អន្តរជាតិ
តុលាការ ICJ បញ្ជាឱ្យអុីស្រាអែលទប់ស្កាត់អំពើប្រល័យពូជសាសន៍នៅកាហ្សា
27, Jan 2024 , 10:29 am        
រូបភាព
លោកស្រីចៅក្រម Joan Donoghue ដឹកនាំសវនាការលើបណ្ដឹងរបស់អាហ្វ្រិកខាងត្បូងលើអ៊ីស្រាអែលនៅថ្ងៃទី២៦ ខែមករា។ រូបថត AP
លោកស្រីចៅក្រម Joan Donoghue ដឹកនាំសវនាការលើបណ្ដឹងរបស់អាហ្វ្រិកខាងត្បូងលើអ៊ីស្រាអែលនៅថ្ងៃទី២៦ ខែមករា។ រូបថត AP
តុលាការយុត្តិធម៌អន្តរជាតិក្រុងឡាអេ បានបញ្ជាឱ្យអ៊ីស្រាអែលត្រូវតែទប់ស្កាត់អំពើប្រល័យពូជសាសន៍នៅក្នុងសង្គ្រាមរបស់ខ្លួនជាមួយក្រុមហាម៉ាស និងបើកផ្លូវដល់លំហូរជំនួយចូលទៅក្នុងតំបន់កាហ្សា។ ប៉ុន្តែតុលាការអន្តរជាតិមួយនេះ មិនបានបញ្ជាឱ្យបញ្ចប់ការប្រយុទ្ធឡើយ។
 
ក្នុងសវនាការថ្ងៃទី២៦ ខែមករា តុលាការយុត្តិធម៌អន្តរជាតិ បញ្ជាឱ្យអ៊ីស្រាអែលត្រូវតែសម្របសម្រួល ការផ្ដល់ជំនួយមនុស្សធម៌ដល់ទឹកដីប៉ាឡេស្ទីន ដែលកំពុងស្ថិតនៅក្រោមការទម្លាក់គ្រាប់បែក និងការឡោមព័ទ្ធដោយឥតឈប់ឈរចាប់តាំងពីការវាយប្រហារថ្ងៃទី៧ ខែតុលា លើអ៊ីស្រាអែលពីសំណាក់ក្រុមហាម៉ាសមក។
 
លើសពីនេះ តុលាការអង្គការសហប្រជាជាតិដែលមានមូលដ្ឋាននៅទីក្រុងឡាអេ ក៏ប្រាប់អ៊ីស្រាអែលត្រូវតែធ្វើអ្វីគ្រប់យ៉ាងដើម្បីទប់ស្កាត់ការប្រព្រឹត្តទាំងអស់នៅក្នុងវិសាលភាពនៃអនុសញ្ញាប្រល័យពូជសាសន៍។ ទោះជាយ៉ាងណា តុលាការអន្តរជាតិ បែរជាមិនបញ្ជាឱ្យបញ្ឈប់ជាបន្ទាន់ចំពោះសង្គ្រាមនៅតំបន់កាហ្សាដែលធ្វើឡើងជាង១០០ថ្ងៃទៅហើយ។ 
 
ក្រុមក្រុមហាម៉ាស់នៅកាហ្សាបានសាទរចំពោះសេចក្តីសម្រេចរបស់ ICJ ដោយនិយាយថា វាធ្វើឱ្យអ៊ីស្រាអែលឯកោ និងបង្ហាញឧក្រិដ្ឋកម្មអ៊ីស្រាអែលនៅក្នុងតំបន់កាហ្សាថែមទៀត។ បន្តិចក្រោយការប្រកាសនេះ ក្រុមសកម្មប្រយុទ្ធមួយនេះ បានបញ្ចេញវីដេអូដែលបង្ហាញពីស្ត្រីជនជាតិអ៊ីស្រាអែលបីនាក់ជាចំណាប់ខ្មាំងនៅហ្គាហ្សា ដែល២នាក់ជាទាហានអ៊ីស្រាអែលផង។
 
