អន្តរជាតិ
ដែនកោះទូវ៉ាលូ អាចដើរតាមណូរូដោយបោះបង់តៃវ៉ាន់ ហើយងាកទៅចិនវិញ?
27, Jan 2024 , 4:53 pm        
រូបភាព
លោក Kausea Natano នាយករដ្ឋមន្ត្រីទូវ៉ាលូ
លោក Kausea Natano នាយករដ្ឋមន្ត្រីទូវ៉ាលូ
នាយករដ្ឋមន្រ្តីកោះទូវ៉ាលូ Kausea Natano បានរងបរាជ័យក្នុងការបោះឆ្នោតសភាថ្ងៃទី២៦ ខែមករា។ នេះជាការបោះឆ្នោតដែលត្រូវបានតាមដានយ៉ាងខ្លាំងពីសំណាក់ចិន និងតៃវ៉ាន់ ដ្បិតជាការបោះឆ្នោតមួយដែលនឹងសម្រេចថា ទូវ៉ាលូបន្តក្រសោបតៃវ៉ាន់ ឬដើរតាមគន្លងកោះណូរូ បោះដៃរកចិនជំនួសវិញ។
 
លទ្ធផលបណ្ដោះអាសន្ននៃការបោះឆ្នោតសភាទូវ៉ាលូដែលផ្សាយនៅថ្ងៃទី២៧ ខែមករា បង្ហាញថា លោក Kausea Natano ប្រមុខរដ្ឋាភិបាលដែលមាននិន្នាការទៅរកតៃវ៉ាន់ មិនបានជាប់ឆ្នោតឡើយ ខណៈលោក Seve Paeniu ដែលសម្លឹងឃើញកៅអីនាយករដ្ឋមន្រ្តីដែរនោះ ជាប់ឆ្នោតជាសមាជិកសភាទូវ៉ាលូ។
 
មុនការបោះឆ្នោត លោក Natano សន្យាបន្តទំនាក់ទំនងជាមួយតៃវ៉ាន់ ដែលចំណងការទូតត្រូវតភ្ជាប់តាំងពីឆ្នាំ១៩៧៩មក។ ទូវ៉ាលូដែលមានប្រជាជនមិនដល់១២០០០នាក់ផង ស្ថិតក្នុងចំណោមដែនកោះប៉ាស៊ីហ្វិកចំនួន៣ ដែលនៅតែក្រសោបតៃវ៉ាន់។ ចំណែកលោក Paeniu ប្ដេជ្ញាសើរើទំនាក់ទំនងនេះឡើងវិញ ហើយរដ្ឋាភិបាលថ្មីនឹងសម្រេចថា ងាកទៅចិន ឬបន្តទទួលស្គាល់តៃវ៉ាន់ ដែលនឹងផ្ដល់ប្រយោជន៍ដល់ប្រជាជន។
 
បេក្ខជនជាប់ឆ្នោតម្នាក់ទៀតដែលមានភាគរយច្រើនក្នុងការដឹកនាំរដ្ឋាភិបាល Enele Sopoaga មានជំហររក្សាទំនាក់ទំនងជាមួយតៃវ៉ាន់ដែរ តែលោកចង់លុបចោលសន្ធិសញ្ញាសន្តិសុខជាមួយអូស្ត្រាលី។ លោក Paeniu កំពុងកៀរគរការគាំទ្រពីបេក្ខជនជាប់ឆ្នោតផ្សេងទៀត ដើម្បីអាចអង្គុយកៅអីនាយករដ្ឋមន្រ្តីបាន។ 
 
តៃវ៉ាន់វិញ អះអាងថា បេក្ខជនដែលជាប់ឆ្នោតភាគច្រើន សុទ្ធតែចង់បន្តចំណងការទូតជាមួយខ្លួន។
 
បច្ចុប្បន្ន តៃវ៉ាន់នៅសល់ប្រទេស១២ប៉ុណ្ណោះដែលទទួលស្គាល់ឯករាជ្យ។ ប្រទេសទាំងនោះ សុទ្ធសឹងជារដ្ឋក្រីក្រ និងជាដែនកោះតូចៗនៅប៉ាស៊ីហ្វិក ការ៉ាអ៊ីប និងអាហ្វ្រិក៕ 
 

Tag:
 ទូវ៉ាលូ
  ចិន
  តៃវ៉ាន់
© រក្សាសិទ្ធិដោយ thmeythmey.com