ភ្នំពេញ៖ ផ្ដើមចេញពីបេក្ខជនម្នាក់ ចូលរួមប្រកួតជជែកដេញដោលជាមួយមិត្តរួមក្រុមចំនួន ៤នាក់ យុវតី សុង ច័ន្ទសក្កណា បានវិវឌ្ឍន៍ខ្លួនទៅជាគ្រូបង្វឹក និងជាគណៈកម្មការផ្ដល់ពិន្ទុ។ លទ្ធផលវិជ្ជមានកើតចេញពីការព្យាយាម និងឱហាត បានក្លាយជាមោទកភាពថ្មីបន្ថែមសម្រាប់ សក្កណា។ «ខ្ញុំត្រេកអរ ក្នុងឱកាសក្លាយជាគ្រូបង្វឹកផង ជាគណៈកម្មការផង ដែលសាលាបានមើលឃើញពីគុណតម្លៃ និងពីភាពខំប្រឹងរបស់យើងចេញពីការប្រកួតផ្សេងៗ»។ នេះជាការលើកឡើងរបស់យុវតីសម្ដីផ្អែម សុង ច័ន្ទសក្កណា។
យុវតី សុង ច័ន្ទសក្កណា ជាអតីតជើងឯករងក្នុងកម្មវិធីជជែកដេញដោលយុវជនថ្នាក់ជាតិឆ្នាំ២០២២ និងជាសិស្សនិទ្ទេស A ក្នុងឆ្នាំ២០២៣។ បច្ចុប្បន្ន យុវតីវ័យ ១៨ឆ្នាំរូបនេះ ជានិស្សិតឆ្នាំទី១ ជំនាញអក្សរសាស្រ្តអង់គ្លេស នៅសាកលវិទ្យាល័យប៊ែលធីអន្តរជាតិ។
នៅឆ្នាំ២០២២កន្លងទៅ សក្កណា និងមិត្តរួមក្រុមចំនួន ៤នាក់ផ្សេងទៀត បានទទួលការគាំទ្រយ៉ាងច្រើនពីសំណាក់សាធារណជន និងសិស្សនិស្សិតនៅក្នុងកម្មវិធីជជែកដេញដោលយុវជនថ្នាក់ជាតិឆ្នាំ២០២២។ ក្នុងកម្មវិធីនោះ សក្កណា និងក្រុម បានជាប់ត្រឹមជើងឯករង ខណៈសិស្សវិទ្យាល័យប្រាសាទបាគង ខេត្តសៀមរាប ជាជើងឯក។
មិនហ៊ានចូលប្រកួត ព្រោះគិតថាខ្លួនគ្មានសមត្ថភាព!
ដើមឡើយ យុវតីសម្ដីស្រទន់រូបនេះ មិនមានចំណាប់អារម្មណ៍ក្នុងការប្រកួតជជែកដេញដោលនោះទេ ដោយសារគិតថាសមត្ថភាពក្នុងការនិយាយជាសាធារណៈរបស់ខ្លួននៅមានកម្រិត។ យុវតីពូកែវោហារ សក្កណា បានចូលប្រឡូកក្នុងការប្រកួតប្រជែងជជែកដេញដោលនៅឆ្នាំ២០២២ អំឡុងពេលរូបនាង សិក្សាថ្នាក់ទី១១។
មួយឆ្នាំក្រោយមក សក្កណា ក៏ឈានជើងឈរលើវិថីជជែកដេញដោល បន្ទាប់ពីមានការជំរុញពីសាលារៀនរបស់នាង។ យុវតី សុង ច័ន្ទសក្កណា បានចាប់យកឱកាសនេះ និងយល់ថាបើជាប់ជារឿងមួយដែលល្អ តែបើធ្លាក់ចាត់ទុកជាបទពិសោធ និងជាមេរៀន។
ដើម្បីមានឱកាសជាប់ទៅវគ្គបន្តបន្ទាប់ រហូតដល់វគ្គផ្ដាច់ព្រ័ត្រ សក្កណា និងមិត្តរួមក្រុម បានសម្រុកស្រាវជ្រាវ ពិភាក្សា និងបានទុកការសិក្សានៅថ្នាក់ទី១១ចោលមួយរយៈសិន។ ទោះការចាប់ផ្ដើមមានការលំបាក ប៉ុន្តែសក្កណា មិនបោះបង់គោលដៅមួយនេះឡើយ។ សក្កណា ចង់ឱ្យការនិយាយរបស់នាង ប្រកបដោយសិល្បៈ និងអាចទាក់ចិត្តអ្នកស្ដាប់បាន។
ការជជែកដេញដោល ជួយដុសខាត់សមត្ថភាពនិយាយរបស់ សក្កណា...
