អន្តរជាតិ
អាស៊ាន
មីយ៉ាន់ម៉ា ចង់បញ្ជូនតំណាងមិនមែននយោបាយទៅប្រជុំរដ្ឋមន្រ្តីការបរទេសអាស៊ាននៅឡាវ
28, Jan 2024 , 2:39 pm        
រូបភាព
ទិដ្ឋភាពខាងមុខទីតាំងប្រជុំរដ្ឋមន្រ្តីការបរទេសអាស៊ានក្នុងរដ្ឋធានីវៀងចន្ទន៍។ រូបថត AFP
ទិដ្ឋភាពខាងមុខទីតាំងប្រជុំរដ្ឋមន្រ្តីការបរទេសអាស៊ានក្នុងរដ្ឋធានីវៀងចន្ទន៍។ រូបថត AFP
របបសឹកមីយ៉ាន់ម៉ា ទំនងចាត់តាំងមន្រ្តីជាន់ខ្ពស់ម្នាក់នៅក្រសួងការបរទេសជាតំណាងមិនមែននយោបាយឱ្យចូលរួមកិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសអាស៊ាននៅឡាវ។ នេះបើតាមការផ្សាយរបស់សារព័ត៌មានជប៉ុន Kyodo នៅថ្ងៃទី២៨ ខែមករា។
 
ក្រោយរដ្ឋប្រហារឆ្នាំ២០២១ គ្មានឡើយតំណាងមីយ៉ាន់ម៉ានៅកិច្ចប្រជុំអាស៊ានកម្រិតរដ្ឋមន្រ្តីការបរទេស និងជំនួបកំពូល។ រដ្ឋសមាជិកអាស៊ាន កំហិតឱ្យមីយ៉ាន់ម៉ាបញ្ជូនតំណាងមិនមែននយោបាយជំនួសវិញ។
 
ដោយមិនពេញចិត្តការសម្រេចរបស់អាស៊ាន របបយោធាមីយ៉ាន់ម៉ា ក៏ធ្វើពហិការមិនបញ្ជូនតំណាងណាមួយចូលរួមប្រជុំសំខាន់ៗទាំង២ ឡើយ តែបន្តបញ្ជូនរដ្ឋមន្រ្តីចូលរួមកិច្ចប្រជុំក្នុងវិស័យផ្សេង។ យ៉ាងណាមិញ សម្រាប់កិច្ចប្រជុំនៅឡាវពីថ្ងៃទី២៨ ដល់ទី២៩​ ខែមករា​ គេនឹងឃើញវត្តមានតំណាងមីយ៉ាន់ម៉ាជាថ្មី។
 
សារព័ត៌មានជប៉ុន Kyodo ស្រង់ប្រភពអ្នកការទូតថា មីយ៉ាន់ម៉ាមានបំណងបញ្ជូនមន្រ្តីក្រសួងការបរទេសម្នាក់ជាតំណាងមិនមែននយោបាយ ប៉ុន្តែមិនបានបញ្ជាក់អត្តសញ្ញាណឡើយ។ បើដូច្នោះមែន តំណាងមិនមែននយោបាយរូបនេះ អាចជាលេខាអចិន្រ្តៃយ៍ក្រសួងការបរទេសរបបយោធាតែម្ដង ព្រោះកន្លងមក អាស៊ានក៏ធ្លាប់បានអញ្ជើញមន្រ្តីកាន់តំណែងនេះជាតំណាងមីយ៉ាន់ម៉ាដែរ។
 
គេមិនទាន់ដឹងច្បាស់ពីមូលហេតុដែលរបបសឹកងាករកអាស៊ាននៅឡើយទេ។ យ៉ាងណាមិញ ស្ថានភាពក្នុងប្រទេសកាន់តែអាក្រក់ដោយសារការងើបប្រឆាំងរបស់ក្រុមប្រដាប់អាវុធជនជាតិភាគតិច និងភាពឯកោលើឆាកអន្តរជាតិ ទំនងជាបង្ខំឱ្យរដ្ឋាភិបាលយោធាងាកទៅចាប់ដៃអាស៊ានដើម្បីសម្រួលស្ថានការណ៍។
 
ឡាវដែលជាប្រធានប្ដូរវេនរបស់អាស៊ាននៅឆ្នាំ២០២៤ ក៏បង្ហាញឆន្ទៈធ្វើការជាមួយមីយ៉ាន់ម៉ាដើម្បីរកច្រកចេញពីវិបត្តិមួយនេះ ដែលនឹងគ្របដណ្ដប់របៀបវារៈដូចឆ្នាំមុនៗមិនខាន។ ប្រេសិតប្រធានអាស៊ានសម្រាប់វិបត្តិមីយ៉ាន់ម៉ា Alounkeo Kittikhoun ទៅជួបមេដឹកនាំយោធាមីយ៉ាន់ម៉ា មីន អ៊ុងឡាំង នៅថ្ងៃទី១០ ខែមករាផងដែរ៕

Tag:
 ឡាវ
  មីយ៉ាន់ម៉ា
  អាស៊ាន
© រក្សាសិទ្ធិដោយ thmeythmey.com