អាហ្រ្វិកខាងត្បូង ដែលជាអ្នកគាំទ្របុព្វហេតុប៉ាឡេស្ទីន និងជាដើមបណ្ដឹងផងនោះ សាទរការសម្រេចនេះដែរ បន្ទាប់ពីចោទអ៊ីស្រាអែលថា បានបំពានអនុសញ្ញាប្រល័យពូជសាសន៍របស់អង្គការសហប្រជាជាតិឆ្នាំ១៩៤៨។ ប្រធានាធិបតីអាហ្វ្រិកខាងត្បូង Cyril Ramaphosa និងមន្ត្រីច្រើនទៀត សុទ្ធតែអបអរ ពេលឮតុលាការប្រកាសសេចក្ដីសម្រេចរបស់ខ្លួន។
 
ទោះជាយ៉ាងណា​ គេមិនរំពឹងថា អ៊ីស្រាអែលនឹងអនុវត្តតាមឡើយ។ នេះក៏ព្រោះតែតុលាការ ICJ គ្មានយន្តការអនុវត្តឡើយ ទោះសេចក្ដីសម្រេចនេះមានចំណងផ្លូវច្បាប់ក្ដី។ ការអនុវត្តតាមការសម្រេចនេះ ពឹងទាំងស្រុងលើរដ្ឋសមាជិក។ 
 
«យើងរំពឹងថាអ៊ីស្រាអែលជាតាំងខ្លួនជាប្រទេសប្រជាធិបតេយ្យ និងជារដ្ឋដែលគោរពនីតិរដ្ឋគោរពតាមវិធានការដែលបានសម្រេចនេះ។» លោក Ramophosa និយាយបែបនេះ ជាមួយក្តីសង្ឃឹមថាការសម្រេចចិត្តនេះជាការជំរុញផ្លូវទូតថ្មីមួយដើម្បីបញ្ចប់សង្គ្រាម។
 
នាយករដ្ឋមន្រី្តអ៊ីស្រាអែល បេនចាមីន ណេតាន់យ៉ាហ៊ូ វិញ ចេញមុខច្រានការសម្រេចនេះភ្លាមៗ​ដោយចាត់ទុកជារឿងដ៏គួរឱ្យស្អប់ខ្ពើម។ លោក​និយាយ​ថា ការ​ចោទ​ប្រកាន់​លើអ៊ីស្រាអលែ មិន​ត្រឹម​តែ​ជា​រឿង​មិន​ពិត​នោះ​ទេ តែវា​ជា​រឿងហួសហេតុ ដែលត្រូវតែ​បដិសេធ។
 
ចំណែករដ្ឋមន្ត្រីការពារជាតិអ៊ីស្រាអែល Yoav Gallant ក៏និយាយថា អ៊ីស្រាអែលមិនចាំបាច់ត្រូវបង្រៀនអំពីសីលធម៌ឡើយ។ ឯសម្ព័ន្ធមិត្តរឹងមាំរបស់អ៊ីស្រាអែល គឺអាមេរិកបានត្រឹមរំឭកឡើងវិញថា ការចោទប្រកាន់ប្រល័យពូជសាសន៍ ជារឿងគ្មានមូលដ្ឋាន។
 
អាជ្ញាធរប៉ាឡេស្ទីន ក៏បង្ហាញជំហររីករាយដែរ ដោយហៅសេចក្តីសម្រេចរបស់តុលាការអន្តរជាតិថា គ្មានរដ្ឋណាដែលស្ថិតនៅពីលើច្បាប់។ សហភាពអឺរ៉ុបក៏ចេញមកបញ្ជាក់ថា ខ្លួនចង់ឱ្យមានការអនុវត្តជាបន្ទាន់សេចក្តីសម្រេចរបស់តុលាការ៕

Tag:
 អ៊ីស្រាអែល
  ICJ
  កាហ្សា
© រក្សាសិទ្ធិដោយ thmeythmey.com