បោះឆ្នោត
អន្តរជាតិ
តើនរណានឹងក្លាយជាប្រធានាធិបតីឥណ្ឌូណេស៊ីបន្ទាប់ពីលោកចូកូ វីដូដូ?
26, Jan 2024 , 8:19 pm        
រូបភាព
លោក Prabowo Subianto ដែលជារដ្ឋមន្រ្តីការពារជាតិ និងលោកGibran Rakabuming Raka ដែលជាកូនប្រុសរបស់លោកប្រធានាធិបតីចូកូ វីដូដូ។ រូបភាព AFP
លោក Prabowo Subianto ដែលជារដ្ឋមន្រ្តីការពារជាតិ និងលោកGibran Rakabuming Raka ដែលជាកូនប្រុសរបស់លោកប្រធានាធិបតីចូកូ វីដូដូ។ រូបភាព AFP
ឥណ្ឌូណេស៊ី នឹងរៀបចំការបោះឆ្នោតប្រធានាធិបតី សភា និងថ្នាក់តំបន់ នៅថ្ងៃទី១៤ ខែកុម្ភៈ ដើម្បីជ្រើសមេដឹកនាំថ្មី ជំនួសលោកចូកូ វីដូដូ ដែលនឹងត្រូវផុតអាណត្តិក្នុងរយៈពេលឆាប់ៗខាងមុខ។ ក្នុងរដ្ឋធម្មនុញ្ញឥណ្ឌូណេស៊ី ប្រធានាធិបតី អាចកាន់បានត្រឹម ២អាណត្តិ ដោយមួយអាណត្តិមានរយៈពេល ៥ឆ្នាំ។ ក្នុងការបោះឆ្នោតប្រធានាធិបតីឆ្នាំ២០២៤នេះ បេក្ខជនប្រធានាធិបតីចំនួន ៣រូប នឹងចូលរួម ក្នុងនោះមានដូចជា លោក Prabowo Subianto ដែលជារដ្ឋមន្រ្តីការពារជាតិ និងជាអតីតកូនប្រសាររបស់លោក Suharto, លោក Ganjar Pranowo អតីតអភិបាលខេត្តជ្វាកណ្តាល និងលោក Anies Baswedan អតីតអភិបាលក្រុងហ្សាការតា។ ក្នុងចំណោមបុគ្គលទាំង ៣រូបនេះ តើនរណានឹងក្លាយជាប្រធានាធិបតីឥណ្ឌូណេស៊ីបន្ទាប់ពីលោកចូកូ វីដូដូ?
 
ទិដ្ឋភាពទូទៅនៃការបោះឆ្នោត
 
នៅថ្ងៃទី១៤ ខែកុម្ភៈ ប្រជាជនឥណ្ឌូណេស៊ីប្រមាណ ២០៤លាននាក់ ដែលគ្រប់អាយុ នឹងចេញទៅបោះឆ្នោត ដើម្បីរើសប្រធានាធិបតីថ្មី បន្ទាប់ពីលោកចូកូ វីដូដូ ដែលកាន់អំណាចបាន ២អាណត្តិ។ ក្រៅពីរើសប្រធានាធិបតី ប្រជាជនឥណ្ឌូណេស៊ី ក៏ឆ្នោតរើសសមាជិកសភា និងអភិបាលតំបន់ផងដែរ។ នេះជាការបោះឆ្នោតប្រធានាធិបតីលើកទី៥ ហើយ បើគិតចាប់តាំងពីឆ្នាំ១៩៩៨ បន្ទាប់ពីឥណ្ឌូណេស៊ីបិទបញ្ចប់ការដឹកនាំបែបផ្តាច់ការ។ 
 
ជាការពិត បេក្ខជនប្រធានាធិបតីឥណ្ឌូណេស៊ី ត្រូវតែទទួលបានការគាំទ្រលើសពី ៥០ភាគរយ។ ប្រសិនបើមិនទទួលបានចំនួននេះទេ បេក្ខជនប្រធានាធិបតីចំនួន ២រូប ដែលទទួលបានសំឡេងខ្ពស់ជាងគេ និងឈានដល់ការបោះឆ្នោតជម្រុះ។ 
 
បេក្ខជនប្រធានាធិបតី ដែលទទួលបានសំឡេងគាំទ្រច្រើនជាងគេ ការបោះឆ្នោតជម្រុះនេះ នឹងឈ្នះការបោះឆ្នោតប្រធានាធិបតី ហើយដឹកនាំប្រទេស បន្ទាប់ពីលោកចូកូ វីដូដូ។ ការបោះឆ្នោតជម្រុះ អាចនឹងប្រព្រឹត្តទៅនៅថ្ងៃទី២៦ ខែមិថុនា បើបេក្ខជនប្រធានាធិបតីរូបណា មិនអាចទទួលបានសំឡេងគាំទ្រលើសពី ៥០ភាគរយ។ ប្រធានាធិបតីជាប់ឆ្នោត​ នឹងស្បថចូលកាន់តំណែង នៅខែតុលា ឆ្នាំ២០២៤ ខាងមុខនេះ។ 
 
