អន្តរជាតិ
អ៊ុយក្រែនអញ្ជើញលោក ស៊ី ជិនភីង ចូលរួមជំនួបកំពូលសន្តិភាពនៅស្វីស
27, Jan 2024 , 8:19 pm        
រូបភាព
អ៊ុយក្រែនបានអញ្ជើញប្រធានាធិបតីចិន ស៊ី ជិនភីង ឱ្យចូលរួមក្នុងកិច្ចប្រជុំកំពូលសន្តិភាពដែលគ្រោងធ្វើនៅស្វីស។ នេះបើតាមទីប្រឹក្សាការប្រធានាធិបតីអ៊ុយក្រែន។
 
ចិនដែលមានទំនាក់ទំនងជិតស្និទ្ធជាមួយរុស្ស៊ី ត្រូវមើលឃើញថា ជាតួអង្គសំខាន់មួយក្នុងការស្វែងរកសន្តិភាពសម្រាប់វិបត្តិអ៊ុយក្រែន។ កន្លងមក ចិនបានបដិសេធមិនរិះគន់ការឈ្លានពានរបស់រុស្ស៊ីលើអ៊ុយក្រែនឡើយ តែប្រកាន់ជំហរដោយផ្ដោតលើការគោរពអធិបតេយ្យភាព និងបូរណភាពទឹកដីនៃប្រទេសទាំងអស់។
 
បច្ចុប្បន្ន អ៊ុយក្រែន កំពុងកៀរគរមេដឹកនាំនានាសម្រាប់កិច្ចប្រជុំកំពូលមួយសំដៅស្វែងរកសន្តិភាព។ ទីប្រឹក្សាប្រធានាធិបតីអ៊ុយក្រែន វ៉ូឡូឌីមៀ ហ្សលេនស្គី លោក Ihor Zhovkva បានប្រាប់ទីភ្នាក់ងារព័ត៌មាន Reuters ក្នុងបទសម្ភាសមួយនៅសប្តាហ៍នេះថា អ៊ុយក្រែនពិតជាអញ្ជើញចិនឱ្យចូលរួមក្នុងកិច្ចប្រជុំកំពូលនេះ ជាកម្រិតខ្ពស់បំផុតនៅថ្នាក់ប្រធានាធិបតី។
 
«ការចូលរួមរបស់ចិននឹងមានសារៈសំខាន់ខ្លាំងណាស់សម្រាប់យើង។ យើងកំពុងធ្វើការជាមួយភាគីចិន។ យើងចូលរួមជាមួយដៃគូរបស់យើងនៅក្នុងពិភពលោកដើម្បីឱ្យពួកគេបង្ហាញដល់ភាគីចិនថា តើវាមានសារៈសំខាន់យ៉ាងណាក្នុងការចូលរួមក្នុងកិច្ចប្រជុំកំពូលបែបនេះ។» មន្ត្រីអ៊ុយក្រែនបញ្ជាក់បែបនេះ។
 
ច្បាស់ណាស់ថា អ៊ុយក្រែនដឹងពីឥទ្ធិពលរបស់ចិនក្នុងទំនាក់ទំនងជាមួយចិន។ ប្រធានាធិបតីចិន ស៊ី ជិនភីង និងប្រធានាធិបតីរុស្ស៊ី វ៉ា្លឌីមៀ ពូទីន បានប្រកាសភាពជាដៃគូគ្មានដែនកំណត់នាជំនួបនៅទីក្រុងប៉េកាំងត្រឹមតែបីសប្តាហ៍មុនពេលការឈ្លានពានរបស់រុស្ស៊ី។ តាំងពីពេលនោះមក ទំនាក់ទំនងនេះកាន់តែស្អិតល្មួត ហើយចិនបានបង្កើនការនាំចូលថាមពលពីរុស្ស៊ីយ៉ាងខ្លាំង។
 
ស្វីសដែលជារដ្ឋអព្យាក្រឹត បានយល់ព្រមធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលសន្តិភាពស្តីពីអ៊ុយក្រែនតាមសំណើរបស់លោក ហ្សេលេនស្គី ប៉ុន្តែមិនទាន់បានកំណត់កាលបរិច្ឆេទ ឬទីកន្លែងជាក់លាក់នោះទេ។ លោក Zhovkva បាននិយាយថា ក្រុមការងារកំពុងធ្វើការលើព័ត៌មានលម្អិត។ ជាមួយគ្នានេះ ទីប្រឹក្សាសន្តិសុខនៃប្រទេសចំនួន៨២ បានចូលរួមក្នុងកិច្ចពិភាក្សាក្នុងខែនេះនៅទីក្រុង Davos ដែលផ្តោតលើផែនការសន្តិភាព១០ចំណុចរបស់អ៊ុយក្រែន។
 
យ៉ាងណាមិញ រុស្ស៊ី​មិន​ត្រូវ​បាន​​អញ្ជើញ​ឲ្យ​ចូល​រួម​កិច្ច​ប្រជុំ​កំពូល​ដែល​បាន​គ្រោង​ទុក​នោះ​ទេ។ កន្លងមក ទីក្រុងមូស្គូអះអាងថា  ផែនការ​១០​ចំណុច​របស់​អ៊ុយក្រែន​នឹង​មិន​មានផលអ្វីឡើយ។
 
ផែនការរបស់អ៊ុយក្រែន រួមបញ្ចូលការស្ដារឡើងវិញបូរណភាពទឹកដីរបស់អ៊ុយក្រែន ការដកកងទ័ពរុស្ស៊ីទាំងអស់ ការការពារការផ្គត់ផ្គង់អាហារ និងថាមពល សុវត្ថិភាពនុយក្លេអ៊ែរ និងការដោះលែងអ្នកទោសសង្គ្រាមទាំងអស់៕

© រក្សាសិទ្ធិដោយ thmeythmey.com