អន្តរជាតិ
ក្រោយ​​រឿង​អាស្រូវ​សុវត្ថិភាព​ ប៊ូអុីង​ប្រគល់​យន្តហោះ​​737Max ​មួយគ្រឿង​ដំបូង​​ឱ្យ​ចិន
28, Jan 2024 , 6:59 pm        
រូបភាព
យន្តហោះ​ប៊ូអ៊ីង​ 737 MAX ហោះលើ​មេឃ Seattle ឆ្នាំ​២០២០ Karen Ducey/Reuters
យន្តហោះ​ប៊ូអ៊ីង​ 737 MAX ហោះលើ​មេឃ Seattle ឆ្នាំ​២០២០ Karen Ducey/Reuters
ដោយ: VOA
ដោយ៖អៀង សុខម៉ិញ
 
​ជា​លើក​ទីមួយ​ហើយ​គិត​ចាប់​តាំងពី​ឆ្នាំ​២០១៩​មក ដែល​ក្រុមហ៊ុន​ផលិត​យន្តហោះ​ប៊ូអ៊ីង អាច​ប្រគល់​យន្តហោះ​ប្រភេទ Boeing 737Max មួយ​គ្រឿង​ដំបូងទៅ​ឱ្យ​ក្រុមហ៊ុន​អាកាសចរណ៍​ចិន តាម​ការ​បញ្ជា​ទិញ នៅថ្ងៃទី២៧ មករា ២០២៤។ ការប្រគល់​​យន្តហោះ​ប៊ូអ៊ីង ​ ត្រូវ​អាក់​ខាន​តាំងពី​ឆ្នាំ​២០១៩​ ដោយ​ហេតុ​បញ្ហា​សុវត្ថិភាព​យន្តហោះ​ផង និង​បរិបទ​តាមតឹង​នយោបាយ​រវាង​ចិន​និង​អាមេរិក​ផង។
 
យន្តហោះ​ប៊ូអ៊ីង​737Max8 មួយ​គ្រឿង​ដំបូង​បាន​​ទៅ​ដល់​ប្រទេស​ចិន​ និង​ប្រគល់​ឱ្យ​ក្រុមហ៊ុន​ដឹកជញ្ជូនChina Southern​ នៅថ្ងៃសៅរ៍​ទី​២៧​មករា​២០២៤។ មុន​នឹង​ចុះ​ថត​នៅ​​អាកាសយានដ្ឋាន​ក្រុង​កង់តុងវេលា​ម៉ោង​១០និង​២៣នាទី​ព្រឹក​ម៉ោង​នៅក្នុង​ស្រុក យន្តហោះ​បាន​ចុះ​ចត​ពីរ​លើក គឺ​​នៅ​កោះ​ហាវៃ​ និង​កោះ​សៃបាន ក្នុង​មហាសមុទ្ទ​ប៉ាស៊ីហ្វិក។ ​នេះ​បើ​តាម​Flightradar24។
 
ការ​ប្រគល់​យន្តហោះ​ប៊ូអ៊ីង​737Max8 ឱ្យ​ចិន​នៅ​ថ្ងៃ​នេះ គឺ​ជា​ការ​បិទ​បញ្ចប់​ការ​បង្កក​ការ​នាំ​ចូល​យន្តហោះ​តាំងពី​ឆ្នាំ​២០១៩​មក ពី​សំណាក់​ក្រុមហ៊ុន​ដឹកជញ្ជូន​ផ្លូវ​អាកាស​ចិន​ផង និង​ដោយ​ហេតុ​តែ​បរិបទ​តាន​តឹង​នយោបាយ​រវាង​ប៉េកាំង​និង​វ៉ាស៊ីនតោន​ផង។ ចិន​បាន​សម្រេច​ផ្អាក​មិន​ទទួល​យន្តហោះ​តាមការ​បញ្ជាទិញពី​ក្រុមហ៊ុន​ប៊ូអ៊ីង ក្រោយ​ពី​មាន​ឧប្បត្តិហេតុ​ ​យន្តហោះប្រភេទ​737Max​ របស់​ក្រុមហ៊ុន​អាកាសចរណ៍​ឥណ្ឌូណេស៊ី និង​អេត្យូពីបាន​ធ្លាក់​ជា​បន្ត​បន្ទាប់​គ្នា​មួយ​នៅឆ្នាំ​២០១៨ និង​មួយ​ទៀត​នៅឆ្នាំ​២០១៩ ឆក់​យក​ជីវិត​​​អ្នក​ដំណើរ​អស់​៣៤៦នាក់។

