សេដ្ឋកិច្ចអន្តរជាតិ
អន្តរជាតិ
វិបត្តិអចលនទ្រព្យចិន ៖ អ្នកជំនួញខ្នះខ្នែងរកអតិថិជនទិញផ្ទះ ដោយប្រើយុទ្ធសាស្រ្តទីផ្សារចម្លែកៗ
28, Jan 2024 , 9:59 am        
រូបភាព
អតិថិជន​មើល​គំរូ​អចលនទ្រព្យ​លំនៅឋាន​ក្នុង​ទីក្រុង Fuyang ខេត្ត Anhui ។ រូបភាព ៖ China Daily
អតិថិជន​មើល​គំរូ​អចលនទ្រព្យ​លំនៅឋាន​ក្នុង​ទីក្រុង Fuyang ខេត្ត Anhui ។ រូបភាព ៖ China Daily
វិបត្តិអចលនទ្រព្យនៅចិន បានបន្តអូសបន្លាយជាង២ឆ្នាំមកហើយ ដែលមិនមានសញ្ញាណនៃការធូរស្រាល។ ក្រុមហ៊ុនអចលនទ្រព្យចិន និងរដ្ឋាភិបាលក្នុងតំបន់កំពុងស្វែងរកមធ្យោបាយទាក់ទាញអ្នកទិញផ្ទះ។ អ្នកខ្លះថែមទាំងប្រើយុទ្ធសាស្ត្រទីផ្សារចម្លែកៗដូចជា ទិញផ្ទះថែមជូនប្រពន្ធ មាសជាដើម ដើម្បីប្រមូលចំណាប់អារម្មណ៍អតិថិជនឱ្យទិញផ្ទះ។
 
វិបត្តិអចលនទ្រព្យ កំពុងទាញទម្លាក់កំណើនសេដ្ឋកិច្ចចិនឱ្យធ្លាក់ចុះ។ ការណ៍នេះ​បណ្តាលឱ្យមានរលកនៃការបញ្ឈប់ការងារ ព្រមទាំងមានក្រុមហ៊ុនអចលនទ្រព្យតម្លៃរាប់ពាន់លានដុល្លារបានដួលរលំ។ អ្នកសេដ្ឋកិច្ចជាច្រើនព្យាករថា ស្ថានភាពនេះនឹងបន្តកាន់តែអាក្រក់ទៅៗ។
 
តាមទិន្នន័យពីអគ្គនាយដ្ឋានស្ថិតិចិន ការលក់ផ្ទះដែលទើបសាងសង់ថ្មីនៅក្នុងឆ្នាំ ២០២៣ បានថយចុះចំនួន ៦ភាគរយបើធៀបឆ្នាំ២០២២ ដែលវាជាការធ្លាក់ចុះមួយមិនធ្លាប់មានចាប់តាំងពីឆ្នាំ ២០១៦។ យោងតាមទិន្នន័យពីក្រុមហ៊ុនឈ្មួញកណ្តាលអចលនទ្រព្យ Centaline Property តម្លៃផ្ទះដែលត្រូវបានលក់ក្នុងទីក្រុងចំនួន៤ មានប៉េកាំង សៀងហៃ ក្វាងចូវ និងសិនជិនបានថយចុះចន្លោះ ១១-១៤ភាគរយនៅក្នុងខែធ្នូធៀបគ្រាដូចគ្នាកាលពីឆ្នាំ២០២២។
 
ទន្ទឹមនេះ ចំនួន​គម្រោង​ថ្មី​របស់​ក្រុមហ៊ុន​អភិវឌ្ឍន៍​អចលនទ្រព្យ​ក៏​មាន​ការ​ថយ​ចុះ​យ៉ាង​ខ្លាំង​ដែរ។ ម្ចាស់ផ្ទះស្វែងរកវិធីដើម្បីសងប្រាក់កម្ចីទិញផ្ទះមុនកាលកំណត់ និងខ្ចីប្រាក់តិចជាងមុន។
 
