អន្តរជាតិ
ក្រោយតួកគីបើកផ្លូវឱ្យស៊ុយអែតចូលណាតូ វ៉ាស៊ីនតោនសម្រេចលក់យន្តហោះ F-16 ឱ្យអង់ការ៉ា
27, Jan 2024 , 3:19 pm        
រូបភាព
រដ្ឋបាលប្រធានាធិបតី ចូ បៃឌិន បានយល់ព្រមលក់យន្តហោះចម្បាំង F-16 ឱ្យតួកគីហើយ បន្ទាប់ពីទីក្រុងអង់ការ៉ាសច្ចាប័នឱ្យស៊ុយអែតចូលណាតូ។ តួកគីដែលផ្អឹបសំណើស៊ុយអែតរាប់ខែ បានបញ្ចប់នីតិវិធីដ៏លឿនក្នុងសប្ដាហ៍នេះ។


សភាតួកគីផ្ដល់សច្ចាប័នឱ្យស៊ុយអែតចូលណាតូនៅថ្ងៃទី២៣ ហើយប្រធានាធិបតី តៃយីប អ៊ែរដូហ្កាន់ ចុះហត្ថលេខានៅថ្ងៃទី២៦ ខែមករា មុនបញ្ជូនលិខិតូបករណ៍ផ្ដល់សច្ចាប័នឱ្យអាម៉េរិក ដែលជានីតិវិធីចុងក្រោយក្នុងការក្លាយជាសមាជិកណាតូ។ ភ្លាមៗ តួកគីក៏បានកាដូពីអាម៉េរិក។
 
ក្រសួងការបរទេសអាម៉េរិក បានជូនដំណឹងដល់សភាអំពីការយល់ព្រមលើការលក់យន្តហោះ F-16 តម្លៃ២៣ពាន់លានដុល្លារទៅឱ្យតួកគីនៅថ្ងៃទី២៦ ខែមករា ព្រមគ្នានឹងការលក់យន្តហោះចម្បាំងទំនើប F-35 តម្លៃ៨,៦ពាន់លានដុល្លារទៅឱ្យក្រិក។
 
បើតាមការជូនដំណឹង អាម៉េរិកនឹងលក់យន្តហោះ F-16 ថ្មីចំនួន៤០គ្រឿងឱ្យតួកគី និងឧបករណ៍មួយចំនួនទៀតដើម្បីធ្វើទំនើបកម្មយន្តហោះ F-16 ចំនួន៧៩គ្រឿងរបស់ទ័ពអាកាសតួកគី។
 
ជាសមាជិកធំមួយណាតូ តួកគីចង់ពង្រឹងសមត្ថភាពផ្នែកអាកាសជាយូរមកហើយតាមរយៈការធ្វើទំនើបកម្មយន្តហោះ F-16 ដែលមានស្រាប់ និងការទិញបន្ថែម។ ប៉ុន្តែបញ្ហាក៏ត្រូវភ្ជាប់នឹងលក្ខខណ្ឌចូលណាតូរបស់ស៊ុយអែត និងហ្វាំងឡង់ ចំពេលមានវិបត្តិនៅអ៊ុយក្រែន។
 
កន្លងមក តួកគីសូញប្រដាញនឹងការចូលណាតូរបស់ស៊ុយអែត ដោយចង្អុលទៅការអនុញ្ញាតឱ្យក្រុមឃើដស្នាក់នៅស៊ុយអែត។ តួកគីចាត់ទុកក្រុមនេះជាបណ្ដាញភេរវករ ដែលគំរាមសន្តិសុខរបស់ខ្លួន។ ស៊ុយអែតក៏បានផ្ដល់ការធានារឹតត្បិតសកម្មភាពក្រុមនេះនៅលើទឹកដីខ្លួនដែរ។
 
អស់ពីតួកគី ស៊ុយអែត ត្រូវឆ្លងហុងគ្រីមួយទៀត។ អាម៉េរិក និងអង្គការណាតូ រំពឹងថា ហុងគ្រីនឹងធ្វើសកម្មភាពយ៉ាងឆាប់រហ័សបន្ទាប់ពីការសម្រេចចិត្តរបស់តួកគី៕
 

Tag:
 តួកគី
  អាម៉េរិក
© រក្សាសិទ្ធិដោយ thmeythmey.com