RFI
អន្តរជាតិ
ចិន៖ ប្រតិបត្តិការ​បង្ក្រាបអំពើពុករលួយ វាយសង្គ្រុប​វិស័យ​ហិរញ្ញវត្ថុ​ ដែលកំពុងខ្សោយរួចទៅហើយ
27, Jan 2024 , 8:39 am        
រូបភាព
ទីស្នាក់​ការកណ្តាល​បក្សកុម្មុយនិស្តចិន នៅក្រុងសៀងហៃ ថ្ងៃទី ២០ មេសា ២០២៣ AP - Ng Han Guan
ទីស្នាក់​ការកណ្តាល​បក្សកុម្មុយនិស្តចិន នៅក្រុងសៀងហៃ ថ្ងៃទី ២០ មេសា ២០២៣ AP - Ng Han Guan
ដោយ​៖ ម៉ម ពិសី/ RIF
 
នៅចិន បន្ទាប់ពី​លោក​ស៊ី ជីនពីង បានបើកប្រតិបត្តិ​ការ​បោសសំអាតអំពើពុករលួយ នៅក្នុងជួរមន្ត្រីបក្ស​​កុម្មុយនិស្ត ពេលនេះ គឺដល់វេនវិស័យធនាគារ ​ហិរញ្ញវត្ថុម្តង ដែលកំពុងតែប្រឈមខ្លាំង​។ គិតចាប់ពីដើម​ឆ្នាំ​២០២៤​នេះ​មក ថ្នាក់ដឹកនាំក្នុង​វិស័យ​ធនាគារ និង​​ហិរញ្ញវត្ថុ​​ចិន​ជាច្រើននាក់ ត្រូវបានគេចាប់ខ្លួន ដោយចោទ​ពីបទប្រព្រឹត្តិអំពើរលួយ។​ បញ្ហានេះ បានមកបន្ថែមធ្វើ​ឲ្យ​បរិយាកាស កាន់តែភ័យ​បារម្ភ ខណៈវិស័យហិរញ្ញវត្ថុ​ចិនពេលនេះ កំពុងជួបវិបត្តិទន់ខ្សោយរួចទៅហើយ​។​


ចាប់តាំងពីឡើងកាន់អំណាចមក លោកស៊ី ជីនពីង បានយកការប្រយុទ្ធប្រឆាំងនឹងអំពើពុករលួយ ជាអាទិភាព។ អំពើពុករលួយ ដែលចាក់ឫសយ៉ាងជ្រៅ មិនថាក្នុងស្ថាប័នរដ្ឋបាលសាធារណៈ និងនៅតាមសហគ្រាសរដ្ឋ​។ ផ្អែកតាមការចុះ​ផ្សាយ​របស់កាសែត Global Times នៅឆ្នាំ​២០២២ យ៉ាងហោចណាស់ មានមនុស្ស​៤លាន​៨សែននាក់ ដែលត្រូវ​បានគេផ្តន្ទាទោស ពីបទប្រព្រឹត្តិអំពើពុករលួយនៅចិន​។
 
បន្ថែមពីនេះទៀត ចំនួន​នីតិវិធីស៊ើបអង្កេត ដែលគេបានធ្វើទៅលើមន្ត្រី​រដ្ឋការ​ធំៗ បានកើនឡើង ៤០% ក្នុងឆ្នាំ​២០២៣ បើប្រៀបធៀបទៅឆ្នាំ​២០២២។ នេះបើផ្អែកតាមការចុះផ្សាយ របស់កាសែតហុងកុង South China Morning Post។ ហើយ​ថ្មីៗនេះ លោក​ប្រធានាធិបតីចិន​ស៊ី ជីនពីង បានប្រកាសថារដ្ឋាភិបាល​លោក នឹងប្រឹងប្រែងបោសសំអាតអំពើពុករលួយស៊ីសំណូក នៅ​ក្នុង​វិស័យហិរញ្ញវត្ថ ធនាគារ និងនៅតាម​ក្រុមហ៊ុន​សហគ្រាស​រដ្ឋចិន​។​
 
