ជាតិ
បទសម្ភាសន៍
វីដេអូ
ទូតខ្មែរនៅបារាំង ​ផ្សព្វផ្សាយសក្តានុពល​ទេសចរណ៍​​កម្ពុជា ដល់អ្នកកាសែតនិងក្រុមហ៊ុនទេស​ចរណ៍​​បារាំង ​
25, Jan 2024 , 3:59 pm        
រូបភាព
ភ្នំពេញ៖  ស្ថានទូតកម្ពុជា ប្រចាំប្រទេសបារាំង បានរៀបចំជំនួបជាមួយអ្នកសារព័ត៌មានបារាំងល្បីៗ​ និងប្រតិបត្តិករទេសចរណ៍បារាំង ដើម្បីផ្សព្វផ្សាយពីសក្តានុពលទេសចរណ៍កម្ពុជា។ លោក លុយ ដាវីត ឯក​អគ្គរាជទូតកម្ពុជាប្រចាំប្រទេសបារាំង បានប្រាប់សារព័ត៌មានសារព័ត៌មានថ្មីៗតាមប្រព័ន្ធ​​តេឡេក្រាមថា គោលបំណងនៃជំនួបនេះ គឺដើម្បីផ្តល់ជូនព័ត៌មានទាក់ទងនឹង​សក្តានុពលវិស័យទេសចរណ៍ និងព័ត៌មានពិតផ្សេងៗអំពីកម្ពុជា ទៅកាន់សាធារណជនបារាំង និងនៅប៉ែកអឺរ៉ុប។ តាមរយៈជំនួបនេះ និងកិច្ចខិតខំប្រឹងប្រែងកន្លងមករបស់​កម្ពុជា ​លោក លុយ ដាវីត មានសុទិដ្ឋិនិយម​ថា ​នឹងជួយជំរុញកំណើនអ្នកទេសចរបារាំង និងពីតំបន់អឺរ៉ុប មកកាន់កម្ពុជាកាន់តែច្រើន ​ក្នុងឆ្នាំ២០២៤នេះ។
 
ដើម្បីជ្រាបច្បាស់សូមអញ្ជើញលោកអ្នកនាង តាមដានកិច្ចសម្ភាស រវាង កញ្ញា ខន ចំប៉ា អ្នកសារព័ត៌មានឌីជីថលថ្មីៗ និងលោក លុយ ដាវីត ឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសបារាំង​ដូចតទៅ៖
 
ខន ចំប៉ា៖ ស្ថានទូតកម្ពុជាប្រចាំប្រទេសបារាំង បាន​រៀបចំជំនួបជាមួយអ្នកសារព័ត៌មាន និងក្រុមហ៊ុនទេសចរណ៍បារាំង នៅថ្ងៃទី២៤ ខែមករានេះ។ ជំនួបកើតឡើង​​តែប៉ុន្មានថ្ងៃប៉ុណ្ណោះ បន្ទាប់ពីសម្តេច​ ហ៊ុន ម៉ាណែត ​បញ្ចប់ទស្សនកិច្ចផ្លូវការនៅប្រទេសបារាំង។ លោក លុយ ដាវីត តើអ្វីទៅជាគោលបំណងសំខាន់ៗ នៃ​ជំនួប​នេះ?
 
លោក លុយ ដាវីត៖ ថ្ងៃទី២៤ ខែមករា​ ស្ថានទូតខ្មែរយើងបានរៀបចំកម្មវិធីជួបជុំជាមួយអ្នកសារព័ត៌មានបារាំង ហើយក៏មានការចូលរួមពីក្រុមហ៊ុនទេសចរណ៍បារាំងផងដែរ។ គោលបំ​ណងនៃជំនួបជាមួយអ្នកសារព័ត៌មានបារាំងនាពេលនេះ គឺស្ថិតក្រោមក្របខណ្ឌយុទ្ធនា​​ការជំរុញទេសចរណ៍  ក្រោមប្រធានបទ«គោលដៅទេសចរណ៍កម្ពុជា ឆ្នាំ២០២៤»(Destination Cambodge 2024)។ កម្ពុជា មានអ្វីៗលើសពីប្រាសាទអង្គរវត្ត។ យើងមានម្ហូបអាហារដែលមានរសជាតិឆ្ងាញ់ ​មានសិល្បៈបុរាណ និងសម័យសម្បូរបែប ​ប្រជាជនយើងរួសរាយរាក់​ទាក់ ដែលបរទេសភាគច្រើនដាក់រហស្សនាមកម្ពុជាថា ជាទឹកដីនៃស្នាមញញឹម។ 
 
