សេដ្ឋកិច្ចអន្តរជាតិ
អន្តរជាតិ
ហេតុអ្វីឥណ្ឌាមិនអាចដើរតាមគន្លងរបស់ចិន?
26, Jan 2024 , 5:09 pm        
រូបភាព
កម្មករនៅក្នុងរោងចក្រផលិតស្បែកជើង Aqualite ក្នុងរដ្ឋ Haryana ភាគខាងជើង ឥណ្ឌា។ រូបភាព ៖ AFP
កម្មករនៅក្នុងរោងចក្រផលិតស្បែកជើង Aqualite ក្នុងរដ្ឋ Haryana ភាគខាងជើង ឥណ្ឌា។ រូបភាព ៖ AFP
ស្របពេលដែលសេដ្ឋកិច្ចចិនកំពុងប្រឈមមុខនឹងវិបត្តិ ឥណ្ឌាបានក្លាយទៅជាគោលដៅលេចធ្លោមួយនៅក្នុងទិដ្ឋភាពរបស់អ្នកវិនិយោគ និងក្រុមហ៊ុនផលិតទូទាំងពិភពលោក។ ទន្ទឹមនេះ ឥណ្ឌាមានកម្លាំងពលកម្មអាយុក្រោម ២៥ឆ្នាំជាច្រើនផងដែរ។
 
តាមការចុះផ្សាយរបស់កាសែត Wall Street Journal (WSJ) មានហេតុផលមួយចំនួនឱ្យឥណ្ឌាមានសុទិដ្ឋិនិយមអំពីការក្លាយជាមហាអំណាចសេដ្ឋកិច្ចរបស់ពិភពលោក។ កាលពីឆ្នាំមុន ប្រជាជនឥណ្ឌាបានលើសចិន ហើយជាង៥០ភាគរយនៃប្រជាជននៃប្រទេសអាស៊ីខាងត្បូង មានអាយុក្រោម២៥ឆ្នាំ។ 
 
ទន្ទឹមនេះ ផ្អែកលើ​អត្រា​កំណើន​នា​ពេល​បច្ចុប្បន្ន ឥណ្ឌា​ទំនង​ជា​នឹង​ក្លាយ​ជា​ប្រទេស​សេដ្ឋកិច្ច​ធំ​ជាង​គេ​ទី​បី​របស់​ពិភពលោក​ក្នុង​រយៈ​ពេល​តិច​ជាង​មួយ​ទសវត្សរ៍។ ថ្មីៗនេះ ឥណ្ឌាបាននាំមុខអង់គ្លេសដើម្បីឈរជើងនៅតំណែងទី៥ ។ 
 
លើសពីនេះ ទីផ្សារភាគហ៊ុនឥណ្ឌាទើបតែទទួលបានកំណើនរយៈពេល៨ឆ្នាំជាប់ៗគ្នា។ ឥណ្ឌា ក៏ជា​ប្រទេស​មួយ​ទទួល​បាន​អត្ថប្រយោជន៍​យ៉ាង​ខ្លាំង​នៅ​ពេល​ទំនាក់ទំនង​ពាណិជ្ជកម្ម​រវាង​អាម៉េរិក និង​ចិន​កាន់តែភាព​យ៉ាប់យ៉ឺន។
 
យ៉ាងណាមិញ ផ្លូវរបស់ឥណ្ឌាត្រូវបានរំពឹងថាមានភាពខុសគ្នាខ្លាំង និងអាចមានបន្លាច្រើនជាងអ្វីដែលចិនធ្លាប់ជួបប្រទះកន្លងមក។
 
ភាពលំបាកក្នុងការហែលឆ្លងរបាំងឧបសគ្គ
 
ទោះមានប្រភពកម្លាំងពលកម្មសម្បូរបែបក៏ដោយ ឥណ្ឌានៅតែមានឧបសគ្គច្រើនក្នុងការភ្ជាប់ទំនាក់ទំនងរវាងកម្មករ និងម្ចាស់អាជីវកម្ម។ ការណ៍នេះ គឺមិនអាចទៅរួចទេសម្រាប់អាជីវកម្ម និងប្រជាជនឥណ្ឌាដែលចង់ប្រមូលទឹកប្រាក់ ដើម្បីចាប់យកការវិនិយោគស្រដៀងទៅនឹងអ្វីដែលបានជួយនាគអាស៊ីផ្សេងទៀតដូចជាតៃវ៉ាន់ និងកូរ៉េខាងត្បូងរួចផុតពីភាពក្រីក្រ។
 
ទន្ទឹមនេះ ឥណ្ឌាក៏មានឧបសគ្គខ្ពស់ក្នុងការធ្វើពាណិជ្ជកម្ម ជាពិសេសនៅពេលដែលប្រទេសនេះចង់ក្លាយជាមជ្ឈមណ្ឌលដំឡើងគ្រឿងអេឡិចត្រូនិកដូចចិន។
 
