RFI
អន្តរជាតិ
សង្រ្គាមអ៊ុយក្រែន៖ បារាំងទាត់ចោលការចោទប្រកាន់ដែលថា មានទាហានស៊ីឈ្នួល​បារាំងនៅអ៊ុយក្រែន
27, Jan 2024 , 9:59 pm        
រូបភាព
ទាហានស៊ីឈ្នួលរុស្ស៊ី វ៉ាក់ណែរ REUTERS – STRINGER
ទាហានស៊ីឈ្នួលរុស្ស៊ី វ៉ាក់ណែរ REUTERS – STRINGER
ដោយ៖ឈាង បុប្ផា/RFI
 
បារាំង​ទាត់ចោល​ការចោទប្រកាន់ដែលថា មាន​ទាហានស៊ីឈ្នួល​បារាំង នៅក្នុង​សមរភូមិ​អ៊ុយក្រែន។ តាមសេចក្តីប្រកាសព័ត៌មាន​របស់​ក្រសួងការពារជាតិ​បារាំង ​នៅថ្ងៃសុក្រទី ២៦មករា បារាំង​កំណត់បាន​អត្តសញ្ញាណ​ខ្សែបណ្តាញ​រុស្ស៊ី​ដែល​ចុះផ្សាយ​ព័ត៌មានក្លែងក្លាយ ក្នុង​គោលដៅ​បង្ខូចកេរ្តិ៍​ឈ្មោះ​បារាំង។ ក្រសួងការពារ​ជាតិបារាំង ចេញមុខ​បកស្រាយ យ៉ាងដូច្នេះ នៅ ពីរថ្ងៃក្រោយ​សភាឌូម៉ា​របស់​រុស្ស៊ី បោះឆ្នោត​លើ​សេចក្តីសម្រេច ទាមទារ​ឲ្យភាគីបារាំង​បរិហាររិះគន់​វត្តមាន​ទាហាន​ស៊ីឈ្នួលបារាំង​នៅក្នុង​សង្រ្គាម​អ៊ុយក្រែន។
 
ចាប់តាំង​ពីផ្ទុះសង្រ្គាមរុស្ស៊ីឈ្លានពាន​អ៊ុយក្រែន បារាំង​បាន​ក្លាយជាផ្ទាំងស៊ីប​វាយប្រហារ​របស់​ក្រុមផ្សព្វផ្សាយព័ត៌មានមិនពិត​រុស្ស៊ី។ ប៉ុន្តែ ក្រសួងការពារ​ជាតិ​បារាំង​សង្កេតឃើញ និន្នាការ​ចុះផ្សាយ​ព័ត៌មាន​ក្លែងក្លាយ ដើម្បី​បង្ខូច​កេរ្តិ៍ឈ្មោះ បារាំង កើនឡើងចំនួន​កាន់តែច្រើន និងមានប្រភពពី​រុស្ស៊ី នៅបន្ទាប់ពី ប្រមុខរដ្ឋបារាំង លោក​ម៉ាក្រុង​ប្រកាស​គាំទ្រ​អ៊ុយក្រែន។
 
“យើង​មិន​អាច​បណ្តោយ​ឲ្យ​រុស្ស៊ី​ឈ្នះ​សង្រ្គាម​បានទេ” នេះជា​ប្រសាសន៍​របស់ប្រធានាធិបតីបារាំង នៅក្នុង​សន្និសីទកាសែត​កាលពីថ្ងៃទី ១៦​មករា មុន​នឹង​សន្យា​បញ្ជូន​មីស៊ីល​បាញ់រយៈចម្ងាយឆ្ងាយ​ទៅអ៊ុយក្រែន។
 
មួយថ្ងៃ​ក្រោយ ការប្រកាស​របស់​ប្រធានាធិបតីបារាំង ក្រសួងការពារ​ជាតិ​រុស្ស៊ី​អះអាងថា ខ្លួន​បាញ់បំផ្លាញ អគារស្នាក់នៅ​មួយ​កន្លែង​ក្នុងទីក្រុង​ខាកៀវ ដែលជាកន្លែងប្រមូលផ្តុំ​ទាហានស៊ីឈ្នួល​បរទេស ក្នុងនោះ​មាន​ទាហានស៊ីឈ្នួល​បារាំង។ បើតាម​ម៉ូស្គូ ការវាយប្រហារ​បាន​សម្លាប់ទាហានស៊ីឈ្នួល​បារាំង ៦០​នាក់។
 
ព័ត៌មាននេះ​ត្រូវកាសែត​ក្នុងស្រុក​រុស្ស៊ី​ចុះផ្សាយ​យ៉ាង​ព្រោងព្រាត រហូតដល់​ថ្ងៃ​ពុធ សភាឌូម៉ា​រុស្ស៊ី​បានបោះឆ្នោត អនុម័ត​សេចក្តីសម្រេច​ទាមទារ​ឲ្យ​សភាបារាំង​បរិហារ​សកម្មភាពរបស់​ទាហាន​ស៊ីឈ្នួល​បារាំង នៅអ៊ុយក្រែន។
 
