RFI
អន្តរជាតិ
ចិនព្រមានអឺរ៉ុបថា នយោបាយ​ការពារនិយម​ធ្វើ​ឲ្យ​ខូច​រូបភាព​សេដ្ឋកិច្ច​របស់​អឺរ៉ុបខ្លួនឯង
27, Jan 2024 , 6:59 pm        
រូបភាព
សកម្មជនបរិស្ថាន​ឡើង​លើ​អគាររបស់​ក្រុមប្រឹក្សាអឺរ៉ុប​ដែលកំពុងបើកកិច្ចប្រជុំនិយាយ​ពីទំនាក់ទំនងពាណិជ្ជកម្មជាមួយ​ចិន និងជាមួយអាមេរិក AP - Geert Vanden Wijngaert
សកម្មជនបរិស្ថាន​ឡើង​លើ​អគាររបស់​ក្រុមប្រឹក្សាអឺរ៉ុប​ដែលកំពុងបើកកិច្ចប្រជុំនិយាយ​ពីទំនាក់ទំនងពាណិជ្ជកម្មជាមួយ​ចិន និងជាមួយអាមេរិក AP - Geert Vanden Wijngaert
ដោយ៖ឈាង បុប្ផា/RFI
 
ប្រទេស​ចិន បាន​ចេញមុខ​រិះគន់​ចំណាត់ការ​របស់សហភាពអឺរ៉ុប ដែល​ចិន​ចាត់ទុក​ថា ជានយោបាយ​ការពារនិយម។ សម្រាប់​ភាគីចិន រូបភាពរបស់អឺរ៉ុប​នៅផ្នែកសេដ្ឋកិច្ច និង​ការដោះដូរពាណិជ្ជកម្មពិភពលោក កំពុង​ជួបបញ្ហា ក៏ដោយសារ​តែ​នយោបាយ​ការពារនិយម​របស់​សហភាពអឺរ៉ុប។ 
 
ប៉េកាំង​មិន​សប្បាយចិត្ត​ទាល់តែសោះ​នឹង​វិធានការការពារ​និយម​របស់​សហភាពអឺរ៉ុប។ មួយថ្ងៃ​ក្រោយ សហភាពអឺរ៉ុប​បង្ហាញផែនការ ៥ចំណុច​ដើម្បី​ពង្រឹង​យន្តការ​ត្រួតពិនិត្យ​ការវិនិយោគ​របស់​ក្រុមហ៊ុន​បរទេស ហើយ​និង​ការនាំចេញ​បច្ចេកវិទ្យា​របស់​ក្រុមហ៊ុន​អឺរ៉ុប​ទៅបរទេស ក្រសួងការបរទេស​ចិន តាមរយៈ​អ្នកនាំពាក្យ លោក Wang Wenbin បាន​ព្រមាន​អឺរ៉ុប​ថា នយោបាយ​ការពារនិយម​ធ្វើ​ឲ្យ​រូបភាពសេដ្ឋកិច្ច និងការដោះដូរពាណិជ្ជកម្ម​អន្តរជាតិ របស់អឺរ៉ុប​ជួបបញ្ហា។
 
នៅក្នុង​សន្និសីទ​កាសែត នៅថ្ងៃ​ព្រហស្បតិ៍នេះ អ្នកនាំពាក្យ​ក្រសួងការបរទេស​ចិន​សង្កត់ធ្ងន់ថា សព្វថ្ងៃនេះ សហគមន៍​អន្តរជាតិ​កំពុង​បារម្ភ​ពី​គោលនយោបាយ​ការពារ​និយម ជា​ឯកតោភាគី របស់​សហភាពអឺរ៉ុបនៅក្នុង​វិស័យ​សេដ្ឋកិច្ច និង​ពាណិជ្ជកម្ម។ សម្រាប់​ភាគី​ចិន សហភាពអឺរ៉ុប គួរតែ​គោរព​ការដោះដូរ​ដោយ​សេរី ការប្រកួតប្រជែង​ដោយ​សេរី ការបើកចំហរ​ក្នុង​ការសហការ​ចាប់ដៃគ្នា​ធ្វើពាណិជ្ជកម្ម ពោល​គឺមិនមែន​អនុវត្ត​គោលនយោបាយ​ដែល​ដើរផ្ទុយ​នឹង​សកលភាវូបនីយកម្ម។
 
