ជាតិ
វីដេអូ
ក្រៅពីសំណេរអង្គរ អ្នកសារព័ត៌មាន ក៏បានទស្សនាតំបន់បឹងទន្លេសាប សារមន្ទីរ និងជម្រកសត្វស្លាប 27, Jan 2024 , 5:29 pm
× សារព័ត៌មានឌីជីថលថ្មីៗ ជាមួយអ្នកសារព័ត៌មានមកពី១០ស្ថាប័នទៀត បានធ្វើដំណើរទៅកាន់ខេត្តសៀមរាប ដើម្បីផលិតព័ត៌មានដ៏សម្បូរបែបទាក់ទងនឹងវិស័យទេសចរណ៍ អប់រំ និងវប្បធម៌នៅតំបន់បឹងទន្លេសាប និងព្រឹត្តិការណ៍សរសេរតាមអានថ្នាក់ជាតិលើកទី១ «សំណេរអង្គរ»។ ទស្សនកិច្ចសារព័ត៌មាននេះ ចាប់ផ្ដើមតាំងពីថ្ងៃទី១៩ ដល់ថ្ងៃទី២២ ខែមករា ដោយបានទៅទីតាំងបាញ់ធ្នូបន្ទាយជ័យ៨០២ ស្ថិតក្នុងស្រុកប្រាសាទបាគង។
អ្នកសារព័ត៌មានទាំងអស់បានបន្តទៅតំបន់បឹងទន្លេសាប នៅថ្ងៃទី២០ ខែមករា ដើម្បីផលិតព័ត៌មានពីការអប់រំរបស់កុមារនៅសាលាបឋមសិក្សាព្រែកទាល់ សាលាបឋមសិក្សាកោះជីវាំង និងការរស់នៅរបស់ពលរដ្ឋក្នុងសហគមន៍ព្រែកទាល់ ដែលស្ថិតក្នុងស្រុកឯកភ្នំ ក្នុងភូមិសាស្រ្តខេត្តបាត់ដំបង។ ជាមួយស្នាមញញឹម អ្នកជំនាញផ្សព្វផ្សាយទាំងនោះ បានបន្តទៅទស្សនាសត្វស្លាបជាច្រើនប្រភេទ និងគយគន់សម្រស់ធម្មជាតិដ៏អស្ចារ្យនៅតំបន់អភិរក្សសត្វស្លាបព្រែកទាល់ផងដែរ។
ថ្ងៃទី២១ ខែមករា ជាព្រឹត្តិការណ៍សំណេរអង្គរ។ ព្រឹត្តិការណ៍សរសេរតាមអានថ្នាក់ជាតិ រៀបចំលើកដំបូងនេះ ហាក់ទទួលបានភាពជោគជ័យ និងការគាំទ្រយ៉ាងសម្បើម។ ភាពល្បីល្បាញនេះ ក៏ព្រោះមានការចូលរួមផ្សព្វផ្សាយយ៉ាងផុសផុលពីសារព័ត៌មានជាច្រើន និងវត្តមានបេក្ខភាពចាស់ក្មេង ព្រះសង្ឃជាច្រើនអង្គនាក់ផងដែរ។ ព្រឹត្តិការណ៍សំណេរអង្គរ ត្រូវបានធ្វើឡើងលើស្ពានហាលមុខប្រាសាទអង្គរ ដោយបេក្ខភាព៣រូបទទួលបានជ័យលាភី។
កម្មវិធីនេះត្រូវបានគាំទ្រដោយក្រសួងអប់រំ យុវជន និងកីឡា, ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ, ក្រសួងទេសចរណ៍ សារព័ត៌មាន និងវិស័យឯកជនជាច្រើន។ លោកស្រី ភឿង សកុណា រដ្ឋមន្រ្តីក្រសួងវប្បធម៌ គឺជាអ្នកអានសំណេរ «អង្គរ អាណាចក្រ នៃអរិយធម៌ខ្មែរ»។ បេក្ខជន ចេង រតនា គឺទទួលបានជ័យលាភីលេខ១ នៃកម្មវិធីសរសេរតាមអានថ្នាក់ជាតិលើកទី១ «សំណេរអង្គរ»។
ថ្ងៃបន្ទាប់ អ្នកសារព័ត៌មានទាំងអស់ បានទៅទស្សនកិច្ចសារមន្ទីរដ៏សំខាន់ចំនួន២ មានសារមន្ទីរ ព្រះនរោត្តម សីហនុ អង្គរ និងសារមន្ទីរវាយនភណ្ឌប្រពៃណីអាស៊ី។ នៅសារមន្ទីរ ព្រះនរោត្តម សីហនុ អង្គរ មានវត្ថុបុរាណ ព្រះពុទ្ធបដិមា និងកំណាយសំខាន់ៗជាច្រើន។ ចំណែកឯសារមន្ទីរវាយយនភណ្ឌប្រពៃណីអាស៊ី មានតាំងបង្ហាញសម្លៀកបំពាក់ប្រពៃណី ប្រភេទសូត្រ ឧបករណ៍ត្បាញ តាមប្រទេសចំនួន៦ក្នុងតំបន់អាស៊ីផងដែរ៕
Tag:
សំណេរអង្គរ
បឹងទន្លេសាប
© រក្សាសិទ្ធិដោយ thmeythmey.com