បេក្ខជនប្រធានាធិបតី
 
នៅក្នុងការបោះឆ្នោតនេះ មានបេក្ខជនប្រធានាធិបតីចំនួន ៣រូប ដោយក្នុងនោះមានដូចជា លោក Prabowo Subianto ដែលជារដ្ឋមន្រ្តីការពារជាតិ និងជាអតីតកូនប្រសាររបស់លោក Suharto, លោក Ganjar Pranowo អតីតអភិបាលខេត្តជ្វាកណ្តាល​ និងលោក Anies Baswedan អតីតអភិបាលក្រុងហ្សាការតា។ លោក Subianto​ ជាបេក្ខជនប្រធានាធិបតីមានសំឡេងនាំមុខគេ។ 
 
លោក Subianto ធ្លាប់ឈរឈ្មោះជាបេក្ខជនប្រធានាធិបតីចំនួន ២លើកហើយនៅឆ្នាំ២០១៤ និង២០១៩ ប៉ុន្តែលោកត្រូវចាញ់ក្រោមដៃរបស់លោក ចូកូ វីដូដូ ទាំងពីរលើក។ ដោយបូកទាំងការបោះឆ្នោតឆ្នាំ២០២៤នេះ លោក Subianto ឈរឈ្មោះជាប្រធានាធិបតីចំនួន ៣លើក។ 
 
បេក្ខជនប្រធានាធិបតីនាំមុខក្នុងការបោះឆ្នោត
 
តាមការស្រង់មតិរបស់ Poltracking នៅក្នុងខែមករា លោក Subianto និង Gibran Rakabuming Raka ដែលជាកូនប្រុសរបស់លោកប្រធានាធិបតីចូកូ វីដូដូ ទទួលបានសំឡេងគាំទ្រចន្លោះពី៤៦ ទៅ៤៧ភាគរយ។ ចំណែកលោក Anies Baswedan អភិបាលក្រុងហ្សាការតា ទទួលបានសំឡេងគាំទ្រត្រឹម ២៦,៧ភាគរយ និងលោក Ganjar Pranowo អតីតអភិបាលខេត្តជ្វាកណ្តាល ទទួលបានសំឡេងគាំទ្រត្រឹម ២០,២ភាគរយប៉ុណ្ណោះ។ 
 
ជុំវិញបញ្ហានេះ លោក រដ្ឋមន្រ្តីការពារជាតិឥណ្ឌូណេស៊ីរូបនេះ ត្រូវបានមើលឃើញថា មានលទ្ធភាពខ្ពស់ ក្នុងការក្លាយជាប្រធានាធិបតីឥណ្ឌូណេស៊ី។ បើទោះប្តេជ្ញាបន្តគោលនយោបាយរបស់លោកវីដូដូ ប៉ុន្តែលោក Subianto ត្រូវបានអ្នកឃ្លាំមើលសិទ្ធិមនុស្ស ចោទថា បានបំពានសិទ្ធិមនុស្សនៅក្នុងអតីតកាល។ 
 
ការបោះឆ្នោតប្រធានាធិបតីឥណ្ឌូណេស៊ី ជាបញ្ហាប្រឈមចំពោះប្រជាធិបតេយ្យ?
 
កន្លងមក សូម្បីតែអាម៉េរិក ក៏បានហាមឃាត់មន្រ្តីរូបនេះ មិនឱ្យជាន់ដីអាម៉េរិករយៈពេលប្រមាណ ២០ឆ្នាំដែរ មុនពេលអនុញ្ញាតនៅក្នុងឆ្នាំ២០២០។ ការបំពានសិទ្ធិមនុស្សដូចជាចាប់ខ្លួនសកម្មជនគាំទ្រប្រជាធិបតេយ្យ គឺបានកើតមាននៅចុងទសវត្សរ៍ឆ្នាំ១៩៩០ នៅទីម័រខាងកើត។ 
 
សូម្បីតែអតីតមន្រ្តីទូតអាម៉េរិក នៅក្នុងឆ្នាំ២០០៨ ក៏ចាត់ទុកបុរសវ័យ ៧២ឆ្នាំរូបនេះ ជាអ្នកបំពានសិទ្ធិមនុស្សធ្ងន់ធ្ងរថែមទៀត។ 
 