ជាការពិត លំនាំនៃឧបសគ្គខាងលើមិនមានន័យថាសមិទ្ធផលថ្មីៗរបស់ឥណ្ឌាមិនសូវចាប់អារម្មណ៍នោះទេ។ ក្រុមហ៊ុនដំឡើងគ្រឿងអេឡិចត្រូនិកធំៗដូចជា Foxconn និង Pegatron បានចាក់លុយរាប់រយលានដុល្លារចូលក្នុងប្រទេស។ ចំណែក​ទីផ្សារ​នាំចេញ​សកល​របស់​ប្រទេស​ដែល​មាន​ប្រជាជន​រាប់​ពាន់​លាន​នាក់មួយនេះ​ក៏​បាន​កើន​ឡើង​យ៉ាង​ខ្លាំង។
 
បើនិយាយពីប្រជាសាស្រ្ត ឥណ្ឌាគឺស្រដៀងទៅនិងចិន នៅពេលដែលចំនួនប្រជាជនចាប់ផ្តើមកើនឡើងយ៉ាងខ្លាំងចាប់តាំងពីទសវត្សរ៍ឆ្នាំ ១៩៩០។ តាមការព្យាកររបស់អង្គការសហប្រជាជាតិ (UN) នៅឆ្នាំ២០៣០ ជិត២០ភាគរយនៃចំនួនប្រជាជនមានអាយុចន្លោះពី ១៥ ទៅ ៦៤ឆ្នាំ នៅលើពិភពលោក ជាជនជាតិឥណ្ឌា។ ផលធៀបពលរដ្ឋដែលចូលរួមក្នុងកម្លាំងពលកម្ម (Dependency Ratio) របស់ឥណ្ឌាដែលជារង្វាស់នៃបន្ទុកថែទាំកុមារ និងមនុស្សចាស់បានធ្លាក់ចុះពី៨២ ក្នុងឆ្នាំ១៩៦៧ មកត្រឹម៤៧ ក្នុងឆ្នាំ២០២២។ នេះបើតាមទិន្នន័យពីធនាគារពិភពលោក (World Bank)។
 
ផលធៀប Dependency Ratio ទាបនឹងជួយបង្កើនការសន្សំ និងការវិនិយោគ ពីព្រោះកម្លាំងការងារច្រើនជួយអាជីវកម្មគ្រប់គ្រងថ្លៃពលកម្ម ហើយប្រជាជនមានប្រាក់ចំណូលច្រើន នឹងវិនិយោគជំនួសឱ្យការចំណាយលើកុមារ ឬឪពុកម្តាយដែលមានវ័យចំណាស់។
 
យ៉ាងណាមិញ វាជារឿងគួរឲ្យសោកស្តាយដែលស្ត្រីឥណ្ឌាមានការលំបាកក្នុងការចូលរួមក្នុងកម្លាំងការងារ។ យោងតាមទិន្នន័យពីក្រសួងការងារឥណ្ឌាក្នុងឆ្នាំ២០២២ មានតែជាង ៣០ភាគរយនៃស្ត្រីដែលមានអាយុធ្វើការក្នុងប្រទេសនេះ ដែលកំពុងចូលរួមក្នុងកម្លាំងពលកម្ម។ ទោះបីជាចំនួននេះបានកើនឡើង ១០ភាគរយធៀបនឹងឆ្នាំ២០១៨ ក៏ដោយ ក៏វានៅតែទាបជាងមធ្យមភាគនៃប្រទេសដែលមានចំណូលមធ្យមកម្រិតទាបក្នុងពិភពលោក (ប្រហែល ៥០ភាគរយ) និងទាបជាងចិន (៧១ភាគរយ)។ លើសពីនេះ ភាគច្រើននៃកំណើននេះគឺនៅតាមតំបន់ជនបទ ហើយមិនបានជួយដល់រោងចក្រដែលកំពុងខ្វះកម្លាំងពលកម្មនៅតំបន់ទីក្រុងទេ។
 