និយាយ​រួម គឺផ្សព្វផ្សាយទាក់ទាញទេសចរមកកាន់កម្ពុជាសម្រាប់ឆ្នាំ២០២៤នេះ។ តាមការពិតទៅ គំនិតដែលចង់ឱ្យមានការៀបចំជួបជុំជាមួយនឹងអ្នកកាសែតនេះ យើងមានយូរមកហើយ។ ​នៅពេលដែល​ខ្ញុំត្រូវបានតែងតាំងជាឯកអគ្គរាជទូតកម្ពុជាប្រចាំនៅប្រទេសបារាំងនេះ ពេល​​​នោះ លោក Jacques Guichandu ជនជាតិបារាំង គាត់ធ្វើការក្នុងវិស័យទេសចរណ៍យូរឆ្នាំមកហើយ។ គាត់មានក្រុមហ៊ុនទេសចរណ៍នៅស្រុកខ្មែរយើង។ ហើយគាត់ក៏ជាទីប្រឹក្សាក្រសួងទេសចរណ៍ប្រចាំនៅស្រុកបារាំងនេះ គាត់ជួយការងារប្រូម៉ូតទេស​ចរណ៍កម្ពុជា នៅស្រុកបារាំងនោះ។ ពេលនោះគាត់ជួបខ្ញុំ លើកឡើងនូវគំនិតចង់ឱ្យរៀបចំការផ្សព្វ​ផ្សាយទេសចរណ៍នៅបារាំង ក៏ដូចជានៅអឺរ៉ុប។ គាត់ស្នើសុំឱ្យមានកិច្ចសហការពីស្ថានទូតយើង។ ខ្ញុំក៏គាំទ្រគំនិតផ្តួចផ្តើមនេះដែរ ខ្ញុំត្រៀមខ្លួនរួចជាស្រេចក្នុងការធ្វើកិច្ចការនេះ ធ្វើយ៉ាងម៉េចឱ្យគាត់អាចអញ្ជើញអ្នកកាសែតមក ដើម្បីស្តាប់ព័ត៌មានទាក់ទងនឹងសក្តានុពលផ្នែកទេសចរណ៍ ក៏ដូចជាព័ត៌មានផ្សេងៗទាក់ទងនឹងប្រទេសកម្ពុជាយើង ដើម្បីឱ្យគេដឹងការពិត ថាប្រទេសកម្ពុជាយើងយ៉ាងម៉េច។ ព្រោះកន្លងទៅ យើងដឹងហើយថា នៅក្នុងសារព័ត៌មានរបស់ប្រទេសអឺរ៉ុប គឺគេមិនសូវសរសេរល្អប៉ុន្មានទេ ទាក់ទងនឹងប្រទេសកម្ពុជា។ គេសរសេរអវិជ្ជមានច្រើន ដោយអ្នកកាសែតគាត់អត់បានស្គាល់ប្រទេសយើង គាត់អត់ដែលទៅ។ អ៊ីចឹងគាត់សរសេរមិនសូវបានឆ្លុះបញ្ចាំងការពិត។ 
 