«លោក Prabowo Subianto ពិតណាស់ជាអ្នកបំពានសិទ្ធិមនុស្សយ៉ាងខ្លាំង នៅក្នុងពេលបច្ចុប្បន្ន ក្នុងចំណោមយោធាឥណ្ឌូណេស៊ី»។ លោក Robert Gelbard អតីតអគ្គរដ្ឋទូតអាម៉េរិកប្រចាំនៅឥណ្ឌូណេស៊ី បានបញ្ជាក់បែបនេះ ក្នុងកិច្ចសម្ភាសន៍ជាមួយវិទ្យុអូស្រ្តាលី (Radio Australia) ដោយរម្លឹកទៅកាន់ចុងទសវត្សរ៍ឆ្នាំ១៩៩០ ថា សកម្មភាពដែលលោក Subianto បានប្រព្រឹត្ត គឺពិតជាអាក្រក់ណាស់។ 
 
ទាក់ទិននឹងបញ្ហានេះ ក្រុមអ្នករិះគន់ បានលើកឡើងថា វត្តមានរបស់លោក Subianto ក្នុងតំណែងជាប្រធានាធិបតី នឹងធ្វើឱ្យឥណ្ឌូណេស៊ី វិលត្រលប់ទៅរកអតីតកាល ដែលមានភាពផ្តាច់ការឡើងវិញ។ 
 
«អ្វីដែលនឹងកើតឡើង គឺការស្លាប់បាត់បង់ជីវិតនៃប្រជាធិបតេយ្យ»។ លោក Hendardi នាយកវិទ្យាស្ថានសម្រាប់ប្រជាធិបតេយ្យ និងសន្តិភាព Setara បានថ្លែងបែបនេះ នៅក្នុងកិច្ចសម្ភាសន៍ជាមួយ New York Times។ 
 
ជាការពិត នាយកវិទ្យាស្ថានរូបនេះ ជាអ្នកប្រឆាំងនឹងរដ្ឋមន្រ្តីការពារជាតិឥណ្ឌូណេស៊ីក្នុងពេលបច្ចុប្បន្នមួយរូប ហើយមិនចង់ឱ្យលោក Subianto ក្លាយជាអ្នកស្នងតំណែងពីលោក ចូកូ វីដូដូដែរ។ លើសពីនេះ ប្រជាជនឥណ្ឌូណេស៊ីមួយចំនួន បានចាត់ទុកលោក Subianto ជានិមិត្តរូបនៃការដឹកនាំរយៈពេល ៣២ឆ្នាំរបស់លោក Suharto ដែលជាឪពុកក្មេកផងដែរ។
 
គោលនយោបាយសំខាន់ៗនៅក្នុងការបោះឆ្នោត
 
ក្នុងការបោះឆ្នោតប្រធានាធិបតីឆ្នាំ២០២៤នេះ វាមានប្រធានបទជាច្រើន ដែលត្រូវផ្តោត។ កន្លងមក លោក Subianto ដែលត្រូវបានចាត់ទុកជាជនផ្តាច់ការ បានប្រកាសថា លោកនឹងបន្តគោលនយោបាយសេដ្ឋកិច្ចរបស់លោកវីដូដូ។ 
 
ទន្ទឹមនេះ កូនប្រសារលោក Suharto រូបនេះ ក៏បានសន្យាមិនអនុវត្តគោលនយោបាយ ដែលលោកធ្លាប់អនុវត្តកាលពីចុងទសវត្សរ៍ឆ្នាំ១៩៩០ ផងដែរ។ លើសពីនេះ រដ្ឋមន្រ្តីការពារជាតិឥណ្ឌូណេស៊ី បានសន្យាអភិវឌ្ឍកម្លាំងយោធា និងអនុវត្តគោលនយោបាយបែបមិត្តភាពជាមួយប្រទេសជិតខាងផងដែរ។ 
 
ចំណែក Anies Baswedan ដែលទទួលការគាំទ្រលំដាប់ទីពីរ បានសន្យាផ្តោតលើកំណើនសេដ្ឋកិច្ច ការងារ ថាមពលស្អាត ការវិនិយោគ រួមទាំងការទប់ស្កាត់អតិផរណានៅក្នុងប្រទេសផងដែរ ប្រសិនបើជាប់ជាប្រធានាធិបតី។ 
 
ដោយឡែកបេក្ខជនប្រធានាធិបតីចុងក្រោយ គឺលោក Ganjar Pranowo បានសន្យាពីការធ្វើកំណែទម្រង់ស្ថាប័នប៉ូលិស ការធ្វើទំនើបកម្មយោធា និងការរៀបចំគោលនយោបាយការបរទេសឡើងវិញ ដើម្បីឱ្យស្របតាមកាលៈទេសៈអន្តរជាតិ ក្នុងពេលបច្ចុប្បន្ន៕ 
 

Tag:
 ឥណ្ឌូណេស៊ី
  បោះឆ្នោត
© រក្សាសិទ្ធិដោយ thmeythmey.com