អន្តរជាតិ
វិមានក្រេមឡាំងច្រានចោលរបាយការណ៍ដែលថាពូទីនស្វែងរកការជជែកជាមួយអាម៉េរិក ដើម្បីបញ្ចប់សង្គ្រាមនៅអ៊ុយក្រែន
27, Jan 2024 , 11:59 am        
រូបភាព
លោក Dmitry Peskov អ្នកនាំពាក្យវិមានក្រេមឡាំង។ រូបភាព Tass
លោក Dmitry Peskov អ្នកនាំពាក្យវិមានក្រេមឡាំង។ រូបភាព Tass
វិមានក្រេមឡាំងនាថ្ងៃទី២៦ ខែមករាបានច្រានចោលរបាយការណ៍របស់កាសែត Bloomberg ដែលបានលើកឡើងថា ប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀ ពូទីន បានដាក់សំណើបណ្ដោះ អាសន្នទៅអាម៉េរិកសម្រាប់ការជួបចរចាមួយដែលអាចកើតមានឡើងដើម្បីបញ្ចប់សង្គ្រាមនៅ អ៊ុយក្រែន និងអាចគិតគូរពីការបោះបង់ចោលការទាមទារសំខាន់ៗលើស្ថានភាពសន្តិសុខ។
 
របាយការណ៍របស់ Bloomberg បាននិយាយថា លោកពូទីនកំពុងសាកល្បងស្ទាបស្ទង់ ការត្រៀមខ្លួនរបស់ទីក្រុងវ៉ាស៊ីនតោនក្នុងការចូលរួមក្នុងកិច្ចពិភាក្សាដែរឬយ៉ាងណា ហើយក៏ បានរកអាម៉េរិកតាមរយៈបណ្តាញប្រយោល។
 
ប្រព័ន្ធផ្សព្វផ្សាយខាងលើបានដកស្រង់សម្តីមនុស្សពីរនាក់ដែលជិតស្និទ្ធនឹងវិមានក្រេមឡាំងដែលសម្គាល់បន្តថា លោកពូទីនប្រហែលជាមានឆន្ទៈក្នុងការពិចារណាបោះបង់ចោល ការទទូចលើអព្យាក្រឹតភាពសម្រាប់អ៊ុយក្រែនហើយថែមទាំងបោះបង់ចោលការប្រឆាំងទៅ នឹងសមាជិកភាពសម្ព័ន្ធយោធាណាតូ ដែលទាំងនេះសុទ្ធតែជាហេតុផលដែលរុស្ស៊ីបាន លើក ឡើងសម្រាប់ការលុកលុយនៅអ៊ុយក្រែន។
 
យ៉ាងណាមិញក្នុងការឆ្លើយតបទៅអ្នកសារព័ត៌មានដែលចោទសួរថា ក្រុងមូស្កូពិតជាត្រៀម ខ្លួនរួចជាស្រេចក្នុងការលះបង់ការទាមទាររបស់ខ្លួនលើអព្យាក្រឹតភាព និងសមាជិកភាពក្នុង សម្ព័ន្ធណាតូសម្រាប់អ៊ុយក្រែនឬយ៉ាងណា អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បញ្ជាក់ថា វាមិនមែនជាការលើកឡើងពិតប្រាកដនោះឡើយ។
 
«ទេ នេះគឺជារបាយការណ៍មិនពិត។ (របាយការណ៍នេះ)​ មិនឆ្លើយតបទៅនឹងការពិតទេ» ។ លោក Peskov បានបញ្ជាក់បែបនេះដោយមិនអធិប្បាយបន្ថែមនោះឡើយ។
 
ដោយឡែក នៅថ្ងៃដដែល សមាជិកសភាជាន់ខ្ពស់រុស្ស៊ីម្នាក់ លោក​ Andrei Kartopolov បាននិយាយថា ចារកម្មយោធាអ៊ុយក្រែនត្រូវបានផ្តល់ការព្រមានរយៈពេល ១៥ នាទី មុនពេល យន្តហោះដឹកជញ្ជូនយោធារុស្ស៊ី  Ilyushin Il-76  ដែលដឹកអ្នកទោសសង្គ្រាមអ៊ុយក្រែនចូលទៅ ក្នុងតំបន់ដែលត្រូវបានបាញ់ទម្លាក់នៅថ្ងៃទី២៤ ខែមករា។ ហេតុការណ៍នេះបានសម្លាប់ មនុស្ស ៧៤ នាក់នៅលើយន្តហោះ រួមទាំងទាហានអ៊ុយក្រែន ៦៥ នាក់ដែលត្រូវបានចាប់ ខ្លួនជាអ្នកទោសសង្គ្រាម។
 
យ៉ាងណាមិញ អ្នក​នាំពាក្យ​ចារកម្ម​យោធា​អ៊ុយក្រែន លោក Andriy Yusov អះអាងថា រុស្ស៊ីមិនបានជូនដំណឹងអំពីការរៀបចំការហោះហើរនេះទេ ហើយក៏មានការអនុវត្តខុសពីការ ដោះដូរអ្នកទោសសង្គ្រាមលើកមុនៗផងដែរ៕

© រក្សាសិទ្ធិដោយ thmeythmey.com