RFI
អន្តរជាតិ
តុលាការ​យុត្តិធម៌​អន្តរជាតិ បញ្ជាឲ្យ​ អុីស្រាអែល ​បញ្ចៀស​អំពើ​ប្រល័យ​ពូជសាសន៍​​នៅ​តំបន់​ហ្កាហ្សា
28, Jan 2024 , 7:59 am        
រូបភាព
សាលាជម្រះក្តីថ្នាក់កំពូល នៃអង្គការសហប្រជាជាតិ ថ្ងៃសុក្រទី២៦មករា ។ REUTERS - THILO SCHMUELGEN
សាលាជម្រះក្តីថ្នាក់កំពូល នៃអង្គការសហប្រជាជាតិ ថ្ងៃសុក្រទី២៦មករា ។ REUTERS - THILO SCHMUELGEN
ដោយ៖ហេង ឧត្តម/RFI
 
តុលាការ​យុត្តិធម៌​អន្តរជាតិ បាន​ចេញ«បញ្ជាបន្ទាន់»​ឲ្យ ​អ៊ីស្រាអែល ប្រើគ្រប់​មធ្យោបាយគ្រប់​លទ្ធភាព​ទាំងឡាយដើម្បីបញ្ចៀសអំពើ​ប្រល័យ​ពូជសាសន៍​​ ហើយ​និង​ត្រូវ​បើកផ្លូវ​ឲ្យ​បញ្ជូន​ផ្ទេរ​ជំនួយ​មនុស្សធម៌​ទៅកាន់​ប្រជាជន​នៅ​តំបន់​ហ្កាហ្សា។ នេះគឺ​ជា​សេចក្តី​សម្រេច​របស់​ សាលាជម្រះ​ក្តីថ្នាក់​កំពូល​ នៃ​អង្គការ​សហ​ប្រជាជាតិ​ ថ្ងៃសុក្រទី​២៦មករា និង​តប​តាម​ពាក្យ​បណ្តឹង កាល​ពីចុង​ខែ​ធ្នូ​២០២៣ របស់​ អាហ្វ្រិកខាងត្បូង​​​​ ដែល​បាន​ចោទប្រកាន់ ​អ៊ីស្រាអែល ពី​បទរំលោភបំពាន​លើ អនុសញ្ញា​ស្តីពី​ ​អំពើ​ប្រល័យ​ពូជសាសន៍ អនុម័ត ឆ្នាំ​១៩៤៨។
 
 
ពី​ក្រុង​ឡាអេ ប្រទេស​ហូឡង់ តុលាការ​យុត្តិធម៌​អន្តរជាតិ ដែល​មាន​ចៅក្រម​១៧រូប​ ​ថែមទាំង​បាន​ប្រកាស​បញ្ជាក់​អំពី«​ដែន​យុត្ថាធិការ​»ដែល​ថាមាន​សមត្ថកិច្ច​​ជំនុំ​ជម្រះ​សំណុំ​រឿង​ក្តី​នេះ​បាន​ និងថា «តុលាការក៏​បាន​ទទួល​ដឹង​ឮ​អំពី​ទុក្ខ​វេទនា​ ដែល​កំពុង​តែ​កើតមាន​ឡើង​នៅក្នុង​តំបន់​ ហើយ​តុលាការ​ស្តែង​ក្តីបារម្ភ​ជាខ្លាំង​ចំពោះការ​បាត់បង់​អាយុជីវិត​ម​នុស្ស​អស់​ជា​ច្រើន​»​។​
 