សភារុស្ស៊ី​អះអាងថា ខ្លួនមានព័ត៌មាន​គួរ​ឲ្យជឿទុកចិត្ត ដែលថា ទាហាន​ស៊ីឈ្នួល​បារាំង​ចូលរួមកៀកស្មាទាហាន​អ៊ុយក្រែន​នៅក្នុងសមរភូមិប្រយុទ្ធតទល់​រុស្ស៊ី ប៉ុន្តែ ទាំងវិមានក្រេមឡាំង និង​សភា​ឌូម៉ា​មិន​បាន​ផ្តល់​ភស្តុតាង ដើម្បី​បញ្ជាក់​ចោទប្រកាន់​របស់ខ្លួន។
 
នៅ​សប្តាហ៍មុន ក្រសួងការបរទេស​រុស្ស៊ីបាន​កោះហៅ​ឯកអគ្គរដ្ឋទូតបារាំង​ប្រចាំ​ម៉ូស្គូ ឲ្យ​ចូល​ឆ្លើយបំភ្លឺ​ការចូលរួម លូកដៃកាន់តែ​ជ្រៅ​របស់​បារាំង​ក្នុងសមរភូមិអ៊ុយក្រែន។
 
នៅថ្ងៃ​សុក្រ ក្រសួងការពារជាតិបារាំង​ចេញមុខ​ទាត់ចោល​ការចោទប្រកាន់ ដោយ​ថា បារាំង​គ្មាន​ទាហាន​ស៊ីឈ្នួល ដូច​ប្រទេស​ដទៃ។ ដោយ​មិន​និយាយ​ចំ​ឈ្មោះ​រុស្ស៊ី​ដែល​មាន​ទាហាន​ស៊ីឈ្នួល​វ៉ាក់ណែរ លូកដៃ​សកម្មខ្លាំង​ក្នុងសង្រ្គាមអ៊ុយក្រែន ក្រសួងការពារ​ជាតិ​បារាំង​ពន្យល់​ថា ច្បាប់​បារាំង​ហាមឃាត់​មិន​ឲ្យ​មានការរើសទាហានស៊ីឈ្នួល ឬស៊ីឈ្នួលធ្វើសង្រ្គាមនៅទឹកដីបរទេស។

អ្នកដែលល្មើសច្បាប់ត្រូវប្រឈម​នឹង​ការដាក់ទោសជាប់ពន្ធនាគារ ៥ឆ្នាំ និង​បង់ប្រាក់ពិន័យ ៧៥​០០០អឺរ៉ូ។
 
សម្រាប់​ក្រសួងការបរទេស​បារាំង ការចុះផ្សាយ​ដែលថា មាន​ជនជាតិបារាំង​ជា​ទាហានស៊ីឈ្នួល​ក្នុងសង្រ្គាមអ៊ុយក្រែន ជាផ្នែកមួយនៃយុទ្ធនាការផ្សព្វផ្សាយព័ត៌មានក្លែងក្លាយ​របស់​បណ្តាញរុស្ស៊ី នៅ​ក្នុង​គោលដៅ សំអុយ បង្ខូច​ឈ្មោះ​បារាំង។ សូម្បី កាសែត​ក្នុង​ស្រុក​រុស្ស៊ី ដែល​មាន​តាំង​ពី​កាសែត​Sputnik News RT RIA Novosti ក៏​បាន​ចូលរួម​ផ្សាយ​បំប៉ោង​ព័ត៌មានក្លែងក្លាយ យ៉ាង​ព្រោងព្រាត ដើម្បី​បំភាន់​មតិ​មហាជន​ឲ្យ​ស្អប់ខឹង​រដ្ឋាភិបាល​បារាំង។
 
ជាការពិត នៅពេល​ចាប់ផ្ទុះសង្រ្គាមរុស្ស៊ីឈ្លានពាន​អ៊ុយក្រែន នៅ​ដើមឆ្នាំ ២០២២ មានជនបរទេស ជាច្រើន​ដែលមានសមានចិត្ត​ជាមួយ​ពលរដ្ឋអ៊ុយក្រែន ស្ម័គ្រចិត្ត​ទៅ​ប្រយុទ្ធជួយអ៊ុយក្រែន។ បើ​តាម​មន្រ្តីទូត​បារាំង​ដកស្រង់​សំដី​ដោយ​ទីភ្នាក់ងារ​ព័ត៌មាន​បារាំង AFP ក្នុងចំណោម​ឈ្មោះ​បារាំង ដែល​ព័ត៌មាន​រុស្ស៊ី​ចុះផ្សាយ មួយចំនួន​អាច​ជា​ទាហាន​ដែល​អ៊ុយក្រែន​ដាក់​បញ្ចូល​ក្នុង​កងពលទាហាន​បរទេស​របស់ខ្លួន ប៉ុន្តែ មាន​ឈ្មោះ​ច្រើនទៀត​នៅក្នុងបញ្ជីរបស់រុស្ស៊ី ដែលជា​ឈ្មោះក្លែងក្លាយ៕

© រក្សាសិទ្ធិដោយ thmeythmey.com