ការនិយាយស្ដី មានឃ្លោងឃ្លា លើកដាក់ត្រឹមត្រូវ និងចេះគោរពដល់មនុស្សទូទៅ ដែលយុវតី សុង ច័ន្ទសក្កណា តែងតែប្រតិបត្តិ គឺកើតចេញពីការចូលរួមក្នុងកម្មវិធីជជែកដេញដោល។ បើតាមយុវតី សក្កណា សមិទ្ធិផលដែលទទួលបានពីកម្មវិធីនេះ បាននាំឱ្យនាងក្លាយជាបុគ្គលម្នាក់ ដែលគេទទួលស្គាល់។ ក្រោយជាប់ជាជើងឯករង សក្កណា ត្រូវបានសាលាអញ្ជើញធ្វើជាវាគ្មិនចែករំលែកចំណេះដឹងដល់សិស្សប្អូនជាហូរហែ ជាពិសេសនាងមានឱកាសក្លាយជា គ្រូបង្វឹក និងគណៈកម្មការផ្ដល់ពិន្ទុ ក្នុងកម្មវិធីជជែកដេញដោល នៅសាលាប៊ែលធីអន្តរជាតិផងដែរ។
ក្រៅពីផ្ដល់ជាទុន ក្នុងការអភិវឌ្ឍសមត្ថភាពដល់ សក្កណា ការជជែកដេញដោលនេះ ក៏មានសារៈសំខាន់សម្រាប់សិស្ស និស្សិតដទៃ។ យុវតី សុង ច័ន្ទសក្កណា បរិយាយបែបនេះ៖ «ការជជែកដេញដោលមានសារៈសំខាន់ ព្រោះអាចជួយដុសខាត់វប្បធម៌សន្ទនាដល់យុវជន ជាពិសេសស្វែងយល់ពីបញ្ហាផ្សេងៗនៅក្នុងសង្គម។ វាបានជួយពង្រីកនូវគំនិតដល់ឱ្យយុវជនកាន់តែទូលំទូលាយ»។
តាមរយៈការប្រឡូកនៅក្នុងវិថីជជែកដេញដោល យុវតី សក្កណា ទទួលស្គាល់ថាការជជែកដេញដោល បានជួយដល់ការអភិវឌ្ឍការនិយាយរបស់នាង។ លើសពីនេះ បានធ្វើឱ្យយុវតីរាងស្ដើងរូបនេះ មានសិល្បៈក្នុងការនិយាយ និងរៀបពាក្យពេចន៍បានយ៉ាងប្រសើរផងដែរ។
កត្តាសំខាន់ ៤ នាំឱ្យយុវតី សុង ច័ន្ទសក្កណា ក្លាយជាអ្នកជជែកដេញដោលឆ្នើម
ទម្រាំមានសមត្ថភាពនិយាយជាសាធារណៈ និងអាចចូលរួមជជែកដេញដោលលើវេទិកា ដែលអាចទាក់ចិត្តអ្នកស្ដាប់បាន សក្កណា មានកត្តាសំខាន់ចំនួន ៤។ «កត្តាខ្លួនឯង,គ្រួសារ,សាលារៀន និងសង្គម» បានជំរុញឱ្យ សក្កណា មានសមត្ថភាពពង្រីកចំណេះដឹងក្លាយជាអ្នកជជែកដេញដោលឆ្នើមម្នាក់។
កញ្ញា សុង ច័ន្ទសក្កណា រៀបរាប់បែបនេះ៖«កត្តាខ្លួនឯង! អ្វីៗជោគជ័យ គឺដោយសារខ្លួនឯង ទោះបីមានអ្នកនៅជុំវិញខ្លួនគាំទ្រយ៉ាងណាក៏ដោយ បើយើងមិនគាំទ្រខ្លួនឯងទេ គឺយើងនឹងបរាជ័យ។ ជាពិសេស ត្រូវស្គាល់ខ្លួនឯងឱ្យបានច្បាស់។ កត្តាគ្រួសារ គឺឪពុកម្ដាយ បងប្អូន ពូមីងរបស់ខ្ញុំ បានគាំទ្រ»។