អត្ថន័យ​ខ្លឹមសារ​ច្បាប់ នៅ​ចំពោះ​មុខ គឺ តុលាការ​យុត្តិធម៌​អន្តរជាតិ បាន​​ចេញ«បញ្ជាបន្ទាន់»​​ឲ្យ​ រដ្ឋ​ជ្វីហ្វ​អ៊ីស្រាអែល បញ្ចៀសអំពើ​ប្រល័យ​ពូជសាសន៍​​ និង​បើកផ្លូវ​មនុស្សធម៌ ក៏ពិតមែន​ ប៉ុន្តែ ក្នុង​ដំណាក់​កាល​នេះ គឺ ពុំ​មែន​មានន័យថា ​អ៊ីស្រាអែល ​ប្រព្រឹត្តិអំពើ​ប្រល័យ​ពូជសាសន៍​​ នោះទេ។ នីតិវិធី​ជំ​នុំ​ជម្រះ​បទ​ល្មើស​ឧក្រិដ្ឋ​​នេះ អាច​នឹង​ត្រូវ​ស៊ីពេល​ច្រើន​ឆ្នាំតទៀត។ ទោះម្តេចក្តី​ ជា​ជំហាន​ដំបូង ការ​ចេញ​​«បញ្ជា​បន្ទាន់»នេះ គឺជា​នីតិវិធី​ព្រមាន​មួយ ដែល​ទទួល​បាន​ការអបអរ​​សាទរ​យ៉ាងច្រើន។​ អាហ្វ្រិក​ខាងត្បូង តួកគី និង​រដ្ឋ​កាន់​សាសនា​អ៊ីស្លាម​មួយ​ចំនួន ហើយ​រួម​ទាំង ប្រទេស​មួយ​ចំនួន​ក្នុង​សហភាពអឺរ៉ុប មាន​ អេស្ប៉ាញ ជាអាទិ៍​ផង បាន​ស្វាគម​ន៍​សេចក្តី​សម្រេច​របស់​តុលាការ​។ អាហ្វ្រិក​ខាងត្បូង ជាដើម​បណ្តឹង បា​នចាត់ទុកថា ​នេះជា​ជំហាន​មួយ​ដ៏សំខាន់​ក្នុង​ប្រវត្តិសាស្ត្រ​ និង​ បាន​សន្យា​បន្ត​ក្តីព្យាយាម​តទៅទៀតលើ​វិស័យ​ច្បាប់​អន្តរជាតិ​ ក្នុង​កម្មវត្ថុ​សំដៅដើម្បី​ជួយ​ការពារ​អាយុជីវិត​ពលរដ្ឋ​ប៉ាឡេស្ទីន​ នៅ​តំបន់​ហ្កាហ្សា​។​
 
ទន្ទឹ​ម​នឹង​គ្នា​នោះ ​អាជ្ញាធរ​ប៉ាឡេស្ទីន តាមរយៈប្រមុខការទូត Riyad al-Maliki ក៏​ចាត់ទុកថា សេចក្តីសម្រេច​​​របស់តុលាការ​យុត្តិធម៌​អន្តរជាតិ គឺជាការ​ព្រមាន​មួយ​ដ៏​សំខាន់ ​ដែល​ស្តែងថា «គ្មាន​រដ្ឋណាមួយ​អាច​បំពាន​ច្បាប់​បាន​ទេ»។
 
ទោះយ៉ាងនេះក្តី អ្នក​ជំនាញ​ច្បាប់​អន្តរជាតិ នៃ​សកល​វិទ្យា​ល័យ​ Brasillia លោកសាស្ត្រចារ្យ Roberto Goulart Menezes បានប្រមើលមើលថា ការ​សម្រេច​របស់​តុលាការ​ពេលនេះ គឺ​​មាន​តម្លៃត្រឹមតែ​«​ផ្នែក​សីលធម៌» និង«​ផ្នែក​នយោបាយ​»​តែប៉ុណ្ណោះ។
 
ចំណែកផ្ទុយ​ទៅវិញ ​អ៊ីស្រាអែល បា​នប្រតិកម្ម​ដោយ​កំហឹង​ និងច្រានចោលជាដាច់ខាត ព្រម​ទាំង​​​ចាត់ទុក​ការ​សម្រេច​របស់តុលាការ​យុត្តិធម៌​អន្តរជាតិ ​ថាគួរ​ឲ្យ​ខ្មាស់ ​គ្មាន​ប្រយោជន៍ គ្មាន​ន័យ​ខ្លឹមសារ​។​ នាយករដ្ឋមន្ត្រីអ៊ីស្រាអែល​ លោក បេនចាមិន នេតាន់យ៉ាហ៊ូ បាន​វាយ​ប្រហារ​សម្តី​បក​ទៅវិញផង​ថា ការ​សម្រេច​របស់​តុលាការ គឺ​ជាចេតនា​បដិសេធ​មិនឲ្យរដ្ឋ​​អ៊ីស្រាអែល​ ប្រើ​ប្រាស់​សិទ្ធិជា​មូលដ្ឋាន​ដើម្បី​ការពារ​ខ្លួន​ដោយ​ស្រប​ច្បាប់​។​​
 
គួរ​រំឭកជូនថា សង្គ្រាមនៅ​តំបន់​ហ្កាហ្សា ​ផ្ទុះ​ឡើង​ចាប់ពីថ្ងៃទី​៧តុលាឆ្នាំមុន​មក គឺភាគី​ អ៊ីស្រាអែល ស្លាប់​មនុស្ស​​ជាង ១ ១០០នាក់​ ហើយ​​ក្នុង​តំបន់​ហ្កាហ្សា បើតាម​ទិន្នន័យ​របស់អាជ្ញាធរសុខាភិបាល​ក្រុម​ហាម៉ាស​ គឺ ​ ​ប្រជាជន បាត់​​បង់​ជីវិត ជាង ២៦ ០០០ នាក់៕

© រក្សាសិទ្ធិដោយ thmeythmey.com