ហេតុផលអាចមកពីការឧបត្ថម្ភធនដ៏ធំរបស់រដ្ឋាភិបាលសម្រាប់វិស័យកសិកម្ម។ ក្រៅ​ពី​នេះ កម្មករ​ស្ត្រី​ជនជាតិ​ឥណ្ឌា​ក៏​មិន​សូវ​មាន​ឆន្ទៈ​រស់​នៅ និង​ធ្វើ​ការ​ឆ្ងាយ​ពី​ផ្ទះ​ដែរ។ ផ្ទុយទៅវិញនៅ​​ចិន កម្មករ​ស្ត្រី​ជា​ច្រើន​រស់​នៅ​ក្នុង​អន្តេវាសិកដ្ឋានៅតាមន​សហគ្រាសផផលិតកម្មនានា។ យោងតាមការស្ទង់មតិរបស់រដ្ឋាភិបាលឥណ្ឌាកាលពីឆ្នាំមុន ៤៥ភាគរយនៃស្ត្រីដែលធ្វើការស្ទង់មតិបាននិយាយថា ការមើលថែកុមារ និងការងារផ្ទះបានរារាំងពួកគេមិនឱ្យទៅធ្វើការនៅខាងក្រៅបាន។
 
បញ្ហា​មួយ​ទៀត ​គឺ​ជំហរ​ពាណិជ្ជកម្ម ជាពិសេស​វិធានការ​ការពារ​និយម​ដែល​មាន​បំណង​ផ្គាប់ចិត្ត​ប្រជាជន។ យោងតាមអង្គការពាណិជ្ជកម្មពិភពលោក (WTO) ឥណ្ឌាជាប្រទេសមួយក្នុងចំនោមប្រទេសដែលដាក់ពន្ធនាំចូលខ្ពស់បំផុតនៅលើពិភពលោកក្នុងឆ្នាំ ២០២២ ដោយចំពោះប្រទេសទទួលបានឋានៈអនុគ្រោះបំផុតផ្នែកពាណិជ្ជកម្ម (MFN) មានអត្រា ១៨,១ភាគរយ។ ទន្ទឹមនឹងនេះ អត្រាពន្ធស្រដៀងគ្នារបស់ចិនមានត្រឹមតែ ៧,៥ភាគរយ ខណៈសហភាពអឺរ៉ុប (EU) មាន ៥,១ភាគរយ និងអាមេរិកគឺមាន ៣,៣ភាគរយ។
 
ប្រជាជាតិទទួលបានការអនុគ្រោះបំផុត ជាគោលការណ៍មូលដ្ឋាននៃកិច្ចព្រមព្រៀងទូទៅស្តីពីពាណិជ្ជកម្ម និងពន្ធគយ (GATT) ដែលតម្រូវឱ្យភាគីដែលចូលរួមនៅក្នុងទំនាក់ទំនងសេដ្ឋកិច្ច និងពាណិជ្ជកម្មផ្តល់លក្ខខណ្ឌអនុគ្រោះដល់គ្នាទៅវិញទៅមក មិនតិចជាងលក្ខខណ្ឌអនុគ្រោះដែលខ្លួនផ្តល់ឱ្យប្រទេសផ្សេងទៀត។
 
បន្ថែមពីនេះ សម្រាប់ពន្ធដែលនាំចូលខ្ពស់ អាចធ្វើឱ្យមានការលំបាកសម្រាប់ក្រុមហ៊ុនផលិតឥណ្ឌាដែលពឹងផ្អែកលើសមាសធាតុនាំចូលផងដែរ ។
 
លំហូរវិនិយោគទុនដោយផ្ទាល់ពីក្រៅប្រទេស (FDI) 
 
ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ឥណ្ឌាបានវិនិយោគយ៉ាងច្រើនក្នុងការសាងសង់ហេដ្ឋារចនាសម្ព័ន្ធ ដែលក្នុងនោះបណ្តាញដឹកជញ្ជូនហួសសម័យត្រូវបានកែលម្អយ៉ាងខ្លាំង។ យោងតាមទិន្នន័យពីក្រុមហ៊ុនហិរញ្ញវត្ថុ Macquarie ល្បឿនជាមធ្យមនៃរថភ្លើងដឹកទំនិញក្នុងប្រទេសឥណ្ឌាបានកើនឡើងជាង៥០ភាគរយ ក្នុងរយៈពេលពីរឆ្នាំចុងក្រោយនេះ ខណៈដែលពេលវេលាដែលត្រូវរង់ចាំនៅកំពង់ផែសមុទ្របានថយចុះ ៨០ភាគរយបើធៀបនឹងឆ្នាំ២០១៥ ។ យ៉ាងណាមិញ​ នៅក្នុងបរិបទដែលរដ្ឋាភិបាលមានបន្ទុកជាមួយនឹងបំណុលដ៏ច្រើន វាពិបាកសម្រាប់ប្រទេសអាស៊ីខាងត្បូងមួយនេះ ក្នុងការបន្តការវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធ ប្រសិនបើចំណូលពន្ធមិនកើនឡើង។
 