ក្រៅពីនេះ កត្តាសាលារៀន ក៏មានសារសំខាន់ផងដែរ។ សក្កណា បន្តបែបនេះ៖«ឱកាសដែលខ្ញុំបានក្លាយជាបេក្ខជនក្នុងកម្មវិធីជជែកដេញដោល គឺមានការជំរុញពីសាលារបស់ខ្ញុំ ដែលជួយបើកផ្លូវ ជាពិសេសលោកគ្រូអ្នកគ្រូ និងលោកនាយក។ កត្តាសង្គម ដោយសារតែមានសន្តិភាព ទើបធ្វើឱ្យខ្ញុំអាចចូលរួមប្រកួតបាន»។
ពីបេក្ខជនដែលខ្លាចការប្រកួតជជែកដេញដោល ទៅជាគ្រូបង្វឹកវ័យក្មេងម្នាក់
មិនធ្លាប់ស្រមៃ តែវាក្លាយជាការពិត! ក្រោយពីមានបទពិសោធច្រើនគួរសម លើជំនាញជជែកដេញដោល ជាពិសេសធ្លាប់ជាជើងឯករងក្នុងកម្មវិធីជជែកដេញដោលយុវជនថ្នាក់ជាតិឆ្នាំ២០២២កន្លង យុវតី សុង ច័ន្ទសក្កណា ត្រូវគណៈគ្រប់គ្រងសាលាប៊ែលធីផ្ដល់ឱកាសឱ្យក្លាយជាគ្រូបង្វឹក និងគណៈកម្មាការទាំងវ័យក្មេង។ លទ្ធផលដែល សក្កណា ទទួលបាននៅពេលនេះ ជាមោទកភាពថ្មីបន្ថែមសម្រាប់នាង។
«ខ្ញុំត្រេកអរ ក្នុងឱកាសក្លាយជាគ្រូបង្វឹកផង ជាគណៈកម្មការផង ដែលសាលាបានមើលឃើញពីគុណតម្លៃ និងពីភាពខំប្រឹងរបស់យើងស្ដែងចេញពីការប្រកួតផ្សេងៗ»។ នេះជារៀបរាប់របស់កញ្ញា សក្កណា រួចបន្តថា បើសិនជាជាប់ការប្រកួតហើយ បែរជាមិនបានចែករំលែកចំណេះលើវេទិកាផ្សេងៗ ប្រាកដណាស់បទពិសោធដែលទទួលបានពីការប្រកួតនោះ វានឹងរសាត់បាត់តែម្ដង។
តួនាទីជាបេក្ខជន ពិតជាខុសពីតួនាទីជាគ្រូបង្វឹក។ សម្រាប់សិស្សនិទ្ទេស A រូបនេះ ភារកិច្ចជាគ្រូបង្វឹក បានជំរុញឱ្យនាងចេះគិតគូរវែងឆ្ងាយ ថាតើធ្វើបែបណាទើបកូនក្រុមទទួលបានលទ្ធផលល្អ។ សក្កណា បន្ថែមថា៖ «ពេលខ្លះ យើងមិនអាចឱ្យពួកគាត់ ដើរតាមផ្លូវដែលយើងបានកំណត់ឱ្យគាត់បានទេ ក៏ប៉ុន្តែយើងអាចណែនាំគាត់ពីកំហុសឆ្គង ថាតើគួរកែតម្រូវដូចម្ដេច ដើម្បីដុសខាត់សមត្ថភាពឈានទៅរកគោលដៅដែលចង់បាន»។
គ្រូបង្វឹកវ័យក្មេងរូបនេះ មានមោកភាព ដែលជាចំណែកមួយជួយសង្គម តាមរយៈការជួយបណ្ដុះបណ្ដាលធនធានមនុស្សវ័យក្មេងទាក់ទងនឹងការប្រកួតជជែកដេញដោល។ ពីសិស្សសាមញ្ញ ដែលចាំតែទទួលការណែនាំរបស់លោកគ្រូអ្នកគ្រូ និងរាមច្បង ក៏ប៉ុន្តែបច្ចុប្បន្ននេះ សុង ច័ន្ទសក្កណា បានប្រែក្លាយជាធនធានមនុស្សម្នាក់ ចែករំលែកវិជ្ជាដល់សិស្សប្អូនម្ដង៕