ជាតិ
សង្គមស៊ីវិលចំនួន៣៨ រួមគ្នាស្នើ ឱ្យអាជ្ញាធរបញ្ឈប់ការធ្វើទុក្ខបុកម្នេញ លើប្រជាសហគមន៍សំរោងត្បូង
26, Jan 2024 , 3:30 pm        
រូបភាព
ពលរដ្ឋសហគមន៍សំរោងត្បូង។ រូបពី សហគមន៍សំរោងត្បូង
ពលរដ្ឋសហគមន៍សំរោងត្បូង។ រូបពី សហគមន៍សំរោងត្បូង
ភ្នំពេញ៖ មជ្ឈមណ្ឌលសិទ្ធិមនិស្សកម្ពុជា អង្គការសមាគមធាងត្នោត រួមទាំងសង្គមស៊ីវិល៣៦អង្គភាពទៀត ​អះអាង អាជ្ញាធរបានធ្វើទុក្ខបុកម្នេញ និងគំរាមកំហែង លើប្រជា​សហគមន៍សំរោងត្បូង ដោយពួកគេដែលតែងរងបណ្តឹងជាបន្តបន្ទាប់។ នេះបើតាមសេចក្ដីថ្លែងការណ៍រួមរបស់អង្គការសង្គមស៊ីវិល ចេញផ្សាយនៅថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៤។
 
ក្រុមអង្គការសង្គមស៊ីវិល បានបង្ហាញក្ដីបារម្ភយ៉ាងខ្លាំងពីសុវត្ថិភាពដីធ្លី របស់ប្រជាសហគមន៍សំរោងត្បូង ក្នុងសង្កាត់សំរោង ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ ខណៈរដ្ឋាភិបាល បន្តកាត់ផ្ទៃបឹងតាមោកជាបន្តបន្ទាប់ ទៅឱ្យក្រុមហ៊ុន និងបុគ្គលឯកជនកាន់កាប់ជាកម្មសិទ្ធិស្របច្បាប់។ ពួកគេថា ពលរដ្ឋក្នុងសហគមន៍សំរោងត្បូង អាចប្រឈមនឹងការបណ្ដេញចេញពីលំនៅឋានដោយបង្ខំ។ លើសពីនេះ អ្នកតំណាងសហគមន៍ បានរងការចោទប្រកាន់ និងបណ្ដឹងពីតុលាការជាបន្តបន្ទាប់ ដោយសារការពារដីធ្លី និងផ្ទះសម្បែងរបស់ពួកគេ។ 
 
តាមអនុក្រឹត្យកំណត់ផ្ទៃបឹង ​សហគមន៍សំរោងត្បូង មិនស្ថិតនៅក្នុងដែនកំណត់ឡើយ ហើយការពង្រីកផ្លូវក៏មិនប៉ះទាំងស្រុងដល់ដីលំនៅឋានសហគមន៍ពួកគេដែរ។ ម្យ៉ាង ប្រជា​សហគមន៍​សំរោងត្បូង បានរស់នៅទីនោះតាំងពីអំឡុងឆ្នាំ១៩៩៦។ ហេតុផលនេះ ពួកគេគួរទទួលបានការអភិវឌ្ឍនៅនឹងកន្លែង ហើយមិនគួរត្រូវបានអាជ្ញាធរគំរាមកំហែងឱ្យចាកចេញពីលំនៅឋាន ដូចបច្ចុប្បន្ននោះទេ។ នេះជាការលើកឡើងរបស់ អង្គការសង្គមស៊ីវិល​ខាងលើ។
 
តាមរយៈសេចក្តីថ្លែងការណ៍របស់ខ្លួន ក្រុមសង្គមស៊ីវិលទាំងនោះ ទទូចដូច្នេះថា៖«យើងខ្ញុំសូមអំពាវនាវឱ្យអាជ្ញាធររដ្ឋ បញ្ឈប់ជាបន្ទាន់នូវការធ្វើទុក្ខបុកម្នេញ និងគំរាមកំហែង តាមគ្រប់រូបភាពមកលើអ្នកតំណាង និងសមាជិកសហគមន៍សំរោងត្បូង…»។ 
 