តាមទិន្នន័យពីក្រុមហ៊ុនហិរញ្ញវត្ថុ S&P Global Ratings បានឱ្យដឹងថា វិស័យអចលនទ្រព្យ ដែលធ្លាប់តែមានការរីកចម្រើនយ៉ាងឆាប់រហ័ស ពេលនេះអាជីវកម្មអចលនទ្រព្យចិនបានជាប់គាំងដែលអូសបន្លាយពេល ជាពិសេសជាមួយវិនិយោគិនបរទេសក្រោយពីបានឃើញចំនួនសញ្ញាបណ្ណបរទេសមានដល់ ១២៥ពាន់លានដុល្លារក្នុងកំឡុងឆ្នាំ ២០២០-២០២៣។
 
កាសែត Wall Street Journal (WSJ) នៅថ្ងៃទី២៣ ខែមករា បានកត់សម្គាល់ថា អ្នកអភិវឌ្ឍន៍អចលនទ្រព្យ និងរដ្ឋាភិបាលតំបន់នៅក្នុងប្រទេសចិនកំពុងស្វែងរកវិធីដើម្បីទាក់ទាញអ្នកទិញផ្ទះ។ អ្នកខ្លះថែមទាំងប្រើយុទ្ធសាស្រ្តទីផ្សារចម្លែកៗទៀតផង។
 
កាល​ពី​ឆ្នាំ​២០២៣ ក្រុមហ៊ុន​អចលន​ទ្រព្យ​មួយ​ក្នុង​ទីក្រុង Tianjin បាន​បញ្ចេញ​វីដេអូ​ផ្សព្វផ្សាយ​បែប​កំប្លែង​មួយ​ដែល​មាន​ខ្លឹមសារ​ថា«ទិញ​ផ្ទះថែម​ជូន​ប្រពន្ធ​ដោយ​ឥត​គិត​ថ្លៃ»។ ការពិតខ្លឹមសារបែបនេ មានន័យថា ទិញផ្ទះជូនប្រពន្ធនោះទេ។ ប៉ុន្តែដោយសារការផ្សាយពាណិជ្ជកម្មបែបនេះ ក្រុមហ៊ុន​​ត្រូវ​បាន​ផាក​ពិន័យ​ជាង ៤០០០ដុល្លារ​។
 
បន្ថែមពីនេះ អគារ​អាផាតមិន​មួយ​ក្នុង​ខេត្ត Zhejiang ក៏​បាន​ផ្សាយ​ពាណិជ្ជកម្ម​ផ្តល់​ដុំ​មាស ១០ក្រាម​ដល់​អ្នក​ទិញ​ផ្ទះ​នៅ​ទី​នេះ។
 
កាលពីដើមខែនេះ នៅក្នុងសន្និសីទមួយ លោក Sheng Song Cheng អតីតប្រធាននាយកដ្ឋានស្ថិតិនៃធនាគារកណ្តាលចិន (PBOC) បាននិយាយថា ការធ្លាក់ចុះនៃទីផ្សារអចលនទ្រព្យនឹងត្រូវប្រើរយៈពេល ២ឆ្នាំទៀត។ លោក​ព្យាករ​ថា ការ​លក់​ផ្ទះ​ថ្មី​នឹង​ធ្លាក់​ចុះ​ជាង ៥ភាគរយជា​រៀង​រាល់​ឆ្នាំ​នៅ​ឆ្នាំ២០២៤ និង២០២៥។
 
លើសពីនេះ ក៏មានអ្នកជំនាញជាច្រើនបានព្រមានថា ទីផ្សារអចលនទ្រព្យរបស់ចិននឹងស្ថិតក្នុងវិបត្តិជាបន្តបន្ទាប់ ហើយនឹងមិនងើបឡើងវិញក្នុងពេលដ៏ខ្លីខាងមុខនេះទេ។
 
លោក Raymond Yeung ប្រធានសេដ្ឋវិទូចិននៅធនាគារ ANZ បានប្រាប់ WSJ ថា មានមនុស្សតិចពេកដែលទិញផ្ទះ អាចទិញផ្ទះ ឬចង់ទិញផ្ទះ។ មានការផ្លាស់ប្តូរជាមូលដ្ឋាននៅក្នុងទស្សនៈរបស់ប្រជាជនចិនលើអចលនទ្រព្យ ដែលអចលនទ្រព្យមិនត្រូវបានចាត់ទុកថាជាបណ្តាញវិនិយោគដែលមានសុវត្ថិភាពទៀតទេ។
 