 
យើងទទួលស្គាល់ដែរ ថាធ្វើការងារ​ច្រើនណាស់។ នៅស្រុកខ្មែរយើងធ្វើការច្រើន ប៉ុន្តែយើងខ្វះការផ្សព្វផ្សាយ។ នៅពេលដែលខ្ញុំមកភ្លាមខ្ញុំគ្រោងធ្វើដែរ ប៉ុន្តែដោយសារយើងជាប់កម្មវិធីមមាញឹកច្រើន​។ យើង​រវល់រៀបចំព្រះរាជទស្សនកិច្ចផ្លូវការរបស់ព្រះករុណា ព្រះមហាក្សត្រ យាងមកស្រុកបារាំង ហើយក្រោយមកក៏មានការរៀបចំដំណើរទស្សនកិច្ចផ្លូវការរបស់សម្តេច នាយករដ្ឋមន្ត្រីមកស្រុកបារាំង ក៏យើងអត់បានរៀបចំទេ។ ទើបតែទស្សនកិច្ចបញ្ចប់ទៅជោគជ័យហើយ ទើបយើងមានពេលរៀបចំជួបជាមួយអ្នកកាសែតនេះ។ 
ខន ចំប៉ា៖ តើមានគោលដៅទេសចរណ៍​សក្តានុពលរបស់កម្ពុជាណាខ្លះ ដែលយើងនឹងលើកឡើងទៅកាន់អ្នកសារព័ត៌មានបារាំង? 
 
លោក លុយ ដាវីត៖ កម្មវិធីនេះ ខ្ញុំនឹងធ្វើសុន្ទរកថាខ្លីមួយ ស្វាគមន៍អ្នកកាសែត ក៏ដូចជាក្រុមហ៊ុនទេស​ចរណ៍​​។ ខ្ញុំនឹងជម្រាបជូនអំពីប្រទេសកម្ពុជា ទំនាក់ទំនងរវាងកម្ពុជានិងបារាំង ក៏ដូចជាលទ្ធផលនៃដំណើរទស្សនកិច្ចផ្លូវការរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា មកកាន់ប្រ​ទេស​បារាំងដែលទើបបញ្ចប់ថ្មីៗនេះ។ បន្ទាប់មកនឹងមានការធ្វើបទបង្ហាញសក្តានុពលរដ្ឋទេសចរណ៍ ហើយនឹងការបើកឱ្យមានការសួរសំណួរ ទាក់ទងនឹងវិស័យទេសចរណ៍ ទាក់​ទង​នឹងការវិនិយោគនៅស្រុកខ្មែរ។ ទាក់ទងនឹងសក្តានុពលវិស័យទេសចរណ៍ យើងដឹង​ហើយថាក្រៅពីប្រាង្គប្រាសាទអង្គរវត្ត និងប្រាសាទនានាដែលយើងមាន យើងក៏មានឆ្នេរសមុទ្រដ៏ស្អាតដែរមានអេកូទេសចរណ៍ មានទេសភាពនៅមណ្ឌលគិរី មានទេសភាពនៅរតនគិរី។ ជារួមទេសចរណ៍មានបែបផែនផ្សេងៗគ្នានៅគ្រប់ខេត្តទាំងអស់។ យើងមានកន្លែងទាក់ទាញទេសចរ យើងនឹងធ្វើបទបង្ហាញដល់ភ្ញៀវដែលអញ្ជើញចូលរួម។  
 

 
ខន ចំប៉ា៖ ​តើវេទិកានេះ នឹងរួមចំណែកសំខាន់ប៉ុនណា ក្នុងការបង្ហាញពីសក្តានុពលនៃវិស័យទេសចរណ៍របស់កម្ពុជា?
 
លោក លុយ ដាវីត៖ វេទិកានេះ ពិតជាមានសារៈសំខាន់សម្រាប់ការបង្ហាញពីសក្តានុពលនៃវិស័យទេសចរណ៍របស់កម្ពុជា ដោយហេតុថា អ្នកចូលរួមនៅថ្ងៃនេះ ភាគច្រើនគឺជាអ្នកកាសែតល្បីៗរបស់បារាំង ដែលពួកគេអាចនាំសារប្រកបដោយប្រសិទ្ធភាព ថាកម្ពុជា​យើងជាប្រទេសដែលស្រស់ស្អាត ទាំងតំបន់ទេសចរណ៍វប្បធម៌ដ៏ល្អប្រណីត និងតំបន់អេកូទេសចរណ៍នៃតំបន់ឆ្នេរ។ ប្រទេសកម្ពុជាក៏បានត្រៀមលក្ខណៈផងដែរ ក្នុងការស្រូបយកនូវលំហូរនៃទេសចរបរទេស។ យើងឃើញថា ព្រលានយន្តហោះនៅសៀមរាប ក៏យើង​សាងសង់ថ្មី។ ផ្លូវនៅសៀមរាប ក៏បានរៀបចំបានល្អហើយ។ ព្រលានយន្តហោះនៅភ្នំពេញ ក៏កំពុងសាងសង់ថ្មីដែរ។ យើងក៏មានផ្លូវល្បឿនលឿន ពីភ្នំពេញទៅក្រុងព្រះសីហនុ ដើម្បីផ្តល់ភាពងាយស្រួលដល់ការធ្វើដំណើរ សម្រាប់អ្នកទេសចរក្នុងស្រុក ក៏ដូចជាទេសចរអន្តរជាតិ។
 