ជាមួយគ្នានេះដែរ ពួកគេស្នើសុំទៅតុលាការ ឱ្យទម្លាក់ចោលបទចោទប្រកាន់ពេលកន្លងមក លើអ្នកតំណាងសហគមន៍ទាំង១៨នាក់។ បន្ថែមពីក្រុមអង្គការសង្គមស៊ីវិល បានស្នើឱ្យរាជរដ្ឋាភិបាល ផ្តល់កម្មសិទិ្ធដីធ្លីស្របច្បាប់ ក៏ដូចជាការអភិវឌ្ឍនៅនឹងកន្លែង និងបញ្ឈប់ការបណ្តេញប្រជាសហគមន៍សំរោងត្បូងចេញដោយបង្ខំផងដែរ។  
 
សង្គមស៊ីវិលទាំងនោះ បានចាត់ទុកកា​របណ្តេញចេញ​ដោយបង្ខំ ជាការរំលោភបំពានយ៉ាងធ្ងន់ធ្ងរលើច្បាប់សិទ្ធិមនុស្ស ជាពិសេសរំលោភលើសិទ្ធិទទួល​បាន​លំនៅឋានសមរម្យ និងសិទ្ធិជាច្រើនផ្សេងទៀត។ 
 
ជុំវិញការលើកឡើងរបស់សមាគមន៍ និងអង្គការក្រៅរដ្ឋាភិបាលទាំងនេះ សារព័ត៌មានថ្មីៗពុំអាចសុំការឆ្លើយតប ពីលោក ប៉ែន បូណា អ្នកនាំពាក្យរដ្ឋាភិបាលបានឡើយ។ 
 
យ៉ាងណាក៏ដោយ លោក ធឹម សំអាន​ អភិបាលខណ្ឌព្រែកព្នៅ បានច្រានចោលការលើកឡើងរប​ស់សង្គមស៊ីវិល ដោយអះអាងថា អាជ្ញាធរមិនបានបង្ខំ ​ធ្វើទុក្ខបុកម្នេញ ឬហិង្សាលើពលរដ្ឋឡើយ។ លោកអភិបាលខណ្ឌព្រែកព្នៅ អះអាងថា ​កន្លងមានតែអាជ្ញាធរនោះទេ ដែលរងការជេរប្រមាថ នៅពេលចុះទៅពន្យល់ពលរដ្ឋក្នុងសហគមន៍។ ទន្ទឹមនឹងការច្រានចោល​ការចោទប្រកាន់នេះ លោក ធឹម សំអាន បានស្នើឱ្យពលរដ្ឋទាំងនោះស្ម័គ្រចិត្តប្តូរទីលំទៅកាន់ទីតាំងដែលអាជ្ញាធរបានរៀបចំជូន។  
 
«​សូមផ្ដាំផ្ញើទៅពលរដ្ឋនៅសហគមន៍សំរោងត្បូង សូមចូលរួមជាមួយអាជ្ញាធរ ប្ដូរទៅតាំងទីលំនៅ នៅកន្លែងក្បែរគ្នានោះ ដែលរដ្ឋបានរៀបចំទុកឱ្យពួកគេ។ នេះជាជម្រើសល្អ ព្រោះយើងនឹងរៀបចំដី និងអ្វីទាំងអស់ឱ្យស្របច្បាប់សម្រាប់ពួកគាត់»។ ក្នុងកិច្ចសម្ភាសន៍ជាមួយសារព័ត៌មានថ្មីៗតាមប្រព័ន្ធទូរស័ព្ទ លោក សំអាន លើកឡើងបែបនេះ ហើយពន្យល់បន្ថែមថា ទីតាំងដែលប្រជាសហគមន៍សំរោងត្បូងរស់នៅសព្វថ្ងៃ គឺមិនមានសុវត្ថិភាពល្អសម្រាប់ការរស់នៅឡើយព្រោះនៅនឹង​ចិញ្ចើមថ្នល់ ដែលអាចកើតមានគ្រោះថ្នាក់ជាយថាហេតុគ្រប់ពេល។
 
រាជរដ្ឋាភិបាលបានកាត់ផ្ទៃបឹង ជាបន្តបន្ទាប់ប្រមាណ៨០លើកហើយ ដែលស្មើនឹង ៧៤,៩២ភាគរយ នៃផ្ទៃបឹង។ នេះបើយោងតាមសេចក្ដីថ្លែងការណ៍រួមរបស់ក្រុមសង្គមស៊ីវិល៕

Tag:
 ដីធ្លី
© រក្សាសិទ្ធិដោយ thmeythmey.com