បំណុលសាធារណៈរបស់ឥណ្ឌានាពេលបច្ចុប្បន្ន គឺស្មើនឹងប្រមាណ ៨៥ភាគរយនៃផលិតផលក្នុងស្រុកសរុប ដែលជាចំនួនខ្ពស់បំផុតទី២ បន្ទាប់ពីប្រេស៊ីលក្នុងចំណោមប្រទេសដែលមានសេដ្ឋកិច្ចរីកចម្រើនសំខាន់ៗ។ ការវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធរបស់រដ្ឋាភិបាលឥណ្ឌាត្រូវបានគេព្យាករថា នឹងកើនឡើងដល់ប្រហែល ៣,៣ភាគរយនៃផលិតផលក្នុងស្រុកសរុប (GDP) នៅចុងឆ្នាំ ២០២៤ ដែលជាកម្រិតខ្ពស់បំផុតក្នុងរយៈពេលជិតពីរទសវត្សរ៍។ ដើម្បីរក្សាកម្រិតនៃការវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធខាងលើតម្រូវឱ្យរដ្ឋាភិបាលឥណ្ឌាបង្កើនប្រាក់ចំណូលពន្ធ កាត់បន្ថយការឧបត្ថម្ភធន ឬការចូលរួមកាន់តែច្រើនពីវិស័យឯកជន។
 
បញ្ហាខាងលើនេះ បង្ខំឱ្យឥណ្ឌាធ្វើអ្វីគ្រប់យ៉ាងដើម្បីបង្កើតលក្ខខណ្ឌអំណោយផលសម្រាប់ការវិនិយោគផ្ទាល់ពីបរទេស ជាពិសេសនៅក្នុងវិស័យផលិតកម្ម។ ប្រទេសនេះត្រូវការការវិនិយោគពីបរទេសដើម្បីជំរុញផ្នែកផលិតកម្មក្នុង GDP ឲ្យកើនដល់គោលដៅ ២៥ភាគរយ ពីកម្រិតក្រោម ១៥ភាគរយអស់រយៈពេលជាច្រើនឆ្នាំ។
 
យ៉ាងណា បច្ចុប្បន្ននេះសញ្ញាសម្រាប់ប្រទេសអាស៊ីខាងត្បូងដើម្បីសម្រេចបាននូវគោលដៅ នៅមិនទាន់ច្បាស់នៅឡើយ។ បន្ទាប់ពីបានបង្កើតកំណត់ត្រាក្នុងឆ្នាំ២០២០ ទំហំ FDI ទៅកាន់ឥណ្ឌាបានថយចុះមកវិញក្នុងឆ្នាំ ២០២២ និង២០២៣ ។ ហេតុផលគឺការធ្លាក់ចុះនៃឧស្សាហកម្មបច្ចេកវិទ្យាសកលដែលឥណ្ឌាបានដើរតួយ៉ាងសំខាន់ ក៏ដូចជារលកនៃការដកប្រាក់បណ្តាក់ទុននៅលើសកលលោក។
 
យោងតាមធនាគារ HSBC ការវិនិយោគផ្ទាល់ពីបរទេសក្នុងវិស័យមួយចំនួនដូចជាការផលិតកុំព្យូទ័រ ដែលរួមចំណែកប្រហែល ០,៥ភាគរយនៃ GDP ឥណ្ឌាបានថយចុះយ៉ាងខ្លាំង។ នេះ​ជា​ការ​ព្រួយ​បារម្ភមួយ ​ព្រោះ​ប្រទេស​នេះ​កំពុង​ត្រូវ​ការ​ការងារ​ទាក់ទង​នឹង​ការ​ដំឡើងនេះ​យ៉ាង​ខ្លាំង។ ទោះបីជាក្រុមហ៊ុនយក្សដូចជា Foxconn កំពុងវិនិយោគយ៉ាងច្រើនក៏ដោយ ក៏ពួកគេប្រឈមនឹងច្បាប់ការងារដែលមិនអាចបត់បែនបាន និងបញ្ហាជាច្រើនទៀតនៅក្នុងប្រទេសនេះ។
 
យ៉ាងហោចណាស់សម្រាប់ពេលនេះ ឥណ្ឌានៅតែជាសេដ្ឋកិច្ចមួយដែលពឹងផ្អែកយ៉ាងខ្លាំងលើការប្រើប្រាស់ និងសេវាកម្ម។ ប្រសិនបើវាមិនអាចជំរុញ FDI ខ្លាំងទៅក្នុងវិស័យផលិតកម្មទេ ប្រទេសនេះអាចប្រឈមមុខនឹងឧបសគ្គធំៗដែលធ្វើឲ្យសេដ្ឋកិច្ចខ្លួនធ្លាក់ចុះដូចចិនពីមុន៕ 
 

Tag:
 ឥណ្ឌា
  ចិន
  សេដ្ឋកិច្ច
  FDI
 
© រក្សាសិទ្ធិដោយ thmeythmey.com