ខន ចំប៉ា៖ យោងតាមស្ថិតិរបស់ក្រសួងទេសចរណ៍ ក្នុងឆ្នាំ២០២៣ កម្ពុជាបានស្វាគមន៍ទេសចរបារាំងប្រមាណ​១០ម៉ឺននាក់ប៉ុណ្ណោះ​។ តើ​លោក លុយ ដាវីដ មានសុទិដ្ឋិនិ​យម​ដូចម្តេចខ្លះ ចំពោះកំណើនទេសចរបារាំង មកកម្សាន្តនៅកម្ពុជាក្នុងឆ្នាំ២០២៤ ​?
 
លោក លុយ ដាវីត៖ ជំងឺកូវីដ-១៩ បានធ្វើឱ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរទៅលើគ្រប់វិស័យទាំងអស់ ពិសេសវិស័យទេសចរណ៍។ បន្ទាប់ពីងើបវិបត្តិកូវីដ-១៩ ប្រទេសនីមួយៗបានខិតខំរៀងៗខ្លួន ដើម្បីស្រូបទាញអ្នកទេសចរ ហើយកម្ពុជា ក៏យើងខិតខំទាក់ទាញយកទេសចរដែរ ជាពិសេសក្នុងឆ្នាំ២០២៤នេះ។ ពិតណាស់ការផ្សព្វផ្សាយ និងជំរុញកំណើនទេសចរ​  គឺ​ជាភារកិច្ចរបស់ភាគីពាក់ព័ន្ធទាំងអស់នៅក្នុង​វិស័យនេះ ទាំងក្រសួងទេសចរណ៍ បណ្តាស្ថានទូត ប្រតិបត្តិករទេសចរណ៍ទាំងនៅ​ប្រទេសកម្ពុជា និងនៅបារាំង ជាពិសេសបងប្អូនពលរដ្ឋខ្មែរដែលផ្តល់សេវាកម្មនេះដោយផ្ទាល់ រួមមានសណ្ឋាគារ ភោជនីយដ្ឋាន មគ្គុទ្ទេសចរ អ្នកលក់វត្ថុអនុស្សាវរីយ៍​ជាដើម។ 
 
ទន្ទឹមនឹងនេះ យើងមើលឃើញថា ​បងប្អូនពលរដ្ឋខ្មែរនៅបារាំង និងនៅប្រទេសផ្សេង២ ក៏អាចចូលរួមផ្សព្វផ្សាយព័ត៌មានល្អៗពីកម្ពុជា ទៅកាន់មិត្តភក្តិបារាំង និងមិត្តភក្កិបរទេស ឱ្យទៅកម្សាន្តនៅកម្ពុជាដែរ តាមរយៈការជួយបង្ហោះរូបភាពនៅតំបន់ទេសចរណ៍ស្អាតៗ ការណែនាំមុខម្ហូបខ្មែរ និងវប្បធម៌ខ្មែរជាដើម។ 
 