វិស័យអចលនទ្រព្យ និងឧស្សាហកម្មពាក់ព័ន្ធធ្លាប់បានរួមចំណែកប្រហែល ២៥ភាគរយនៃផលិតផលក្នុងស្រុកសរុប (GDP) របស់ចិន។ ជាង២ឆ្នាំកន្លងមកនេះ វិបត្តិ​អចលន​ទ្រព្យ​បាន​អូស​ទាញ​កំណើន​សេដ្ឋកិច្ច​ធំ​ទីពីរ​របស់​ពិភពលោកឱ្យធ្លាក់ចុះ។ អ្នកជំនាញ និងអង្គការនានាបានអំពាវនាវឱ្យទីក្រុងប៉េកាំងធ្វើសកម្មភាពកាន់តែម៉ឺងម៉ាត់ក្នុងការធ្វើឱ្យវិស័យនេះរស់ឡើងវិញ ប៉ុន្តែរហូតមកដល់ពេលនេះអាជ្ញាធរចិនបានត្រឹមតែដាក់ចេញនូវគោលនយោបាយតូចតាចប៉ុណ្ណោះ ជំនួសឱ្យកញ្ចប់ថវិកាជំរុញទឹកចិត្តដ៏ធំមួយ។
 
អ្នកសេដ្ឋកិច្ចមួយចំនួនបានប្រៀបធៀបចិនទៅនឹងជប៉ុន ដែលជាប្រទេសមួយដែលបានចំណាយពេលជាច្រើនទសវត្សរ៍ដើម្បីប្រឹងងើបឡើងវិញ បន្ទាប់ពីភាគហ៊ុន និងអចលនទ្រព្យរបស់ខ្លួនបានធ្លាក់ចូលក្នុងវិបត្តិ។ មិន​ត្រឹម​តែ​វិស័យ​អចលន​ទ្រព្យ​ទេ ផ្សារ​ហ៊ុន​ចិន​ក៏​ទើប​តែ​ឆ្លង​កាត់​ឆ្នាំ​ដ៏​អាក្រក់​ផង​ដែរ។
 
វិបត្តិ​អចលន​ទ្រព្យនៅចិន​បាន​ធ្វើ​ឱ្យ​ក្រុមហ៊ុន​អភិវឌ្ឍន៍​អចលន​ទ្រព្យ​ជាង ៥០ (ភាគច្រើន​ជា​ក្រុមហ៊ុន​ឯកជន) ធ្លាក់ក្នុងអន្ទាក់បំណុល។ ក្រុមហ៊ុន​ទាំង​នេះ​នៅ​មាន​ផ្ទះ​រាប់​លាន​ខ្នង​កំពុង​សាងសង់​ដើម្បីលក់ ប៉ុន្តែ​មិន​ទាន់​ប្រគល់​ឱ្យ​អតិថិជន​នៅ​ឡើយ​ទេ។ ថ្វីត្បិតតែអាជ្ញាធរកំពុងជួយឧបត្ថម្ភប្រាក់រាប់ពាន់លានដុល្លារដើម្បីបញ្ចប់ការសាងសង់ក៏ដោយ ទំហំនៃការខាតបង់មិនទាន់ធូរស្រាលនៅឡើយទេ។ 
 
យ៉ាងណាមិញ អ្នក​សេដ្ឋកិច្ច​មួយ​ចំនួន​នៅ​តែ​មាន​សុទិដ្ឋិនិយម។ យោងតាមលោកស្រី Helen Qiao ប្រធានសេដ្ឋវិទូចិននៅធនាគារ Bank of America អ្នកទិញនឹងត្រឡប់ទៅទីផ្សារផ្ទះថ្មីជាបណ្តើរៗ ដែលនឹងជំរុញការងើបឡើងវិញនៃវិស័យនេះទាំងមូល។ អ្នកស្រី Qiao បាននិយាយថា ៖« ពីទីនេះ អ្វីៗនឹងប្រសើរឡើងបន្តិចម្តងៗ»៕ 

Tag:
 អចលនទ្រព្យ
  ចិន
© រក្សាសិទ្ធិដោយ thmeythmey.com