គួរកត់សំគាល់ថា ចាប់តាំងពីក្រោយ​វិបត្តិកូវីដ​១៩មក គឺសេដ្ឋកិច្ចចិនបានជួបបញ្ហាជាបន្តបន្ទាប់។ វិស័យ​ធនាគារហិរញ្ញវត្ថុចុះទន់ខ្សោយ​ខ្លាំង វិបត្តិក្នុងវិស័យអចលនទ្រព្យ បំណុលសាធារណៈឡើងប៉ោង ចំណែក​ការចំណាយ​វាយវាយ​​របស់ប្រជាជន ក៏កាន់តែ​ចុះថយ ដែលធ្វើ​ឲ្យសេដ្ឋកិច្ចនៅទ្រឹង​។​ ការប្រយុទ្ធប្រឆាំងនឹងអំពើពុករលួយ វាគឺជារឿងត្រឹមត្រូវណាស់។ ក៏ប៉ុន្តែនៅចិន តម្លាភាពនៅក្នុងនីតិវិធីនីមួយៗ វា​ពុំមានឡើយ។ ហេតុផលនយោបាយ អាចនៅពីក្រោយ​ពាក្យ​ស្លោក “ប្រយុទ្ធនឹងអំពើពុករលួយ​” ក៏ថាបាន​។
 
លោក Alex Payette អគ្គនាយក​ ការិយ​ល័យប្រឹក្សាយោបល់​ Celsius Group នៅកាណាដា បាន​លើកឡើងថា ធាតុពិត​ទៅ រឿងស្ថិរភាពសេដ្ឋកិច្ច គឺវាមិនមែនជា​អាទិភាពធំរបស់​លោក​ ស៊ី ជីនពីងប៉ុន្មានទេ​។ ​បើទោះបីជាបក្សកុម្មុយនិស្តចិន ផ្អែកខ្លាំង​លើ​កត្តាសេដ្ឋកិច្ច ដើម្បី​បំបិតមាត់​ប្រជាជនចិនឲ្យសំងំនៅស្ងៀមកុំតវ៉ា តែលោកស៊ី ជីនពីង ចង់សង្កត់ផ្នែកខ្លះនៃសេដ្ឋកិច្ចឲ្យជាប់ កុំឲ្យ​របូតពី​កណ្តាប់អំណាចរបស់​បក្ស​។
 
សូមបញ្ជាក់ថា កាលពីដើមខែមករានេះ លោកស៊ី ជីនពីងបានអំពាវនាវ ឲ្យ​មន្ត្រីចិនគ្រប់ជាន់ថ្នាក់ ត្រូវតែប្រឹងប្រែងឲ្យ​បានទ្វេដង ដើម្បី​ប្រយុទ្ធប្រឆាំងនឹង​អំពើពុករលួយ ក្នុងវិស័យធនាគារហិរញ្ញវត្ថុ​។ អ្នកដែលគាំទ្រ​ លោកស៊ី ជីនពីង បាន​អះអាងថា ប្រតិបត្តិការនេះចាំបាច់ណាស់ ព្រោះវានឹង​ធ្វើឲ្យ​អភិបាលកិច្ចនៃវិស័យនេះមានភាពស្អាតស្អំ​។ តែទន្ទឹមនឹងនេះ អ្នកដែលរិះគន់វិញ បាន​លើកឡើងថា លោកស៊ី ជីនពីងកំពុងតែចង់​បោសសំអាត​អ្នក​ដែលប្រឆាំងនឹងគោលនយោបាយលោក នៅក្នុងវិស័យ​សេដ្ឋកិច្ចហិរញ្ញវត្ថុ​។
 
យោងតាមការចុះផ្សាយ​របស់​បណ្តាញព័ត៌មានចិន ប៉ុន្មានសប្តាហ៍​ចុងក្រោយនេះ មានមនុស្សជាច្រើននាក់ ដែលត្រូវគេចាប់ខ្លួន ដោយ​ចោទពីបទពុករលួយ ក្នុងនោះមានដូចជា អតីតមន្ត្រីទទួលខុសត្រូវនៅតាមធនាគាររដ្ឋចិន នៅអាជ្ញាធរ​គ្រប់គ្រងប្រតិបត្តិការធនាគារ​ ឬនៅ​សហគ្រាសរដ្ឋផ្នែក​នាំប្រេងចូល ឬផ្នែកថ្នាំជក់ជាដើម។
 