 
ដោយឡែក ក្នុងនាមខ្ញុំជាឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសបារាំង ខ្ញុំនឹងរៀបចំក៏ដូចជាចូលរួមក្នុងកម្មវិធីនានា ដើម្បីផ្សព្វផ្សាយទេសចរណ៍ វប្បធម៌-សិល្បៈ និងមុខម្ហូបខ្មែរ ឱ្យបាន កាន់តែសកម្ម។ ហើយខ្ញុំមានសុទិដ្ឋិនិយម ថាយើងអាចទាក់ទាញទេសចរបារាំង និងពីប៉ែកអឺរ៉ុបបានច្រើន។ ខ្ញុំមានជំនឿបែបនេះ ប្រសិនបើភាគីពាក់ព័ន្ធទាំងអស់ មានគោលដៅរួមមួយ គឺធ្វើយ៉ាងណាឱ្យភ្ញៀវទេសចរបរទេសមកកម្សាន្តនៅកម្ពុជា​ម្តងហើយ ម្តងទៀត ឬ​យ៉ាងហោចណាស់ទេសចរទាំងនោះ ចែករំលែកបទពិសោធន៍ល្អៗ ក្នុងអំឡុង​ពេលពួកគេស្នាក់នៅ និងដើរលេងនៅកម្ពុជា។
 
ខន ចំប៉ា៖ តើកន្លងមក ស្ថានទូតកម្ពុជានៅប្រទេសបារាំង មានរៀបចំសកម្មភាពផ្សព្វផ្សា​យ​​អំពីកម្ពុជា តាមរយៈរូបភាពបែបណាខ្លះ? 
 
លោក លុយ ដាវីត៖ កន្លងទៅស្ថានទូតកម្ពុជានៅទីក្រុងប៉ារីសនេះ ក៏បានផ្សព្វផ្សាយច្រើនដែរ ជាពិសេសផ្សព្វ​ផ្សាយ​មុខម្ហូបខ្មែរយើងដែលមានភាពសម្បូរបែប​ និងប្រណិតភាព​។ ​​នៅឆ្នាំ២០២១ សៀវភៅកេរដំណែលស្នាដៃម្ហូបខ្មែរ «The Taste of Angkor» បានទទួលពានរង្វាន់ជាសៀវភៅមុខម្ហូបអាស៊ីដ៏ល្អបំផុត នៅប្រទេសបារាំង និងនៅឆ្នាំ២០២២ នៅប្រទេស​ស៊ុយអ៊ែត ក្នុងព្រឹត្តិការណ៍ប្រកួតសៀវភៅ មុខម្ហូបពិភពលោក Gourmand World Cookbook Awards។ 
 
លើសពីនេះ ស្ថានទូតក៏បានចូលរួមជារៀងរាល់ឆ្នាំ រួមជាមួយបណ្តាស្ថានទូតជាង៤០ នៅទីក្រុងប៉ារីស ​ក្នុងកម្មវិធីភូមិមុខម្ហូបអន្តរជាតិ Village international de la Gastronomy ជារៀងរាល់ខែកញ្ញា នៅក្បែរប៉ម Tour Eiffel ដើម្បីដាក់បង្ហាញ និងលក់ជូនបងប្អូនខ្មែរ-បារាំង និងបរទេស នូវមុខម្ហូបខ្មែរ មានដូចជាហហ្មុក នំ បញ្ចុក នំអន្សម-នំកង អង្ករ និងផលិតផលកសិកម្មខ្មែរជាដើម។
 

 
ក្រៅពីនេះ ស្ថានទូតក៏បានចូលរួមធ្វើបទបង្ហាញអំពីរមណីយដ្ឋានទេសចរណ៍នៅកម្ពុជា ជូនប្រតិបត្តិករទេសចរណ៍នៅបារាំង មួយចំនួនផងដែរ។ យើងក៏បានផ្សព្វផ្សាយពីវប្បធម៌ ពី​ផលិត​ផល​ខ្មែរយើង ដែល​នាំចូលមកស្រុកបារាំងនេះ មានអង្គរ មានម្រេចកំពត មានគ្រាប់ស្វាយ​ចន្ទីជាដើម។ យើង​ផ្សព្វផ្សាយជាប់ជានិច្ច ហើយកិច្ចការផ្សព្វផ្សាយនេះ គឺជាភារកិច្ចរបស់មន្ត្រីការទូតរបស់​យើងហើយ ដើម្បីពង្រីកទីផ្សារថ្មី សម្រាប់ផលិតផលខ្មែរយើងនេះ ស្របតាមគោលនយោបាយការទូតសេដ្ឋកិច្ច ដែលក្រសួងការបរទេស បានដាក់ចេញថ្មីនេះ។
 
