អន្តរជាតិ
កូរ៉េខាងជើង បាញ់មីស៊ីលបណ្ដែតជាលើកទី២ ក្នុងពេលត្រឹម៥ថ្ងៃ
28, Jan 2024 , 11:59 am        
រូបភាព
កូរ៉េខាងជើង​ នៅថ្ងៃទី២៨ ខែមករា បានបាញ់មីស៊ីលបណ្ដែតជាច្រើនគ្រាប់ ដែលនេះជាលើកទី២ក្នុងពេលត្រឹម៥ថ្ងៃប៉ុណ្ណោះ។​ យោធាកូរ៉េខាងត្បូង កំពុងតាមដានការបាញ់នេះ។
 
មីស៊ីលបណ្ដែតជាច្រើនច្រើនគ្រាប់ ត្រូវបានបាញ់ចេញពីតំបន់ Sinpo នៅម៉ោងប្រហែល៨ព្រឹក (ម៉ោងនៅកូរ៉េខាងត្បូង)។ នេះបើតាមការប្រកាសរបស់អគ្គសេនាធិការកងទ័ពកូរ៉េខាងត្បូង។ យោធាកូរ៉េខាងង្បូង មិនបានបញ្ជាក់ចំនួនមីស៊ីល ឬប្រភេទមីស៊ីលឡើយ។
 
នេះជាលើកទី២ក្នុងសប្ដាហ៍នេះដែលកូរ៉េខាងជើងបាញ់មីស៊ីលបែបនេះ។ នៅថ្ងៃទី២៤ កូរ៉េខាងជើងក៏បាញ់មីស៊ីលបណ្ដែតប្រភេទថ្មីៗឈ្មោះ Pulhwasal-3-31 ។ មីស៊ីលបណ្ដែត អាចហោះនៅកម្ពស់ទាប ដែលពិបាកដល់ការចាប់ដាន និងបាញ់ស្កាត់។ មីស៊ីលនេះ មិនស្ថិតក្រោមបម្រាមរបស់ក្រុមប្រឹក្សាសន្តិសុខដូចមីស៊ីលបាលីស្ទិកឡើយ។
 
បើតាមតាមយោធាកូរ៉េខាងត្បូង ការវិភាគពីមីស៊ីលនេះកំពុងធ្វើឡើង។ ទីក្រុងព្យុងយ៉ាង ក៏ទំនងផ្ដល់ព័ត៌មានមួយចំនួននៅថ្ងៃស្អែក ដូចតាមទម្លាប់កន្លងដែលព័ត៌មានទាក់ទងការបាញ់សាកល្បងនានា ច្រើនបញ្ចេញនៅមួយថ្ងៃក្រោយព្រឹត្តិការណ៍។
 
ចូលឆ្នាំ២០២៤ ជិតមួយខែនេះ កូរ៉េខាងជើង ហាក់បញ្ចេញសកម្មភាពយោធាខ្លាំង ក្រោយការប្រកាសចាត់ទុកកូរ៉េខាងត្បូងជាសត្រូវចម្បង ហើយបោះបង់បំណងបង្រួបបង្រួមគ្នាថែមទៀត៕
 

Tag:
 កូរ៉េខាងជើង
© រក្សាសិទ្ធិដោយ thmeythmey.com