បង្ក​ផល​ប៉ះពាល់​គួរ​ឱ្យ​ព្រួយបារម្ភ​លើ​មុខងារ​នៃ​តម្រងនោម​ផង​ដែរ​។
 
៥. ការ​ទទួលទាន​កាហ្វេ​ច្រើន​ពេក
 
ការ​ទទួលទាន​ភេសជ្ជៈ​មាន​ផ្ទុក​ជាតិ​កាហ្វេ​អ៊ី​ន​ច្រើន​ផ្សារ​ភ្ជាប់​នឹង​ហានិភ័យ​ខ្ពស់​នៃ​បញ្ហា​ក្រួស​ក្នុង​តម្រងនោម​។
 
៦. ទទួលទាន​អាហារ​ប្រៃ​ច្រើន​ពេក
 
ការ​ទទួលទាន​អាហារ​ប្រៃ​ច្រើន​ពេក​ជា​ប្រចាំ គឺ​មិនល្អ​សោះឡើយ​ចំពោះ​តម្រងនោម ក៏​ដូច​ជា​សុខភាព​រាង​កាយ​ទាំងមូល​។ ការ​ទទួលទាន​អាហារ​ជាតិ​អំបិល​ច្រើន​នឹង​ធ្វើ​ឱ្យ​តម្រងនោម​ទទួល​បន្ទុក​លើស​កម្រិត​។ មិនយូរ​ប៉ុន្មាន​តម្រងនោម​ចាប់ផ្ដើម​ចុះ​ខ្សោយ​ប៉ះពាល់​សមត្ថភាព​មុខងារ ហើយ​បង្កើន​ការ​ស្ដុក​ទុក​សារធាតុ​រាវ​។
 
៧. ការ​ទប់​នោម​យូរ
 
ការ​ទប់​នោម​យូរ គឺជា​មូលហេតុ​ចម្បង​នៃ​បញ្ហា​តម្រងនោម​។ ប្រសិនបើ​អ្នក​ឧស្សាហ៍​ទប់​នោម នោះ​ទឹកនោម​នឹង​ត្រូវ​ស្ថិត​នៅ​ក្នុង​ផ្លោ​ក​នោម​យូរ ហើយ​បាក់តេរី​ចាប់ផ្ដើម​លូតលាស់​កាន់តែ​លឿន​។ នៅ​ទីបំផុត​វា​អាច​បណ្ដាល​ឱ្យ​កើត​មាន​ផលវិបាក​ធ្ងន់ធ្ងរ​មួយ​ចំនួន​ដូច​ជា ការ​ឆ្លង​មេរោគ​ក្នុង​តំរងនោម និង​អាកា​រៈ​នោម​ទាស់​។
 
៨. ការ​ទទួលទាន​ទឹកបាន​តិច
 
តម្រងនោម ក៏​ដូច​ទៅ​នឹង​ផ្នែក​ផ្សេង​ទៀត​នៃ​រាង​កាយ​ផង​ដែរ គឺ​ត្រូវការ​ជាតិ​ទឹក​គ្រប់គ្រាន់​ដើម្បី​រក្សា​បាន​នូវ​សុខភាព​ល្អ​ប្រសើរ និង​ដំណើរការ​មុខងារ​ត្រឹមត្រូវ​។ កង្វះ​ជាតិ​ទឹក​អាច​នាំ​អោយ​មាន​លំហូរ​ឈាម​តិច​ទៅ​តម្រងនោម​។ ជា​លទ្ធផល​ឈាម​នឹង​ប្រែជា​ខាប់​បង្ក​ផល​ប៉ះពាល់​ដល់​សមត្ថភាព​នៃ​តម្រងនោម​ក្នុង​ការ​កម្ចាត់​ជាតិពុល​ចេញពី​រាង​កាយ​។ ថា​តើ​អ្នក​អាច​ដឹង​បាន​ថា​ខ្លួនឯង​ទទួលទាន​ទឹកបាន​គ្រប់គ្រាន់​ឬ​នៅ​បែប​ណា​ទៅ0x017d7 ងាយ​ណាស់ ប្រសិនបើ​អ្នក​ទទួលទាន​ទឹកបាន​គ្រប់គ្រាន់​នោះ​ទឹកនោម​របស់​អ្នក​នឹង​មាន​ពណ៌​លឿង​ស្រាល ហើយ​ទឹកនោម​ដែល​មាន​ពណ៌​ដិត​ណាមួយ​នោះ​អាច​ជា​រោគ​សញ្ញា​នៃ​បញ្ហា​ខូច​តម្រងនោម​។
 
៩. ការ​ទទួលទាន​អាហារ​មាន​ផ្ទុក​សម្បូរ​ទៅ​ដោយសារ​ធាតុ Oxalate ច្រើន
 
Oxalate ជា​សារធាតុ​ដែល​មាន​សមត្ថ​ភាពរលាយ​ចូល ឬ​ភ្ជាប់​គ្នា​ខ្លាំង​។ ក្រួស​ក្នុង​តម្រងនោម​ភាគច្រើន​មាន​ផ្ទុក​សារធាតុ​កាល់ស្យូម Oxalate​។ ការ​កាត់​បន្ថយ​ការ​ទទួលទាន​អាហារ​មាន​ផ្ទុក​សារធាតុ Oxalate រួម​មាន​សូកូឡា មើម​ឆៃថាវ មើមត្រាវ និង​ផលិតផល​សណ្តែក​ជាដើម គឺជា​វិធី​ដ៏​ងាយ​បំផុត​មួយ​ដើម្បី​ជៀស​ផុត​ពី​បញ្ហា​នៃ​ជំងឺ​ក្រួស​ក្នុង​តម្រងនោម​។ អ្នក​មិន​ចាំបាច់​ត្រូវ​ឈប់​ទទួលទាន​អាហារ​មាន​ផ្ទុក​សារធាតុ Oxalate ទាំងស្រុង​តែ​ម្ដង​ឡើយ គ្រាន់តែ​ទទួលទាន​វា​ក្នុង​កម្រិត​មធ្យម​៕

ត្រួតពិនិត្យដោយ៖ www.health.com.kh

© រក្សាសិទ្ធិដោយ thmeythmey.com