ជាតិ
សង្គមជាតិ
ក្រសួង អំពាវនាវឱ្យប្រធានមណ្ឌលថែទាំកុមារ ទៅចុះបញ្ជីទទួលស្គាល់ជាផ្លូវការ
25, Jan 2024 , 2:22 pm        
រូបភាព
កុមារដែលទទួលបានការថែទាំពីមណ្ឌល។ រូបពី ក្រសួងសង្គមកិច្ច
កុមារដែលទទួលបានការថែទាំពីមណ្ឌល។ រូបពី ក្រសួងសង្គមកិច្ច
ភ្នំពេញ៖ លោក ជា សុមេធី រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច​ អតីតយុទ្ធជន និងយុវនីតិសម្បទា បានណែនាំឱ្យប្រធានសមាគម និងអង្គការមិនមែនរដ្ឋាភិបាល ដែលមានមណ្ឌលថែទាំកុមារនៅទូទាំងប្រទេស ត្រូវដាក់ពាក្យសុំការទទួលស្គាល់ជាផ្លូវការ។ នេះបើតាមលិខិតជូនដំណឹងទៅបណ្ដាសមាគម ចេញថ្ងៃទី២២ មករា។
 
ក្រសួងសង្គមកិច្ច ពិនិត្យឃើញថា សមាគម និងអង្គការមិនមែនរដ្ឋាភិបាលមួយចំនួន រួមទាំងផ្នែកសាសនាផង ដែលកំពុងផ្ដល់សេវាថែទាំកុមារ នៅមិនទាន់បំពេញលក្ខ​ខណ្ឌស្នើសុំទទួលស្គាល់ជាផ្លូវការពីក្រសួងទេ។ ហេតុដូច្នេះ រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អំពាវនាវឱ្យមណ្ឌលថែទាំកុមារទាំងអស់ ចុះបញ្ជីឱ្យបានត្រឹមត្រូវ ក្នុងគោលបំណងពង្រឹងគុណភាព និងប្រសិទ្ធភាពនៃការគ្រប់គ្រងមណ្ឌល។ ការតម្រូវឱ្យចុះបញ្ជីទទួលស្គាល់នៅក្រសួងបែបនេះ ដើម្បីឱ្យកុមារទទួលបានការការពារ និងឧត្តមប្រយោជន៍ពេញលេញ។ 
 
លោក តូច ចាន់នី អ្នកនាំពាក្យសង្គមកិច្ច ប្រាប់សារព័ត៌មានថ្មីៗតាមប្រព័ន្ធតេឡេក្រាមនៅថ្ងៃទី២៥ មករាថា ការចុះបញ្ជីនេះ ក៏ជាផ្នែកមួយក្នុងការតម្រង់ទិស សមាគមនិងអង្គការមិនមែនរដ្ឋាភិបាល ឱ្យស្របតាមស្ដង់ដា ជាពិសេសក្រសួងក៏ងាយស្រួលចុះទៅពិនិត្យ តាមដាន រួមទាំងវាយតម្លៃផងដែរ។ បើតាមលោក ចាន់នី បើតាមលោក តូច ចាន់នី សព្វថ្ងៃននេះ កម្ពុជាមានមណ្ឌលថែទាំកុមារជាង១៨០មណ្ឌល ក្នុងនោះ មាន១៦០មណ្ឌលជារបស់សមាគម ឬអង្គការមិនមែនរដ្ឋាភិបាល ហើយភាគច្រើនមិនទាន់បានស្នើសុំការទទួលស្គាលពីក្រសួងដែរ។ ចំណែក ជាង២០មណ្ឌលទៀត គឺជារបស់រដ្ឋ។
 
បើតាមមាត្រា១៦ នៃអនុក្រឹត្យលេខ១១៩ បានចែងថា រូបវន្តបុគ្គល ឬនីតិបុគ្គលដែលបង្កើត ឬដំណើរការគ្រប់គ្រងមណ្ឌលថែទាំកុមារ ដែលគ្មានការអនុញ្ញាតពីក្រសួងសង្គមកិច្ច ត្រូវចាត់ទុកជាមណ្ឌលថែទាំកុមារលួចលាក់ និងត្រូវទទួលទោសតាមច្បាប់ជាធរមាន៕

Tag:
 មណ្ឌលថែទាំកុមារ
© រក្សាសិទ្ធិដោយ thmeythmey.com