ខន ចំប៉ា៖ នាអំឡុងទស្សនកិច្ចនៅប្រទេសបារាំង សម្តេច​ ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានជួបជាមួយវិស័យឯកជនមួយចំនួន ពិសេសប្រតិបត្តិករ​ទេសចរណ៍។ ​តើស្ថានទូតកម្ពុជានៅបារាំង នឹងបន្តកិច្ចសហការដូចម្តេចបន្តជាមួយក្រុមហ៊ុនទាំងនោះ?
លុយ ដាវីត៖ ការពិតទៅ ខ្ញុំទើបមកកាន់តំណែងជាឯកអគ្គរាជទូតនៅទីនេះ បានទើបតែ ៣ ខែប៉ុណ្ណោះ គឺចាប់តាំងពីខែតុលា ឆ្នាំ២០២៣ មក។ រហូតមកទល់ពេលនេះ ស្ថានទូតបានចូលរួមរៀបចំ​ព្រះរាជទស្សនកិច្ចផ្លូវការរបស់ព្រះករុណា ព្រះមហាក្សត្រកម្ពុជា នៅប្រទេសបារាំង និងការយាងចូលរួមសន្និសីទអន្តររដ្ឋាភិបាលលើកទី៤ ស្តីពីការអភិរក្សរមណីយដ្ឋានប្រវត្តិសាស្រ្តតំបន់អង្គរកាលពីថ្ងៃទី១២-១៨ វិច្ឆិកា ២០២៣។ ហើយថ្មីៗនេះ យើងបានចូលរួមរៀបចំទស្សនកិច្ចផ្លូវការរបស់សម្តេច​ ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី​កម្ពុជា ពីថ្ងៃទី ១៨-១៩ ខែមករា ឆ្នាំ២០២៤។ 
 
ដោយឡែកក្នុងអំឡុងពេលទស្សនកិច្ចផ្លូវការនេះ សម្តេច​ ហ៊ុន ម៉ាណែត បានចូលរួម​វេទិកាធុរកិច្ចកម្ពុជា-បារាំង ដែលនៅពេលនោះយើងសង្កេតឃើញថា មានក្រុមហ៊ុនបារាំងច្រើន បានចុះឈ្មោះចូលរួមដល់ជាង​១១០ក្រុមហ៊ុន​ គេបានចាប់អារម្មណ៍។ ក្នុវេទិកានេះ សម្តេច បានថ្លែងសុន្ទរកថាគន្លឹះទាក់ទងនឹង​ចក្ខុវិស័យកម្ពុជានាពេលអនាគត ជាពិសេស សម្តេចបានសង្កត់ធ្ងន់ទៅលើសក្តានុពល​ទេស​ចរណ៍ដែលយើងមាន ដើម្បីទាក់ទាញភ្ញៀវទេសចរពីបារាំង ក៏ដូចជាពីតំបន់អឺរ៉ុប​។ ហើយក្នុងអំឡុងពេល​ស្នាក់នៅបារាំងនេះ សម្តេចបវរធិបតី ក៏បានជួបដោយឡែក ជាមួយ​ក្រុមហ៊ុនបារាំងជាច្រើន ដែលក្នុងនោះក៏មានក្រុមហ៊ុនប្រតិបត្តិករក្នុងវិស័យទេសចរណ៍ ដើម្បីជម្រាបពីសក្តា​នុពលទេសចរណ៍ ​ការវិនិយោគនៅកម្ពុជាផងដែរ។ 
 
នៅឆ្នាំ២០២៤នេះ ស្ថានទូតនឹងបង្កើនកិច្ចសហប្រតិបត្តិការឱ្យកាន់តែសកម្មជាងមុន ជាមួយប្រតិបត្តិករទេសចរណ៍ និងក្រុមហ៊ុនអា​កាសចរណ៍នៅបារាំង។ ស្ថានទូតគ្រោងអញ្ជើញប្រតិបត្តិករទេសចរណ៍នៅបារាំង មកជួបជុំគ្នា ដើម្បីរួមគ្នារិះរកវិធីបង្កើនភ្ញៀវទេសចរទៅកាន់កម្ពុជា៕



 

© រក្សាសិទ្ធិដោយ thmeythmey.com