ប៉េកាំង​ចេញមុខ​ប្រតិកម្ម ព្រមាន​សហភាព​អឺរ៉ុប ក៏​ព្រោះថា ចិនមាន​ឈ្មោះ​ជា​ប្រទេស​ឧទាហរណ៍​ដែល​សហភាពអឺរ៉ុប​ទាមទារ​ឲ្យ​ប្រទេសសមាជិក​របស់ខ្លួន​ត្រូវ​ប្រយ័ត្នប្រយែងខ្ពស់ នៅពេលនិយាយ​ពី​ការបោះទុន​វិនិយោគ​បរទេស​នៅក្នុង​ទឹកដី​អឺរ៉ុប ឬ​ការនាំចេញ​បច្ចេកវិទ្យា​រសើប ទៅបរទេស។
 
នៅក្នុង​សំណើច្បាប់​ដែល​សហភាព​អឺរ៉ុប​បាន​បង្ហាញជា​សាធារណៈ​កាលពី​ថ្ងៃ​ពុធទី ២៤​មករា មាន​និយាយ​ពី​សេចក្តីផ្តួចផ្តើម ៥ចំណុច ដែលមាន​គោលដៅ ការពារ​កុំ​ឲ្យ​សន្តិសុខសេដ្ឋកិច្ច​របស់អឺរ៉ុប​ជួបហានិភ័យ។ ជារួម សហភាព​អឺរ៉ុប​ចង់​ជៀសវាង​កុំ​ឲ្យ​បច្ចេកវិទ្យា និង​ហេដ្ឋារចនាសម្ព័ន្ធ​សំខាន់ៗរបស់អឺរ៉ុប ធ្លាក់​ទៅក្នុង​ដៃ​គូប្រជែង​ដូចជា​ចិន​ជាដើម។
 
សម្រាប់​អ្នកទទួលខុសត្រូវផ្នែក​ពាណិជ្ជកម្ម​របស់គណៈកម្មការអឺរ៉ុប សំណើច្បាប់​ថ្មី​នឹង​អនុញ្ញាត​ឲ្យ​ប្រទេស​សមាជិក​​សហការគ្នា​ជិតស្និទ្ធ​ដើម្បីគ្រប់គ្រង​ការវិនិយោគ​របស់​ក្រុមហ៊ុន​បរទេស​នៅ​ក្នុងទឹកដី​អឺរ៉ុប ដែលនេះជារឿង​មិនធ្លាប់មានទេ ពីមុនមក។ ទាក់ទង​នឹង​ការបោះទុន​វិនិយោគ​របស់​ក្រុមហ៊ុន​អឺរ៉ុប​នៅទឹកដីបរទេស សេចក្តីព្រាងច្បាប់​របស់​សហភាពអឺរ៉ុប​ចង់​ពង្រឹង​ការត្រួតពិនិត្យ ដើម្បីធ្វើយ៉ាងណាកុំ​ឲ្យ​មានការបែកលេចធ្លាយ លួចចម្លង ចំណេះដឹង ​នៅក្នុង វិស័យ​បច្ចេកវិទ្យាសំខាន់ ដែល​គេ​អាច​លួចយកទៅប្រើ​សម្រាប់​គោលដៅ​យោធា និង​ស៊ើបការណ៍សម្ងាត់។
 
គួរបញ្ជាក់ថា នៅ​ខែ​តុលា​ឆ្នាំមុន សហភាព​អឺរ៉ុប​ធ្លាប់បង្ហាញ​វិស័យគន្លឹះ​ចំនួន​៤ដែល​គេ​ត្រូវ​ការពារ​ជាអាទិភាព នោះ គឺ សឹមីកុងឌុចទ័រ កម្មវិធី​បញ្ញាសិប្បនិម្មិត ព័ត៌មានវិទ្យាកង់ទិក និង​ជីវបច្ចេកវិទ្យា។ គណៈកម្មាការអឹរ៉ុបផ្ទាល់​ធ្លាប់​បាន​ស្នើ​ឲ្យមានសហការ​គ្នា​ក្នុងផ្នែកត្រួតពិនិត្យការនាំចេញ​ផលិតផល​ដែលអាច​ប្រើ​សម្រាប់ស៊ីវិលផង និងកងទ័ពផង ដូចជា ផលិតផល​អេឡិចត្រូនិក បច្ចេកវិទ្យានុយក្លេអ៊ែរ និងមីស៊ីល៕

© រក្សាសិទ្ធិដោយ thmeythmey.com