ជាក់​ស្តែង​ ​អតីតអគ្គនាយកធនាគាររដ្ឋចិន Everbright ឈ្មោះ Tang Shuangning ដែលត្រូវបាន​គេចាប់ខ្លួន នៅ​​ដើមខែនេះ ហើយ​ដែលត្រូវ​បាន​បណ្តាញ​ព័ត៌មានចិន ទំលាយរឿងរ៉ាវ ស្តីពី​អំពើ​រំលោភអំណាច ស៊ីសំណូក ចាយប្រាក់ក្រុមហ៊ុន​ដើម្បីដើរកម្សាន្ត​ជាដើម​ល។ល។ ចំណែកទូរទស្សន៍ CCTV បានផ្សាយ​ អត្ថបទសារភាព​ទទួលកំហុស របស់​អតីតគ្រូបង្វឹកក្រុមកីឡាបាល់ទាត់ជម្រើស​​ជាតិ​ចិន ឈ្មោះ Li Tie។ ជននេះ បានសារភាពទទួលស្គាល់ថា ខ្លួន​ធ្លាប់បានរៀបចំការប្រកួតក្លែងក្លាយ ទទួលប្រាក់សំណូក និង​​បាន​សូកប៉ាន់ប្រាក់រាប់សែនដុល្លារ ដើម្បីទទួលបានមុខតំណែង​។
 
លោកស្រី Vivienne Shue សាស្ត្រាចារ្យ​នៅសកលវិទ្យា​ល័យ Oxford ដែលតាមដានការចុះផ្សាយ​មិនលោះថ្ងៃ ស្តីពី​ការចាប់វែកមុខ មនុស្សពុករលួយនៅចិនប៉ុន្មានសប្តាហ៍​មកនេះ បាន​លើកឡើងថា ​​​មតិសាធារណៈចិនពេញចិត្តខ្លាំងនឹងប្រតិបត្តិការនេះ ព្រោះវាមកបញ្ជាក់ថា​ ការយល់ឃើញរបស់ពួកគេគឺមិនខុសទេ។ ពោលគឺមន្ត្រី​ករិយាល័យធិបតេយ្យរបស់ចិន​ សុទ្ធិតែពុករលួយ គិតតែពី​លាភសក្ការៈខ្លួនឯង។ ប្រការនេះ នឹង​ហុចផលវិជ្ជមាន​ទៅលើមុខមាត់លោកស៊ី ជីនពីង​។​
 
ដោយឡែក លោក Andrew Wedeman សាស្ត្រាចារ្យ​ជំនាញ​ចិន នៅសកលវិទ្យាល័យរដ្ឋ Géorgie បាន​លើកឡើងថា អាចមានហេតុផលពីរ​នៅពីក្រោយ​ប្រតិបត្តិការបង្ក្រាបនេះ។ ទី១ គឺវិស័យហិរញ្ញវត្ថុ ធានាគារ មានដិតដាមដោយ​អំពើស៊ីសំណូក​សូក​ប៉ាន់មែន ឬទី២ គឺមក​ពី​លោកស៊ី ជីនពីង មើលឃើញថាវិស័យនេះ កាន់តែឯករាជ្យខ្លាំងឡើង ហើយដែលអាចបង្កហានិភ័យ​ ដល់​អំណាចរបស់​លោក ទៅថ្ងៃខាងមុខ​។
 
លោក​សាស្ត្រាចារ្យ Andrew Wedeman បាននិយាយប្រៀបធៀបថា ប្រតិបត្តិការ​បោសសំអាតអំពើពុករលួយនៅចិន​ គឺមិន​ខុសពីសង្គ្រាម​ដែល​សហរដ្ឋអាមេរិកធ្វើនៅវៀតណាមនោះទេ។ ពោលគឺ ពីមួយថ្ងៃទៅមួយថ្ងៃ មានចំនួន​មនុស្ស​រងគ្រោះកាន់តែច្រើន តែគ្មានពន្លឺថាសង្គ្រាមនេះចប់នៅពេលណា​។ លោកអះអាងថា ស្ថានភាពនេះ នឹងបន្ត​រហូតទាល់តែចប់អាណត្តិរបស់​លោកស៊ី ជីនពីង​៕

© រក្សាសិទ្ធិដោយ thmeythmey.com