គ្រោះ​ថ្នាក់​បាន​ជំរុញ​ឱ្យ​ភ្នាក់ងារ​គ្រប់គ្រង​ចរាចរណ៍​ផ្លូវអាកាស​អាមេរិក​​បញ្ឈប់​ការ​ហោះហើរ​របស់​យន្តហោះ​ប្រភេទ​737Maxទាំង​ស្រុង​និង​ទូទាំង​ពិភពលោក រយៈ​ពេល​អស់​២០​ខែ ពោល​គឺ​រហូត​ដល់​ខែវិច្ឆិកា​២០២០។ អឺរ៉ុបបាន​​អនុញ្ញាត​ឱ្យ​យន្តហោះ​ប្រភេទ​នេះ​ដំណើរការ​វិញ​នៅ​ឆ្នាំ​២០២១។ ចំណែក​ចិន​ទើប​បើក​ភ្លើង​ខៀវ​កាលពី​ខែ​មករា​ឆ្នាំ​ទៅ​ប៉ុណ្ណោះ។
 
​ស្តារ​មុខ​មាត់​បាន​ឡើង​វិញ​មិន​បាន​ប៉ុន្មាន​ផង ក្រុមហ៊ុន​ប៊ូអ៊ីងត្រូវ​ជួប​រឿង​អាស្រូវ​​សុវត្ថិភាព​ថ្មី​មួយ​ទៀត ដោយយន្តហោះ737Maxនៃ​ក្រុមហ៊ុន​អាកាសចរណ៍​Alaska Airlines ​ត្រូវ​ចុះ​ថត​ជា​បន្ទាន់​កាលពី​ដើម​ខែ បន្ទាប់​ពី​មាន​ទ្វារ​មួយ​របូត​ខ្ចៅ​ដាច់​ធ្លាក់​ពេល​កំពុង​ហោះឡើង។ ដូច្នេះ​ ការ​ប្រគល់​យន្តហោះ​ឱ្យក្រុមហ៊ុន​ចិន​នៅ​ថ្ងៃ​នេះ​ ជា​ដំណឹង​ល្អ​ដ៏​កម្រ​ណាស់សម្រាប់​ក្រុមហ៊ុន​ផលិត​យន្តហោះ​អាមេរិក​ប៊ូអ៊ីង។ ប៊ូអ៊ីង​ចាត់​ទុក​ចិន​ជា​ទីផ្សារ​ដ៏ចម្បង​របស់​ខ្លួន ព្រោះ​បើ​តាមការ​ព្យាករ មហាយក្ស​អាស៊ី​នេះ​​អាច​ត្រូវការ​យន្តហោះ​ថ្មី​ចំនួន ៨៥៦០​គ្រឿង​សម្រាប់​ដឹក​ជញ្ជូន​អ្នក​ដំណើរ​ពី​ពេល​នេះ ដល់​ឆ្នាំ​២០៤២។ ចិនតែ​ម្នាក់​ឯង​ស្រូប​យក​ទីផ្សារ​​យន្តហោះ​ពិភពលោក​ដល់​ទៅ​២០%។ នៅក្នុង​សន្និសីទ​កាសែត​ជាមួយ​អ្នក​វិភាគ​កាលពី​ខែ​តុលា ២០២៣ ប្រមុខ​ដឹកនាំ​ក្រុមហ៊ុន​ប៊ូអ៊ីង​អាមេរិក​បាន​អះអាង​មានយន្តហោះ​ប្រភេទ​737​ផលិត​ហើយ​ស្រេច​ចំនួន​៨៥​គ្រឿងដែល​​រង់ចាំ​តែ​បញ្ជូនទៅ​ប្រគល់​ឱ្យ​ក្រុមហ៊ុនចិន៕

© រក្សាសិទ្ធិដោយ thmeythmey.com